ក្រុមអាជីវករនៅខេត្តសៀមរាបត្អូញត្អែរពីផលលំបាក នៃការរកចំណូលដែលជំរុញឱ្យសេដ្ឋកិច្ចគ្រួសារត្រូវប្រឈមមុខនឹងការខ្ស័យធន ខណៈអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានព្រមានពីឱនភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រសិនបើកម្ពុជាមិនធ្វើកំណែទម្រង់គោលនយោបាយ ដែលជាការឆ្លើយតបដ៏ចាំបាច់ និងស៊ីជម្រៅសម្រាប់ក្រុមដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ។
កម្ពុជា ទើបបានឆ្លងកាត់ការងើបឡើងវិញយឺតៗផ្នែកសេដ្ឋកិច្ច ក្រោយមានវិបត្តិជំងឺកូវីដ-១៩ មិនបានប៉ុន្មានឆ្នាំស្រួលបួលនៅឡើយផង តែជាអកុសលមកដល់ពេលនេះ កម្ពុជាត្រូវជួបឧបសគ្គមួយតង់ទៀត នោះគឺជាជម្លោះដោយសព្វាវុធយោធារវាងកម្ពុជាថៃ។វិបត្តិមួយនេះ ត្រូវពលរដ្ឋចាត់ទុកថាវាក៏រួមចំណែកមួយដ៏ធំដែរ ដែលនាំទៅដល់ផលជះមិនល្អដល់សេដ្ឋកិច្ចជាលក្ខខណៈគ្រួសារ។
អ្នកស្រី ស្ងួន គន្ធា អាយុ ៣៩ឆ្នាំ មានមុខរបរជាអ្នកលក់ចាប់ហួយនៅផ្ទះ ហើយប្ដីជាអ្នករត់កង់បី និងរត់ទូកដឹកភ្ញៀវទេសចរនៅក្នុងសហគមន៍កំពង់ភ្លុក បានរៀបរាប់ប្រាប់ថា គ្រួសារអ្នកស្រីតែងតែជួបប្រទះបញ្ហាជីវភាពខ្វះខាត និងបាត់បង់ចំណូលជាច្រើននៅរដូវប្រាំង។ បើទោះបីគ្រួសារអ្នកស្រីខំស្វែងរកមុខរបរផ្សេងៗគ្នាដើម្បីរកចំណូលក្នុងការផ្គត់ផ្គង់គ្រួសារក៏ដោយ នេះក៏ព្រោះតែរដូវប្រាំងជារដូវទឹកស្រក មិនសូវមានភ្ញៀវទេសចរមកកម្សាន្តនោះទេ ហើយការនេសាទក៏មានការធ្លាក់ចុះដូចគ្នាដែរអំឡុងពេលនេះ។
អ្នកស្រីបន្តថា៖ «ខ្ញុំពិបាក ពិបាកខែប្រាំង ខែប្រាំងខ្ញុំអត់សូវមានភ្ញៀវហើយការដែលលក់ដូរហ្នឹងក៏វារាងខ្សោយដែរ លក់ដូរហើយនឹងអឺរម៉កអីក៏ខ្សោយដែរព្រោះ យើងនៅរត់តំបន់នេះ យើងរត់សម្រាប់អ្នកភូមិយើងទៅមកៗទេណា ដល់ពេលណាខែប្រាំងគ្នាអ្នកភូមិរកអត់បាន ចំណូលរបស់យើងក៏អត់បានដែរ ទាំងការលក់ ការរត់អាធុកៗ ហើយនិងការភ្ញៀវទេសសចរក៏អត់បានដែរ»។
អ្នកស្រី គន្ធា ឱ្យដឹងទៀតថាដោយសារតែកត្តាសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះដែលពុំធ្លាប់មាន ចំណូលដែលរកបានមួយថ្ងៃចន្លោះពី២០ ០០០.០០ ទៅ ៤០ ០០០.០០រៀល។អ្នកស្រីបន្តថាក្នុងរយៈពេលប្រាំទៅប្រាំមួយខែក្នុងមួយឆ្នាំ គ្រួសារអ្នកស្រីត្រូវរស់នៅក្នុងស្ថានភាពលំបាក មានភាពខ្វះខាត ហូបចុកមិនគ្រប់គ្រាន់ និងត្បិតត្បៀតមានកំរិតដែរ។ក្រៅពីចំណូលដែលរកបានមកដោយលំបាកហើយ បន្ទុកដ៏ធ្ងន់ជាងនេះ គឺបំណុលដែលគ្រួសារអ្នកស្រី ត្រូវដោះស្រាយប្រចាំថ្ងៃ ជាមួយនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន និងធនាគារ ដែលមានការប្រាក់ខ្ពស់ថែមទៀត។
