សង្គមស៊ីវិលចំនួន​៥០ អំពាវនាវ​សុំឱ្យលុប​ទោស​ជាប់​ពន្ធនាគារ​ និងដោះលែង លោក ជា​ វុទ្ធី

ដោយៈ

Press Start Cambodia Avatar

អង្គការ សមាគម​ និងសហគមន៍ចំនួន​ ៥០ អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋពាក់ព័ន្ធ លុប​ចោល​ទោស​ជាប់ពន្ធនាគារ ១៨​ខែ ពីបទ ញុះញង់ និង​​ដោះលែង​អតីត​ព្រះ​សង្ឃ លោក ជា​ វុទ្ធី ដើម្បីឱ្យ​​លោក​អាច​ចូល​រួម​​សកម្ម​ភាព​សង្គ​មឡើ​ង​វិញ។

ការ​អំពាវនាវ​នេះ បានធ្វើ​ឡើង​មួយ​ថ្ងៃបន្ទាប់ពីសាលាដំបូង​រាជធានីភ្នំពេញ បាន​ប្រកាសសាលក្រម​សម្រចផ្តន្ទាទោសអតីត​ព្រះ​សង្ឃ លោក ជា វុទ្ធី ឱ្យជាប់ពន្ធនាគារ ១៨ខែ និងពិន័យទឹកប្រាក់ ២លានរៀល ពីបទ «ញុះ​ញង់​​បង្ក​ឱ្យ​មាន​ភាព​វឹកវ​រធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» កាលពីថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ២០២៦។​​ការសមេ្រចផ្ដន្ទាទោសនេះ ក្រោយ​ពី​លោក ជា វុទ្ធី បាន​បញ្ចេញមតិ​រឿ​ងបញ្ហា​ព្រំដែន​កម្ពុជា-ថៃ ​​នៅ​​ក្នុង​ក្រុម​កម្ម​វិធី​សារ​​ឯកជន (ក្រុម Messenger)។

ក្នុងសេចក្ដី​ថ្លែងការណ៍រួមរបស់​អង្គការ សមាគម និង​សហគមន៍​ទាំង ៥០ ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ការផ្តន្ទាទោសចំពោះ​លោក ជា វុទ្ធី មិន​​បានបំពេញតាមលក្ខខណ្ឌទាំងនេះឡើយ ពោល​​គឺ​មតិ​យោបល់​នោះ ចែក​រំលែក​តែ​នៅ​ក្នុង​ក្រុម Messenger ឯកជន​មួយ ដែល​មាន​សមា​ជិក​ប្រមាណ ២០ នាក់ មិន​មែន​នៅ​ក្នុង​វេទិកា​សាធារណៈ​ឡើយ។ មួយ​វិញទៀត ពួកគេថា ​ទំហំ​ការ​ចែក​ចាយ និង​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​ពី​សារ​ឯកជន​មួយ​នៅ​ក្នុង​ក្រុម​តូច​បែប​នេះ មិន​អាច​ចាត់​ទុក​ដោយ​សម​ហេតុ​ផល​ថា មាន​ភាព​ធ្ងន់​ធ្ងរ​គ្រប់​គ្រាន់​ ដើម្បី​ជាមូ​ល​ដ្ឋាន​សម្រាប់​ការ​វិនិច្ឆ័យ​ឡើយ ជាពិសេស​មិន​គួរ​ឈាន​ដល់​ការ​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​ ១៨ ខែនោះ​ទេ។

សេចក្តីថ្លែងការណ៍រួម បាន​ចាត់ទុកការ​​​ផ្តន្ទា​ទោស និង​ការ​ដាក់​ទោស​ចំពោះ លោក ជា វុទ្ធី បង្ហាញ​អំពី​ការ​រំលោភ​​បំពាន​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​សេរី​ភាព​នៃកា​រ​បញ្ចេញ​មតិ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា មាត្រា​១៩ នៃ​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោ​បាយ និង​​ប៉ះពា​ល់​ដល់​ការ​ប្តេជ្ញា​​ចិត្ត​របស់​កម្ពុជា ក្រោម​អនុ​សាសន៍​នៃ​ការ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (យូភីអ) ជុំទី៤ ស្តីពី​សេរីភាព​​នៃ​​ការ​​បញ្ចេញ​​មតិ និង​សេរីភាព​សារព័ត៌​មាន។

អង្គការ សមាគម និង​សហគមន៍ទាំងនោះ បានអំពាវនាវ​ថា៖ «សូម​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដោះ​លែង​ព្រះ​​សង្ឃ ជា វុទ្ធី ជា​បន្ទាន់ និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​លោក​ពី​បទ ញុះ​ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងស្នើចំពោះ​អាជ្ញាធរធានាថា​ករណីរបស់លោក ជា វុទ្ធី ត្រូវបានត្រួតពិនិត្យដោយអនុលោមទៅតាមកាតព្វ​កិច្ច​សិទិ្ធ​មនុស្សជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា»។

អង្គការ​ សមាគម និងសហគមន៍​ទាំង​៥០ស្ថាប័ន មានដូចជា មជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈ​មណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក អង្គការលីកាដូ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) សហព័ន្ធសហជីពកម្ពុជា និង​សហគមន៍ដីធ្លីជាដើម។

គួរបញ្ជាក់ថា អតីតព្រះ​សង្ឃ​ ជា វុទ្ធី ដែលជា​អ្នកសារព័ត៌មាន​ពលរដ្ឋ​ ត្រូវ​​បាន​សមត្ថកិច្ច​​​ខេត្ត​​បាត់​​ដំបង ​ចាប់​​ខ្លួន​​ចេញ​ពី​វត្ត​​ពោធិ៍​វាល ក្នុង​​ក្រុង​បាត់​ដំបង​ ហើយ​​​​ក្រោយ​​​​មក​​​លោក​ត្រូវ​បាន​ចាប់​ផ្សឹក​ នៅអំឡុង​ពេល​ជួប​ជាមួយ​​នឹង​មន្ទីរ​ធម្ម​ការ និង​សាសនា​ កាល​ពី​​​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ​​២០២៦។ កា​រចាប់ខ្លួន​អតីតព្រះសង្ឃរូបនេះ ធ្វើ​​ឡើង​​បន្ទាប់​​ពី​លោក​ធ្វើ​ការ​រិះ​គន់​ចំពោះ​​​រឿង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ និង​​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ភៀស​សឹក​ ខណៈដែល​លោក​ក៏សកម្ម​​​​ក្នុងការលើកឡើង​ពី​បញ្ហា​សង្គម​​​ជាច្រើន រួមមានបញ្ហា​ព្រៃឈើ បរិស្ថាន សិទ្ធិ​មនុស្ស​ជាដើម នៅលើបណ្តាញ​សង្គម​​ផងដែរ៕

អត្ថបទដោយ៖ ជា ចិន

អត្ថបទគួរឱ្យចាប់អារម្មណ៍