ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៖ ស្ថិតក្រោមផ្ទះឈើនៅក្បែរជើងភ្នំក្រាំងដីមាស អ្នកស្រី សួន ពិសី កំពុងសូនដន្លាប់ដីឥដ្ឋដោយផ្ចិតផ្ចង់និងអត់ធ្មត់ ខណៈជើងម្ខាងរបស់អ្នកស្រីកំពុងរុញកង់បង្វិល ជាឧបករណ៍ប្រើសម្រាប់ជួយដល់ការសូនរូបឬធ្វើកុលាលភាជន៍។ នេះ គឺជាទិដ្ឋភាពនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាទីតាំងផលិតកុលាលភាជន៍ខ្មែរដ៏ល្បីល្បាញ ប៉ុន្តែនៅពីក្រោយភាពអត់ធ្មត់នេះ ពួកគាត់ក៏មានក្តីបារម្ភយ៉ាងខ្លាំងផងដែរចំពោះអនាគតនៃមរតកដូនតាមួយនេះ។
ទោះបីអ្នកភូមិមួយចំនួននៅតែបន្តប្រកបមុខរបរស្មូនក្អមឆ្នាំងពីបុរាណដោយសម្របខ្លួនទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន និងព្យាយាមផ្ទេរចំណេះជំនាញបែបប្រពៃណីនេះដល់កូនចៅជំនាន់ក្រោយក៏ដោយ ក៏ការប្រែប្រួលនៃទីផ្សារការងារ និងកង្វះចំណាប់អារម្មណ៍ពីយុវជនជំនាន់ក្រោយ កំពុងក្លាយជាបញ្ហាប្រឈម ដែលធ្វើឱ្យពួកគាត់បារម្ភថា មុខរបរបែបប្រពៃណីនៅតំបន់នេះ អាចនឹងបាត់បង់នៅថ្ងៃណាមួយ។
ក្រៅពីមុខរបរធ្វើស្រែចម្ការ ការផលិតក្អមឆ្នាំង គឺជាមុខរបរសំខាន់ទី២ ដើម្បីទ្រទ្រង់ជីវភាពសម្រាប់អ្នកភូមិនៅភូមិអណ្តូងឫស្សី ហើយថា កូនចៅនៅក្នុងភូមិបានហាត់រៀនជំនាញនេះ បន្តពីមនុស្សចាស់ច្រើនជំនាន់មកហើយ។ ជាក់ស្តែងអ្នកស្រីផ្ទាល់បានចាប់ផ្តើមរៀនធ្វើក្អមឆ្នាំងពីម្តាយ និងពីជីដូនតាំងពីនៅវ័យ១៥ឆ្នាំមកម៉្លេះ។
អ្នកស្រីនិយាយថា៖ “ពីមុនមក អ្នកភូមិអណ្តូងឫស្សីធ្វើ [ក្អមឆ្នាំង] ស្ទើរតែទាំងអស់។ ក្មេងចាប់ពីអាយុ១៣ ១៤ ដល់១៥ឆ្នាំឡើង ម៉ែចាប់ផ្តើមហ្វឹកហាត់ឱ្យរៀន [ធ្វើក្អមឆ្នាំង] ហើយ”។
ស្រដៀងគ្នានេះដែរ ស្ថិតនៅចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះរបស់អ្នកស្រី សួន ពិសី អ្នកភូមិម្នាក់ទៀតឈ្មោះ គុយ នី អាយុ៣០ឆ្នាំ បានបង្ហាញពីរបៀបធ្វើក្អមតាមវិធីសាស្ត្របុរាណដោយយកដីឥដ្ឋមួយដុំមកដាក់លើទ្រនាប់ឈើ រួចអ្នកស្រីចាប់ផ្តើមប្រើទ្រនៈវាយទៈថ្មមៗលើផ្ទៃខាងក្រៅ ខណៈដៃម្ខាងទៀតកាន់កូនក្លឹងទប់ពីខាងក្រុង និងធ្វើចលនាក្រឡឹងជុំវិញម្តងហើយម្តងទៀត រហូតលេចចេញជារូបរាងក្អមច្បាស់លាស់។
អ្នកស្រីនិយាយទាំងមោទនភាពថា អ្នកស្រីចាប់ផ្តើមរៀនធ្វើក្អមឆ្នាំងពីម្តាយតាំងនៅតូច ហើយបន្តធ្វើក្អមឆ្នាំងតាមបែបប្រពៃណីនេះ រហូតមកដល់បច្ចុប្បន្ន ដោយសារការស្រឡាញ់ និងចង់ថែរក្សាកេរដំណែលពីបុរាណនេះ។
អ្នកស្រីនិយាយថា៖ “ខ្ញុំបានចេះ បានរៀនពីម្ដាយខ្ញុំ។ [ខ្ញុំ] មានមោទនភាពខ្លួនឯងដែលចេះ។ ទៅមុខទៀត ខ្ញុំនឹងបង្ហាត់កូនខ្ញុំតទៀត អត់ឱ្យបាត់ទេ”។

ឆ្លើយតបទៅតាមតម្រូវការទីផ្សារដែលមានការប្រកួតប្រជែង និងដើម្បីថែរក្សាកេរដំណែលពីដូនតានេះឱ្យបន្តរស់រានទៅមុខទៀត កាលពីឆ្នាំ២០០០ អ្នកស្រី សួន ពិសី និងអ្នកភូមិមួយចំនួនទៀតក្នុងភូមិអណ្ដូងឫស្សី បានវិវត្តខ្លួនពីការធ្វើក្អមឆ្នាំងធម្មតា ទៅជាការផលិតកុលាលភាជន៍ ដែលមានលក្ខណៈចម្រុះនិងទាក់ទាញ និងនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដូចជាថូផ្កា ប៉ាន់តែ កែវទឹក និងកូនក្អមតូចៗ ដោយពួកគាត់ទទួលបានការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញក្រោមជំនួយអង្គការបរទេសមួយ។
អ្នកស្រីនិយាយថា៖ “យើងធ្វើតាមគេកុម៉្មង់។ ដូចជាថូអីចឹង បើគេប្រញាប់ យើងធ្វើអត់ទាន់ឱ្យគេ ចឹងយើងចែកគ្នា [ធ្វើ] “។
ទោះបីមានការព្យាយាមបន្តការងារផលិតនិងសម្របខ្លួនទៅតាមតម្រូវការទីផ្សារក៏ដោយ ក៏ការប្រែប្រួលនៅក្នុងសង្គម ជម្រើសការងារប្រសើរជាងមុន និងបញ្ហាប្រាក់ចំណូលបានធ្វើឱ្យក្មេងៗជំនាន់ក្រោយមួយចំនួនចាប់ផ្តើមងាកចេញពីការងារដែលពាក់ព័ន្ធនឹងដីឥដ្ឋនេះ ហើយចាប់យកការងារនៅតាមវិស័យផ្សេងៗដូចជារោងចក្រជាដើម។
ទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថា បច្ចុប្បន្ននេះ វិស័យកាត់ដេរបានស្រូបទាញកម្លាំងពលកម្មជាង ៩០ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី ដែលកំពុងបម្រើការនៅរោងចក្រជាង ១.៥០០ កន្លែងនៅទូទាំងប្រទេស។
យុវតី មាស ចាន់ត្រា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៨ និងជាកូនស្រីរបស់អ្នកស្រី សួន ពិសី បាននិយាយថា នាងមិនមានបំណងបន្តមុខរបរផលិតក្អមឆ្នាំងនេះទេ ព្រោះជាការងារលំបាក ហើយក៏មិនមែនជាក្តីស្រមៃរបស់នាងដែរ។ យុវតីរូបនេះចង់បន្តការសិក្សា ដើម្បីក្លាយជាគ្រូបង្រៀនម្នាក់។
យុវតី មាស ចាន់ត្រា និយាយថា៖ “ខ្ញុំអត់ចង់ [ធ្វើ]។ ខ្ញុំចង់ធ្វើអីផ្សេងក្រៅពីអានឹង ហើយណាមួយខ្លាចប្រឡាក់ដៃ។ ខ្ញុំចង់ធ្វើគ្រូបង្រៀន អត់ចង់ធ្វើអានឹងទេ”។
និន្នាការនៃការបោះបង់ចោលនូវជំនាញពីបុរាណនេះ ធ្វើឱ្យអ្នកស្រី សួន ពិសី បារម្ភថា ជំនាញផលិតក្អមឆ្នាំងបែបបុរាណនេះ អាចនឹងបាត់បង់ទៅថ្ងៃមួយ ដោយសង្កេតឃើញថា មានតែអ្នកអាយុចាប់ពី៣០ឆ្នាំឡើង ដែលប្រកបមុខរបរនេះ ខណយុវជនក្មេងៗជ្រើសការងារផ្សេងៗដូចជារោងចក្រ ។ ដោយអ្នកស្រី បញ្ជាក់ថា ក្នុងចំណោមកូនស្រីទាំងពីររបស់អ្នកស្រី គ្មានកូនណាម្នាក់ចាប់អារម្មណ៍នឹងមុខរបរនេះទេ ដោយពួកគេមានគោលដៅផ្សេងសម្រាប់ជីវិត។
អ្នកស្រីនិយាយថា៖ “ពីតាទួតយាយទួតមក គឺគាត់ឧស្សាហ៍រហូតមកទល់នឹងខ្ញុំ ។ ដល់ពេលកូនខ្ញុំ គាត់អត់ស្រវាយក [ជំនាញនេះ] ទេ។ គាត់ទម្លាក់ចោលអស់ហើយ ដល់ចឹងវាអាចនឹងបាត់បង់”។
អ្នកស្រីបន្ថែមថា៖ “ក្អមឆ្នាំងនេះ តំណតទៅប្រហែលជាបាត់បង់ ព្រោះក្មេងស្រករក្រោយត្រឹមអាយុ២០ចុះក្រោម គាត់អត់ចាប់យកអាជីពនេះទេ”។

ខេត្តកំពង់ឆ្នាំងគឺជាខេត្តមួយដែលស្ថិតនៅចំភាគកណ្តាលនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាខេត្តដែលល្បីល្បាញខាងផលិតក្អមឆ្នាំងនិងសម្ភារប្រើក្នុងផ្ទះបាយធ្វើពីដីឥដ្ឋដែលជាអត្តសញ្ញាណសម្គាល់ខេត្ត។ ភូមិអណ្តូងឫស្សី ក្នុងស្រុករលាប្អៀរ ធ្លាប់មានគ្រួសារប្រកបរបរផលិតក្អមឆ្នាំងបែបប្រពៃណីច្រើនជាងគេ ដែលបានចូលរួមបង្កើតការងារនិងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងទាក់ទាញទេសចរជាតិ និងអន្តរជាតិផងដែរ។
អ្នកស្រី ជា សុខុន ជាគ្រូបង្រៀននិងជាអ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ភូមិអណ្ដូងឫស្សី យល់ស្របនឹងការលើកឡើងដែលថា ចំនួនអ្នកប្រកបមុខរបរធ្វើក្អមឆ្នាំងពីបុរាណបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយនៅសល់ប្រមាណ២០០គ្រួសារ ដែលមួយចំនួនក្នុងចំណោមនោះ ងាកទៅចាប់យកមុខរបរផលិតកុលាលភាជន៍តាមបច្ចេកទសទំនើប ដែលអាចលក់បានតម្លៃខ្ពស់ជាងក្អមឆ្នាំងធម្មតា។
បើតាមអ្នកស្រី ជា សុខុន ថា មូលហេតុសំខាន់ដែលនាំឱ្យមានការធ្លាក់ចុះ គឺទីផ្សារមិននឹងនរ ការផលិតប្រើពេលយូរមុនទទួលបានចំណូល ដែលធ្វើឱ្យក្មេងជំនាន់ក្រោយមិនសូវចាប់អារម្មណ៍ ហើយជ្រើសរើសធ្វើការនៅរោងចក្រ ឬវិស័យផ្សេងដែលមានប្រាក់ចំណូលមានស្ថិរភាពជាង។
ទោះបីជាមានបញ្ហាប្រឈមខ្លះក៏ដោយ ក៏អ្នកស្រីមិនដែលរួញរាឬបោះបង់ការងារដ៏មានតម្លៃនេះដែរ ដោយអ្នកស្រីទទួលបណ្តុះបណ្តាលសិស្សពីបៀបផលិតក្អមឆ្នាំងបែបបុរាណផង និងរបៀបផលិតកុលាលភាជន៍តាមបច្ចេកទេសទំនើបដោយការដុតក្នុងឡដែលមានសីតុណ្ហភាពខ្ពស់ផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
អ្នកស្រីនិយាយថា៖ “ខ្ញុំយល់ថា ខ្ញុំមានកិតិ្តយសណាស់ ដែលបានចាប់យកមុខរបរនេះ អាជីពនេះ។ វាជាកិត្តិយស ដែលខ្ញុំបានថែរក្សាវប្បធម៌ខ្មែរ។ ខ្ញុំមានកិតិ្តយសមួយទៀត គឺជួយអ្នកភូមិឱ្យបានចំណូល” ។
ដោយបច្ចុប្បន្ន មានសិស្សសរុប១១នាក់ កំពុងទទួលការបណ្តុះបណ្តាលនៅរោងសិប្បកម្មរបស់អ្នកស្រីក្រោមការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អ្នកស្រីចង់ឃើញអ្នកជំនាន់ក្រោយពិសេសស្ត្រីដែលគ្មានការងារធ្វើចូលរួមរៀនសូត្រ ដើម្បីជួយថែរក្សាជំនាញពីដូនតានេះ ដោយមុខរបរនេះអាចធ្វើការបានយូរ ម្ចាស់ការលើខ្លួនឯង និងមិនកំណត់អាយុដូចការងារផ្សេង។
អ្នកស្រីនិយាយថា៖ “ពេលគាត់មានកូន ឬពេលមានវ័យចាស់ រោងចក្រលែងយក គឺគាត់អត់មានប្រាក់ចំណូលទេ ប៉ុន្តែបើធ្វើមុខរបរនេះ គាត់មានកូន ក៏គាត់ធ្វើបាន”។
ដូចគ្នានេះដែរ អ្នកស្រី សន ចាន់ថា អាយុ៣៨ឆ្នាំ ជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលកំពុងរៀនពីរបៀបផលិតក្អមឆ្នាំងបែបបុរាណ និងកុលលាភាជន៍បែបចម្រុះនៅរោងសិប្បកម្មរបស់អ្នកស្រី ជា សុខុន បាននិយាយថា អ្នកស្រីសម្រេចចិត្តរៀនជំនាញនេះ ដោយសារចិត្តស្រឡាញ់ និងចង់រក្សាប្រពៃណីពីដូនតា ហើយម៉្យាងអ្នកស្រីអាចរស់នៅក្បែរគ្រួសារ ដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅឆ្ងាយ។
អ្នកស្រីនិយាយថា៖ “និយាយទៅទី១ កុំឱ្យបាត់កេរដំណែលដូនតា ផ្ដោតទៅលើអានឹង ព្រោះអីក្មេងសម័យក្រោយគាត់អត់ស្គាល់ទេ ដូចជាក្អម ឆ្នាំង គឺគាត់អត់ផ្ដោតទៅលើអានឹងទេ។ គាត់ធំតិចទៅ គាត់ទៅធ្វើការរោងចក្រ ទៅធ្វើការងារគាត់ផ្សេងៗចឹងទៅ”។
បើតាមរបាយការណ៍បច្ចុប្បន្នភាពប្រចាំឆ្នាំ២០២៥ របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា គ្រួសារប្រជាពលរដ្ឋដែលនៅបន្តមុខរបរផលិតកុលាលភាជន៍មានចំនួនសរុប ២៤៨គ្រួសារ ស្ថិតនៅក្នុងភូមិចំនួនបីដូចជាភូមិអណ្តូងឫស្សី ភូមិត្រពាំងស្បូវក្នុងឃុំស្រែថ្មី និងភូមិបាញ់ឆ្គោលក្នុងឃុំជ្រៃបាក់ ក្នុងនោះភូមិអណ្តូងឫស្សីមានចំនួនច្រើនជាងគេ។
ថ្លែងប្រាប់ Press Start Cambodia កាលពីរសៀលថ្ងៃសុក្រ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ការលើកឡើងរបស់អ្នកភូមិ គឺស្របគ្នានឹងព័ត៌មានដែលលោកទទួលបានដែរហើយថា ដើម្បីចូលរួមថែរក្សាមរតកដូនតានៅខេត្តកំពង់ឆ្នាំង ក្រសួងនិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តផ្សព្វផ្សាយ ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលដល់សមាជិកគ្រួសារក្រីក្រ ដើម្បីចាប់យកមុខរបរស្មូនក្អមឆ្នាំងពីដូនតានេះ។
លោកមានប្រសាសន៍ថា៖ “កាលណាយើងនិយាយដល់ខេត្តកំពង់ឆ្នាំង គឺប្រាកដជាគេនឹកគិតទៅដល់ក្អមនិងឆ្នាំងហើយ។ ចុះបើយើងបាត់បង់ការផលិតក្អមឆ្នាំង វានឹងបាត់បង់អត្តសញ្ញាណនៃខេត្តមួយបាត់ទៅហើយ”។
កាលពីឆ្នាំ២០២៥ កន្លងមកនេះ មានសិស្ស១១នាក់ទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃនូវជំនាញផលិតកុលាលភាជន៍នៅស្រុករលាប្អៀរ និងសិស្សមួយចំនួនទៀតទទួលបានការបណ្តុះបណ្តាលការផលិតសាជីនិងដេប៉ាក់នៅស្រុកកំពង់ត្រឡាច។ នេះបើតាមការលើកឡើងរបស់លោក សុខាណារិទ្ធ។
លោកបន្តថា នៅឆ្នាំ២០២៦នេះ នឹងបន្តផ្តល់ជូនការបណ្តុះបណ្តាល ដោយក្នុងនោះ ខាងមន្ទីរក៏នឹងពិនិត្យមើលលទ្ធភាពបង្កើតសហគមន៍មួយនៅភូមិអណ្តូងឫស្សី ដើម្បីឱ្យពួកគាត់ផលិតកុលាលភាជន៍បែបសេរ៉ាមិចដែលមានគុណភាពខ្ពស់និងអាចប្រកួតប្រជែងផលិតផលពីក្រៅប្រទេសបាន។
លោកមានប្រសាសន៍ថា៖ “ក្រោយពីគាត់រៀនរយៈពេលមួយឆ្នាំ គាត់អាចត្រឡប់ទៅវិញ។ ទី១ គាត់អាចបន្តថែរក្សាមរតកវប្បធម៌ស្មូនក្អមឆ្នាំង។ ចឹងពេលគាត់ធ្វើ គាត់អាចបង្កើតទីផ្សារសម្រាប់ខ្លួនគាត់”។
លោកបន្ថែមថា៖ “យើងត្រូវតែចូលរួមទាំងអស់គ្នាធ្វើការផ្សព្វផ្សាយ… វាមិនមែនតែក្រសួងវប្បធម៌និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត [កំពង់ឆ្នាំង] វាជាកិច្ចការដែលយើងត្រូវរួមគ្នាធ្វើនិងរួមគ្នាដោះស្រាយ”៕
រាយការណ៍បន្ថែមដោយ អ៊ូច សូនី

