អស់រយៈពេលជាច្រើនឆ្នាំមកហើយ កសិករដាំបន្លែនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពឹងផ្អែកលើទឹកភ្លៀង និងទឹកស្រះ ដើម្បីស្រោចស្រពដំណាំរបស់ពួកគាត់។ ប៉ុន្តែនៅពេលរដូវប្រាំងកាន់តែអូសបន្លាយ និងប្រភពទឹកធម្មជាតិចាប់ផ្តើមរីងស្ងួត កសិករជាច្រើនជួបបញ្ហាប្រឈមនិងមិនអាចបន្តដាំដុះបានដូចធម្មតាឡើយ។ អ្នកខ្លះត្រូវទុកដីទំនេរ ខណៈអ្នកខ្លះទៀតនៅបន្តធ្វើ ដោយប្រើម៉ាស៊ីនបូមទឹកពីប្រភពផ្សេងៗ ប៉ុន្តែការធ្វើបែបនេះ ធ្វើឱ្យពួកគាត់ត្រូវចំណាយលើថ្លៃប្រេងកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅពេលដែលកង្វះខាតទឹកក្លាយជាបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ កសិករមួយចំនួនបានចាប់ផ្តើមសាកល្បងប្រើប្រព័ន្ធបូមទឹកដើរដោយថាមពលសូឡា ដើម្បីទាញយកទឹកពីអណ្ដូងស្រោចស្រពដំណាំ។ ពួកគាត់និយាយថា ប្រព័ន្ធបូមទឹកនេះ មិនត្រឹមតែជួយឱ្យពួកគាត់អាចបន្តដាំដុះបានពេញមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងកម្លាំងពលកម្មផងដែរ។
អ្នកស្រី អៀម សុខ ជាអ្នកភូមិទឹកហូតនៅក្នុងឃុំទឹកហូតបានប្រកបរបរដាំដំណាំម្រះព្រៅ ជី ផ្ទី និងស្លឹកខ្ទឹមអស់រយៈពេល ២ ឆ្នាំមកហើយ។ កាលពីមុន អ្នកស្រីនិងអ្នកភូមិផ្សេងទៀតអាចដាំដំណាំបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ព្រោះនៅរដូវប្រាំង ប្រភពទឹកធម្មជាតិ និងស្រះទឹករីងស្ងួត និងមិនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំឡើយ។
អ្នកស្រីនិយាយថា៖ “ប្រើទឹកស្រះ ប្រើទឹកភ្លៀង ទឹកអូរ យើងហ្នឹង បានដាំតែខែវស្សាទេ […] ខែប្រាំងឱ្យតែចូលឆ្នាំរួចដឹងតែងាប់ហើយ។ អស់ទឹកស្រះលែងមានគេដាំហ្មង។ លែងដាំហើយ ចោលអស់ហើយ”។
បន្ទាប់ពីមើលឃើញថា ការប្រើប្រាស់ថាមពលសូឡាអាចផ្គត់ផ្គង់ទឹកបានជាប់លាប់ជាងមុន កសិករវ័យ ៦៨ ឆ្នាំរូបនេះ បានដំឡើងប្រព័ន្ធបូមទឹកដើរដោយថាមពលសូឡា ហើយមកដល់ពេលនេះ មានរយៈពេលប្រមាណពីរឆ្នាំហើយ ដោយអ្នកស្រីអាចដាំដំណាំបានទាំងរដូវប្រាំង និងរដូវវស្សា នៅលើផ្ទៃដីទំហំ៧០អា។
សម្រាប់កសិករនៅឃុំទឹកហូត ការងាកមកប្រើប្រព័ន្ធបូមទឹកដើរដោយថាមពលសូឡា មិនមែនគ្រាន់តែជាការទទួលយកដំណោះស្រាយតាមបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការសម្របខ្លួនទៅនឹងបញ្ហាកង្វះទឹកដែលកាន់តែធ្ងន់ធ្ងរទៅៗដោយសារបម្រែបម្រួលអាកាសធាតុ។ ពួកគេនិយាយថា ប្រព័ន្ធបូមទឹកដើរដោយថាមពលសូឡាជួយធានាប្រភពទឹកសម្រាប់ការដាំដុះ កាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងកម្លាំងពលកម្ម។
