ក្រ​សួង​​ព័ត៌​មាន​​ណែ​នាំ​​ឱ្យ​​ចៀស​​វាង​​ការ​​ផលិត​​និង​​ផ្សព្វ​ផ្សា​យ​​មា​តិ​កា​​ដែល​​ប៉ះ​ពាល់​​​សីល​​ធម៌​​សង្គម​​​

ដោយៈ

Press Start Cambodia Avatar

ក្រសួង​ព័ត៌មានណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​ អ្នក​បង្កើត​មាតិកា អ្នក​មាន​ឥទ្ធិ​ពល​លើ​បណ្តាញសង្គម និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​អស់​ត្រូវ​ប្រកាន់ខ្ជាប់នូវ​ក្រមសីលធម៌​​ វិជ្ជាជីវៈ​ ​និងចៀសវាង​ការ​ផលិតមាតិកា​ដែលប៉ះពាល់ដល់សីលធម៌សង្គម ​និង​សេចក្តី​ថ្លៃថ្នូរ​របស់ស្ត្រី​។​

សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់ពី​លោក ហ៊ុន សែន ប្រ​ធាន​ព្រឹទ្ធសភាបាន​ស្នើ​ឱ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​បុគ្គល​ទាំងឡាយ​ណា​ ដែល​​ជេរប្រមាថ​លើ​បណ្តាញសង្គម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីល​ធម៌សង្គម​។​​

នៅក្នុង​សេចក្តីណែនាំចេញផ្សាយ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ក្រសួង​ព័ត៌មានណែនាំ​ឱ្យ​ចៀសវាង​ការ​ផលិត​ ធ្វើបទសម្ភាសន៍ ឬការផ្សព្វផ្សាយ​មាតិកា​ដែល​មាន​លក្ខណៈ​ញុះញង់​ បង្កហេតុ​ បង្ក​ជម្លោះ ឬជំរុញ​ឱ្យ​មាន​ការ​ស្អប់ខ្ពើម​ ជេរប្រមាថ​ បរិ​ហារ​កេរ្តិ៍ បន្ទាបបន្ថោក​ ឬធ្វើ​ឱ្យ​អ្នក​ដទៃអាម៉ាស់​ អាសអាភាស ប្រមាថមើលងាយ​ឬប៉ះពាល់​ដល់តម្លៃកិត្តិយស​និងសេចក្តីថ្លៃថ្នូរ​របស់ស្ត្រី​។

សេចក្តីណែនាំ​នេះ​បន្ត​ថា ត្រូវ​​ចៀស​វាងការ​ប្រើប្រាស់​រូបភាព​ វីដេអូ សំឡេង​ បច្ចេក​វិទ្យា​​បញ្ញាសិប្បនិម្មិត​ ឬបច្ចេកវិទ្យា​ឌីជីថល​ផ្សេងទៀត ដើម្បីកែច្នៃ ឬបង្កើត​មាតិកា​ដែល​បំពាន​សិទ្ធិ​ និងមាតិកា​ដែល​យក​រូបរាង រាងកាយ ជីវិតឯកជន​ ឬ​ភាព​ងាយ​រងគ្រោះរបស់​ស្ត្រីមក​ធ្វើជាមធ្យោបាយ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ បង្កើន​​ចំនួន​អ្នក​មើល ​ឬស្វែង​រក​ប្រយោជន៍ពាណិជ្ជកម្ម​។

សេចក្តីណែនាំ​នេះសរសេរ​​ថា៖ “​សេរីភាព​នៃការ​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌​មាន​ត្រូវ​អនុវត្ត​ដោយ​ភ្ជាប់​ជាមួយ​ការទទួល​ខុស​ត្រូវ​ ក្រម​សីលធម៌​វិជ្ជាជីវៈ និងការ​គោរព​ច្បាប់​។ សេរីភាព​មិន​អាចត្រូវ​បាន​ប្រើប្រាស់​ជាមធ្យោបាយ ​ដើម្បីបំពាន​សិទ្ធិ​ កិត្តិយស​ និង​សេចក្តីថ្លៃថ្នូរ​របស់អ្នកដទៃ​ ឬបង្ក​ផល​ប៉ះពាល់​ដល់​សីល​ធម៌ ​និង​សណ្តាប់ធ្នាប់​សង្គមឡើយ ”។​

តាម​រយៈ​សេចក្តីណែនាំ​ដដែល​នេះ ក្រសួងក៏​ព្រមាន​ចាត់​​វិធាន​ការ​រដ្ឋបាល​និង​វិធាន​ការ​ច្បាប់​ចំពោះ​អ្នក​​សារព័ត៌មាន​ ​អង្គភាពសារព័ត៌មាន អ្នក​បង្កើត​មាតិកា អ្នក​​មាន​ឥទ្ធិពល​លើ​បណ្តាញសង្កម អ្នក​គ្រប់គ្រង​គេហ​ទំ​ព័រ ​ឬគណនីបណ្តាញ​សង្គម​ ដែល​មិន​ស្ថិតក្នុង​វិសាលភាព​អ្នក​សារព័ត៌មាន​ ដោយ​ចាប់ពី​​​​ការ​ណែនាំ ការ​ព្រ​មាន​ ការ​កែតម្រូវ ឬដក​មាតិកា​បំពានទៅ​តាម​ស្ថានភាព​ជាក់ស្តែង​​​ ហើយ​ប្រសិន​បើ​​​រកឃើញមាន​សញ្ញានៃ​បទល្មើស​ ក្រសួង​នឹងបញ្ជូន​ករណី​ឬសហការជាមួយសមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បីចាត់វិធានការ​តាមផ្លូវ​ច្បាប់។​

ក្រសួងព័ត៌មានបានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ឱ្យ​ចូល​រួមបង្កើតប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយសុវត្ថិភាព និងគុណភាព ដោយ​រួម​គ្នាលើកកម្ពស់មាតិកាវិជ្ជមាន និងការគោរពតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។​

​គួរ​រំលឹកផងដែរ​ថា កាលពី​ថ្ងៃទី​១៤ ខែ​សីហា សាលាដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​ស្ត្រីម្នាក់​ឈ្មោះ ចិន្តា​ សុវណ្ណារី អាយុ​៣១​ឆ្នាំ​ ពីបទ​ “ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​​កងទ័ព និង​ប្រមាថ​ចំពោះអ្នក​រាជការ​សាធារណៈ​” បន្ទាប់ពី​មាន​ការ​បែក​ធ្លាយ​សំ​ឡេងសន្ទនា​រវាងអ្នក​លក់ទូរសព្ទនិង​អ្នក​ទិញដែលជា​កងទ័ពជួរមុខ​​តាម​បណ្តាញ​សង្គម​ ហើយ​តាមចោទថា ស្ត្រីជា​អ្នក​លក់ទូរសព្ទរូបនេះ​បាន​ប្រើពាក្យ​សម្តីមិន​សមរម្យ​និង​ជេរប្រមាថលើ​អ្នក​ទិញ​៕

អត្ថបទដោយ​៖ ធី វណ្ណា​

អត្ថបទគួរឱ្យចាប់អារម្មណ៍