ស្នងការក្រុងភ្នំពេញថ្លែងការពារថាការចាប់ផ្សឹកព្រះសង្ឃ ជា វុទ្ធី គឺអនុវត្តតាមនីតិវិធីច្បាប់

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជុំវិញការចាប់ផ្សឹកអតីតព្រះសង្ឃ ជា វុទ្ធី ដែលសកកម្មរឿងព្រំដែនដោយសំអាងថាបានប្រព្រឹត្តខុសព្រះវិន័យសង្ឃ និងជាប់ចោទពីបទ«ញុះ​ញង់» ​ខណៈ​សាច់ញាតិតចាត់ទុកថា សំណុំរឿងនេះជារឿងអយុត្តិធម៌។

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី៣ ខែមេសា ឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនអតីតព្រះសង្ឃ ជា វុទ្ធី តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល អតីតព្រះសង្ឃ ជា វុទ្ធី បានប្រព្រឹត្តខុសព្រះវិន័យសង្ឃបង្កឱ្យប៉ះពា​ល់​ធ្ងន់ធ្ងរដល់តម្លៃ នៃព្រះពុទ្ធសាសនា ដោយលួចមានទំនាក់ទំនងស្នេហាជាមួយស្ត្រីជាច្រើន។

បច្ចុប្បន្នអតីតព្រះសង្ឃ ជា វិទ្ធី ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ហើយត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាឲ្យឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ ។

យ៉ាងណា ម្តាយរបស់អតីតព្រះសង្ឃ ជា វុទ្ធី អ្នកស្រី ចាន់ ម៉ៅ បង្ហាញការឈឺចាប់ និងចាត់់ទុកការសម្រេចចោទប្រកាន់ពីបទ «ញុះញង់» នេះថាគឺជារឿងអយុត្តិធម៌សម្រាប់កូនប្រុសអ្នកស្រី។

អ្នកស្រី គូសបញ្ជាក់ថា អតីតព្រះសង្ឃ ជា វុទ្ធីដែលតែងតែឈឺឆ្អាលរឿងសង្គមជាតិ ជាពិសេសជនសង្ស័យ​តែង​ខ្វាយខ្វល់រឿងទឹកដី និងបានចេញមុខជួយកៀរគរប្រមូលថវិកាជួយ​ជនភៀសសឹក ដែលរងផលប៉ះពា​ល់​ដោយសង្គ្រាម​ថៃឈ្លានពានដីខ្មែរ ថែមទៀតផង។

អ្នកស្រីបន្តថា៖«ខ្ញុំសុំអំពាវនាវទៅរដ្ឋអំណាចទាំងអស់ ទាំងថ្នាក់លើទាំងថ្នាក់ក្រោម ខ្ញុំមានម្រាមដៃ១០ជួ​យ​បន្ធូរបន្ថយឱ្យកូនខ្ញុំឱ្យរួចខ្លួនផង! (កន្លងមកកូនខ្ញុំ) ជួយមានអង្ករទឹកត្រី ទឹកស៊ីអ៊ីវ លុយកាក់យកទៅជួយអ្នកភៀសសឹក! បានជួបកូនម្សិលមិញ គាត់ផ្តាំឱ្យខ្ញុំថែទាំសុខភាពឱ្យបានល្អ។ ជួយខ្ញុំផង អយុត្តិធម៌ ខ្ញុំមានតែម្រាមដៃ១០ ខ្ញុំអត់ចេះច្បាប់ចេះទម្លាប់»។

ជុំវិញរឿងនេះគេហទំព័រ Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ និងអ្នកនាំពាក្យស្នងការក្រុងភ្នំពេញលោក សំ វិច្ឆិកា បានទេ ដោយទូរសព្ទចូលជាច្រើនដងតែមិនមានអ្នកទទួល។

សម្រាប់ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ ការពារសិទ្ធិមនុស្សលីការដូ(Licadho) លោក អំ សំ​អា​ត កត់សម្គាល់ថា អតីតព្រះសង្ឃ ជា វុទ្ធី ជាព្រះសង្ឃដែលចូលរួមដ៏សកម្មជាក្នុងកិច្ចការស​ង្គម និងតែងតែបញ្ចេញមតិតាមបណ្តាញសង្គមរឿងព្រំដែនជាដើម។លោកបន្តថា ការចាប់ផ្សឹកព្រះសង្ឈ ជា វុទ្ធី នេះថាជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ  ហើយបទចោទ«ញុញង់»នេះជាបទចោទពេញនិយមនៅកម្ពុជាថែមទៀតផង។

លោកបន្តថា៖«ការចោទប្រកាន់នេះវាប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសគឺសិទ្ធិ និងសេរីភាពក៏ដូចជាលំហរ នៃសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។យើងក៏កត់សម្គាល់ឃើញដែរថា ក្នុងអំឡុងពេលដែលមានជម្លោះព្រំដែនមកទល់ពេលនេះ មានមនុស្សជាច្រើន ដែលត្រូវបានចាប់ខ្លួន ហើ​យ​និងចោតប្រកាន់ទាក់ទងការិះគន់ ទៅលើបញ្ហាជម្លោះព្រំដែន ហើយបទល្មើសដែលចោទប្រកាន់ច្រើនជាងគេ គឺបទល្មើស ញុះញង់។ហេតុផលផ្សេងទៀតដែលលើកយកមកវាគ្រាន់តែជា ហេតុផលមួយដើម្បីជួយគាំទ្រទៅលើបទល្មើសនៃការចោទប្រកាន់ទាកទងបទញុះញង់»។ ​​​

យ៉ាងនេះក្តី អ្នកការពារសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះ បានអំពាវនាវឱ្យតុលាការទម្លាក់បទចោទ និង​ដោះលែ​ង​អតីតពព្រះសង្ឃ ជា វុទ្ធី ​ឱ្យមានសេរីភាពឡើង​វិញ ដើម្បីមានឱកាសជួយកិច្ចការសង្គមឡើងវិញ ដែលជាផ្នែកមួយជួយអភិវឌ្ឍន៍ប្រទេស និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

កាលពីថ្ងៃទី​១ ខែមេសា ឆ្នាំ២០២៦នេះ សមត្ថកិច្ចខេត្ត​បាត់ដំបង បានចាប់ផ្សឹកព្រះ​តេជ​គុណ ជា វុទ្ធី គង់​នៅវត្តធម្មនិមិត្ត​រាជបុប្ផារាម ហៅ​វត្ដប៉ាឆា ក្នុងក្រុងបាត់ដំបង ដោយមិនបានបញ្ជាក់ពីមូល​ហេតុ ខណៈ​ព្រះ​អង្គតែងសកម្មបញ្ចេញមតិតាមបណ្តាញសង្គម រិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល រួមទាំងបញ្ហាព្រំដែន។

របាយការណ៍របស់អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ ស្តីពី «អ្នកជាប់ឃុំដោយប្រើសិទ្ធិ» បានកត់ត្រាចំនួនអ្នកទោសដែលកំ​ពុ​ង​ជាប់ពន្ធនាគារគិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ សរុបមានចំនួន៩៨នាក់។

របាយការណ៍ដដែលបញ្ជាក់ថា អាជ្ញាធរ​ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​ចំនួន​ បន្ត​ចាប់​ ឃាត់​ និង​ឃុំ​ខ្លួន​ អ្នក​នយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​ដី​ធ្លី​ សហជីព​ អ្នក​សារព័ត៌មាន​ និង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ ដោយសារ​តែ​ភាព​សកម្ម​និយម​ ឬ​ការ​បញ្ចេញ​មតិ​ របស់​អ្នក​ទាំង​នោះ។

បើទោះជាបែបណា ការចោទប្រកាន់ដែលចេញដោយស្ថាប័នរដ្ឋនេះ ត្រូវរងការរិះគន់ថាកម្ពុជាហាក់អនុវត្តមិនស្របនឹងស្មារតី នៃច្បាប់។នៅក្នុងខ្លឹមសារ នៃច្បាប់បានចែងដោយជាក់លាក់ស្តីពីការគាំពារ និងផ្តល់សិទ្ធិអំណាចទៅលើសិទ្ធិសេរីភាព នៃការបញ្ចេញមតិដ៏ទូលំទូលាយ។

ជាក់ស្តែងរដ្ឋធម្មនុញ្ញត្រង់បញ្ញត្តិមាត្រា៤១​ កំណត់ថា ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេ​ញ​​មតិ​​​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ​ សេរីភា​ព​​ខាង​ការ​ប្រជុំ។

លើសពីនេះ រដ្ឋធម្មនុញ្ញ មាត្រា៣៥​ ក៏បានកំណត់ដែរថាប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​​យ៉ា​ង​​​​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំ​ង​ឡាយ​​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