តុ​លា​ការ​​ផ្តន្ទា​ទោស​​អតី​ត​​ព្រះ​សង្ឃ​ ជា​ វុទ្ធី ឱ្យ​​​ជាប់​​​ពន្ធ​​នា​​គារ​​​១៨​​​ខែ​​ ជុំ​​វិញ​​ការ​​​បញ្ចេញ​មតិ​រឿង​ព្រំ​ដែន​​

ដោយៈ

Press Start Cambodia Avatar

សាលាដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​​អតីត​ព្រះសង្ឃ​ ជា​ វុទ្ធី ជាអ្នក​​សារព័ត៌មានពលរដ្ឋ​​​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​ ពីបទ​ “​ញុះញង់​”​  ដោយ​សា​របញ្ចេញមតិ​​រិះគន់​​ជុំវិញ​បញ្ហា​ព្រំដែន​​​។

លោកស្រី​​ យី សុខវួច ចៅក្រម​ជំនុំជម្រះ​នៃសាលាដំបូង​រាជធានីភ្នំពេញ​បាន​ប្រកាស​សាល​ក្រម​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដោយ​សម្រេចផ្តន្ទាទោស​លោក ជា​ វុទ្ធី ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ ២លាន​រៀល។ សាលាដំបូងរាជធានីភ្នំពេញបាន​បើកសវនាការ​ជំ​នុំជម្រះ​លើ​សំណុំរឿងរបស់​លោកកា​ល​​ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦​។​ ​

សមត្ថកិច្ច​ស្លៀក​ឯក​សណ្ឋាន​ស៊ីវិល​ខេត្ត​បាត់ដំបង​បាន​ឃាត់​និង​នាំ​ខ្លួន​លោក​ ជា វុទ្ធី ចេញ​ពីវត្ត​ពោធិ៍​វាល ក្នុង​ក្រុង​បាត់ដំបង​ ហើយ​​បន្ទាប់​មក ត្រូវ​ចាប់​ផ្សឹក​ដោយ​មន្ត្រីសង្ឃ​និង​មន្ទីរ​ធម្មការ​ និង​សាសនា​​កាល​​ពីថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៦​។ ​នៅ​ថ្ងៃ​បន្ទាប់​​​ សាលាដំបូង​រាជធានីភ្នំពេញ​បាន​សម្រេ​ច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្រោម​បទចោទបទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹក​វរ​ដល់សន្តិសុខ​សង្គម​” តាម​មាត្រា​៤៩៤ និង​៤៩៥ ដោយសារ​តែ​ការរិះគន់​​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​និង​បញ្ហា​ជន​ភៀស​​សឹក​នៅលើ​បណ្តាញ​សង្គម​របស់​លោក​។ នេះបើ​តាមរបាយ​ការណ៍​របស់​​អង្គ​ការ​លីកាដូ​។​

លោក អែម ចន្ថា ជា​មេធាវី​ការ​ពារ​ក្តី​ឱ្យ​លោក ជា​ វុទ្ធី បាន​សម្តែង​ការ​ខកចិត្ត​ចំ​ពោះ​ការ​ប្រកាស​សាលក្រម​នេះ ដោយ​លោក​អះអាងថា គ្មាន​អង្គហេតុ​និង​ភស្តុតាង​គ្រប់គ្រាន់ដើម្បីដាក់បន្ទុក​កូន​ក្តី​របស់​លោកទេ​ ដោយ​លោក​អះអាងថា អ្វីដែល​​កូន​ក្តី​របស់​លោកនិយាយ​ គ្រាន់តែ​ជា​ការ​​ឌឺដងនិង​​លេងសើច​នៅក្នុងគ្រុបឯកជន​ប៉ុណ្ណោះ​ ហើយ​កូន​ក្តីរបស់​លោក​ក៏គ្មាន​ចេតនា​ប្រព្រឹត្តបទល្មើស​ផងដែរ។​

លោកនិយាយ​ថា៖ “​តើ​មាន​ច្បាប់ណាដែល​កំណត់​ថា ម៉េសិនជ័រឆាត (messenger chat) ដែលជា​គ្រុប​ឯកជន​នោះ ចាត់ទុកថា លើសពី២នាក់ទៅ គឺជា​សាធារណៈ មិនអាចទេ។ មិន​ទាន់​មាន​ច្បាប់និយាយទេ“​។ លោកបន្ត​​ថា៖ “វា​អយុត្តិ​ធម៌​សម្រាប់កូន​ក្តី​ ហើយអ្វីដែល​មេធាវី​មើលឃើញ មេធាវីតែងតែបដិសេធរហូត​មក​”

លោក ចន្ថា បញ្ជាក់​បន្ថែម​ថា កូន​ក្តី​​នឹងបន្ត​និតិវិធីប្តឹងឧទ្ធរណ៍នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជ​ធានីភ្នំពេញ។​

កញ្ញា ហេង គឹមសួរ ជា​មន្ត្រី​ផ្នែក​គោល​នយោបាយ​ និង​តស៊ូមតិ ​នៃ​អង្គការ​ភាព​ជា​​​ដៃ​គូ​ ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED Cambodia) ដែល​បាន​ឃ្លាំមើល​ដំ​ណើរ​ការរឿង​​ក្តី​នេះ បាន​ចាត់ទុក​​សេចក្តីសម្រេច​នេះថា​ ​ជា​រឿង​អយុត្តិធម៌មួយនិង​ជា​ការ​​រឹតត្បិតសេរីភាព​ ហើយ​​ការ​បន្ត​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​យុវជន​ដែល​​ធ្វើ​ការងារសង្គមមាន​ការភ័យ​ខ្លាច​និង​លែង​ហ៊ាន​និយាយ​ការ​ពិត។​

កញ្ញា គឹមសួរ និយាយថា៖ “ខ្ញុំ​គិតថា សង្គម​យើង​នឹង​មិនអាចលូតលាស់បានទេដោយសារ​អ្នកនិយាយ​ការ​ពិត នឹងលែងហ៊ាន​និយាយការ​ពិត ”។

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦ អង្គការ​លីកាដូ​បាន​រកឃើញថា មាន​ពលរដ្ឋ​យ៉ាងតិច ៨២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ចោទប្រកាន់​និង​ឃុំខ្លួន​ ដោយ​សារ​ការ​បញ្ចេញមតិ​តាម​​បណ្តាញ​សង្គម​ដោយ​លីកាដូ​ចាត់ទុក​ឆ្នាំ​២០២៥ ថា ជា​ឆ្នាំ​ដ៏អាប់អួរ​ នៃសេរីភាព​ក្នុង​ការ​បញ្ចេញមតិ​៕

អត្ថបទដោយ៖ ជា ចិន និង​ ឈួន ឡាំស៊ីន​

អត្ថបទគួរឱ្យចាប់អារម្មណ៍