ការ​កំណត់​​​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​​​សម្រាប់​ឆ្នាំ​២០២៦ គឺ​២១០ដុល្លារ​

រដ្ឋាភិបាល​ បានកំណត់​ប្រាក់ឈ្នួលអប្បបរមា​កម្មករ​​និយោ​ជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូប សម្រា​ប់​​​ឆ្នាំ​២០២៦ គឺ២១០ដុល្លារ​ក្នុង​មួយ​ខែ ដែល​តួលេខ​នេះ​មានការ​កើន​ឡើង​​ ២ដុល្លារ បើធៀបនឹង​ប្រាក់ឈ្នួល​អប្បបរមា​​បច្ចុប្បន្ន។ ​

ប្រកាស​របស់ក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ស្តីពី «ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៦» ចុះ​ថ្ងៃទី​១៧ ខែ​កញ្ញា បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​ចំនួន ២ដុល្លារអាមេរិក លើ​ទឹកប្រាក់​ចំនួន ២០៨ដុល្លារ​អាមេរិក ដែល​បាន​កំណត់​ដោយ​​​ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួលអប្បបរមា សម្រាប់ប្រាប់ឈ្នួល​​​កម្មករនិយោជិត​នៅ​ឆ្នាំ​២០២៦។

ប្រកាសដដែលបន្តថា ការកំណត់ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​នេះ នឹងចាប់​ផ្តើមអនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៦ តទៅ។

ចំណែក​ សេចក្តីជូន​ដំណឹង​របស់​​ក្រុម​ប្រឹក្សាជា​តិ​ប្រាក់​ឈ្នួល​អប្បបរ​មាអា​ណត្តិទី​៤ បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយពីមាន​​​កិច្ច​ប្រជុំ​​​​សរុប​​ចំនួន ២៣​​លើក ​​ដែល​​តំណាង​​​ភាគី​​កម្មក​រ​​និយោ​​ជិត និង​​តំណាង​ភាគី​និយោជក បាន​យល់​ច្បាស់​ពី​ស្ថាន​ភាព​​នៃ​ផល​​ប៉ះ​ពាល់​ ដែល​អាច​កើត​មាន​ឡើង​ ដោយ​សារ​ការ​កំណត់​ពន្ធ​គយ​បដិការ​របស់​សហរដ្ឋ​អាមេរិក ភាព​ប្រកួត​​ប្រជែង និង​ស្ថាន​ភាព​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា ធៀប​នឹង​បណ្តា​ប្រទេស​​មួយ​ចំ​នួន និង​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​ទីផ្សារ​ការ​ងារ សម្រាប់​ឆ្នាំ២​០២៥ និង​ឆ្នាំ​២០២៦។

ប្រភពដដែល​បន្តថា ​តំណាង​ភាគី​និយោជ​ក បាន​ស្នើ​សុំរដ្ឋាភិបាល ​​រក្សា​​តួលេខ​​ប្រាក់​​ឈ្នួលនៅ​​​​​​ដដែល ខណៈ​តំណាង​ភាគី​កម្មករ​និយោជិត​ ក៏​មិន​ជំទាស់​នឹង​សំណើ​នេះ និង​ស្នើ​សុំ​រាជ​រដ្ឋា​ភិបាល​ ពិនិត្យ​លទ្ធ​ភាព​បន្ថែម លើ​សំណើរ​បស់​តំណាង​ភាគី​និយោ​ជក ស្រប​ទៅ​តាម​បទប្ប​ញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា។

បន្ទាប់ពិនិត្យ​ និង​ពិភាក្សា​ជាមួយភាគីពាក់ព័ន្ធ​រួច​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បានបន្ថែម ២​ដុល្លារ ទៅ​លើ​ប្រាក់​ឈ្នួល​គោល ២០៨ដុល្លារ ​បូករួម​​ជា​មួយនឹង​​អត្ថប្រយោជន៍ផ្សេង​ៗ ដែល​​​កម្មករ​អាច​ទទួល​បានប្រាក់ឈ្នួល ចន្លោះពី​ ២២៧ដុល្លារ ទៅ​​ ២៣៨​ដុល្លារ​ក្នុងមួយខែ។

