កម្ពុជា​ថា ​​ទស្សន​កិច្ច​​របស់​​នា​យក​រដ្ឋ​​មន្ត្រី​ថៃ​នៅ​តំ​បន់​​អាន​សេះ​​ គឺ​​ជា​​ការ​​បំ​ពាន​ធ្ងន់​ធ្ងរ​លើ​​​អធិប​តេយ្យ​​កម្ពុជា​​​

ដោយៈ

Press Start Cambodia Avatar

កម្ពុជា​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​​របស់​នាយក​រដ្ឋ​មន្ត្រីថៃ​ទៅកាន់តំបន់​អានសេះ​ក្នុង​ខេត្ត​ព្រះវិហារនា​ពេល​ថ្មី​ៗ​នេះ​​ថា ជា​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​ និង​ប៉ុនប៉ង​ដោយ​ចេតនា​ ដើម្បី​អះអាង​សិទ្ធិ​កាន់​កាប់​ខុស​ច្បាប់​លើ​អធិប​តេយ្យ​របស់​​កម្ពុជា​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន ថ្ងៃទី​២៥​ ខែ​សីហា ឆ្នាំ​២០២៦​នេះ ក្រសួង​ការបរ​ទេស​​​កម្ពុជា​បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃលោក អនុធិន ឆាវីរៈគូន ទៅ​តំបន់​អានសេះ​ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​កាល​ពីថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៦ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ ហើយ​ដំណើរ​ទស្សនកិច្ច​នៅ​​តំបន់​ ​ដែល​ត្រូវ​បាន​កម្លាំង​ប្រដាប់​អាវុធ​ថៃកាន់កាប់​ដោយ​ខុស​ច្បាប់​តាំងពី​ឆ្នាំមុន​នេះ ​មិន​អាច​ផ្តល់​សិទ្ធិ​ស្របច្បាប់​ណាមួយ​លើ​អធិបតេយ្យ​របស់​កម្ពុជានោះឡើយ​​។​

សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរ​ថា៖ “​ការ​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​ដែន​ដីអធិបតេយ្យ​របស់​កម្ពុជា​ មិន​អាច​ធ្វើ​ឱ្យ​មាន​ភាព​ស្របច្បាប់​ តាម​រយៈ​ការ​ធ្វើ​ទស្សន​កិច្ច​របស់នាយក​រដ្ឋ​មន្ត្រី​ថៃនេះបាន​ឡើយ​ ”។​

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃនេះ គឺជា​​ការ​រំលោភ​បំពាន​​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យ​របស់​កម្ពុជា​ដែល​បាន​កំណត់​ដោយ​ផែន​ទី​ខ្នាត​ ១:២០០.០០០ រំលោភ​លើ​ចំណុច​ទី​១ នៃ​សេចក្តីប្រកាស​រួមរបស់​​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ឆ្នាំ​២០២៥​ ហើយ​ថា ផែនទី​ដែលគូស​ដោយ​ឯកតោភាគី ឬដំណើរ​ទស្សនកិច្ច​ណាមួយ​ផ្អែក​លើ​ផែន​ទី​បែបនេះ មិន​អាចផ្លាស់​ប្តូរ​ខ្សែព្រំដែន​ដែល​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​បាន​ឡើយ​។​

កម្ពុជា​បញ្ជាក់ជា​ថ្មីថា នឹង​​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាតនូវ​ខ្សែបន្ទាត់​ព្រំដែន​ឬការទាមទារ​ទឹកដីជា​ឯកតោ​ភាគី​របស់​ប្រទេស​ថៃ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ មិន​ប៉ពាល់​​ដល់​សិទ្ធិ​ស្របច្បាប់​ឬ​ជំហរ​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ទាក់ទងនឹង​ព្រំដែន​​អន្តរជាតិ​របស់​ខ្លួន​ឡើយ។​

ជាមួយ​គ្នានេះដែរ កម្ពុជា​ទាម​ទារ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​នៅក្នុង​តំបន់​ខាងលើ​និង​​តំបន់​ផ្សេងទៀត​ដែល​កំពុង​កាន់​កាប់​ដោយ​ខុស​ច្បាប់​ដោយ​កងកម្លាំង​ប្រដាប់អាវុធ​ថៃតាំង​ពីឆ្នាំមុន​ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​និង​សម្រួល​ដល់​ការ​ដោះស្រាយ​​ដោយ​សន្តិវិធី​​៕​

អត្ថបទដោយ៖ ធី វណ្ណា​

អត្ថបទគួរឱ្យចាប់អារម្មណ៍