តាមការសង្កេតរបស់លោក អ៊ុក យឿន អនុប្រធានសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម នៅឃុំទឹកហូត ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំងថា កង្វះទឹកបានក្លាយជាបញ្ហាប្រឈមខ្លាំងឡើងៗ សម្រាប់កសិករក្នុងមូលដ្ឋានរបស់លោកចាប់តាំងពីឆ្នាំ២០២៥មក។
លោកនិយាយថា៖ “ក្នុងសហគមន៍ខ្ញុំនេះ ទឹកចេញ ប្រហែលជាយ៉ាងច្រើន ៥ស្រះទេ អ៊ីចឹងដល់រដូវប្រាំង គឺដាច់ហើយទឹក…អ៊ីចឹងទៅ ជញ្ជូនពូជទៅរកប្រភពទឹក ដើម្បីការពារពូជគាត់កុំឱ្យដាច់ [ពូជ] ”។
បើតាមលោក អ៊ុក យឿន សមាជិកភាគច្រើនក្នុងសហគមន៍របស់លោកប្រកបរបរដាំស្លឹកខ្ទឹម ឬខ្ទឹមខ្យល់ ម្រះព្រៅ ជី ស្ពៃតឿ និងដំណាំគួបផ្សំផ្សេងទៀតដែលត្រូវការទឹកជាប្រចាំ ហើយកន្លងមក ពួកគាត់ពឹងផ្អែកលើស្រះទឹកតូចៗនៅក្បែរដីចម្ការ ដើម្បីស្រោចស្រពដំណាំ ប៉ុន្តែនៅពេលប្រភពទឹកទាំងនោះរីងស្ងួត ការដាំដុះក៏ជួបការលំបាកទៅតាមនោះដែរ។
ក្រៅពីបញ្ហាកង្វះទឹក កសិករក៏ត្រូវប្រឈមបញ្ហាមួយទៀតនោះ គឺការចំណាយលើថ្លៃប្រេងម៉ាស៊ូត ដើម្បីបូមទឹកស្រោចស្រព។ លោក អ៊ុក យឿន បញ្ជាក់ថា គ្រួសារកសិករត្រូវចំណាយយ៉ាងហោចណាស់ប្រមាណ១៤ម៉ឺនរៀលក្នុងមួយខែលើថ្លៃប្រេងបូមទឹក។
កសិករដាំបន្លែម្នាក់ទៀត លោក ផង់ ម៉ុច អាយុ ៥៦ឆ្នាំ បានឱ្យដឹងថា កាលពេលដែលមិនទាន់ប្រើប្រព័ន្ធបូមទឹកដើរដោយសូឡា ដំណាំដែលរងផលប៉ះពាល់ខ្លាំងរួមមានស្ពៃ ខ្ទឹម និងត្រសក់ ដោយដំណាំទាំងនេះត្រូវការទឹកជាប្រចាំ ហើយបើខ្វះទឹកអាចខូច និងមិនអាចប្រមូលផលបាន។
លោកបន្តថា ការខ្វះទឹកបានធ្វើឱ្យគ្រួសាររបស់លោកបាត់បង់ចំណូលយ៉ាងច្រើន ដោយក្នុងអំឡុងពេលខ្វះទឹក លោកត្រូវខាតបង់ប្រហែល ៥០ ទៅ ៦០ ម៉ឺនរៀល។ ដោយសារបញ្ហានេះ លោកបានសម្រេចកាត់បន្ថយការដាំដុះក្នុងរដូវខ្វះទឹក ដោយងាកទៅដាំដំណាំដែលប្រើទឹកតិចជាង ដូចជាស្លឹកខ្ទឹម ដែលអាចស្រោចទឹកត្រឹមមួយថ្ងៃម្តង ឬពីរថ្ងៃម្តងបាន។
លោកក៏បានបញ្ជាក់ថា កាលពីមុន លោកធ្លាប់ខ្ចីប្រាក់ដើម្បីទិញប្រេងសម្រាប់បូមទឹកស្រោចដំណាំ ។
លោកថា បញ្ហាខ្វះទឹកបានធ្វើឱ្យលោកមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ហើយធ្លាប់គិតថា ប្រសិនបើនៅតែគ្មានទឹកសម្រាប់ដាំដុះទៀត លោកនឹងឈប់ដាំដុះ។
លោកនិយាយថា ៖’ វាជារឿងធំរបស់ខ្ញុំហើយ បើថា អត់ទឹកខ្ញុំអត់ធ្វើនឹងហើយ ត្រូវតែដោះដូររត់ចោលកន្លែងអត់ប្រើប្រាស់ចោល យើងអស់សង្ឃឹមនឹងហើយ”។
របាយការណ៍របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២១ ស្ដីពីហានិភ័យអាកាសធាតុរបស់ប្រទេសកម្ពុជា(Climate Risk Country Profile: Cambodia) ក៏បានបង្ហាញថា ការប្រែប្រួលរបបភ្លៀង គ្រោះរាំងស្ងួត ទឹកជំនន់ និងសីតុណ្ហភាពកើនឡើង អាចប៉ះពាល់ដល់កសិកម្ម ធនធានទឹក និងជីវភាពប្រជាជននៅតំបន់ជនបទ។ លើសពីនេះ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Cambodia