យ៉ាងណា កម្មការិនី យ៉ោម លក្ខិនេ អាយុ ៣៨ឆ្នាំ បម្រើការនៅរោង​ចក្រ​ស្បែកជើង ជេអេដាប់បែលយូ (JAW) ស្ថិត​​ក្នុងសង្កាត់​គោករកា ខណ្ឌព្រែក​ព្នៅ​ រាជធានីភ្នំពេញ​ បង្ហាញ​ការខក​ចិត្ត​ចំពោះ​ការ​ដំឡើង​​ប្រាក់​ឈ្នួល​អប្បបរមាត្រឹម​ ២ដុល្លារ ពី​លើ​ប្រាក់​ឈ្នួល​គោល ២០៨​ដុល្លារ ព្រោះចំនួន​​ប្រាក់ឈ្នួល​នេះ មិនអាចផ្គត់ផ្គង់​ជីវភាពប្រចាំថ្ងៃបានឡើយ។​

កញ្ញាថា៖ «អ្វីដែលបងអស់សង្ឃឹមត្រង់ថា ម៉េចបានជាគាត់អត់មើល[បញ្ហារបស់]កម្មករចឹង គាត់ឲ្យ ២ដុល្លាមកដូចតែអត់ឲ្យដដែលហ្នឹង។​ ២ដុល្លាហ្នឹង​ឥវ៉ាន់​វា​មិន​ចុះ​ថោក​ទេ ឥវ៉ាន់​វា​ថ្លៃណាស់ កាល​មុន​ ១ម៉ឺន​រៀល​ អា​ច​ហូប​បាន​២​ទៅ​៣​ពេល ឥឡូវ ២ម៉ឺន​រៀល​ សឹង​តែ ៣​ពេលអត់​បាន​ផង​[…] អ្វី​ដែល​បង​ចង់​សំណូមពរ​ដល់​ក្រសួង​ពាក់​ពន្ធ័​ទាំង​អស់ ដែល​ចូល​រួម​ ក៏​ដូច​ជា រដ្ឋាភិ​បាល​ឲ្យ​គាត់​ក្រឡេក​មើល​កម្មករ ថា​តើ​តម្លៃដែ​ល​គាត់​ដំឡើង​​ឲ្យ​២ដុល្លារ​ហ្នឹង​ ថា​អាច​យិត​​យោង​សម្រាប់​ការ​ចាយ​វាយ​សម្រាប់​ការ​ទូទាត់​ ក្នុង​ការ​សង​បំណុល​គេ​ ឬ​ក៏​ក្នុង​ការ​ចាយ​វាយ​អត់? បើគាត់​ចង់ឲ្យកម្មករប្រជាពលរដ្ឋរស់នៅ ដោយ​ក្នុងជីវភាពមួយដែលសមរម្យ គាត់ត្រូវតែដំឡើង​ឲ្យច្រើន​តិច​មក អាច​មិន​បាន​១០​ដុល្លារទេ ក៏​៧​ទៅ​៨ដុល្លារដែរ ២ដុល្លារ​វា​តិចពេក»។

អ្នកស្រី ណុន សុខលាង អាយុ ៤២ឆ្នាំ ជា​កម្មការនីធ្វើការ​នៅ​រោងចក្រ 6 Plus នៅខេត្តកណ្តាល បានលើកឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ​ការដំឡើង​ប្រាក់​ឈ្នួល​​​អប្បបរមា​​ត្រឹម​តែ ២​ដុល្លារ មិន​អា​ចធ្វើឱ្យ​កម្មករនិយោជិត​មានជីវភាពសមរម្យ​បាន​ទេ ខណៈការ​ចំណាយ​ច្រើន ហើយ​អតិផរណាទំនិញលើទីផ្សារ​ក៏ថ្លៃ ស្របពេលដែល​គ្រួសារ​អ្នកស្រីក៏មានជាប់បំណុល​ធនាគារ​ផង​ដែរ។​

