ព័ត៌មានស៊ីជម្រៅ៖ ពលរដ្ឋដែលអះអាងថាជាជនរងគ្រោះចាញ់បោកបទល្មើសអនឡាញទាមទាររកយុត្តិធម៌

ពលរដ្ឋដែលអះអាងថាជាអ្នករងគ្រោះពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ឬOnline Scam​ ស្វះស្វែងរកកិច្ចគាំពារផ្នែកផ្លូវច្បាប់ និងស្នើសុំការអន្តរាគមន៍ផ្តល់លុយដែលបាត់បង់ដោយអំពើចាញ់បោកត្រឡ​ប់​មកវិញ ស្របពេលគ្រួសារពលរដ្ឋផ្សេងទៀត ដែលធ្វើការឲ្យឧក្រិដ្ឋជនអនឡាញដោយមិនដឹងខ្លួន ហើ​យ​កំពុងជាប់ឃុំទទូ​ច​​ឲ្យនគរបាលយុត្តិធម៌ដោះលែងពួកគេឲ្យមានសេរីភាពវិញ។

ការត្អូញត្អែររបស់ជនរងគ្រោះដោយសារបទល្មើសអនឡាញនេះ នៅចំពេលដែលរដ្ឋាភិបាលកំពុងអនុវត្ត យុ​ទ្ធ​នា​​ការ​​ នៃការបោសសំអាតជនបរទេស ដែលលបលួចស្នាក់នៅ និងរកស៊ីដោយខុសច្បាប់នៅក្នុងប្រទេ​ស​ក​ម្ពុ​​ជា។ត្រឹមដើមខែនៃខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ឲ្យដឹ​ងថាមានជនជាតិចិនជាង១០០នាក់ (១៦៥) ត្រូវបណ្តេញចេញពីកម្ពុជា។ជនសង្ស័យទាំងនោះ រកឃើ​ញ​​ថា ជាអ្នកដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញនេះ។

កាលពីចុងខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មានឥណ្ឌាឈ្មោះ The Indian Express ធ្លាប់បានចុះផ្សាយ ដោ​យ​ចោ​ទប្រ​កា​ន់​ថាប្រទេសកម្ពុ​​ជា គឺជាជម្រកនៃបទល្មើសអនឡាញដ៏ធំ។កាលពីចុងខែ មីនា ឆ្នាំ២០២៤ ស្ថាប័ន​ព័ត៌មានដដែលនេះ ក៏ធ្លាប់បានចេញរបាយការណ៍របស់ខ្លួនដែរ ដែលចាត់ទុកថានេះជាការប្រតិកម្មមុនគេ សម្រាប់ប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ តាមរយៈរបាយការណ៍របស់ខ្លួន The Indian Express លើកឡើងថាមានពលរដ្ឋឥណ្ឌាប្រមា​ណ​ ៥ ០០០នាក់ ត្រូវក្រុមឧក្រិដ្ឋជ​ន​អ​ន​ឡា​ញឃុំខ្លួននៅក្នុងប្រទេសកម្ពុជា។ពួកគេត្រូវចាប់បង្ខាំង ដែលបម្រើការឲ្យជនជនជាតិចិន សម្រាប់ការងារបោកប្រាស់ផ្នែកបច្ចេកវិទ្យាអនឡាញ។

ចំណែក ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ក៏បានចេញសេចក្តីប្រកាសដោយបង្ហាញនូវកង្វល់ និងការព្រួ​យ​បារម្ភរបស់ខ្លួន និងអះអាងថាកំពុងធ្វើកិច្ចការនេះដ៏សកម្មជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ដែលធ្លាក់ចូ​ល​ក្នុងបន្ទាក់ នៃការងារឆបោកតាមអនឡាញនេះដែរ។ភ្លាមៗ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ធ្លាប់អះអាងថា ការព្យាយាមបញ្ចេញទិន្នន័យដោយបណ្តាញព័ត៌មានបែបនេះ វាដូចជាមិនទាន់គ្រប់គ្រាន់ ដែលអាចជឿទុកចិត្តបាន។ក្នុងន័យនេះ លោកទាមទារឲ្យស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ត្រូវបង្កើតកិច្ចសហការជា​​មួយក្រសួងការបរទេស ដើម្បីប្រាកដថា អ្វីដែលបានកើតឡើងនេះ វាពិតកម្រិតណា។

តាមរយៈលំហូរជនបរទេស ជាពិសេសជនជាតិចិន ដែលចេះតែបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថាបទល្មើសអនឡាញក៏កាន់តែរីកដុះដាល់ដែរ។ដើមឡើយ ជនរងគ្រោះភាគច្រើន គឺជាជនបរទេសតាមរយៈសន្យាផ្តល់ការងារឲ្យធ្វើក្នុងតម្លៃប្រាក់ឈ្នួលខ្ពស់ជាដើម។ដោយឥទ្ធិពល នៃជនបរទេសជាពិសេ​ស​ជនជាតិចិន ដែលមានវត្តមាននៅលើទឹកដីកម្ពុជា ក្នុងដំណាក់កាលចុងក្រោយនេះ ពលរដ្ឋខ្មែរ ក៏ក្លាយជា​គោលដៅ នៃអំពើឆបោ​ក តាមរយៈប្រព័​ន្ធបច្ចេ​ក​វិទ្យានេះដូចគ្នាដែរ។

