អនុក្រឹត្យ៖ ពលរដ្ឋ​​​​អាច​​ទាម​ទារ​​ប្រាក់​បំណាច់​​និង​សោហ៊ុយជំងឺចិត្ត បើ​កន្លែង​ការ​ងារ​​​មិន​​​​​​​​យក​​ចូល​ធ្វើការ​វិញ​​ក្រោយ​បញ្ចប់​​​​កាតព្វ​​កិច្ច​​​​យោធា

ដោយៈ

Press Start Cambodia Avatar

រាជរដ្ឋាភិបាល បានកំណត់ឱ្យ​​ប្រជាព​លរដ្ឋ​​ដែ​ល​​បាន​បញ្ចប់​កាតព្វ​កិច្ច​​យោធា អាច​ទៅ​​បម្រើ​ការ​​ងារ​វិញ នៅស្ថាប័ន​​រដ្ឋ សហគ្រាសសាធារណៈ​​ឬឯកជននានា និង​​អង្គការ​សង្គមស៊ីវិល ដោយ​រក្សា​មុខ​តំណែង​ដដែល ហើយ​​ក្នុងករណី​កន្លែងការងារ​ណាមួយ​មិនព្រមទទួលយក​ពួកគាត់​ចូលធ្វើ​ការ​វិញ និង​រក្សា​មុខ​តំណែង​ដដែល​ដូច​​មុនពេល​ទៅ​បំពេញ​​កាតព្វកិច្ច​យោធាទេ នោះ​នឹង​ត្រូវ​ផ្តល់​ប្រាក់បំណាច់​បញ្ចប់កិច្ចសន្យាការ​ងារ និង​សោហ៊ុយ​​ជំងឺ​ចិត្ត​ ស្របតាមច្បាប់ស្តីពីការងារ។

នេះបើ​​អនុក្រឹត្យរបស់រាជរដ្ឋាភិបាល​ ​ស្តីពី «ការ​អនុវត្ត​កាតព្វកិច្ច​យោធា» ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៦។ អនុក្រឹត្យនេះ កំណត់​អំពីលក្ខខណ្ឌ​ និង​បែប​បទ​នៃការ​ធ្វើ​ជំរឿន ការ​ជ្រើស​រើស​ កា​រអញ្ជើញ ការ​ពន្យាពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការ​លើក​ទឹកចិត្ត​ ព្រមទាំង​បែប​បទ​ និង​នីតិវិធី​ក្នុងការ​ទទួលយក​ប្រជាពលរដ្ឋ​​ដែល​​បញ្ចប់កាតព្វកិច្ច​យោធា​​ឱ្យ​ចូល​បម្រើ​ការ​ងារ​ ឬបន្ត​ការ​សិក្សា​វិញ ដើម្បីធានាការ​អនុវត្ត​ច្បាប់​ស្តីពី​កាតព្វ​កិច្ច​​យោ​ធា ប្រកប​ដោយ​តម្លា​ភាព​ គណនេយ្យ​ភាព និង​ប្រសិទ្ធភាព។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី​ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវ​បាន​ជាប់​កាតព្វ​កិច្ចយោធារយៈពេល ២៤ខែ ឬ ២ឆ្នាំ​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ស័្មគ្រ​ចិត្ត និង​តាម​ការ​ចាប់​ឆ្នោត​។ យ៉ាង​ណា​ សម្រាប់​​ប្រជា​ពលរដ្ឋជា​​ស្រ្ដី ការ​អនុវត្ត​កាតព្វកិច្ច​យោធា ធ្វើឡើង​​តាមគោលការណ៍ស្ម័គ្រចិត្ត។

ក្នុ​ងមាត្រា​១៤ នៃអនុក្រឹត្យរបស់រដ្ឋាភិបាល​​ ចែង​ថា ​ប្រជាពលរដ្ឋ​ដែល​បានបញ្ចប់​ការពត្វកិច្ច​យោធា ត្រូវ​បញ្ចូល​​ទៅ​បម្រើការ​ងារ​វិញ​ក្នុងក្រប​ខ័ណ្ឌ​ដើមរបស់​ស្ថាប័ន​រដ្ឋ សហគ្រាស​សាធារណៈឬឯកជននានា និង​អង្គការ​​សង្គម​ស៊ីវិល ដោយ​រក្សា​មុខ​តំណែង​ដូច​មុន​ពេល​ទៅបំពេញ​កាតព្វកិច្ច​យោធា។