អ្នកស្រីថា៖ «ឲ្យតែបានលើសត្រឹម ១០ ទៅ២០​ដុល្លារ គឺ​វា​គ្រាន់​ដែរ តែ​ ២​ដុល្លារហ្នឹង ​វា​មិនអាច​រត់​រួច​ទេ […] ចាយវាយ​​ទាំង​ក្នុង​គ្រួសារ ទាំង​មក​ធ្វើ​ការ​រោង​ចក្រ មួយ​ថ្ងៃ​ ៤ម៉ឺនរៀល​ ដល់ពេ​ល​យើង​ពេល​ល្ងាច​ទៅ​ទៀត​ យើង​ទិញ​ម្ហូប​ទៀត​ ថែម​១ម៉ឺន​អី​ទៀត​ចឹង​ទៅ​វា​ឡើង ៥ម៉ឺន បើកូន​វិញ​ក្នុង​១ខែ​៥០​ម៉ឺន»។

ប្រធានសម្ព័ន្ធ​សហជីព​កម្ពុជា​(CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ បង្ហាញការមិនពេញចិត្តចំពោះប្រាក់ឈ្នួល​​អប្បបរមាដែលរដ្ឋាភិបាល ​និងភាគីពាក់ព័ន្ធ​ បានផ្តល់ជូនកម្មករឡើយ ដោយសារចំនួន ២ដុល្លារពីលើប្រាក់ខែគោលនេះ ជាកម្រិតដែលទាបជាងអតិផរណានៅលើទីផ្សារ។

អ្នកស្រីថា៖ «ព្រោះការដំឡើង​ប្រាក់​ឈ្នួល​នេះ គឺ​មើល​ទៅ​ គឺ​វា​ទាប​ខ្លាំង​ពេក​ដែល​មិន​អាច​ធ្វើឱ្យ​កម្មក​រ​និយោជិក​របស់​យើង ទទួលបានប្រាក់ឈ្នួល​ប៉ុណ្ណឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​រស់​នៅ​របស់គាត់​ វា​អត់​បាន​ទៅនឹងតម្លៃអតិផរណានៅលើទីផ្សារផង[…] ខ្ញុំយល់ឃើញថា នេះវាមិនមែនជាចំណុចដែលទាក់ទាញកម្មករនិយោជិត ដើម្បីឲ្យកម្មករនិយោជិតកាន់តែមានកម្លាំង ថាមពលនៅក្នុងការធ្វើការងារទេ»។

អ្នកស្រីថា កម្មករខ្មែរជាច្រើនបានវិលត្រឡប់មកពីថៃវិញ ទើបអ្នកស្រីយល់ថា រដ្ឋាភិបាលគួរ​​កំណត់​​ប្រាក់​ឈ្នួល​អប្បបរមា​ ឱ្យមានភាពទាក់ទាញជាងនេះ ដើម្បី​ក្រុម​វិនិយោគ​បរទេស​មក​រក​ស៊ីកា​ន់​តែ​​ច្រើន​ជាង​មុន ហើយ​កម្មករ​និយោជិត​​​ ក៏​មាន​ចិត្ត​ចង់​ធ្វើ​ការ​ងារ​នៅ​ក្នុង​ស្រុក​ជាង​នៅ​ក្រៅស្រុក។ កន្លងមក អ្នកស្រីសង្កេតឃើញថា ពលរដ្ឋដែលបាន​ធ្វើ​ចំណាក​ស្រុក ទៅរក​ការ​ងារ​នៅ​ក្រៅប្រទេស​​ គឺ​​ដោ​យ​​សារ​តែបញ្ហា​ប្រាក់​ឈ្នួលនៅកម្ពុជា នៅមានកម្រិត​​​ទាប​ និង​លក្ខ​ខណ្ឌ​ការ​ងារ​មិន​ទាន់មាន​ភាព​ល្អ​ប្រសើរ។

យ៉ាងណាមិញ អ្នកស្រីយ៉ាង សុភ័ណ្ឌ ​ក៏បាន​ស្នើដល់​អ្នកពាក់ព័ន្ធនានា ត្រួតពិនិត្យបន្ថែមទៅលើ​សុខទុក្ខរបស់កម្មករ តាមរយៈការ​ដោះស្រាយ​បញ្ហា​​តម្លៃ​​អតិផរណា​ទីផ្សារ​​ខ្ពស់ដែល​ប្រាក់​ឈ្នួល​របស់កម្មករនិយោជិត​​នៅ​ពេលបច្ចុប្បន្ន​មិន​អាច​ឆ្លើយ​តប​បាន ទប់ស្កាត់​ការ​ដំឡើង​ថ្លៃផ្ទះ​ឈ្នួល និង​តម្លៃ​ទឹក​ភ្លើង ព្រម​ទាំង​បញ្ហា​ប្រឈមរបស់កម្មករ​​មួយចំនួន​ទៀត​។

កាល​ពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិល និងសហជីពចំនួន ២៧ស្ថាប័ន បានអំពាវនាវឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បរមាឡើងដល់ ២៣២ដុល្លារសម្រាប់ឆ្នាំ២០២៦ ដោយ​សំអាង​ថា ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​ មិនគ្រ​ប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃរបស់​កម្មករ​និយោជិត​។ ពួកគេថា គម្លាតរវាងប្រាក់ឈ្នួល និងការចំណាយបណ្តាលឱ្យកម្មករ ត្រូវ​កើនបំណុល និងកាត់បន្ថយការចំណាយលើអាហារ សុខភាព និងការសិក្សាអប់រំរបស់កូនៗពួកគេ។

យ៉ាងណា រដ្ឋមន្ត្រី​​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ថ្លែង​​​ប្រាប់​អ្នក​សារព័ត៌​មាន​​​បន្ទាប់ពីកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរ​មាថា ក្នុង​​កិច្ច​ប្រជុំត្រីភាគីនា​ថ្ងៃនេះ ក្រសួង​ក៏ដូចជាភាគីពាក់ព័ន្ធ ក៏​បាន​​ពិភាក្សា​​គ្នា​​អំពី​​យន្ត​​ការ​​នៃ​ការ​​គ្រប់​គ្រង​ការ​ចំណាយ​ទៅលើ​ការ​រស់​នៅ​របស់​កម្មករ​និយោជិត​ផងដែរ ដូចជា យន្ត​​ការគ្រប់គ្រង​ទៅលើ​ថ្លៃ​ផ្ទះជួល កុំ​ឱ្យមាន​ការ​ដំឡើង​​​​ថ្លៃ ខណៈ​តម្លៃ​​​​ទឹក​​ភ្លើងនៅ​តំបន់កម្មករ​រស់​នៅ ក៏​​រដ្ឋាភិបាល​នៅ​ផ្តល់​អត្រា​ពិសេសដដែល​ផង​ដែរ ដើម្បី​ជួយ​សម្រួល​​ដល់​​ជីវភាពរបស់​កម្មករ​និយោជិត។​

លោក​ថា៖ «ជារួម​យើងមិន​ត្រឹម​តែ​និយាយ​គ្នា​អំពី​ប្រាក់​ឈ្នួលអប្បរមាន​នោះ​ទេ​​ យើង​ក៏បាន​គិត​​​អំពី​​​បញ្ហា​ប្រឈម​​ដែល​អាច​កើត​មានឡើង ហើយ​និ​ងយន្តការដែល​យើង​ត្រូវ​រួម​គ្នា​ធ្វើ​យ៉ាង​ម៉េច​​​ ដើម្បី​គ្រប់គ្រង​នូវ​ចំណុច​ប្រឈម​ទាំង​អស់​នេះ ពីព្រោះ​សម្តេច​ធិបតី​ក៏​លោក​បាន​ផ្តាំ​ដែរ​ថាប្រាក់ឈ្នួល​អប្បបរមា​កើន​ វា​ជា​រឿង​មួយ​ ប៉ុន្តែអ្វី​ដែល​យើង​ត្រូវ​ធ្វើ​ឱ្យបាន​នោះ​​ គឺការ​គ្រប់គ្រ​ង​​ចំណាយ​នេះ​តែ​ម្តង។ បើ​សិន​​ជាយើង​មាន​កំណើ​ន​តិច​ឬមួយ​ច្រើន​ ហើយ​យើង​កាត់​បន្ថយចំណាយ មានន័យ​ថា​​បង​ប្អូនយើង​ក៏​អា​ចនៅ​សល់​ច្រើន​ដែរ ផ្ទុយ​ទៅ​វិញ​បើសិន​ជា​ថា​យើង​​​កើន​​ច្រើន ប៉ុន្តែ​​បើ​សិន​ជា​​ចំណាយ​វា​កើន​ឡើង​ច្រើន​​ដែរ ចឹង​គឺបង​ប្អូន​យើង ក៏​អត់​នៅ​​សល់​អ្វីដែរ»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងដែរ​ថា ការពិចារណាកំណត់ប្រាក់ឈ្នួលអប្បបរមា ធ្វើ​ឡើង​ដោយ​ការ​​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថាន​ភាព​ជាក់ស្តែង និង​ភាពសមរម្យ​នៃ​​​ជីវភាពរបស់​​កម្មករនិយោជិត​។ លោក​បាន​ពន្យល់ទៀត​​ថា ការចំណាយ​ ឬបំណុលរ​បស់​កម្មករ មិនអាចវាស់វែងតែមួយទេ គឺ​អាស្រ័យ​ទៅលើ​ការ​ចំណាយ​របស់​ពួកគាត់​។

លោកថា៖ «ការចាយវាយជាប់បំណុលនេះ បំណុលនោះ យើងមិនដឹងថាគាត់យកលុយទៅទិញអី បើគាត់យកលុយទៅទិញដី មិនមែនបំណុលទេ​អានឹង គឺជាការវិនិយោគ បើគាត់យកលុយទៅធ្វើផ្ទះ​ ពង្រីក​ដី ពង្រីកអាជីវកម្ម អាហ្នឹង​មិនមែនជាបំណុលទេ គឺជាការវិនិយោគទេ[…] បើយើងក្រឡើងទីមើល២០ឆ្នាំមុន គឺ៤៥ដុល្លារ ប៉ុន្តែហេតុអីកាលហ្នឹងគាត់រស់កើតឥឡូវនេះ ឡើងមកដល់២១០ដុល្លារ បូកប្រាក់អត្ថប្រយោជន៍​ទៀត ២២៧ ដុល្លារ ចឹងគិតថាការចំណាយរបស់បងប្អូនទាំងអស់គ្នា ប៉ុន្មានក៏អត់គ្រាន់ដែរ សំខាន់យើងចេះគ្រប់គ្រងការចំណាយ»។

ជាមួយគ្នានេះ លោកបានប្រៀបធៀបប្រាក់ឈ្នួលអប្បបរមាកម្ពុជា ជាមួយប្រទេសក្នុងតំបន់ ដោយថា នៅ​វៀត​​ណាម​ មាន​ប្រាក់ឈ្នួល​អប្បបរ​មា​ចន្លោះពី​ ១៣៩​ដុល្លារ ដល់ ១៩៤​ដុល្លារ ប៉ុណ្ណោះ ខណៈ​ឥណ្ឌាមា​ន​ចន្លោះ ១៤០​ដុល្លារ ដល់ ២០៣​ដុល្លា, ភូមា (មីយ៉ាន់ម៉ា) ១៨០ ដុល្លារ, ឡាវ ១០៥​ដុល្លារ, បង់ក្លាដេស ១០០ដុល្លារ និង​ស្រីល​ង្កា ១០០​ដុល្លារ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