អ្នកស្រី កែវ សុភា រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់គេហទំព័រ Press Start Cam​bo​dia ថាខ្លួនធ្លាប់ចាញ់បោកអនឡាញនេះចំនួន៣ដងមកហើយ។អ្នកស្រីបន្តថា មុននឹងចាញ់បោកទិញសត្វឆ្មាតាមអនឡាញនេះ ខ្លួនធ្លាប់ចាញ់បោកដោយទិញផ្លាកទីនក្នុងតម្លៃ៧៨ដុល្លារម្តងរួចមកហើយដែរ តាមរយៈការផ្សា​យ​ផ្ទាល់ ឬLive នៅលើហ្វេសប៊ុក។ហើយករណីមួយទៀត ក្រុមឧក្រិដ្ឋជនឆបោកបានចូលលួចលុយអ្នកស្រី នៅក្នុងគណនីវីងអស់ចំនួន៥០ដុល្លារ បន្ទាប់ពីខ្លួនបានបើកគណនីវីងនេះរួច។

ស្ថិតក្នុងវ័យ៤២ឆ្នាំ អ្នកស្រី កែវ សុភា ឲ្យដឹងថា ចំពោះការចាញ់បោករឿងទិញសត្វឆ្មានេះវិញ ក៏មានរូបភាព ហាក់មិនខុសគ្នាប៉ុន្មានពីអំពើឆបោក២ករណីផ្សេងទៀត ដែលអ្នកស្រីធ្លាប់ជួបនោះដែរ។ប្រភពបន្តថាដំបូងឡើយ អ្នកស្រីបានប​ញ្ជាទិញសត្វឆ្មាតាមអនឡាញក្នុងតម្លៃព្រមព្រៀងគ្នាចន្លោះពី១០០ ទៅ២០០ដុល្លារអាមេរិក កាលពីថ្ងៃទី២​២ ខែមីនា ឆ្នាំ២០​២​៦​។ប៉ុន្តែដោយការចរចាគ្នា តម្លៃសត្វឆ្មានេះ ក៏ធ្លាក់ចុះម​ក​នូវ៥០ដុល្លារវិញ។យ៉ាងនេះ​ក្តី អ្នកស្រីអះអាងថា ក្រុមឧក្រិដ្ឋជន តម្រូវឲ្យខ្លួនបង់ប្រាក់កក់ជាមុនចំនួន១​៥​ដុល្លារសិន ជាថ្នូរមុននឹងដឹក​ទំ​និញ​មក ឲ្យដូចបានកំណត់នៅក្នុងការចរចាគ្នា។

អ្នកស្រីបន្តថា៖ «ការចាញ់បោកអនឡាញហ្នឹង អ៊ីទិញឥវ៉ាន់គេ។ ទិញឆ្មាទិញ​ឆ្មាហើយ​វាឱ្យអ៊ី​ហ្នឹង​កក់លុ​យ​ឱ្យ​វាមុន ឆ្មាហ្នឹងតម្លៃប៉ុន្មាន១០០ ដុល្លារ] ក៏២០០[ដុល្លារ] អ៊ីចឹងយើងត្រូវកក់គេមុនហើយមែនអត់? កក់គេមុនហើយ ដល់ពេលគេដឹកឥវ៉ាន់ឱ្យយើង បានយើងឱ្យលុយបង្រ្គប់។ ដល់​ពេល​អ៊ី​កក់​លុយ​គេ​មុន​ទៅ​​ បានប៉ុន្មាន មួយ​ថ្ងៃឬក៏ពីរ​ថ្ងៃ គេតេរ ​គេតេរមកគេថា «បងៗសុំកក់លុយថែមទៀតបានអត់?» ខ្ញុំ​ថា​អត់​​ទេ​​អត់កក់ថែមទេ។ទាល់តែឥវ៉ាន់មកដល់ដៃខ្ញុំៗបាញ់លុយឱ្យទាំងអស់ហ្មង។វាតេរ​មក​អ៊ី​ប្រហែល​ជា​ពីរ​បី​​ដង​ឱ្យ​កក់លុយមុនអ៊ីចឹង តែអ៊ីកក់តែម្ដងទេ []មួយថ្ងៃពីរថ្ងៃ គេ block [បិទ​ទំនាក់​ទំនង]​អ៊ី​ចោល​បាត់​»