អ្នកស្រីបន្តថា៖ «ចំណូលចូលតិចតូចមែនទែន។ អាចរកបានតែម៉ាគ្រប់ ពីរបីម៉ឺន បីបួនម៉ឺនអញ្ចឹងហា៎។ រកបានតែម៉ាគ្រប់ហូប ម៉ាគ្រប់កូនរៀនកូនអីអញ្ចឹង »។
ងាកមកតំបន់ទេសចរណ៍នៅក្នុងក្រុងសៀមរាបឯណេះវិញម្ដង ដែលជាតំបន់ប្រជុំជនមានអាជីវករជាច្រើនបន្តបើកអាជីវកម្មជាហូរហែ រំពឹងថានឹងអាចរកប្រាក់ចំណូលបាន និងស្ដារសេដ្ចកិច្ចគ្រួសារឡើងវិញបន្ទាប់ពីមានការរាតត្បាតពីជំងឺកូវីដ-១៩ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា។
កញ្ញា ណាង រ៉ានី ជាបុគ្គលិកផ្នែកត្រីម៉ាស្សាជើង ប្រចាំហាងនៅលើផ្លូវផាប់ស្ទ្រីទ (Pubstreet) នៅក្រុងសៀមរាបបានរៀបរាប់ប្រាប់ពីក្ដីបារម្ភចំពោះជោគវាសនារបស់ខ្លួនថាអាចបាត់បង់ការងារធ្វើនៅថ្ងៃណាមួយ បើសិនហាងម៉ាស្សាដែលខ្លួនកំពុងបម្រើការងារនេះ មិនអាចរកប្រាក់ចំណេញបានជារៀងរាល់ខែបែបនេះទៀត។ហើយកញ្ញាក៏មិនដឹងថាទៅមុខទៀតតើអាចនឹងប្រឈមការបញ្ឈប់ពីការងារឬយ៉ាងណានោះទេ ព្រោះហាងម៉ាស្សានេះមិនអាចឈរជើងបានយូឡើយ ដោយសារត្រូវការចំណាយច្រើនលើថ្ងៃឈ្នួលហាង និងថ្លៃឈ្នួលបុគ្គលិកទៀតនោះ ក្រុមហ៊ុនអាចប្រឈមនឹងការបិទទ្វារនៅពេលណាមួយ។
រ៉ានី បន្ថែមទៀតថាហាងដែលខ្លូនបម្រើការងារបច្ចុប្បន្នមិនសូវរកភ្ញៀវបានច្រើនដូចមុននោះទេ ចំណូលមានការធ្លាក់ចុះកាន់តែតិចជាងឆ្នាំមុនទៅទៀត បើធៀបទៅនឹងឆ្នាំមុនៗ នៅក្នុងរដូវកាលដែលជារដូវមិនសូវមានភ្ញៀវទេសចរដូចគ្នាយ៉ាងណាក៏ដោយក៏អាចរកចំណូលបានខ្លះដែរចន្លោះពី៤០ទៅ ៥០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ តែបច្ចុប្បន្នស្ទើរតែមិនអាចរកចំណូលបានដល់ ១៥ដុល្លារផងក្នុងមួយថ្ងៃ។
កញ្ញាបន្តថា៖ «សម្រាប់ខែអីឡូវគឺអត់សូវមានទេ វារាងស្ងាត់ ហើយចំណូលក៏វាតិចតាមនឹងដែរ។ ចាញ់ឆ្នាំមុនឆ្ងាយ ឆ្នាំមុនទោះតិចមែនក៏ប៉ុន្តែអាចរកចំណូលបានខ្លះ តែឆ្នាំនេះអត់។ បើគិតជាលុយកាលមុនយ៉ាងតិចបំផុតមួយថ្ងៃអាចរកបាន ពី៤០ ទៅ ៥០រៀល (ដុល្លា) តែឡូវរកតែ ១៥រៀល (ដុល្លា) គឺសឹងតែអត់មាន»។
ស្រដៀងគ្នានេះដែរអ្នកលក់ភេសជ្ជៈ និងទឹកក្រឡុកនៅជិតផ្សាររាត្រីជាប់មាត់ស្ទឹងសៀមរាប ក្រុងសៀមរាប អ្នកស្រី ត្រាំ វៀង វ័យ ៣៧ឆ្នាំ បានបង្ហាញក្ដីកង្វល់ចំពោះការប្រកបមុខរបររកស៊ីរបស់អ្នកស្រី បើសិនជាការលក់ដូរនៅតែមានការធ្លាក់ចុះបែបនេះ អ្នកស្រីមិនដឹងថា គ្រួសាររបស់អ្នកស្រីអាចទ្រាំទ្របញ្ហាគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារនេះបានយូរកម្រិតណា ព្រោះត្រូវចិញ្ចឹមបីបាច់កូន និងផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗទៀត។

