លោក​​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​​ថា សា​លា​ដូង​​​​នឹង​​ដំ​ណើរ​​ការ​​​ធម្មតា​ដោយ​​គ្មាន​​ការ​​​រុះ​​រើ​​​​

ដោយៈ

Press Start Cambodia Avatar

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរផ្អាកផែន​ការរុះរើសាលា​ដូង​ ដោយ​រក្សា​ស្ថាន​ភាព​នៅដដែល​ និង​ឱ្យ​បន្ត​ដំណើរ​ការ​ដូច​ធម្មតា​ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​អំពី​សេចក្តី​ដំណឹង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ​ឱ្យ​រុះរើ​សំណង់​អាណាធិបតេយ្យ​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ​គិរីរម្យ​ក្នុងរយៈ​ពេល​១៤​ថ្ងៃ​។​

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី នាព្រឹកថ្ងៃពុធ ទី១៩ សី​ហានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាអោយរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​​ និងអភិ​បាល​ខេត្តកំពង់ស្ពឺ ចាត់តំណាងជំនាញចុះ​ទៅ​មើលស្ថានភាពជាក់ស្តែង និងកំណត់ព្រំ​​ដីឱ្យ​បាន​ច្បាស់​ ដើ​ម្បី​រកដំណោះស្រាយប្រកបដោយចីរភាពនិង​យូរអង្វែង ក្នុង​គោលបំ​ណង​អោយសាលាដូង អាចបន្តការ​ងារ​បង្រៀនតទៅទៀត ដែលបច្ចុប្បន្នមានសិស្ស​១៥០នាក់ ហើយអាចនឹងបន្តកើនឡើងនៅពេលខាងមុខ​​​។


លោកមានប្រសាសន៍​ថា៖ “​ផ្អាកកុំអោយមានការរុះរើ ទុកអោយគេដំណើរការរៀន​​សូត្រដំណើរការផ្ទះ តែគ្រូអត់ផ្ទះនៅ​​ មានអ្នកណាគេបង្រៀន ”​​។

លោកនាយក​រដ្ឋ​មន្ត្រី​បាន​កោ​ត​សរសើរ​លោក អ៊ុក វណ្ណដេ ជា​ស្ថាបនិកសាលាដូងថា ជាបុគ្គល​ដែល​មាន​ទឹកចិត្ត​ ​ឆន្ទៈ​ និង​ការ​លះបង់​ខ្ពស់​ដោយ​ព្យាយាមបើកសា​​លា​​ដូង​ដោយ​ដៃ​ទទេរ ហើយ​សកម្មភាព​នេះ​ផ្តល់​ប្រយោជន៍​វិជ្ជមាន​ដល់​សង្គម​និង​ប្រជា​ពលរដ្ឋ​។​

លោកមាន​ប្រសាសន៍​ថា៖ “​អ្វីដែលខ្ញុំចង់លើកនោះគឺ បុគ្គលម្នាក់ដែលប្រកាន់ខ្ជាប់​នូវសីលធម៌ គុណធម៌ភាពស្មោះត្រង់ហើយមានឆន្ទៈចង់ជួយមនុស្ស ហើយ​ពុះ​ពារ​ចង់​ធ្វើហើយផ្តើមដោយគ្មានអ្វីទាំងអស់ ។​

ជាមួយ​គ្នា​នោះដែរ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​ប្រកាស​ផ្តល់​ការ​ឧបត្ថម្ភ​ថវិកា​ចំ​នួន​​៥​លាន​រៀល​ និង​អង្ករ​១​តោន​ ក្នុង​មួយ​ខែ​ជូន​ដល់​សាលា​ដូង​ ដោយ​គិត​ចាប់ពី​ខែ​​កញ្ញា ​ឆ្នាំ​២០២៦​នេះ​ តទៅ​។​

សាលាដូង​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​លោក អ៊ុក វណ្ណដេ កាល​ពី​ដើម​ឆ្នាំ​២០១៧ ហើយ​ចាប់ផ្តើម​បើក​ដំណើរ​ការ​ឱ្យ​សិស្ស​ចូលរៀន​​នៅឆ្នាំ​២០១៨​។ សាលា​ដូង​បណ្តុះប​ណ្តាល​ជំនាញ​មួយ​ចំនួន​ដល់​ក្មេង​ៗ ដែលបច្ចុប្បន្ន​មាន​ជាង​១៥០​នាក់​៕

អត្ថបទដោយ​៖ គាម​ សោភណ្ឌ​

អត្ថបទគួរឱ្យចាប់អារម្មណ៍