នៅតាមបណ្តោយផ្លូវដ៏មមាញឹកមួយស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្រជុំជនមួយ ដែលគេឱ្យឈ្មោះថា “វីថីមាស” ដែលមានភោជនីយដ្ឋាន ហាងសាឡន ហាងផ្លែឈើ និងហាងកាត់សក់ និងអាជីវកម្មខ្នាតតូចជាច្រើននៅអមសងខាងផ្លូវ ដែលភាគច្រើនបើកដំណើរដោយជនបរទេស ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវ។ តំបន់នេះ គឺជាតំបន់អាជីវកម្មដ៏មមាញឹក មានភ្លើងចម្រុះពណ៌ ភ្លឺចិញ្ចាចនៅពេលយប់ និងមានភ្ញៀវចេញចូលមិនចេះដាច់។ ប៉ុន្តែនៅពីក្រោយសកម្មភាពដ៏អូរអរទាំងនេះ មានបុគ្គលិកខ្មែរមួយចំនួន ប្រឈមនឹងលក្ខខណ្ឌការងារមិនច្បាស់លាស់និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ។
ខណៈចំនួនអាជីវកម្ម ដែលគ្រប់គ្រងដោយជនបរទេសនៅកម្ពុជាបន្តកើនឡើង បុគ្គលិកខ្មែរមួយចំនួនត្អូញត្អែរអំពីការបំពេញការងារលើសម៉ោង គ្មានកិច្ចសន្យាការងារត្រឹមត្រូវ និងការមិនទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់។ អ្នកជំនាញ និងអង្គការសង្គមស៊ីវិលលើកឡើងថា បញ្ហានេះ មណ្តាលមកពីភាពចន្លោះប្រហោង នៃការអនុវត្តច្បាប់ការងារ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលពីដើមខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង៤៥ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ខណៈពេល ដែលគម្រោងទាំងនេះ បានបង្កើតការងារបានប្រមាណ ៤៣៨ ០០០ កន្លែង ការអនុវត្តលក្ខខណ្ឌការងារនៅក្នុងវិស័យជួរមុខមួយចំនួននៅតែជាបញ្ហា។
លោក នៀង ប៉ុនណារ៉ូត អាយុ២០ឆ្នាំ ជាបុគ្គលិកជនជាតិខ្មែរ កំពុងបម្រើការងារជាអ្នករត់តុនៅហាងមីទាញចិន-ឥស្លាមមួយ ដែលគ្រប់គ្រងដោយជនជាតិចិន នៅតំបន់ “វិថីមាស” បាននិយាយថា ជាធម្មតា ខ្លួនធ្វើការងារពី១០ម៉ោង ដល់១២ម៉ោង ក្នុងមួយថ្ងៃ ដោយគ្មានថ្ងៃឈប់សម្រាកច្បាស់លាស់។
ប៉ុនណារ៉ូត ដែលស្រុកកំណើតនៅខេត្តកោះកុង បានបម្រើការងារនៅភោជនីយដ្ឋានដដែលនេះ អស់រយៈពេល ២ឆ្នាំហើយ បន្ទាប់ពីបោះបង់ការសិក្សានៅសាកលវិទ្យាល័យ ត្រឹមឆ្នាំទី១ ជំនាញទេសចរណ៍ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ យុវជនរូបនេះ និយាយថា ដំបូងថៅកែតម្រូវឱ្យធ្វើការតែ៨ម៉ោង ក្រោយមកបានកើនឡើងជាបន្តបន្ទាប់រហូតដល់១២ម៉ោង ក្នុងមួយថ្ងៃ។
លោកនិយាយថា៖ «ពេលហ្នឹងគេថា ខ្វះបុគ្គលិក តែឥឡូវដូចអត់ខ្វះទេ តែនៅតែអត់បន្ថយម៉ោងវិញ»។
