តុលាការ​ផ្ដន្ទាទោសសកម្មជន​ម្នាក់និង​ពលរដ្ឋ​ពីរនាក់​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ៧​ឆ្នាំ​ ជុំវិញ​ការ​​រិះ​គន់​​គម្រោង​CLV

ដោយៈ

Press Start Cambodia Avatar

សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រម​ផ្តន្ទា​ទោសសកម្មជន​សង្គម​ម្នាក់​​ និង​ពលរដ្ឋ​ពីរ​នាក់ផ្សេងទៀត​ ឱ្យជាប់ពន្ធនាគារយៈពេល ៧ឆ្នាំក្នុង​ម្នាក់ៗ​ ពីបទ​​ “រួមគំនិតក្បត់” ពាក់ព័ន្ធ​ការរិះគន់​កិច្ច​ព្រមព្រៀង​តំបន់​ត្រីកោណអភិវឌ្ឍន៍ (CLV)។

កាលពី​ព្រឹក​ថ្ងៃពុធ​ ចៅក្រម​​ នៃ​សាលាដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក ធី ថន អាយុ​២៥​ឆ្នាំ​ ជា​អនុ​​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិតបញ្ញា​វន្ត​ខ្មែរ​ (KSILA) និង​ពលរដ្ឋ​ពីរនាក់ទៀតអ្នកស្រី​ ស៊ឹង គន្ធា អាយុ​៥០​ឆ្នាំ​និងលោក​​ មាន​ ចាន់ថុន អាយុ​៣៣ឆ្នាំ​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៧​ឆ្នាំ ពីបទ​ “​រួម​គំនិត​ក្បត់” ពាក់ព័ន្ធការ​តវ៉ា និង​រិះគន់​កិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) កាលពីឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់​អង្គការលីកាដូ។

ខណៈ​ពេល​កំពុង​ត្រូវ​បាន​នាំខ្លួន​ចេញ​ពីបន្ទប់​សវនាការ លោក ធី ថន បានសម្ដែងការមិនពេញចិត្ត ដោយលោកបានថ្លែង​យ៉ាង​ខ្លីថា៖ “ អយុត្តិធម៌​ណាស់ គ្រប់យ៉ាងគេកំណត់កូដរួចហើយ”។ ​

លោក លី សុចិត្រា ជាមេធាវីការពារក្តី​ឱ្យ​លោក ធី​ ថន បានប្រាប់​ Press Start Cambodia នៅ​ក្រៅ​តុលាការ​ថា​ លោកនិង​កូនក្ដីនឹងរៀបចំនីតិវិធី ដើម្បីប្ដឹងឧទ្ធរណ៍​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជ​ធានីភ្នំពេញ។​

លោក ធី ថន ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីខែ​សីហា ឆ្នាំ​២០២៤ និង​ចោទប្រកាន់​ពី​បទ “រួមគំនិត​ក្បត់” តាម​បញ្ញាត្តិ​មាត្រា​ ៤៥៣ នៃក្រម​ព្រហ្មទណ្ឌ។ លោក​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង​ ១០០​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ និង​ត្រូវ​បាន​ចោទប្រកាន់​ជុំវិញការ​បញ្ចេញមតិ​ទាក់ទងនឹង​គម្រោង​ CLV ។ នេះបើ​តាមការ​ចេញ​ផ្សាយ​របស់​​អង្គការ​លីកាដូ​កាល​ពីខែ​កញ្ញា ឆ្នាំ​២០២៥​​។​

​លោក​​ ធី ថន អ្នក​ស្រី ស៊ឹង គន្ធា ​និងលោក​​ មាន​ ចាន់ថុន ត្រូវ​បាន​ដាក់​​ក្នុង​បញ្ជី​អ្នក​ជាប់ឃុំដោយ​ប្រើ​សិទ្ធិ​ចំនួន​ ១១៧​នាក់ រួម​មាន​សកម្មជន អ្នក​នយោបាយ​និងពលរដ្ឋ​ផ្សេងទៀត​ ដែល​ត្រូវ​ឃុំខ្លួន​ដោយ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួកគេ​​។​

លោក អំ សំអាត ជា​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅនៃអង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា ផ្អែក​​តាម​ការ​ដេញដោល​នៅក្នុង​សវនាការ​កន្លងមក​ មិនឃើញ​មាន​ភស្តុ​តាង​ណាមួយ​ដែល​អាចបញ្ជាក់ថា លោក ធី ថន ពិត​ជា​បានប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះទេ​។​ លោក​បន្ថែមថា លោក ធី ថន គឺ​ជា​អនុ​​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិតបញ្ញា​វន្ត​ខ្មែរ​ (KSILA) ដែល​មាន​ចុះបញ្ជី​នៅក្រសួង​មហាផ្ទៃ​ ហើយការ​អនុវត្ត​សកម្មភាពការ​ងាររបស់​លោក​ គឺ​​ស្របទៅតាម​លក្ខន្តិកៈរបស់ខ្លួន​​។

លោកមានប្រសាសន៍ថា៖ “ករណី​របស់​​លោក ធី ថន នេះ​ មិន​គួរ​ត្រូវ​បាន​ចាប់ខ្លួន​ ចោទប្រកាន់​​ឬ​ឃុំខ្លួន និង​ការ​ផ្តន្ទាទោស​លោក​ទេ។ ចឹង​សាលក្រម​ផ្តន្ទាទោសនេះ វាធ្វើ​ឱ្យ​ប៉ះពាល់​ឬក៏ជា​ការ​​រំលោភទៅលើ​សេរីភាព​ជាមូលដ្ឋាន​ ដែល​ក្នុង​នោះ គឺការ​បង្កើតនូវ​​​សមាគម​ អង្គការ​មិនមែនរដ្ឋាភិបាល​ក្នុងការ​ធ្វើ​សកម្មភាព​របស់​ខ្លួន​”។​

យោងតាម​របាយការណ៍​ចេញផ្សាយ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦ អង្គការ​លីកាដូ​បាន​រកឃើញ​ថា មាន​ពលរដ្ឋ​យ៉ាងតិច ៨២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ចោទប្រកាន់​និង​ឃុំខ្លួន​ ដោយ​សារ​ការ​បញ្ចេញមតិ​តាម​​បណ្តាញ​សង្គម​ដោយ​លីកាដូ​ចាត់ទុក​ឆ្នាំ​២០២៥ ថា ជា​ឆ្នាំ​ដ៏អាប់អួរ​ នៃសេរីភាព​ក្នុង​ការ​បញ្ចេញមតិ​៕

អត្ថបទ​ដោយ៖ ជា ចិន គង់ សុខណា និង​តែម ស្រីណុច​

អត្ថបទគួរឱ្យចាប់អារម្មណ៍