ឈាន លីហ្សា ជានិស្សិតបរិញ្ញាបត្រឆ្នាំទី៤ផ្នែកទំនាក់ទំនងអន្តរជាតិ រស់នៅរាជធានីភ្នំពេញ ប្រើប្រាស់ថ្មពិលជាប្រចាំសម្រាប់ឧបករណ៍អេឡិចត្រូនិកដូចជាតេឡេម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ជាដើម ប៉ុន្តែមិនដឹងថា ត្រូវយកថ្មពិលដែលប្រើរួចទៅបោះចោលនៅទីណា ដែលមានសុវត្ថិភាពនោះទេ។ ដូច្នេះ លីហ្សា និងសមាជិកគ្រួសារតែងតែយកសំណល់ថ្មពិលទៅបោះចោលលាយឡំជាមួយសំរាមទូទៅ។
និស្សិតវ័យ២១ឆ្នាំរូបនេះ និយាយថា៖ “ខ្ញុំក៏អត់សូវដឹងទាក់ទងជាមួយនឹងការទុកដាក់ថ្មពិល ដែលប្រើហើយថា តើទុកឯណា។ ភាគច្រើននៅពេលដែលអ្នកផ្ទះខ្ញុំ ឬមួយក៏ខ្ញុំប្រើប្រាស់ហើយ តែងតែយកថ្មពិលហ្នឹងទៅបោះចោលនៅធុងសំរាម… ហើយពេលខ្លះក៏ទុកវានៅម្ដុំអ៊ីចឹង ទុកហើយក៏អត់ដឹងយកទៅទុកឯណា ក៏ពួកយើងតែងតែយកទៅបោះចោលនៅក្នុងធុងសំរាម ”។
កង្វះនៃការយល់ដឹងអំពីរបៀបទុកដាក់សំណល់ទាំងនេះ មិនមែនជាបញ្ហាដែលកើតឡើងចំពោះតែគ្រួសាររបស់កញ្ញា លីហ្សា នោះទេ។ កម្ពុជាកំពុងប្រឈមនឹងបញ្ហាសំណល់ថ្មពិល និងសំណល់អេឡិចត្រូនិចផ្សេងទៀតកាន់តែច្រើនឡើង ស្របពេលការប្រើប្រាស់ទូរសព្ទ ឧបករណ៍អេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ថាមពលថ្មកើនឡើង។
ក្រសួងបរិស្ថានឱ្យដឹងថា កម្ពុជានាំចូលថ្មពិលប្រភេទដែលប្រើប្រាស់ទូទៅប្រមាណ ៤០០តោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ សំណល់ថ្មពិលមួយចំនួននៅតែត្រូវបានបោះចោលជា មួយសំរាមទូទៅ ដោយសារប្រជាពលរដ្ឋមួយចំនួនមិនដឹងពីវិធីចាត់ចែង ឬទីតាំងដែលអាចយកសំណល់ទាំងនេះទៅទុកបានត្រឹមត្រូវ។
តាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ Chemical Engineering Journal Advances ស្ដីពី ការគ្រប់គ្រងសំណល់ថ្មពិល៖ ការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន សុខភាព និងធនធាន ដែលបណ្តាលមកពីការកើនឡើងនៃសំណល់ ដែលចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការបោះចោលថ្មដែលអាចសាកភ្លើងបានមិនបានត្រឹមត្រូវ ជាពិសេសប្រភេទលីចូម-អ៊ីយ៉ុង (lithium-ion) អាស៊ីត-សំណ (lead-acid) និងនីកែល-កាដមីញ៉ូម (nickel-cadmium) បង្កហានិភ័យធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស ដោយសារតែការបញ្ចេញលោហៈពុល។
បន្ថែមពីនេះ បើតាមគេហទំព័រ Allied បានឱ្យដឹងថា ថ្មដែលត្រូវបានយកទៅចោល ក្នុងធុងសំរាមធម្មតា ហើយត្រូវបានយកទៅទីតាំងកែច្នៃ ឬកម្ទេចកាកសំណល់នោះ វាអាចបង្កហានិភ័យផ្ទុះឆេះ ពោលគឺនៅពេលដែលថ្មពិលរងកម្ដៅ និងសម្ពាធខ្លាំង វាអាចបែក ឬផ្ទុះ ដែលបង្កជាអគ្គិភ័យពិបាកនឹងពន្លត់។ លើសពីនេះ អគ្គិភ័យនេះអាចបញ្ចេញសារធាតុគីមីពុលទៅបរិយាកាស ដែលបង្កជាហានិភ័យសុខភាពធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអាចបណ្តាលឱ្យទីតាំងផ្ទុកសំណល់នោះត្រូវខូចខាតទាំងស្រុង។
ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកបណ្ឌិត អោ ច័ន្ទម៉ូលី មានប្រសាសន៍ថា សំណល់អេឡិចត្រូនិច និងសំណល់ថ្មពិលអាចមានសារធាតុពុល និងលោហៈធ្ងន់ដូចជា សំណ បារ៉ត អាស៊ីត និងនីកែល ដែលត្រូវការការទុកដាក់ដោយប្រុងប្រយ័ត្ន។
លោកថា ការរក្សាទុក ឬបោះចោលសំណល់ទាំងនេះមិនត្រឹមត្រូវ អាចបង្កហានិភ័យនៅពេលសំបកថ្មបែក ឬសារធាតុចេញពីថ្មជ្រាបចូលទៅក្នុងដី និងទឹក។
លោកបណ្ឌិត អោ ច័ន្ទម៉ូលី ក៏សង្កេតឃើញថា ចំណេះដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងការចាត់ចែងសំណល់ថ្មពិល និងសំណល់អេឡិចត្រូនិចនៅមានកម្រិត។
លោកថា៖ “ប្រជាជនយើង ទាំងចំណេះដឹង និងការយកចិត្តទុកដាក់ហ្នឹង គឺនៅមានកម្រិតទាប ដោយសារប្រហែលជាគាត់មិនទាន់យល់ច្បាស់ពីផលប៉ះពាល់ពីការសាយភាយសារធាតុថ្មពិលទៅក្នុងបរិស្ថាន[…] អ៊ីចឹងហើយដែលការទុកដាក់សំរាម ទាំងថ្មពិលហ្នឹង គឺធ្វើឱ្យមានភាពខ្វះខាត ខ្វះចន្លោះច្រើន”។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានបានចាប់ផ្តើមសហការជាមួយវិស័យឯកជនក្នុងការបង្កើតប្រព័ន្ធប្រមូលសំណល់ថ្មពិល អាគុយ និងសំណល់អេឡិចត្រូនិចពីស្ថាប័នរដ្ឋ ឯកជន និងទីតាំងសាធារណៈមួយចំនួន។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្រសួងបានចាប់ផ្តើមដាក់ធុងប្រមូលសំណល់ថ្មពិលនៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចាប់ពីខែកក្កដា ឆ្នាំ២០២១។
គិតមកដល់ពេលបច្ចុប្បន្ន មានធុងប្រមូលសំណល់ថ្មពិលចំនួន ១៨៧ធុង នៅទីតាំងចំនួន ១៥០កន្លែង ក្នុងនោះ ១៤៧ធុងនៅរាជធានីភ្នំពេញ និង៤០ធុងនៅតាមបណ្តាខេត្ត។
លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា៖ “បន្តកិច្ចសហការជាមួយដៃគូ និងមានគម្រោងពង្រីកដាក់បន្ថែមធុងប្រមូលទុកដាក់សំណល់ថ្មពិលបន្ថែម។ ប៉ុន្តែអ្វីចាំបាច់ គឺសូមការចូលរួមសហការពីដៃគូសហការ ប្រជាពលរដ្ឋ និងអាជ្ញាធរ មានការយកចិត្តទុកដាក់ និងចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ថ្មពិល តាមទីតាំងសុវត្ថិភាព ចូលរួមសម្អាតបរិស្ថាន និងដាំដើមឈើ ដើម្បីឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព “។
បើតាមក្រសួងបរិស្ថាន សំណល់ថ្មពិលប្រមាណ ៦០តោនត្រូវបានប្រមូល និងរក្សាទុកដោយសុវត្ថិភាព ចំណោមថ្មពិលជាង ៤០០ តោនដែលកម្ពុជានាំចូលពីបរទេសប្រចាំឆ្នាំ។
ក្រៅពីការដាក់ធុងប្រមូល ក្រសួងបរិស្ថានក៏កំពុងសហការជាមួយវិស័យឯកជនក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងសំណល់ថ្មពិល និងសំណល់អេឡិចត្រូនិចឱ្យមានលក្ខណៈជាប្រព័ន្ធ។ ក្នុងនោះ ក្រុមហ៊ុនអាល្លឺម៉ង់ ECOLOGICON GmbH ត្រូវបានក្រសួងចាត់ទុកថា ជាដៃគូក្នុងគម្រោង BATTPRO ដែលសិក្សាពីផលប៉ះពាល់ ការប្រមូល ទុកដាក់ និងកែច្នៃសំណល់ថ្មពិល និងអាគុយ។
គម្រោងនេះក៏ពាក់ព័ន្ធនឹងការរៀបចំយន្តការទទួលខុសត្រូវរបស់អ្នកផលិត ឬហៅថា EPR-Extended Producer Responsibility ដែលតម្រូវឱ្យក្រុមហ៊ុនផលិត អ្នកនាំចូល និងអ្នកចែកចាយមានការទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួននៅពេលអ្នកប្រើប្រាស់លែងប្រើប្រាស់។