កំពុងរៀបចំសម្ភារៈត្រៀមសម្រាប់លក់នៅពេលល្ងាចតាមបណ្ដោយផ្លូវស្ទឹងសៀមរាប អ្នកស្រី វៀង បានប្រាប់ថា អ្នកស្រីលក់នៅតំបន់នេះអស់រយះពេលជាង២ឆ្នាំមកហើយ ចាប់តាំងពីពេលអ្នកស្រីចាប់ផ្ដើមលក់រហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកស្រីសង្កេតឃើញថាការលក់ដូររបស់អ្នកស្រីមានការថយចុះទៅៗ ព្រោះមិនសូវមានភ្ញៀវទេសចរច្រើនដូចឆ្នាំមុនៗនោះទេ។ នៅពេលបច្ចុប្បន្ននេះអ្នកស្រីមិនអាចរកចំណូលបានច្រើន ហើយលក់ដូរមិនសូវដាច់ច្រើនដូចពេលមុនៗនោះទេ កាលពីឆ្នាំមុនអ្នកស្រីអាចរកចំណូលបានយ៉ាងហោចណាស់ ២០០ ០០០.០០ រៀលក្នុងមួយថ្ងៃ តែឆ្នាំនេះមិនអាចរកចំណូលបានដល់ ១០០ ០០០.០០រៀលផង ពេលខ្លះបាន ៥០ ០០០.០០រៀលក្នុងមួយថ្ងៃ។
អ្នកស្រីបន្តថា៖ «វាអត់ទៀត។ ថ្ងៃខ្លះក៏បាន១០ម៉ឺន។ថ្ងៃខ្លះរកបាន១៥ម៉ឺន ២០ម៉ឺន។ ឥឡូវនឹងកាន់តែខើចហើយ ខ្លះក៏បាន៥ម៉ឺន អត់ដល់១០ម៉ឺនផង ចុះច្រើន។ ឥឡូវវាតិច វាអត់ដូចមុន បើមុនបានក្រែលៗដែរ »។
ស្រដៀងគ្នានេះដែរ អ្នករត់ម៉ូតូកង់បីប្រចាំនៅខេត្តសៀមរាប លោក អ៊ុត សុភាព អាយុ ៥៣ឆ្នាំ នៅភូមិធ្លុកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់ថា លោកប្រកបមុខរបរជាអ្នករត់ម៉ូតូកង់បីនេះតាំងពីឆ្នាំ ២០១៩ មកម្លេះ គ្រួសាររបស់លោកជួបផលលំបាក មិនខុសគ្នានិងអ្នកផ្សេងទៀតប៉ុន្មាននោះឡើយ។ម្យ៉ាងវិញទៀត ចំណូលរកក៏មិនសូវបានដូចមុននោះទេនៅក្នុងកំឡុងពេលរដូវកាលមិនសូវមានភ្ញៀវទេសចរនេះ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាងកន្លះឆ្នាំ គ្រួសារលោកត្រូវប្រឈមមុខនឹងជីវភាពខ្វះខាតមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយហូបចុកប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់កូន២នាក់ដែលសិក្សារៀនសូត្របានគ្រន់គ្រាន់នោះទេ។
លោកបន្តថា៖ «ដល់យើងអត់អញ្ចឹង យើងក៏កាត់បន្ថយការកូនរៀន ចាយវាយ តែកូនរៀននៅតែរៀនអញ្ចឹង បង់គួរគ្រូ បង់អី យើងនៅតែបង់អញ្ចឹង តែគ្រាន់តែកាត់បន្ថយ នៃការដែលយើងញ៉ាំអីៗលុយចាយ។ និយាយរួមបានតែមួយម៉ឺនក៏វាត្រូវតែគ្រប់ដែរ តែគ្រាន់តែវាលំបាក កូនចៅយើងមិនសូវជាសម្បូរសប្បាយហូបចុកដូចគេអញ្ចឹងហា »។