ស្រដៀងគ្នានេះដែរ ស្រ្តីម្នាក់ទៀតដែលមានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា Oun Ly និងថ្លែងក្នុងល​ក្ខ​ខ​​ណ្ឌសុំមិនបញ្ចេញ និយាយថាជាលើកទីមួយហើយដែលខ្លួនត្រូវជនឆបោក ដកលុយចេញពីគ​ណ​នី ធនាគារ អេស៊ីលីដា អស់ចំនួន១០០០ដុល្លារ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ជាអ្នកលក់ម្អូប​អា​ហា​រ ​នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ អ្នកស្រីប្រាប់ថា មូលហេតុដែលខ្លួនចាញ់បោកគេតា​ម​​អនឡា​ញ​នេះ គឺតាមរយៈការបញ្ជាទិញទឹកអប់តាមហ្វេសប៊ុក។មុននឹងឈានដល់បាត់បង់លុយពីក្នុងគណនីធ​នា​​គា​រនេះ គឺក្រុមឧក្រិដ្ឋជនបានក្លែងធ្វើជាអ្នកដឹកឥវ៉ាន់ និងទំនាក់ទំនងអ្នកស្រីតាមទូរស័ព្ទ ដោយណាត់ពេ​​លដើម្បីដឹកទំនិញដែលបានកម្ម៉ង់មកឲ្យ។រំពេចនោះ ឧក្រិដ្ឋជនបានល្បួងអ្នកស្រីឲ្យជួយផ្ញើលេខកូដពី​សា SM​S ចំនួន២ដងដែលគេផ្ញើជូននៅក្នុងទូរស័ព្ទដៃ។អ្នកស្រីបន្តថា ការធ្វើយ៉ាងនេះ ជនសង្ស័យអះអាងថា គឺដើ​ម្បី​ផ្ទៀងផ្ទាត់ឥវ៉ាន់ បន្ទាប់ពីបានផ្ញើកូដតាមការស្នើសុំ។ក្រោយពីអនុវត្តតាម មិនយូរប៉ុន្មានលុយដែលមានក្នុងនៅក្នុងគណនីធ​នា​​គាររបស់ខ្លួន អ្នកស្រីបញ្ជាក់ថា ត្រូវបាត់បង់ដោយមិនដឹងខ្លួន។

អ្នកស្រីបន្តថា៖«ពេលយើងហៅលេខកូដ៦ខ្ទង់ឱ្យគាត់រួចហើយ គាត់ក៏ផ្ញើរលេខកូដថ្មីមួយទៀត ហើយគា​ត់​​ក៏ថាបងអើយអាលេខកូដទី១ដែលបងនិយាយហ្នឹងវាអត់ច្បាស់អញ្ចឹងបងឃើញលេខកូដថ្មីខ្ញុំផ្ញើរទៅ បងជួយហៅលេខកូដថ្មីម្ដងទៀត ខ្ញុំក៏ហៅលេខកូដថ្មីម្ដងទៀតទៅ។ ហៅលេខកូដ៦ខ្ទង់ហើយគាត់ក៏បិទទូរស័​ព្ទធ​ម្មតា គាត់ក៏ថាបន្តិចទៀតខ្ញុំដឹកឥវ៉ាន់ជូនបង[]ដល់ពេលខ្ញុំមានអារម្មណ៍ដូចអត់សូវស្រួលកន្លះម៉ោង​ជាងអ៊ីចឹង អត់សូវស្រួលខ្ញុំក៏ឆែកទូរស័ព្ទទៅក៏ចូលឃើញគេដកលុយខ្ញុំបាត់អស់ហើយ ៥០០ ដុល្លារពីរដង »

កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានចេញសេចក្តីប្រកាសដោយបញ្ជាក់ថា ការបង្រ្កាប់បទល្មើសអនឡាញប្រមាណ៩ខែកន្លងទៅនេះ ស្ថាប័នជំនាញ នៃក្រ​សួ​ងមហាផ្ទៃបង្រ្កាប់បានបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញបានជាង២៥០ករណី។ក្នុងចំណោមនោះ បោសសំអាតទីតាំងកាស៊ីណូបានជិត១០០កន្លែង។របាយការណ៍បន្តថាក្រុមនគរបាលយុត្តិធម៌ ចាប់ឧក្រិដ្ឋជនទាំងខ្មែរ និងបរទេសបានជាង១ ០០០ពាន់នាក់ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់​នឹងបទល្មើសឆបោកនេះអនឡាញនេះ។​​មិនតែប៉ុណ្ណោះ ជនបរទេសជាង១០ ០០០ នាក់ត្រូវបណ្តេញចេញ ខណៈជាង២៤ ០០០នាក់ផ្សេងទៀ​ត​ ស្ម័គ្រចិត្តចាកចេញពីកម្ពុជា។