តាមរយៈប្រកាសក្រសួងបរិស្ថានចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការទទួលខុសត្រូវរបស់អ្នកផលិត អ្នកនាំចូល ឬអ្នកផ្គត់ផ្គង់ផ្តាច់មុខលើ បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្រោយប្រើប្រាស់រួច ឬលែងប្រើប្រាស់បាន គឺតម្រូវឱ្យអ្នកផលិត អ្នកនាំចូល ឬអ្នកផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក«ត្រូវរៀបចំ និងអនុវត្តប្រព័ន្ធប្រមូលដោយខ្លួនឯង ដោយមានការអនុញ្ញាតពីក្រសួងបរិស្ថាន ឬសហការជាមួយ ក្រុមហ៊ុនផ្តល់សេវាប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលមានលិខិត អនុញ្ញាតពីក្រសួងបរិស្ថាន»។
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សហការជាមួយក្រុមហ៊ុន EcoBatt Energy Cambodia ដែលប្រមូលសំណល់ថ្មពិល និងសំណល់អេឡិចត្រូនិចនានា រួចត្រៀមនាំចេញទៅកែច្នៃនៅបរទេស ឬរៀបចំបង្កើតរោងចក្រកែច្នៃតាមស្តង់ដារបច្ចេកទេសនៅកម្ពុជានាពេលខាងមុខ។
កញ្ញា សារ៉ន ស្រីតូច ទីប្រឹក្សាផ្នែកលក់ នៃក្រុមហ៊ុន EcoBatt Energy Cambodia កត់សម្គាល់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងការទុកដាក់សំណល់ថ្មពិលមានភាពប្រសើរឡើង បើប្រៀបធៀបនឹងមុនពេលមានប្រព័ន្ធប្រមូល។
កញ្ញា សារ៉ន ស្រីតូច និយាយថា៖ “ប្រជាជនមានការយល់ដឹងបានច្រើនជាងមុន គាត់ចេះរក្សាទុក និងយកទៅទម្លាក់ក្នុងធុងថ្មពិលតាមផ្សារទំនើបនានា ”។
កញ្ញា ស្រីតូច បន្តថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់កញ្ញាបានដាក់ពង្រាយធុងសំខាមថ្មពិលជាង១០០ទីតាំងនៅតាមក្រុមហ៊ុន ធនាគា ស្ថានទូត ផ្សារទំនើប សាលារៀននិងព្រលានយន្តហោះ។
លោក ឡាយ ឧសភា ដែលរស់នៅភូមិដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ក៏បង្ហាញការផ្លាស់ប្តូរឥរិយាបថរបស់លោកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ផងដែរ។
លោក ឧសភា ប្រើប្រាស់ថ្មពិលអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ សម្រាប់តេឡេបញ្ជា ពិល និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។ លោកនិយាយថា កាលពីមុនលោកមិនបានដឹងពីវិធីចាត់ចែងសំណល់ថ្មពិលឱ្យបានត្រឹមត្រូវទេ ប៉ុន្តែលោកចាប់ផ្តើមយល់ដឹងពីហានិភ័យ និងវិធីទុកដាក់តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម។
លោកថា៖ “សម្រាប់ការទុកដាក់ គឺមើលឃើញគេផុស ឃើញគេផ្សាយថាវាប៉ះពាល់ច្រើន… ហើយកាលពីយើងនៅអត់ទាន់ដឹង ក៏យើងបោះចោលដូចតែគ្នាហ្នឹង។ ប្រើហើយអស់អ៊ីចឹងយើងបោះវាចោលតាមធុងសំរាមធម្មតា តែដល់ពេលមើលតាមព័ត៌មានគេផ្សព្វផ្សាយថា ថ្មពិលអាចមានគ្រោះថ្នាក់ដល់ការពុលដី ការពុលទឹកអីហ្នឹងក៏ឈប់បោះចោលទៅ ក៏ទុកដាក់កន្លែងណាដែលត្រឹមត្រូវវិញ”។