បើតាមលោក អ៊ុត សុភាព សម្រាប់រដូវកាលដែលមិនសូវមានភ្ញៀវទេសចរ ចាប់ពីខែ ឧសភា ដល់ខែកញ្ញា លោកអាចរកចំណូលបានចន្លោះពី ៣០ ០០០.00រៀល ទៅ៤០ ០០០.០០រៀលតែក្នុងមួយថ្ងៃ បើប្រៀបធៀបទៅរដូវកាលដែលសម្បូរភ្ញៀវ អំឡុងខែ តុលា រហូតដល់ ខែមេសា លោកអាចរកចំណូលបានមិនតិចជាង ៨០ ០០០.០០រៀលក្នុងមួយថ្ងៃ។
លោកបន្តថា៖ «រកមិនបានទេបងអើយ វានិយាយរួមជាទូទៅ វាដោយថ្ងៃ អានឹង ថ្ងៃណាក៏បាន ថ្ងៃណាក៏អត់ ប៉ុន្តែជាមធ្យមយើងរកបាន បី បួនម៉ឺន។ បើខែភ្ញៀវច្រើនវាអាចបានទៅ ២០រៀល (ដុល្លា) ទៅ១០ម៉ឺនអញ្ចឹងដែរ »។
ចំណែកឯវិស័យម្ហូបអាហារក៏ប្រឈមមុខ មិនខុសគ្នាពីវិស័យផ្សេងទៀតដែរ។អ្នកស្រី ភាព សម្ភស្ស ជាម្ចាស់អាហារដ្ឋានមួយកន្លែងនៅលើផ្លូវវត្តរាជបូណ៌ សង្កាត់សាលាកំរើកក្រុងសៀមរាបបានរៀបរាប់ថា អ្នកស្រីមានការបារម្ភចំពោះអាជីវកម្មរបស់អ្នកស្រីបើសិនជានូវនៅតែបន្តមិនសូវមានភ្ញៀវបែបនេះទៀត ហាងអ្នកស្រីអាចប្រឈមមុខនឹងបិទទ្វារនៅថ្ងៃណាមួយ ព្រោះត្រូវចំណាយច្រើន លើថ្លៃឈ្នួលបុគ្គលិក និងឈ្នួលហាងជារៀងរាល់ខែ។
អ្នកស្រីបន្តថា៖ «បារម្ភនឹងឯងអូនអើយ ដោយសារពេលខ្លះ។ មានអារម្មណ៍ថាទេ រកទៅបើកប្រាក់ខែបុគ្គលិក បង់ថ្លៃដីអី ថ្លៃភ្លើងហើយ អត់មានសល់អីខ្លួនឯង។ បើយើងធ្វើការយ៉ាងណាក៏បានសល់ ដាច់ខែសល់ប្រាក់ខែ។ ចាំមើលខែនេះប្រហែលអាចចូលដើម អត់ទាន់ដឹងទេ។ ខែមុនៗរួចខ្លួន »។
អ្នកស្រី ភាព សម្ភស្ស លើកឡើងបន្ថែមថា នៅរដូវកាលមិនសូវមានភ្ញៀវទេសចរអន្តរជាតិ និងកំឡុងពេលមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃទៀតនោះ ហាងអ្នកស្រីហាងមិនសូវរកចំណូលបានច្រើននោះទេ អ្នកស្រីអាចរកចំណូលបានជាមធ្យមចន្លោះពី៥០ទៅ៦០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយសារតែហាងអ្នកស្រីភាគច្រើនគឺផ្ដោតទៅលើអាហារបរទេស ហើយភ្ញៀវ៩៩ភាគរយ គឺជាភ្ញៀវបរទេស ដូចនេះចំណូលភាគច្រើនគឺពឹងផ្អែកទៅលើវិស័យទេសចរណ៍ទាំងស្រុងតែម្ដង។
អ្នកស្រីបនថា៖ «តែសម្រាប់បងភាគច្រើនគឺភ្ញៀវបរទេសអញ្ចឹងហើយវាអត់ទៀង។ ដូច ៥០, ៦០ (ដុល្លារ) នឹងហើយអូន។ អត់សូវមានភ្ញៀវទេ។តែឥឡូវដោយសារតែខែឡូ ហើយគេបិទព្រំដែនអញ្ចឹងទៀត ក៏អត់សូវមានភ្ញៀវដែរ »។
បើតាមអ្នកស្រី ភាព សម្ភស្ស ការប្រឈមមុខដោយគ្មានចំណូលនេះ មិនមែនមានតែអ្នកស្រីទេ ពោលអ្នកដែលមានអាជីវកម្ម ដែលពឹងផ្អែកលើវិស័យទេសចរណ៍ ក៏ត្រូវជួបវិបត្តិនេះដូចគ្នាដែរ។បើទោះជាក្រសួងទេសចរណ៍ ធ្លាប់បានអះអាងពីកំណើនភ្ញៀវទេសចរកើនឡើង រាល់ឆ្នាំទាំងក្នុងស្រុក និងអន្តរជាតិក្តី សម្រាប់អាជីវកម្មដែលរកចំណូលបានពីវិស័យមួយនេះ នៅក្នុងក្រុងសៀមរាប ដូចជាផ្ទះសំណាក់ និងសណ្ឋាគារជាដើម ម្ចាស់អាជីវកម្មទាំងនោះបែរជាត្អូញត្អែរថា ពួកគេរកចំណូលលែងបានដូចមុនទៀតហើយ។