ប៉ុនណារ៉ូត បន្តថា លោកទទួលបានប្រាក់ខែ ៣០០ដុល្លារ ក្នុងមួយខែ ប៉ុន្តែមិនទទួលបានប្រាក់ថែមម៉ោង ប្រាក់លើកទឹកចិត្តផ្សេងៗ និងគ្មានបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឡើយ។ លើសពីនេះទៅទៀតនោះ រាល់ពេលដែលលោកសុំអនុញ្ញាតច្បាប់សម្រាកម្ដងៗ ថៅកែបានកាត់ប្រាក់ចំនួន ១០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
តែយ៉ាងណាយុវជនវ័យ២០ឆ្នាំរូបនេះ នៅបន្តធ្វើការនៅហាងដដែលនេះ ដោយមិនប្រកែករឿងលក្ខខណ្ឌការងារជាមួយថៅកែឡើយ ព្រោះថា រូបគេមិនបានដឹងអំពីច្បាប់ការងារ ប៉ុន្តែយុវជនរូបនេះ ក៏ចង់បានលក្ខខណ្ឌប្រសើរជាងនេះដែរ។
លោកនិយាយថា៖ «បើអាចចង់សុំឱ្យគាត់ជួយទម្លាក់ម៉ោងធ្វើការ និងសុំឱ្យមានថ្ងៃ Day off [ថ្ងៃឈប់សម្រាក] ឱ្យដូចដើមវិញ ព្រោះពីមុនធ្វើការតែ៨ម៉ោង បន្ទាប់មកគេ [ថៅកែ] ឡើង១០ម៉ោង ក្រោយមកឱ្យធ្វើ ១២ម៉ោងវិញ […] បើអាចចង់សុំធ្វើការត្រឹម៨ម៉ោង ឬ១០ម៉ោងដូចមុន និងអាចឈប់១ថ្ងៃក៏បាន ២ថ្ងៃក៏បានក្នុង១ខែ»។
នៅខណ្ឌមានជ័យវិញ កញ្ញា ហាំង និតនីសា មានវ័យ១៧ឆ្នាំ មកពីខេត្តស្វាយរៀង ធ្លាប់បម្រើការងារនៅហាង ដែលគ្រប់គ្រងដោយជនជាតិចិន ៣កន្លែងមកហើយ ទាំងនៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ។
ការងារចុងក្រោយរបស់នាង គឺធ្វើការជាអ្នកកក់សក់នៅហាងសាឡនរបស់ជនជាតិចិនមួយកន្លែងនៅបណ្ដោយផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ដោយទទួលបានប្រាក់ខែ ១៥០ដុល្លារក្នុងមួយខែ និងគ្មានកិច្ចសន្យាការងារច្បាស់លាស់។
ជាកូនពៅក្នុងគ្រួសារ ដែលមានបងប្អូនបង្កើត៣នាក់ យុវតីរូបនេះត្រូវធ្វើការងារពីម៉ោង ១២ថ្ងៃត្រង់ដល់ម៉ោង១២យប់ ហើយពេលខ្លះ ត្រូវធ្វើការងារយូរជាងនេះ នៅពេលមានភ្ញៀវច្រើន ដោយគ្មានប្រាក់បន្ថែមម៉ោង។ និតនីសា និយាយថា ក្នុងមួយខែ នាងអាចសម្រាកបានតែ២ថ្ងៃប៉ុណ្ណោះ ហើយមិនអាចឈប់ថ្ងៃចុងសប្តាហ៍បានទេ។
យុវតីមាឌតូចសម្បុរស្រអែមរូបនេះ និយាយថា៖ «ធ្វើជាប់រហូតហ្នឹងបង អត់មានថ្ងៃឈប់ទេ…គាត់ (ថៅកែ) អត់ឱ្យ day off ចំថ្ងៃសុក្រសៅរ៍អាទិត្យទេបង ព្រោះអីសុក្រសៅរ៍អាទិត្យមានភ្ញៀវច្រើន»។
យុវតីរូបនេះបន្តថា ថៅកែរបស់នាងតែងតែសន្យាផ្តល់ប្រាក់បន្ថែម ប៉ុន្តែមិនដែលធ្វើតាមការសន្យាទេ។
ក្រៅពីបញ្ហាលក្ខខណ្ឌការងារ និតនីសា បានអះអាងថា នាងប្រឈមនឹងឥរិយាបថមិនសមរម្យរបស់ភ្ញៀវមួយចំនួនរួមមានការប៉ះពាល់រាងកាយ និងការបបួលទៅក្រៅជាមួយ។
និតនីសា អះអាងថា៖ «គាត់មកកក់សក់នៅហាងខ្ញុំៗអ្នកកក់ឱ្យ។ ពេល [គាត់] ដេកកក់សក់អ៊ីចឹង ដៃ [គាត់] លើកមកក្ដិចថ្ពាល់ខ្ញុំ”។ នាងបន្តថា៖ “[ គាត់] ឆាតសួរ [គាត់] ឆាតមកតាមតេឡេក្រាមខ្ញុំហ្នឹងសួរថា ‘តើអ្នកចង់ចេញក្រៅជាមួយខ្ញុំទេ? [ គាត់ ] ថា មួយយប់ឱ្យ១៥០[ដុល្លារ]»។
និតនីសា អះអាងថា ថៅកែរបស់នាងក៏ដឹងរឿងនេះដែរ ប៉ុន្តែមិនបានចាត់វិធានការការពារទេ ផ្ទុយទៅវិញបានជំរុញឱ្យនាងទៅជាមួយភ្ញៀវ ក៏ប៉ុន្តែនាងបានបដិសេធ។
បន្ទាប់ពីធ្វើការនៅហាងសាឡននេះ បានប្រមាណជាកន្លះឆ្នាំ និតនីសា បានសម្រេចចិត្តឈប់ធ្វើការកាលពីខែធ្នូ ឆ្នាំ២០២៥ ទោះបីជាត្រូវបានដំឡើងប្រាក់ឈ្នួលដល់២០០ដុល្លារក្នុងមួយខែក៏ដោយ។
ចំណែកអតីតបុគ្គលិកម្នាក់ទៀត ដែលធ្លាប់ធ្វើការនៅហាងសាឡនជាមួយកញ្ញា និតនីសា ដែរនោះ គឺកញ្ញា វន់ ណារី បានប្រាប់ Press Start Cambodia ថា នាងក៏ជួបបញ្ហាទាំងនេះដូចគ្នាដែរ រួមទាំងធ្វើការលើសម៉ោង និងស្ថានភាពខ្លះ ដែលនាងមិនពេញចិត្ត ដែលធ្វើឱ្យនាងសម្រេចចិត្តឈប់ពីការងារកាលពីដើមខែមីនា ឆ្នាំ២០២៦នេះ។
កញ្ញា វន់ ណារី អះអាងថា៖«ខ្ញុំអត់ចូលចិត្តមេខ្ញុំត្រង់កន្លែងរបៀបថា ធ្វើការកន្លែងចិន… យើងអត់ព្រមទៅ [គាត់] និយាយជាមួយនឹងថៅកែយើង»។
ច្បាប់ការងារនៃប្រទេសកម្ពុជា១៩៩៧ បានចែងពីការហាមការរើសអើងពូជសាសន៍ ភេទជាដើម ក្នុងការសម្រេចជួល តំឡើងថ្នាក់ ផ្តល់កម្រៃ ឬការផ្ដាច់កិច្ចសន្យាការងារចំពោះបុគ្គលិក។ ច្បាប់នេះក៏ធានានូវប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឱ្យមានជីវភាពសមរម្យ ធានាប្រាក់ឈ្នួលស្មើគ្នាសម្រាប់ការងារដែលមានលក្ខខណ្ឌដូចគ្នាផងដែរ។ ច្បាប់ការងារនេះក៏ចែងឱ្យមានសុវត្ថិភាព និងអនាម័យនៅកន្លែងធ្វើការ។
ថៅកែជនជាតិចិននៅអាហារដ្ឋានមួយកន្លែងនៅម្ដុំផ្សារថ្មី រាជធានីភ្នំពេញសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ហាងរបស់អ្នកស្រីមានបុគ្គលិកខ្មែរកំពុងធ្វើការចំនួន ៥នាក់ ហើយពួកគេទទួលបានប្រាក់ខែចាប់ពី ២០០ ដល់ ៨០០ ដុល្លារក្នុងមួយខែ។
ម្ចាស់អាហារដ្ឋានរូបនេះឱ្យដឹងថា ក្នុងមួយថ្ងៃ បុគ្គលិករបស់អ្នកស្រីត្រូវធ្វើការពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល និងពីម៉ោង ៤រសៀល ដល់ម៉ោង ៩យប់ ហើយក្នុងមួយខែ អាចសម្រាកបាន១ថ្ងៃ។ តែយ៉ាងណា អ្នកស្រីថា បុគ្គលិកដែលធ្វើការនៅថ្ងៃឈប់សម្រាក គឺតាមគោលការណ៍ស្ម័គ្រចិត្តរបស់បុគ្គលិកម្នាក់ៗ និងទទួលបានប្រាក់បន្ថែមពីចន្លោះពី ១០ដុល្លារ ទៅ ៨០ដុល្លារក្នុងមួយថ្ងៃ អាស្រ័យលើប្រាក់ខែគោលរបស់បុគ្គលិកម្នាក់ៗ។
អ្នកស្រីនិយាយថា៖ «នៅថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាក យើងត្រូវបើកហាងធម្មតា ដើម្បីផ្តល់សេវាកម្មដល់អតិថិជន […] នៅថ្ងៃបុណ្យមានភ្ញៀវច្រើនជាងធម្មតា។ អ៊ីចឹង យើងមិនអាចសម្រាកបានទេ»។
អ្នកស្រីទទួលស្គាល់ថា បុគ្គលិកធ្វើការនៅហាងរបស់អ្នកស្រីគ្មានបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងពុំមានកិច្ចសន្យាការងារទេ ប៉ុន្តែថា អ្នកស្រីបានផ្ដល់នូវអាហារ កន្លែងស្នាក់នៅ ព្រមទាំងប្រាក់សម្រាប់ថ្លៃថ្នាំពេលបុគ្គលិកឈឺ។
ទោះបីជាយ៉ាងណា អ្នកស្រីបានលើកឡើងពីឧបសគ្គផ្នែកភាសា និងការបោះបង់ការងារ គឺជាបញ្ហាប្រឈមមួយ ដែលធ្វើឱ្យអ្នកស្រីពិបាកក្នុងការអនុវត្តឱ្យបានពេញលេញទៅតាមច្បាប់ការងារ ដូចជាការធ្វើបណ្ណ ប.ស.ស និងកិច្ចសន្យាការងារជាដើម។ អ្នកស្រីអះអាងថា កន្លងមកធ្លាប់មានបុគ្គលិកខ្មែររបស់អ្នកស្រីបបួលគ្នាជាង១០នាក់ឈប់ពីការងារ។
អ្នកស្រីនិយាយថា៖ «មិនមែនថា យើងមិនចង់គោរពច្បាប់ការងារទេ តែយើងចង់ណាស់ ព្រោះច្បាប់ការងារមានគ្រប់ប្រទេស ដូចនៅចិនក៏មានដែរ។ ចំពោះបុគ្គលិកខ្មែរ ដែលធ្វើការនៅហាងខ្ញុំផ្ទាល់នេះ យើងក៏ចង់ចុះកិច្ចសន្យាការងារជាមួយពួកគេដែរ ក៏ប៉ុន្តែពួកគេមិនសូវឋិតថេរទេ។ ពេលពួកគេនឿយហត់ក៏រត់ចោលការងារ”។
យោងតាមរបាយការណ៍ឆ្នាំ២០២៥ ដដែលរបស់ CDC បានឱ្យដឹងថា វិស័យឧស្សាហកម្មទទួលបានទុនវិនិយោគច្រើនជាងគេ ប្រមាណ ៥,៦ ប៊ីលានដុល្លារ បន្ទាប់មកមានវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ ៣,៨ ប៊ីលានដុល្លារ វិស័យកសិកម្ម និងកសិឧស្សាហកម្ម ទទួលបានទុនវិនិយោគប្រមាណ ៤៣៦លានដុល្លារ និងវិស័យទេសចរណ៍ ប្រមាណ ១៧៥លានដុល្លារ។ ក្នុងចំណោមប្រភពទុនវិនិយោគទាំងនេះ ប្រទេសចិននៅតែជាប្រទេសនាំមុខគេនៅក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងឆ្នាំ២០២៥ ដោយមានចំណែកជាង ៥០ភាគរយនៅក្នុងចំណោមទុនវិនិយោគសរុបពីបរទេស។
តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំនេះ មានគម្រោងវិនិយោគ១៤៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាមេរិក ត្រូវបានចុះបញ្ជី ដែលអាចបង្កើតការងារបានប្រមាណ ៨២ ០០០ កន្លែង។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ លើកឡើងថា មកដល់ពេលនេះ លោកមិនទាន់បានសិក្សាស្រាវជ្រាវ ឬអង្កេតករណីលក្ខខណ្ឌការងាររបស់បុគ្គលិកខ្មែរនៅតាមហាងគ្រប់គ្រងដោយជនជាតិចិននៅឡើយទេ ហើយលោកក៏មិនធ្លាប់ទទួលបានបណ្ដឹងពីបុគ្គលិកទាក់ទងនឹបញ្ហានេះដែរ។
តែយ៉ាងណាលោក ឃុន ថារ៉ូ ថា ករណីនេះ ក្រសួងការងារមានតួនាទីចុះអធិការកិច្ច ឬចុះពិនិត្យតាមហាងដែលដំណើរការដោយជនបរទេស ទើបធានានូវការអនុវត្តន៍ច្បាប់ការងារកម្ពុជាបានពេញលេញ ហើយនិយោជកត្រូវអនុវត្តតាមគោលការណ៍ច្បាប់កម្ពុជា។
លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់គឺ ការចុះទៅធ្វើអធិការកិច្ចរបស់ក្រសួងការងារ ដែលមានមន្ត្រីអធិការកិច្ចហ្នឹង មានកាតព្វកិច្ចក្នុងការត្រួតពិនិត្យនៅក្នុងការចុះទៅ ដើម្បីពិនិត្យមើលថា តើការចុះបញ្ជីសហគ្រាស គ្រឹះស្ថានឬក៏ផ្នែកសេវាកម្ម ដែលមានថៅកែជាជនជាតិចិន…និយោជក ដែលជាជនជាតិចិនទាំងអស់ហ្នឹង គឺត្រូវបំពេញនូវកាតព្វកិច្ចអនុវត្តទៅតាមគោលការណ៍ច្បាប់នៅក្នុងរាជាណាចក្រកម្ពុជា»។
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្ម (CFSWF) សង្កេតឃើញថា កន្លងមក មានបុគ្គលិកខ្មែរជួបប្រទះបញ្ហាមួយចំនួននៅពេលធ្វើការងារនៅហាងចិន ដូចជាការបញ្ឈប់ពីការងារភ្លាមៗ ដោយអត់បើកប្រាក់ឈ្នួល គ្មានប្រាក់ថែមម៉ោងពេលធ្វើការលើសម៉ោងកំណត់ ការរើសអើងការកាត់ប្រាក់ឈ្នួលតាមអំពើចិត្ត និងការប្រើពាក្យអសុរោះជាដើម ហើយមូលហេតុដែលបណ្ដាលឱ្យមានបញ្ហាទាំងនេះកើតមានឡើង ទំនងជាពាក់ព័ន្ធនឹងភាពសកម្មរបស់អាជ្ញាធរ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំមើលឃើញថា អាភាពមិនសកម្មពីអាជ្ញាធរអីហ្នឹងហើយ ដែលធ្វើឱ្យជនជាតិបរទេសព្រហើនៗតែម្ដង… វាហាក់បីដូចជាអាជ្ញាធរហ្នឹងអត់មានអំណាចអី…ម៉្លោះហើយកាលណាអាជ្ញាធរចាញ់ច្រាបទៅ ពលរដ្ឋសាមញ្ញ កម្មករសាមញ្ញហ្នឹងរឹតតែគ្នាហ្នឹងអត់មានខ្នងបង្អែក ឬក៏អត់មានទីពឹង»។
អ្នកស្រីស្នើឱ្យរដ្ឋាភិបាលស្វែងយល់ពីបញ្ហាពិតដែលបុគ្គលិកខ្មែរជួបប្រទះ និងដោះស្រាយបញ្ហាទាំងនោះឱ្យមានប្រសិទ្ធភាព។
លោក អំ សំអាត នាយកទទួលបន្ទុកការងារទូទៅ នៃអង្គការលីកាដូ ប្រាប់ថា តាមការសង្កេតរបស់លោក បុគ្គលិកបម្រើការនៅហាង ឬភោជនីយដ្ឋានជាច្រើនដែលគ្រប់គ្រងដោយជនបរទេស ជាពិសេសហាងចិន មិនទទួលបានការគោរពតាមច្បាប់ការងារពេញលេញនោះទេ ដោយបុគ្គលិកទាំងនោះត្រូវបានរំលោភបំពានសិទ្ធិការងារ ដូចជាការធ្វើការងារច្រើនម៉ោងជាងច្បាប់ការងារកំណត់ ការបើកប្រាក់ខែមិនសូវទៀងទាត់ និងអ្នកខ្លះមិនបានឈប់សម្រាកតាមច្បាប់ការងារ ព្រមទាំងគ្មានប័ណ្ណ ប.ស.ស ជាដើម។
លោកបន្ថែមថា៖ «បុគ្គលិក និងកម្មករខ្លះត្រូវបានបញ្ឈប់ ឬបណ្តេញចេញពីការងារដោយខុសច្បាប់ការងារ និងមិនទទួលបានអត្ថប្រយោជន៍តាមច្បាប់ការងារ ឬអ្នកខ្លះរងអំពើហិង្សាជាដើម ។ ករណីទាំងនេះ អ្នកខ្លះគាត់បានប្តឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធ និងអ្នកខ្លះក៏មិនបានប្តឹង”។
ករណីនេះ លោក អំ សំអាត លើកឡើងថា អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តតាមច្បាប់ការងារឱ្យមានប្រសិទ្ធភាពរួមទាំងការផ្សព្វផ្សាយច្បាប់ការងារដល់ថៅកែជាជនបរទេស និងមានវិធានការលើបុគ្គលណា ដែលមិនគោរពច្បាប់ការងារ រំលោភសិទ្ធិការងារលើបុគ្គលិក និងកម្មករ។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រសួងបានចុះត្រួតពិនិត្យជាច្រើនដង រួមមានទាំងអធិការកិច្ចទូទៅ និងអធិការកិច្ចពិសេស សរុបជាង ១ម៉ឺនលើក។
លោក មេសា មានប្រសាសន៍ថា តាមលទ្ធផល នៃការចុះត្រួតពិនិត្យទាំងនេះ បានបង្ហាញថា ប្រមាណ ៩៩,២៥ ភាគរយ នៃកន្លែងធ្វើការអនុលោមតាមច្បាប់ការងារ។ តែយ៉ាងណា អ្នកនាំពាក្យក្រសួងការងាររូបនេះ ផ្ដល់យោបល់ថា ក្នុងករណីដែលកម្មករណាដឹង ឬប្រឈមមុខនឹងបញ្ហានៅកន្លែងធ្វើការដូចជា ខ្វះលក្ខខណ្ឌការងារសមរម្យជាដើម គួរតែទាក់ទងទៅកាន់ក្រសួងការងារ និងរាយការណ៍ពីបញ្ហាទាំងនោះ ដើម្បីឱ្យក្រសួងអាចជួយដោះស្រាយ។
លោកមានប្រសាសន៍ថា៖ «ទុក្ខកង្វល់របស់បងប្អូនទាំងអស់គ្នា វាជាកង្វល់របស់ក្រសួង។ អ៊ីចឹងសូមបងប្អូនទាំងអស់គ្នា ដែលមានបញ្ហាទាក់ទងមកក្រសួងទៅកាន់លេខ១២៨៦។ ប្រសិនបើមានបញ្ហាអាចទាក់ទងមកក្រសួង ដើម្បីឱ្យក្រសួងដឹងអំពីបញ្ហាទាំងអស់ហ្នឹង។ លើសម៉ោងក្តី លក្ខខណ្ឌការងារក្តី សូមទាក់ទងមកយើង ដើម្បីឱ្យយើងបានដឹង ហើយយើងជួយបងប្អូនទាំងអស់គ្នា» ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៤ មានក្រុមហ៊ុន និងសហគ្រាសចិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មចំនួន ២ ៩២១។ ចំនួននេះ បានកើនឡើង ២០,៦៥ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានេះ ត្រឹមដំណាច់ឆ្នាំ២០២៤ មានហាងលក់ភេសជ្ជៈ និងអាហារដ្ឋានចិនចំនួនជាង ១ពាន់កន្លែង បានដំណើរការអាជីវកម្ម ក្នុងនោះមាន ៤៤៦ទីតាំងស្ថិតនៅរាជធានីភ្នំពេញ និង ៦៩១ទីតាំងទៀតនៅខេត្តព្រះសីហនុ។ នេះបើតាមក្រសួងពាណិជ្ជកម្មដែលដកស្រង់ផ្សាយដោយសារព័ត៌មានក្នុងស្រុក៕