ទោះជាយ៉ាងណា លោក ឧសភា និយាយថា លោកស្គាល់ទីតាំងធុងប្រមូលសំណល់ថ្មពិលតែមួយកន្លែងប៉ុណ្ណោះនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ លោកចង់ឱ្យមានធុងប្រមូលបន្ថែម និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយជាងមុន។
លោកថា៖ “រឿងឱ្យមានធុងដាក់ហ្នឹង បើអាចដាក់កាន់តែច្រើន កាន់តែល្អ ហើយព្យាយាមផ្សព្វផ្សាយ[…] គួរតែមានការផ្សព្វផ្សាយឱ្យបានច្រើន ហើយញឹកញាប់ “។
តាមរយៈបទពិសោធន៍របស់លោក ឧសភា បង្ហាញថា ការផ្សព្វផ្សាយអាចជួយឱ្យអ្នកប្រើប្រាស់យល់ដឹងពីរបៀបចាត់ចែងសំណល់ ប៉ុន្តែការដឹងពីហានិភ័យតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើប្រជាពលរដ្ឋមិនដឹងថា តើត្រូវយកសំណល់ទៅទីណា និងមានទីតាំងប្រមូលនៅជិតខ្លួនឬអត់។
ចំណុចនេះក៏ជាបញ្ហាប្រឈមមួយដែលបន្តកើតមាន។ បើតាមក្រសួងបរិស្ថាន ប្រជាពលរដ្ឋ ប្រមាណ៥៨ភាគរយនៅតែបោះចោលសំណល់ថ្មពិលដែលប្រើរួចទៅក្នុងធុងសំរាមធម្មតា។
បញ្ហាមួយទៀត គឺអ្វីដែលកើតឡើងបន្ទាប់ពីសំណល់ត្រូវបានប្រមូល។ តាមព័ត៌មានដែលបានផ្តល់ សំណល់មួយចំនួនត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ខណៈសមត្ថភាពកែច្នៃនៅក្នុងប្រទេសនៅមិនទាន់គ្រប់គ្រាន់។
លោកបណ្ឌិត អោ ច័ន្ទម៉ូលី មានប្រសាសន៍ថា ការបង្កើតប្រព័ន្ធប្រមូលជាជំហានសំខាន់ ប៉ុន្តែត្រូវការយន្តការគ្រប់គ្រងច្បាស់លាស់ និងការអនុវត្តជាក់ស្តែងបន្ថែមទៀត។
លោកនិយាយថា៖ “ទាំងក្រសួងបរិស្ថាន ទាំងប្រជាពលរដ្ឋ ខ្ញុំគិតថា អាចចាប់ផ្តើមពីក្រសួងត្រូវមានគោលការណ៍ មានគោលនយោបាយក្នុងការគ្រប់គ្រងសំរាម […] ត្រូវមានយន្តការក្នុងការអនុវត្តន៍ ហើយបើសិនយើងអត់មានយន្តការក្នុងការអនុវត្តន៍ទេ គឺគោលនយោបាយហ្នឹងដូចជាក្រដាសមួយសន្លឹក ដែលយើងធ្វើឱ្យតែល្អមើល”។
សម្រាប់ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បញ្ជាក់ថា ក្រសួងនឹងបន្តសហការជាមួយដៃគូ និងមានគម្រោងពង្រីកចំនួនធុងប្រមូលសំណល់ថ្មពិលបន្ថែម។ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរចូលរួមក្នុងការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ។
ការពង្រីកប្រព័ន្ធប្រមូលអាចផ្តល់ជាជម្រើសមួយដល់អ្នកប្រើប្រាស់ដែលមិនដឹងថា ត្រូវយកសំណល់ថ្មពិលទៅណា។ ប៉ុន្តែ ដើម្បីឱ្យការឆ្លើយតបនេះអាចដោះស្រាយបញ្ហាបានកាន់តែទូលំទូលាយ វានៅត្រូវការការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋស្គាល់ទីតាំងប្រមូល ការបង្កើនចំនួនទីតាំង និងប្រព័ន្ធច្បាស់លាស់សម្រាប់ការកែច្នៃ ឬចាត់ចែងសំណល់បន្ទាប់ពីប្រមូលបាន។
សម្រាប់ លីហ្សា ដែលពីមុនមិនដឹងថា ត្រូវយកថ្មពិលប្រើរួចទៅណានោះអះអាងថា ការមានទីតាំងប្រមូល និងព័ត៌មានច្បាស់លាស់អាចជួយឱ្យទម្លាប់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ដូចជាកញ្ញា ផ្លាស់ប្តូរពីការបោះចោលសំណល់ជាមួយសំរាមទូទៅ ទៅជាការរៀបចំសំណល់ដោយសុវត្ថិភាពជាងមុន៕