នៅអមសង្ខាងផ្លូវ ពេលណាគេធ្វើដំណើរចូលដល់ក្រុងសៀមរាបភ្លាម អាគារតូចធំ ដែលធ្លាប់តែបម្រើសេវាវិស័យទេសចរណ៍មិនដាច់ និងមានភ្ញៀវទេសចរពេញៗ បានប្រែជាស្ងាត់ជ្រងំ។អគារខ្លះ មានដាក់ស្លាកថាជួល ឬដាក់លក់ជាដើម។ដោយឡែកកន្លែងខ្លះទៀត ត្រូវបង្ខំចិត្តបិទទ្វារទុកចោលតែម្តងក៏មានដែរ។
ហាក់មិនខុសគ្នាពីស្ថានភាពនេះប៉ុន្មានទេ អ្នកស្រី ខែវ សុខុម អាយុ ៤៥ឆ្នាំ ជាអ្នកគ្រប់គ្រងប្រចាំនៅសណ្ឋាគារមួយកន្លែង នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប បានរៀបរាប់ថា សណ្ឋាគារអ្នកស្រីបច្ចុប្បន្នមានការប្រឈមជាខ្លាំងហើយបានបង្ខំចិត្តកាត់បន្ថយបុគ្គលិកជាច្រើន ដោយសារតែអាជីវកម្មមួយនេះមិនអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គត់សម្រាប់ថ្លៃឈ្នួលបុគ្គលិក និងថ្លៃចំណាយផ្សេងៗគ្រប់គ្រាន់បាន ហើយអាចនឹងបិទទ្វារនៅពេលខាងមុខបើសិនជាបញ្ហានេះនៅតែបន្តបែបនេះ។
អ្នកស្រីបន្តថា៖ «ប៉ះពាល់ដូចជាបុគ្គលិកអីយើងកាត់បន្ថយ។ កាត់បន្ថយរហូត។ បើសិនជាយើងខាតរហូត ប្រហែលជាអាច [បិទទ្វារ]។ សម្រាប់ខែឡូ ឆ្នាំមុនរាងគ្រាន់បើជាងឆ្នាំនេះ ខែឡូ ឆ្នាំនេះបងដូចចង់ដាច់ដង្ហើម »។
ស្រដៀងគ្នានេះដែរ សមាជិកបណ្តាញសហគមន៍កំពង់ភ្លុក អ្នកស្រី ស្ងួន គន្ធា លើកឡើងថាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ប្រមាណ១.០០០គ្រួសារក្នុងនោះមាន៨០ភាគរយហើយដែលរស់ដោយពឹងផ្អែកទៅលើចំណូលដែលបានមកពីវិស័យទេសចរណ៍នេះ។ក្រៅពីនេះមានតែ២០ភាគទេ ដែលពួកគេមានរបរផ្សេង ដោយការនេសាទ។ប្រភពលើកឡើងថាបើសិនបើទៅថ្ងៃមុខទៀត វិស័យទេសចរណ៍ នៅតែមិនដើរដូចនៅពេលនេះ ប្រាកដណាស់សេដ្ឋកិច្ចគ្រួសាររបស់សហគមន៍កំពង់ភ្លុក នឹងត្រូវរងផលប៉ះពាល់ទាំងការរស់នៅប្រចាំថ្ងៃ និងការសិក្សារបស់កូនៗពួកគេថែមទៀតផង។
អ្នកស្រីបន្តថា៖ «សព្វថ្ងៃពិបាកដែរ បើសិនតែម៉េចម៉ាអីយើងពិបាកណាស់។ ចង់និយាយថាពិបាក កាលកូវីដម៉ានឆ្នាំនោះគឺពិបាកមែនទែន »។