Country Climate and Development Report) របស់ធនាគារពិភពលោក ឆ្នាំ២០២៣ បានព្យាករណ៍ថា ប្រសិនបើគ្មានវិធានការបន្សាំសមស្រប ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប ឬ GDP របស់កម្ពុជាថយចុះរហូតដល់ប្រមាណជិត ១០ភាគរយនៅឆ្នាំ២០៥០។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក៏បានឱ្យដឹងថា ក្រសួងធនធានទឹកបានដាក់ចេញនូវវិធានការនិងការត្រៀមលក្ខណៈមួយចំនូន ដើម្បីឆ្លើយតបទៅនឹងបាតុភូតអែលនីញ៉ូនេះ ដូចជាធ្វើការជួសជុល ស្តារនិងថែទាំប្រព័ន្ធធារាសាស្ត្រ និងស្ថានីយជលសាស្ត្រនិងឧតុនិយម ការគ្រប់គ្រងនិងអភិរក្សប្រភពទឹក ត្រៀមលក្ខណៈអន្តរាគមន៍បន្ទាន់។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមទៀតថា គិតត្រឹម២០២៥ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២៣៥៤ ប្រព័ន្ធ ដែលមានលទ្ធភាពស្រោចស្រពបានប្រមាណចំនួន ២ ០០៦ ៧២២ហិកតា ក្នុងនោះស្រូវវស្សា ១ ៤០៤ ៧៩១ហិកតា និងស្រូវប្រាំង ៦០១ ៩៣១ហិកតា និងដំណាំរួមផ្សំចំនួន ១២ ២៤២ ហិកតា។ ដោយឡែក គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានអាងស្តុកទឹកចំនួន ១ ៦៥៩អាង ដែលមានសមត្ថភាពស្តុកទឹកអតិបរមាប្រមាណ ៤០០០លានម៉ែត្រគូប។
ជាមួយនឹងកត្តាអាកាសធាតុប្រែប្រួលនិងមិនអាចពឹងផ្អែកប្រភពទឹកធម្មជាតិបានទាំងស្រុង និងថ្លៃចំណាយសម្រាប់ការបូមទឹកស្រោចស្រពដំណាំកាន់តែកើនឡើង កសិករនៅសហគមន៍ទឹកហូតចាប់ផ្តើមស្វែងរកវិធីថ្មីមួយ ដើម្បីធានាថា ពួកគេនៅតែអាចដាំដុះបានក្នុងរដូវប្រាំង។
កសិករចាប់ផ្តើមជីកអណ្តូង និងបំពាក់ប្រព័ន្ធបូមទឹកដើរដោយថាមពលសូឡាទាញយកទឹកពីក្នុងដីមកប្រើប្រាស់។ គិតត្រឹមឆ្នាំ២០២៦នេះ មានកសិករចំនួន៧៥គ្រួសារ ក្នុងចំណោមគ្រួសារចំនួន ២២៨៧គ្រួសារ ដែលកំពុងប្រើប្រាស់សូឡាបូមទឹកដាក់ចម្ការ នៅឃុំទឹកហូត ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការលើកឡើងរបស់លោក អ៊ុក យឿន អនុប្រធានសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម។
លោក យ៉ែម ពៅ អាយុ៤២ ឆ្នាំ ជាកសិករមួយរូបទៀតនៅភូមិទឹកហូតបានប្រើម៉ាស៊ីនបូមទឹកដាក់ចម្ការជាង២០ឆ្នាំហើយពីប្រភពទឹកដែលមានស្រាប់ដូចជាស្រះ និងអូរជាដើមនៅពេលរដូវខ្សត់ទឹក។ ប៉ុន្តែដោយមើលឃើញអ្នកភូមិដទៃទៀតប្រើប្រាស់សូឡា ដើម្បីបូមទឹកស្រោចស្រពហាក់មាននិរន្តរភាពជាង ក៏ដូចជា ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ដំណាំផ្ទាល់ខ្លួន លោកបានសម្រេចចិត្តចំណាយថវិកាជាង៩០០ដុល្លារ ដើម្បីដំឡើងសូឡាចំនួនពីរបន្ទះ ដែលមានកម្លាំង ៩០០W កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ។