បើទោះជាពុំមានរបាយការណ៍បញ្ជាក់ពីចំនួនជនជាតិចិនដែលជាប់ទាក់ទិននឹងបទល្មើសអនឡា​ញ​​នេះ មា​ន​ចំនួនប៉ុណ្ណាក្តី គេសង្កេតឃើញថាតាមរយៈការបណ្តេញចេញពីកម្ពុជា តាមជើងហោះហើរភាគច្រើនគឺជា​ជនជាតិចិន។តំបន់សេដ្ឋកិច្ចសំខាន់ៗមានដូចជាក្រុងព្រះសីហនុ ប៉ោយប៉ែត សំពៅពូន បាវិត និងតំបន់ម៉ឺ​នជ័យ ក្នុងខេត្តព្រៃវែង និងនៅថ្មដាខេត្តពោធិ៍សាត់ ជាដើម គឺជនជាតិចិនបានតាំងទីលំនៅមានចំនួនច្រើ​ន​​ជាងគេ។តាមរយៈការបង្រ្កា​ប់បទល្មើសអនឡាញ ក្នុងជំហានចុងក្រោយនេះវិញ គេសង្កេតឃើញ ជនជ​ន​​ជាតិចិននៅក្នុងតំបន់ទាំងនោះ បានរត់គេចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច ក្នុងបរិមាណមួយដ៏ច្រើ​​​​​ន​លើសពីការស្មាន។

នៅចំពេលដែលមានកំណើនជនបរទេស ជាពិសេសជនជាតិចិន និងបទល្មើសអនឡាញ កើនឡើងនៅ​​ក្នុ​ង​ប្រទេសកម្ពុជានេះ មានពលរដ្ឋខ្មែរមិនតិចនាក់ដែរទេ បានក្លាយជាជនរងគ្រោះដោយអំពើឆបោកតា​មរយៈ​ប្រព័ន្ធបច្ចេកវិទ្យានេះ។រូបភាព នៃការឆបោកមានទម្រង់ផ្សេងៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈកម្ចីអ​ន​​ឡាញ បង់រំលោះទូរស័ព្ទដៃ ទិញរថយន្ត និងទិញសម្ភារៈតាមអឡាញក្នុងតម្លៃថោកជាងតម្លៃនៅលើទីផ្សា​រជាដើម។

ថ្លែងប្រាប់គេហទំព័រ Press Start Cambodia ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បុរសម្នាក់ដែលអះអាងថា បានចាញបោកទិញរថយន្តតាមអនឡាញ ឲ្យដឹងថា ដំបូងឡើយរូបគេបានឃើញគេផ្សព្វផ្សាយពាណិជ្ជកម្មទិញលក់រថយន្តតាមគណនីហ្វេសប៊ុកឈ្មោះ AutoMart Cambodia។ហើយប្រភពក្រុមហ៊ុននេះ ដាក់ថានៅក្នុងទីក្រុងព្រៃនគរ ប្រទេសវៀតណាម។ប្រភពបន្តថា ខ្លួនបានចាញ់បោកក្នុងទំហំទឹកប្រាក់ជិត៥ម៉ឺនដុ​ល្លា​​រអាមេរិក តាមរយៈការល្បួង និងបញ្ចុះបញ្ចូលពីជនឆបោកដែលអះអាងថាជាបុគ្គលិកផ្នែកទីផ្សារដែលជា​ជនជាតិខ្មែរបម្រើឲ្យក្រុមជនឆបោកតាមអនឡាញនេះ។

ប្រភពបន្តថា៖«ខ្ញុំវាយករូបគេមកបោកខ្ញុំដែរទេ។ហើយវាថាវាអ្នកកាន់ផេកកាន់អី។អ្នកទីផ្សារយករូបគេមកតាំងនៅលើប្រូហ្វាល់ដែរហ្នឹង។ដល់ពេលខ្ញុំមើលចុះមើលឡើងទៅ ទើបដឹងថាចាញ់បោក។ហើយខ្ញុំក៏ឆាតសួរស្រីម្នាក់ហ្នឹងទៅគេថាគេបន្លំរូបគាត់យកទៅដើរបោកអ្នកផ្សេងទៀត។ហើយគណនីដែលខ្ញុំបាញ់លុយទៅហ្នឹងគឺចូលទៅឈ្មោះ Foo Vun Yen តែទាំងអស់ហ្នឹង។ខ្ញុំវេរលុយទៅ ពី១២ ទៅ១៣ដងណោះ ខ្ញុំវេរចេញទៅហ្នឹង »។

ជុំវិញករណីនេះលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ឯកភាពថាករណីបទល្មើសឆបោកនេះ ឧក្រិដ្ឋជនបានបើប្រាស់រូបភាពផ្សេងៗ និងថ្មីរហូត។មិនតែប៉ុណ្ណោះ លោក​សង្កេតឃើញថាការឆបោកអនឡា​ញ កំពុ​ង​​រីករាលដាលនៅកម្ពុជា ក្រោមរូបភាពលក់ផលិតផលគ្មានគុណភាព បោកបញ្ឆោតឱ្យខ្ចីប្រា​ក់ និងឈានដល់ការជួញដូរមនុស្សជាដើម។

លោកបន្តថា៖«រឿងដែលខ្ញុំបារម្ភមួយរឿងជួញដូមនុស្ស Scam អនឡាញ គួរចែកជា២ ទី១ច្បាប់ស្តីពី ​Scam អនឡាញ ទី២ភ្ជាប់របរអនឡាញទៅជាការត់ពន្ធមនុស្ស ដើម្បីបោកប្រាស់មនុស្សយកមកធ្វើការ»

ដោ​​​​យ​ឡែក របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃវិញដែលចេញកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បង្ហាញថាមានជនបរទេសជាង១ ០០០នាក់ ក្នុងចំណោម២៨សញ្ជាតិ ដែលត្រូវស្ថាប័នជំនាញបណ្តេញចេញពីកម្ពុជា ក្នុងនោះមានដូចជា មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា ក្រៅពីនេះ មានជនជាតិចិនខ្លះដែរ។

ជុំវិញបទល្មើសឧក្រិដ្ឋកម្មអនឡាញនេះ សហរដ្ឋអាមេរិក និងអង់គ្លេសបង្ហាញការមិនពេញចិត្ត​មុនគេ ក្រោ​យ​ពលរដ្ឋរបស់ខ្លួន ត្រូវចាញ់បោកតាមរយៈបទល្មើសបច្ចេកវិទ្យានេះ អស់លុយក្នុងកម្រិតមួយដែលខ្ពស់ពុំធ្លា​ប់ ដោ​យ​រកឃើញថាមេឈ្មួ​ញធំៗ ជាជនជាតិចិនមានខ្លះដែលទទួលបានសញ្ជាតិកម្ពុជា កំពុងសម្ងំលាក់ខ្លួនក្នុងបទល្មើ​សប្រព័ន្ធបច្ចេ​កវិទ្យាអនឡាញដ៏ធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍នេះ។

តាមរយៈរបាយការណ៍របស់ខ្លួន សហរដ្ឋ​អាមេរិក និងចក្រភពអង់គ្លេស សហការគ្នារឹបអូស​ទឹកប្រាក់បាន​​ចំនួន ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ជា bitcoin ពាក់ព័ន្ធ​នឹង​រូបិយប័ណ្ណ​គ្រីបតូ​របស់​ប្រធាន​ក្រុមហ៊ុន Prince Holding Group (Prince Group) របស់លោក ចេន ហ្ស៊ី (Chen Zhi) ដែល​ជា​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ។កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រ​​សួងយុត្តិធម៌អាមេរិក បាននិយាយថា ខ្លួនរឹបអូសបានក្នុងទំហំ​ទឹកប្រាក់ដ៏ច្រើនពាន់លានដុល្លារនេះ គឺមានជា​ប់​ពាក់ព័ន្ធនឹងគំរោងរូបិយប័ណ្ណគ្រីបតូ របស់ក្រហ៊ុនព្រីនស៍ ស្របពេលដែលក្រុមហ៊ុនជាង១ ០០ក្រុមហ៊ុនផ្សេងទៀត របស់លោក ចេន ហ្ស៊ី (Chen Zhi) ក៏​រង​ការ​ចោ​ទ​ប្រ​កា​ន់​​​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​ដូចគ្នា​ដែរ។

ភ្ជាប់ទៅនឹងសំណុំរឿង នៃបទល្មើសអនឡាញនេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលោក កុក អាន ជាសមាជិកព្រឹទ្ធសភា កូតាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកជំនួញដ៏មានឥទ្ធិពល រួមទាំងអង្គភាព២៨ផ្សេងទៀត ក៏ត្រូវជាប់ទណ្ឌកម្មនេះដូចគ្នាដែរ។

បើតាមការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិ នៃក្រសួងហិរញ្ញវត្ថុអាមេរិក អ្នកទាំងនេះត្រូវរងការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ (Cyber Scam) ដែលធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

ដោយសារតែបញ្ហានេះ នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជាថៃនៅអំឡុងខែកក្កដា ឆ្នាំ២០២៥ រហូតបង្កើតឲ្យទៅជាសង្រ្គាមប្រដាប់អាវុធកើតឡើង នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។ភាគីថៃបានរុញបញ្ហានៃបទល្មើសបច្ចេកវិទ្យាអនឡាញនេះ ធ្វើជាលេសក្រោមរូបភាពវាយចូលកា​ន់​​កាប់ដែនអធិបតេយ្យភា​ព​ក​ម្ពុ​​ជាបានជាច្រើនទីតាំងរហូតមកដល់ពេលបច្ចុប្បន្ន។

មេដឹកនាំទីក្រុងបាងកកទាំងយោធា និងស៊ីវិល បា​​​ន​​បដិសេធម្តងហើយម្តងទៀតតាមរយៈកាសែតក្នុងស្រុករបស់ខ្លួនថា ការប៉ះទង្គិចគ្នាដោយកម្លាំងប្រ​ដា​ប់​អាវុធនេះ ដោយសារថៃបានព្យា​​យា​​ម​​បំ​បែកសំបុកបទល្មើ​សអនឡាញ ដែលមាននៅក្នុងទឹកដីកម្ពុជា​តា​ម​កាស៊ីណូធំៗនៅតាមព្រំដែន​។ហើយជារូបភាព ដើម្បីឲ្យអ​ន្ត​រជាតិមើលឃើញថា ការឈ្លានពានកម្ពុជាដោ​យ​ឯកតោភាគី ក្រោមរូបហេតុផលទប់ស្កាត់បទល្មើសអនឡា​​ញនេះ ភាគីថៃបានព្យាយាមផ្តាច់ប្រព័ន្ធអ៊ីនធើណេ​​​ត និងផ្អាកការផ្គត់ផ្គង់ទឹ​កភ្លើងនៅតាមជួរបន្ទាត់ព្រំដែ​ន នៃ​​ច្រកប៉ោយប៉ែត និងអូរស្មាច់ជាដើម។

ឆ្លើយតបនឹងប្រតិកម្មពីសហគមន៍អន្តរជាតិ និងមានការទាមទារពីរដ្ឋាភិបាលទីក្រុងប៉េកាំងផង កម្ពុជាសម្រេចចិត្តចាប់លោក ចេន ហ្ស៊ី (Chen Zhi) ដែល​ជា​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ និងអង់គ្លេស រួមទាំងមនុស្ស២​នាក់ទៀត បញ្ជូនទៅចិនវិញ។ការចាប់ខ្លួនដែលអនុវត្ត កាលពីខែមករា ឆ្នាំ២០២៦ ធ្វើឡើង៣ខែបន្ទាប់ពី​​សហរដ្ឋអាមេរិក និងអង់គ្លេសរួមគ្នា រឹបអូសទ្រពសម្បត្តិរបស់មហាសេដ្ឋីចិនរូបនេះ ក្នុងទំហំទឹកប្រាក់រាប់ពា​នលានដុល្លារ។ក្រៅពីនេះ ខ្សែបណ្តាញរបស់លោក ចេន ហ្ស៊ី ម្នាក់ទៀតឈ្មោះ លី ស្យុង (LI XIONG ) ក៏​​ត្រូវក្រសួងមហាផ្ទៃធ្វើបត្យាប័នទៅស្រុកចិនវិញដែរ។ការបញ្ជូនជនសង្ស័យដែលមានឥទ្ធិពលម្នាក់ទៀត ដែល​មានជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មអនឡាញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ គឺជាអនុវត្តក្រោ​​យពីរដ្ឋការទីក្រុងប៉េកាំង ស្នើឲ្យកម្ពុជាធ្វើបត្យាប័នបន្ថែម ក្នុងទិសដៅបោសសំអាតបទល្មើសអនឡា​ញ​​​។

គេសង្កេតឃើញថានៅចំពេលដែលពិភពលោក និងតំបន់ កំពុងផ្តោតលើកម្ពុជាជុំវិញបទល្មើសអនឡាញនេះ​។​រដ្ឋាភិបាលបានតាក់តែងច្បាប់ស្តីពីការប្រឆាំងការឆបោកតា​មប្រព័ន្ធបច្ចេកវិទ្យាបន្ទាន់ភ្លាម។ច្បាប់ដែ​លមាន​៥ជំពូក និង២៤មាត្រានេះ ត្រូវ​​​សមាជិកសភាដែលមកពីគណបក្សកាន់អំណាចលើសលប់​អនុ​ម័​ត​កាលពីទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងសំឡេង ១១២ លើ១១២គាំទ្រ។

ទាក់ទិនបទល្មើសអនឡាញនេះ មិនមែនមានតែជនរងគ្រោះដែលចាញ់បោកតាមរយៈរូបភាពទិញ-លក់ដែលមានតម្លៃថោកជាងទីផ្សារទេ។ក្នុងន័យនេះ នៅមានពលរដ្ឋកម្ពុជាផ្សេងទៀត ត្រូវធ្លាក់ចូលក្នុងអន្ទា​​ក់នៃការបោកបញ្ចោត ស្វែងរកការងារធ្វើតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយមិនដឹងខ្លួនក៏បានដែរ។

លោក អ៊ុយ អឿន ជាអ្នកខេត្តកំពង់ចាម និងធ្វើចំណាកស្រុកទៅខេត្តរតនគិរី ដែលអះអាងថាជាឱពុករបស់យុវតីម្នាក់ឈ្មោះ យឹម ស្រីឡែន វ័យ១៧ឆ្នាំ និយាយថាដំ​​បូង​ឡើយកូនស្រីរបស់ខ្លួន បានស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ ក្រោយពីរូបនាងទើបតែបញ្ចប់ថ្នាក់​ម​ធ្យ​មសិក្សាទុតិយភូមិថ្មីៗ។តែជាសំណាងមិនល្អ ថ្ងៃជិះឡានពីខេត្តរតនគិរីទៅភ្នំពេញ កូនស្រីលោក និងមិត្តភក្តិពីរនាក់ទៀ​​​​តរបស់នាង បានជួបមនុស្សដែលពុំធ្លាប់ស្គាល់គ្នា និងធ្វើដំណើរក្នុងឡានឆ្ពោះមកភ្នំពេញជាមួយគ្នា។ក្នុងពេលធ្វើដំណើរជនសង្ស័យបានប្រាប់ថា មានការងារមួយកន្លែងឲ្យពួកគេធ្វើនៅខេត្តស្វាយរៀង ទទួលបន្ទុកផ្នែកវាយកំព្យូទ័រ។ហើយការងារនេះ ធ្វើជា​មួយ​ជនជាតិចិន និងទទួលបានប្រាក់ខែខ្ពស់ទៀតផង។

លោកបន្តថា៖ «ពុកអើយកន្លែងហ្នឹងតឹងណាស់ គេឱ្យវាយកុំព្យូទ័ររបៀបបោក ខ្ញុំចូលមកគេឃុំខ្លួនអត់ឱ្យចេញទេ ចេញអត់រួចទេ ទាល់តែរយៈពេលបីខែបានចេញបាន »

បើតាមលោក អ៊ុយ អឿន លោកទទួលបានដំណឹងមកថា ក្រោយពេលកូនស្រីរបស់ខ្លួនចូលធ្វើការ​បាន​មិន​បា​នប៉ុន្មានផង កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងនោះ ហើយកញ្ញា ស្រីឡែន រួមជាមួយមនុ​ស្សជា​ច្រើន​ទៀ​តត្រូវកម្លាំងបង្រ្កាប់បទល្មើសបច្ចេកវិទ្យាចាប់ខ្លួន។លោក អឿន បានបញ្ជាក់ថា កូនស្រី​លោក​ត្រូវ​បាន​ឃុំខ្លួនអស់រយៈពេលជាង ៥ ខែមកហើយក្រោយចាប់ខ្លួន។ស្របពេលជាមួយនេះ ឱពុកជនរងគ្រោះ អំពាវនាវឲ្យស្ថាប័នជំនាញដោះលែងកូនស្រីរបស់ខ្លួន ឲ្យមានសេរីភាពវិញ ខណៈរូបគេ និងមនុស្សផ្សេងទៀត គឺជាជនរងគ្រោះដោយបទល្មើសអនឡាញនេះប៉ុណ្ណោះ។

លោកបន្តថា៖«អារម្មណ៍អ៊ំលែងនិយាយហើយ ព្រោះចង់ឆ្កួតហើយ មិនពឹងពាក់ពីណាអីពីណា តាមដំណើទៅ។ អត់មានមេធាវីការពារអីទេក្មួយអើយ []ខ្ញុំអ្នកជនបទខ្ញុំអត់ដឹងទេ តែពេលកូនខ្ញុំទៅ គេចាប់កូនខ្ញុំរួច បានគេប្រកាសថា Online ខុសច្បាប់អញ្ជេះអញ្ជុះ អ៊ីចឹងបានខ្ញុំដឹងថា អូ​កូន​យើង​គេ​ចាប់​មក​ពីអ៊ីចឹង ។ក្មេងៗមុនធ្វើការពិនិត្យឱ្យច្បាស់លាស់ ប្រយ័ត្នត្រូវគេពន្លួងដូចកូនខ្ញុំអញ្ជឹង ពិបាក​វេទនា​ណាស់​ ជំពាក់ធនាគារផង កូនជាប់ពន្ធនាគារទៀត សព្វថ្ងៃចង់ឆ្កួតហើយក្មួយអើយ ប្អូនកូនទាំងអស់ហ្នឹង មុនធ្វើអ្វីឱ្យច្បាស់លាស់ កុំជឿតាមគេ» 

ក្រៅពីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ លើកឡើងថា រដ្ឋាភិបាលកម្ពុជា​​មាន​ឆន្ទៈ​ ក្នុង​កា​រប្រយុទ្ធ​ប្រឆាំងនឹងបទល្មើសឆបោកតាមប្រប័ន្ធបច្ចេកវិទ្យានេះ តាមរយៈការបង្កើតឲ្យមានគណៈកម្មការចំពោះកិច្ចជាដើម។ហើយអ្នកដែលពាក់ព័ន្ធ ក្រោយសមត្ថកិច្ចចាប់ខ្លួនបានត្រូវចែកដាច់ដោ​យឡែកពីគ្នារវា​ង​ជនរងគ្រោះ និងជនល្មើស។ហើយប្រសិនបើរកឃើញថាអ្នកដែលត្រូវចាប់ខ្លួន ជាអ្នកដែលរងគ្រោះប្រាក​ដ​ណាស់ ពួកគេនឹងត្រូវផ្តល់សេរីភាពឲ្យវិញ ក្រោយបញ្ចប់នីតិវិធី។

លោកបន្តថា៖ «បើសិនជាជនជាតិខ្មែរយើងទៅទៀត ពីមុនមកមិនសូវរកឃើញទេ។ មួយរយៈចុងក្រោយនេះយើងរកឃើញថាមានបងប្អូនជាជនជាតិខ្មែរយើងនៅក្នុងទីតាំងដែលយើងប្រតិបត្តិការបោសសម្អាតនឹ​ង​​ដែរ។ ដូចគ្នាគឺយើងបែងចែកចេញជាពីរ គឺរកឃើញថាជាជនល្មើសឬក៏ជាជនរងគ្រោះ។ ​មិនមែនយកមកទាញថាជាជនល្មើសទាំងអស់ទេ។ហើយក៏មិនមែនសន្មតិជារួមថាជាជនរងគ្រោះទាំងអស់ដែរ។ក៏ប៉ុន្ដែតាមការប្រតិបត្តិការជាក់ស្ដែងនេះ យើងឃើញថាសម្រាប់ពលរដ្ឋខ្មែរយើងគឺភាគតិចណាស់ដែលគាត់ជាអ្នកដែលទៅប្រព្រឹត្តបទល្មើសអញ្ចឹងភាគច្រើនបានន័យថាគាត់ចាញ់បោកគេដែរអូសទាញលួងលោមប​ញ្ឆោ​តដោយ​ប្រការ​នេះ​ប្រការនោះហើយមិនបានយល់ពីអំពើល្មើសហ្នឹង »

ស្របពេលរដ្ឋាភិបាលបានបង្កើតច្បាប់ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការបោសសំអាតឲ្យអស់អ្នកដែលពាក់ព័ន្ធនឹងបទល្មើសអនឡាញនេះក្តី រីឯអង្គការលើកលែងទោសអន្តរជាតិ(Amnesty International ) បានចេញផ្សាយរបាយកា​រណ៍ស៊ើបអង្កេតរបស់ខ្លួន ដែលចេញកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បង្ហាញថា កាស៊ីណូចំនួន១២ទីតាំង​នៅ​​កម្ពុជា នៅតែបន្តអនុញ្ញាតឱ្យដំណើរការ ទោះបីជារដ្ឋាភិបាលបានប្តេជ្ញាបង្ក្រាបទូទាំងប្រទេសលើឧ​ស្សា​ហកម្មខុសច្បាប់នេះក៏ដោយ។មិនតែប៉ុណ្ណោះ ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ការជួញដូរមនុស្ស និ​ង​ពលកម្មដោយបង្ខំ តាមរយៈការស៊ើបអង្កេត បង្ហាញថាករណីរំលោភបំពានមានចំនួន១២ករណីនៅតែប​ន្ត​កើតមាន។នេះបើផ្អែកលើទិន្នន័យពីរូបភាពផ្កាយរណប ការចុះពិនិត្យទីតាំង និងការផ្តល់សក្ខីកម្មពីអ្នករង​​គ្រោះ ដែលចេញដោយអង្គការលើកលែងទោសអន្តរជាតិ Amnesty International ។

បើទោះជាបែបណា ២ថ្ងៃបន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតរបស់ អង្គការលើកលែងទោសអន្តរជាតិ(Amn​es​ty International ) បានបង្ហាញពីសកម្មភាពបទល្មើសអនឡាញនៅតែបន្តកើតមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បា​នប្តេជ្ញាជាថ្មីទៀតថា រដ្ឋាភិបាលកម្ពុជាបាន​ផ្លាស់​ប្ដូរ​ដោយ​ម៉ឺងម៉ាត់​នូវ​គោល​នយោបាយជាតិ​ក្នុងកា​រទ​ប់​ស្កាត់ និងលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​អស់គិត​ត្រឹម​ខែមេសា​ ឆ្នាំ២​០​២៦ ក្នុងន័យដើម្បីផ្ដល់បរិយាកាសល្អសម្រាប់ការវិនិយោគទាំងក្នុងតំបន់ និងពិភពលោក។

ទាក់ទិនសំណុំរឿងនេះ នាយក​ផ្នែក​តស៊ូ​មតិ​ និងសិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បានលើកឡើងនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ កាលពី​ថ្ងៃទី​១៨ កក្កដា ដោយបង្ហាញទុទិដ្ឋិនិយម​ថា អ្វីដែលលោ​​​កនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្វើនេះវាគ្រាន់តែជាឆាកល្ខោនទេ។អ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិរូបនេះ ពុំមានជំនឿថា ផែនការនេះអាចដោះបញ្ចប់បានលឿននោះឡើយ ព្រោះបទល្មើសបច្ចេកវិទ្យានេះ វាបា​ន​ដុះស្លែជាយូរមកហើយនៅកម្ពុជា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