គេហទំព័រ Press Start Cambodia បានព្យាយាមទាក់ទងស្នើសុំការបំភ្លឺជាច្រើនដងតាមទូរស័ព្ទ និងបណ្តាញសង្គមតេឡេក្រាម ប៉ុន្តែមិនមានការឆ្លើយតប ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ហួត ហាក់ និងលោក ធិម សេរីវុឌ្ឍ ប្រធានស្តីទី នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ខណៈលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងនៅក្នុងទិវាទេសចរណ៍ពិភពលោក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយចាត់ទុកថារដ្ឋាភិបាលនៅតែបន្តគាំទ្រ និងចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងសំខាន់ ដែលជួយដល់សេដ្ឋកិច្ចជាតិ។បន្ថែមពីលើនេះ លោក ហ៊ុន ម៉ាណែត ថែមទាំងបានជំរុញការវិនិយោគខ្នាតតូច មធ្យម និងធំត្រូវផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍ និងផ្តល់ប្រយោជន៍ដល់មូលដ្ឋាន ជាពិសេសសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។
យ៉ាងនេះក្តី ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ថ្លែងថា អាជីវកម្មជាច្រើនប្រភេទ នៅក្នុងប្រទេសកម្ពុជា ត្រូវទទួលរងនូវផលប៉ះពាល់អំឡុងពេលវិបត្តិជំងឺកូវីដ១៩។ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ការងើបឡើងវិញ នៃសេដ្ឋកិច្ចគ្រួសារក៏នៅតែយឺត មិនខុសគ្នាពីវិបត្តិនៃជំងឺកូវីដ១៩ប៉ុន្មាននោះឡើយ នៅអំឡុងពេលកម្ពុជា និងថៃត្រូវប្រឈមមុខដាក់គ្នាដោយសព្វាវុធនៅតាមព្រំដែន។ការកើតឡើងនៅបញ្ហានេះនាំឱ្យបាត់បង់ភ្ញៀវទេសចរអន្តរជាតិជាច្រើនដែលចេញចូលតាមប្រទេសថៃ។ជាងនេះទៀតអាជីវកម្មជាច្រើនត្រូវផ្អាកដំណើរការ ហើយជំរុញធ្លាក់ចុះប្រាក់ចំណូល ជាពិសេសវិស័យមួយចំនួន ដែលពឹងផ្អែកលើវិស័យទេសចរណ៍នេះ។
លោក វន់ ពៅ បន្តថាអ្វីដែលកាន់តែលំបាកជាងនេះទៀត នោះគឺក្រុមអាជីវករលើសលប់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅខេត្តផ្សេងៗដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបន្ថែមទៀត។
លោកបន្តថា៖ «ជីវភាពហ្នឹងឥឡូវវាធ្ងន់ធ្ងរខ្លាំងហ្មង ព្រោះក្រោយពេលវិបត្តិកូវីដមកហើយឥឡូវវាមានបញ្ហារឿងជម្លោះព្រំដែនទៀតវារិតតែធ្ងន់ធ្ងរ ប្រាក់ចំណូលធ្លាក់ចុះស្ទើរតែកំរិតសូន្យ អ្នកខ្លះធ្លាក់ដល់កំរិតសូន្យហើយឥឡូវនេះ។ វាបាត់បង់អតិថិជន បាត់បង់ប្រាក់ចំណូល បាត់បង់មុខរបរ បាត់បង់អាជីវកម្ម ចំណាក់ស្រុកក្នុងប្រទេស។ មួយចំនួនទៀតតូបគាត់ត្រូវបិទទ្វារ តូបគាត់ត្រូវបិទទ្វារអត់អាចប្រកបមុខរបរបាន ដោយសារតែបាត់បង់អតិថិជន ដួលរលំមុខរបរតែម្ដង។ មួយចំនួនគាត់ទៅធ្វើសំណង់ធ្វើអីអញ្ចឹងទៅណា »។