លោកនិយាយថា៖ “យើងដាំបន្លែ ដាំអីវាខ្វះទឹកប្រើ អត់ដឹងយកទឹកពីណា។ ដល់ពេលនេះ […] ឃើញគេប្រើសូឡាគ្រប់គ្នាប្រើបាន យើងក៏រៀបចំបុកអណ្ដូងដាក់សូឡាប្រើតាមគេដែរទៅ។ តែប្រើទៅឃើញវាស្រួល វាបូមទឹកមកវាសំបូរ មានតែអត់ដឹងយកទឹកដាក់ខាងណាទៀត”។
ទោះបីជាយ៉ាងណា លោកមិនទាន់់បោះបង់ចោលការប្រើប្រាស់ម៉ាស៊ីនបូមទឹកទាំងស្រុងនោះទេ គឺលោកប្រើ ប្រើសូឡាបូមទឹកពីអណ្ដូងទៅស្រះទឹក ហើយបូមពីស្រះទៅស្រោចដំណាំបន្ត។ លោកមានបំណងចង់ប្រើសូឡាបូមទឹកទាំងស្រុងដែរនាពេលខាងមុខ។
ការប្រើប្រព័ន្ធបូមទឹកដើរដោយថាមពលសូឡាជួយសន្សំសំចៃ និងកាត់បន្ថយការចំណាយរបស់ពួកគាត់មកត្រឹមពាក់កណ្តាល ដោយគ្រួសារកសិករនីមួយៗ ចំណាយតែត្រឹមប្រមាណ ៧ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ ហើយវាផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការពង្រីកផ្ទៃដីដាំដុះពី៨០ហិកតា ទៅដល់១២០ហិកតា ក្នុងចំណោមនោះមានតែ៤០ហិកតាប៉ុណ្ណោះដែលនៅទំនេរ ព្រោះកសិករគ្មានលទ្ធភាពដាំដុះ។ ធៀបនឹងពេលកន្លងមក ផ្ទៃដីជាង៦០ហិកតាត្រូវបានទុកទំនេរចោលនារដូវប្រាំង គឺមានតែផ្ទៃដី៣០ហិកតា ចំណោមផ្ទៃដីសរុប៨០ហិកតា អាចដាំដុះបាន។
ជុំវិញរឿងនេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងមានគោលការណ៍គាំទ្រ និងលើកទឹកចិត្តឱ្យកសិករងាកមកប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ព្រោះវាជាថាមពលកកើតឡើងវិញដែលជួយកាត់បន្ថយចំណាយបានច្រើន ខណៈដែលតម្លៃឧបករណ៍សូឡានាពេលបច្ចុប្បន្នកាន់តែធូរថ្លៃ មានប្រសិទ្ធភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។
លោកបន្ថែមថា៖ “ការងារនេះ គឺតម្រូវឱ្យមានការដាក់បោះទុនវិនិយោគទៅមុន។ ដូច្នេះសម្រាប់កសិករតូចៗរៀងៗខ្លួន ដែលមានលទ្ធភាព ក្រសួងតែងតែជំរុញលើកទឹកចិត្ត។ ដោយឡែក សម្រាប់បងប្អូនកសិករមួយចំនួនទៀត ដែលចង់ទទួលបានអត្ថប្រយោជន៍ទាំងអស់នេះដែរ តែមិនអាចធ្វើដោយខ្លួនឯងបាន យើងមានដំណោះស្រាយមួយចំនួន ដូចជាការគាំទ្រពីគម្រោងដៃគូ ដែលយើងមានស្រាប់អនុវត្តដោយក្រសួងកសិកម្ម ក៏ដូចជាការចូលរួមចងក្រងគ្នាទៅជាសហគមន៍ ”។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ក៏បានផ្តល់បទសម្ភាសន៍ជាមួយ Channel News Asia កាលខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជាកំពុងពង្រីកការវិនិយោគលើថាមពលសូឡា និងថាមពលកកើតឡើងវិញ ដើម្បីរក្សាស្ថិរភាពថ្លៃអគ្គិសនី និងបង្កើនសន្តិសុខថាមពល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់គោលដៅបង្កើនចំណែកថាមពលស្អាតឱ្យឈានដល់ប្រមាណ ៧០ភាគរយនៅឆ្នាំ២០៣០ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធថាមពលប្រកបដោយចីរភាព៕