មាត្រា​ដដែល​ បានគូសបញ្ជាក់ថា៖ «សហគ្រាសសាធារណៈ​ឬឯកជនានា និង​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​ព្រម​ទទួល​យក​ប្រជាពលរដ្ឋ​ដែល​បានបញ្ចប់​កាតព្វកិច្ច​យោធា​ឱ្យ​ចូល​បម្រើការងារ​វិញ និង​រក្សា​មុខ​តំណែង​ដូច​មុន​ពេល​ទៅ​បំពេញ​កាពត្វ​កិច្ច​យោធា ត្រូវ​ផ្តល់ប្រាក់​បំណាច់​​បញ្ចប់កិច្ច​សន្យា​ការ​ងារ និង​សោហ៊ុយ​ជំងឺ​ចិត្ត​ស្រប​តាម​ច្បាប់​ស្តីពី​ការ​ងារ»។

ក្នុងអនុក្រឹត្យរដ្ឋាភិបាល ​ក៏បានចែងអំពីកា​រផ្តល់ប្រាក់ឧបត្ថម្ភ​ គោលរបប​ផ្សេង​ៗ និង​ការ​លើក​ទឹកចិត្ត​ផងដែរ ដោយ​យោធិន​កំពុង​បំពេញ​កាតព្វ​កិច្ចយោធា នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែចំនួន​ ៤០០ ០០០ រៀល (៤០ម៉ឺន​រៀល) និង​មាន​​គោល​របប​ផ្សេងៗ​​ដូច​យោធិន​អាជីពដែរ ដូចជា​ ប្រាក់​ម្ហូប​ប្រចាំ​ថ្ងៃ ប្រាក់​អាហារ​បំប៉ន​បន្ថែម​ពេល​ហ្វឹក​ហាត់​ ប្រាក់​បំណាច់​ឧបត្ថម្ភ​គ្រួសារ​និង​កូន របប​អង្ករ​ប្រចាំ​ថ្ងៃ និ​ងរបប​ឯកសណ្ឋាន​ប្រយុទ្ធ និង​បរិក្ខារ​ចាំបាច់​មួយចំនួន​ទៀត។ ហើយ​នៅពេល​យោធិនមានជំងឺ ឬរង​របួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវ​ទទួលបាន​ការ​សង្គ្រោះ កា​រព្យាបាល ​និង​ការ​ថែ​ទាំ​ពីក្រសួងការ​ពារជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូស​បញ្ជាក់នៅក្នុង​សន្នីសារព័ត៌មាន នៅ​ថ្ងៃទី១៣ ខែសីហា​ម្សិល​មិញ​ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវ​បានលោកនាយករដ្ឋមន្ត្រី​​ ហ៊ុន ម៉ាណែត ចាត់ទុកជាការបណ្តុះ​ស្មារតី​ និង​មនសិការស្នេហា​ជាតិ ដើម្បីត្រៀមខ្លួនលះបង់​បម្រើជាតិមាតុភូមិ។

លោក​បន្តថា៖ «យោងតាមសម្តេច​ធិបតី[ហ៊ុន ម៉ាណែត] គោល​​ដៅ​ចម្បង​​នៃការអនុវត្តកាតព្វ​កិច្ចយោធា គឺ​ការ​កសាងនូវសង្គម​មួយ​ប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហា​ជាតិខ្ពស់ មានភាព​អង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយ​ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ»។

សូមបញ្ជាក់ថា ច្បាប់ស្តីពី​កាតព្វកិច្ចយោធា ត្រូវបាន​ប្រធានព្រឹទ្ធសភា ​លោក ហ៊ុន សែន ដែល​​កា​ល​នោះ​ជាប្រមុខ​​រដ្ឋ​ស្តីទី បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រម​ដាក់​ឱ្យ​ប្រើ​ប្រាស់​ នៅ​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០២៦៕

អត្ថបទដោយ៖ ដោក សុវណ្ណវឌ្ឍនា

អត្ថបទគួរឱ្យចាប់អារម្មណ៍