ចំណែក អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោក ជ័យ តិច កត់សម្គាល់ឃើញថាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកតាមរយៈភូមិសាស្ត្រនយោបាយ តាមរយៈសង្គ្រាម និងកំណើនអត្រាពន្ធធ្វើឱ្យមានវិបត្តិអស្ថិរភាពសេដ្ឋកិច្ចនៅបណ្ដាប្រទេសដទៃទៀត និងគួបផ្សំជាមួយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃបណ្តាលឱ្យធ្លាក់ចុះចំនួនភ្ញៀវទេសចរមកទស្សនាក្នុងប្រទេសកម្ពុជាដោយសារតែភ្ញៀវទេសចរដែលមកធ្វើដំណើរកម្សាន្តភាគច្រើនធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស ឆ្លងកាត់តាមប្រទេសថៃជាមុនសិន ដែលនេះជាហេតុធ្វើឱ្យវិស័យទេសចណ៍ និងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ហាក់មិនសូវរីកលូតលាស់ខ្លាំង ឬមានការធ្លាក់ចុះ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បើទោះបីប្រទេសមានការអភិវឌ្ឍហើយអាជីវកម្មខ្នាតធំមានការរីកលូតលាស់ច្រើនយ៉ាងណាក៏ដោយ ចំពោះអាជីវកម្មខ្នាតតូច និងមធ្យមនៅតែមានការប៉ះពាល់ដែរ ជាពិសេសអាជីវកម្មដែលមានកម្ចីឥណទាន និងមានដើមទុនតិចតួចមិនសូវរឹងម៉ាំ អាចប្រឈមនឹងការបិទទ្វារ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។
លោកបន្តថា៖ «តាមរយៈជម្លោះរវាងកម្ពុជានិងថៃនេះ ក៏អាចធ្វើឱ្យមានការបង្អាក់នូវការលូតលាស់ទៅលើវិស័យពាណិជ្ជកម្មក៏ដូចជាទេសចរណ៍នេះដែរ ព្រោះយើងដឹងហើយកំណើនភ្ញៀវទេសចរមួយចំនួនធំគឺធ្វើដំណើរតំបន់ប៉ោយប៉ែតឆ្លងពីថៃមកកម្ពុជាហើយក៏ដូចជាហោះហើរពីខាងប្រទេសថៃ។ ដូច្នេះទេកំណើនក៏មានការអឺទ្រឹងបា ឬក៏មានធ្លាក់ចុះខ្លះ ។សម្រាប់អ្នកលក់រាយ សម្រាប់អ្នកប្រតិបត្តិករ សម្រាប់អ្នកធ្វើអាជីវកម្មតូចតាច រហូតដល់អាជីវកម្មមធ្យមវានៅតែមានភាពត្រដាប់ត្រដួសបា »។
សារនយោបាយរបស់លោក ហ៊ុន ម៉ាណែត នៅចំទិវាទេសចរណ៍ពិភពលោក កាលពីចុងខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថាក្នុងឆ្នាំ២០២៤ មានទេសចរណ៍អន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២២,៩ភាគរយ ខណៈទេសចរណ៍ក្នុងស្រុកមានចំនួន ២២,៥២លាននាក់ កើនឡើង ២០,១ភាគរយ ធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។បើគិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ ទេសចរណ៍អន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរណ៍ក្នុងស្រុក មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣ភាគរយ ធៀបក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕

