លោក រ៉ុង ឈុន ស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បី​សើ​​រើ​​រឿង​ក្តី​

ដោយៈ

Press Start Cambodia Avatar

នៅ​ព្រឹកថ្ងៃពុធ​នេះ លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​បានដាក់លិ​ខិត​​ថ្វាយ​ព្រះមហាក្សត្រ​ស្នើ​សុំ​ព្រះរាជអន្តរាគមន៍​​សើរើ​រឿង​ក្តី​ ទម្លាក់​បទចោទ និង​ប្រគល់​សិទ្ធិសេរីភាព​ពេញលេញ​​សម្រាប់លោក​។

ការ​ដាក់​លិខិតថ្វាយ​ព្រះ​មហាក្សត្រ​​​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់ពីព្រះអង្គ​​​​បាន​យាង​​ទៅ​​កាន់​ប្រទេស​ចិន ដើម្បី​​ពិនិត្យ​ព្រះរាជសុខភាព​កាល​ពីថ្ងៃអង្គារ​ ​ដោយ​លោ​ក​ រ៉ុង ឈុន អះអាងថា ការ​ថ្វាយ​លិខិត​ស្នើសុំព្រះរាជអន្តរាគមន៍​លើក​នេះ គឺធ្វើ​ឡើងដោយ​បុគ្គល​លោកផ្ទាល់​ ខណៈ​​លិខិត​ដែល​គណបក្ស​កម្លាំង​ជាតិ​បាន​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​កាល​ពី​អំឡុង​ខែ​កក្កដា​កន្លងទៅ​នៅមិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅឡើយ​។​

លោកមាន​ប្រសាសន៍​ថា៖ “​យើង​មាន​ជំនឿ​ថា ព្រះអង្គ​នឹង​យក​ចិត្ត​ទុក​ដាក់​ ថ្វីត្បិត​ព្រះអង្គអវត្តមាន​មិន​បាន​គង់​នៅកម្ពុជា។ ព្រះអង្គ​យាងកាលពីម្សិលមិញទៅ​ព្យា​បាល​ព្រះរោគ​ ប៉ុន្តែ​ព្រះអង្គក៏បាន​ផ្ទេរ​សិទ្ធិ​ទៅ​ប្រមុខ​រដ្ឋ​ស្តីទី​។ ចឹងខ្ញុំគិត​ថា ប្រមុខ​រដ្ឋ​ស្តីទី​នឹង​ពិនិត្យ​នូវ​រាល់លិខិត​របស់ខ្ញុំក៏ដូចជា​លិខិត​របស់​គណបក្ស ”។​

កាល​ពីថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៦​ តុលាការ​កំពូល​​សម្រេច​ផ្តន្ទាទោស​លោក​ដាក់​​ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ប៉ុន្តែ​ព្យួរសាកល្បង​រយៈ​ពេល​បីឆ្នាំ​ ហាម​ចេញពី​រាជ​ធានីភ្នំពេញ​ មិន​ត្រូវ​ធ្វើ​សកម្មភាព​ថ្លែង​ការណ៍​ជា​សាធារណៈ​ មិន​ត្រូវ​មាន​មុខ​នៅ​វេ​ទិកា​សាធារណៈ និង​ដក​ជា​បណ្តោះអាសន្ន​នូវ​សិទ្ធិបោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​​រយៈ​ពេល​៥​ឆ្នាំ​។

​ក្នុង​លិខិត​​ស្នើសុំ​ព្រះ​រាជអន្តរាគមន៍​​ចុះ​ថ្ងៃទី​០២​ ខែ​កញ្ញា​ ឆ្នាំ​២០​២៦​ លោក​ រ៉ុង ឈុន បាន​លើកឡើង​ថា លោក​មិនដែល​មាន​ចេតនាញុះញង់​​​ប្រ​ជា​​ពលរដ្ឋ​ឱ្យ​ប្រ​ព្រឹត្ត​អំពើ​ ដែល​បង្ក​ឱ្យ​មាន​ភាព​​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខសង្គម​ទេ​ ហើ​​​យ​ថា សេចក្តី​សម្រេច​​របស់​តុលាការ​កំពូល​ គឺមិន​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ជាពិសេសប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់លោក ។

លោកបន្ថែមថា នេះជា​​ពេល​ដែល​កម្ពុជា​ត្រូវ​ស្តារកេរ្តិ៍​ឈ្មោះនិង​កិត្តិយ​ស​ឡើង​វិញ​តាម​រយៈ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​កសាង​ទំនុកចិត្ត​ដល់​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ និង​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​​តាម​រយៈ​ឯកភាពជាតិ​។​

លោក​មាន​ប្រសាសន៍ថា៖ “​យើង​បញ្ឈប់ទៅ​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​បក្ស​ប្រឆាំង​។ បញ្ឈប់ការ​ធ្វើទុក្ខបុកម្នេញលើសារព័ត៌មាន​ដែល​ហ៊ាន​និយាយការពិត។​ ការ​ពិតសំ​ខាន់​ណាស់ ជា​កញ្ចក់សម្រាប់​​ឆ្លុះនូវ​​សកម្មភាព​របស់​រដ្ឋាភិបាល​ហើយ​បើ​យើង​មិន​មាន​​​សេចក្តី​ក្លាហាន​ទទួល​ស្គាល់​ការ​ពិត យើង​មិន​អាចធ្វើ​ឱ្យ​សង្គម​យើង​ខ្លាំង​រឹងមាំ​បានទេ”

ជុំវិញ​ករណីនេះ លោក អំ សំអាត នាយក​ទទួល​បន្ទុកកិច្ច​ការ​​ទូទៅ​នៃ​អង្គការលីកាដូ បាន​លើកឡើងថា ប្រជាពលរដ្ឋគ្រប់រូប​មានសិទ្ធិជា​មូលដ្ឋាន​ស្មើៗគ្នា រួម​ទាំង​​​សិទ្ធិបោះឆ្នោត ឬសិទ្ធិធ្វើនយោបាយដែល​មាន​ចែក​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ប៉ុន្តែថា​ហាក់​ដូចជា​អយុត្តិធម៌​សម្រាប់លោក រ៉ុង ឈុន នៅពេល​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ត្រូវ​បាន​ដក​។​

លោកមានប្រសាសន៍​ថា៖ “​លោក រ៉ុង ឈុន គាត់យល់ថា វាអយុត្តិធម៌សម្រាប់គាត់ ទើបគាត់ស្វែងរកការអន្តរាគមន៍ ព្រោះអ្នកនយោបាយគាត់ចង់ធ្វើនយោ​បាយ​ ដើម្បីប្រកួតប្រជែង”។​

កាល​ពី​ថ្ងៃទី​០១ ខែកក្កដា លោក​ រ៉ុង ឈុន ធ្លាប់​បាន​ដាក់លិខិត​ទៅ ​លោក កើត រិទ្ធ ​រដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌ ស្នើ​សុំអន្តរាគមន៍​និង​ពិនិត្យ​សើរើ​សាលដីកា​របស់​តុ​លា​ការ​កំពូល​ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បាន​ឆ្លើយ​តប​តាម​រយៈ​​លិខិត​ចុះថ្ងៃទី​៧ ខែ​សីហា ​ដោយ​​អះអាង​ថា ការ​សម្រេច​សេចក្តីរបស់តុលាការ​គ្រប់ជាន់ថ្នាក់​មាន​ភាព​​ត្រឹម​ត្រូវ​ ​និង​​ស្របតាម​ច្បាប់​ ហើយ​ក្រសួង​យុត្តិធម៌​ពុំបាន​រកឃើញ​ភាព​មិន​ប្រក្រតី​ណាមួយឡើយ​។​

ស្រដៀងគ្នានេះដែរ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៦ គណ​បក្ស​កម្លាំង​ជាតិ​បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ ស្នើ​សុំ​ព្រះ​រាជអន្ត​រាគម​ន៍​​ចំពោះ​ករណី​របស់​លោក រ៉ុង ឈុន ផងដែរ​។

នៅក្នុងសេចក្តី​ប្រកាសព័ត៌មាន​បិទបញ្ចប់បេសកកម្ម ចេញ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចង់​ឃើញ​បរិយាកាស​នយោបាយ​កាន់តែ​បើក​ទូលាយ​ គឺការ​គោរព​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ ការ​ជួបជុំ និង​ការ​បង្កើត​សមាគម ស្របពេលកម្ពុជា​គ្រោងរៀបចំការ​​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំបន្ទាប់​៕

អត្ថបទដោយ៖ ធួន ស្រីពៅ

អត្ថបទគួរឱ្យចាប់អារម្មណ៍