កសិករមួយចំនួននៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល កំពុងងាកមកដាំដំណាំ “គល់ស្លឹកគ្រៃ” កាន់តែច្រើនឡើង ដោយសារដំណាំប្រភេទនេះ មានតម្លៃថេរ ងាយស្រួលថែទាំ និងផ្ដល់ចំណូលទៀងទាត់ដល់គ្រួសារកសិករ។
កសិករ និងឈ្មួញកណ្ដាលមួយចំនួននៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រនិយាយថា ដំណាំ “គល់ស្លឹកគ្រៃ” បានក្លាយជាដំណាំមួយ ដែលទទួលបានការពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារងាយស្រួលដាំ ធន់នឹងសត្វល្អិត និងតម្រូវការទីផ្សារមានស្ថិរភាព។ បច្ចុប្បន្ន គល់ស្លឹកគ្រៃមានតម្លៃចន្លោះពី ១០០០ រៀលទៅ ១២០០ រៀលក្នុងមួយគីឡូក្រាម ហើយអាចកើនដល់ ១៥០០ រៀលនៅពេលទីផ្សារមានតម្រូវការខ្ពស់។
អ្នកស្រី គន សាម៉ៃ អាយុ៥៧ ឆ្នាំ ជាកសិករដាំស្លឹកគ្រៃនៅភូមិវត្តខ្សាច់ សង្កាត់អរិយក្សត្រ ដែលបានប្រកបមុខរបរនេះ អស់រយៈពេល៥ ឆ្នាំលើផ្ទៃដីប្រមាណ១ ហិកតា និយាយថា អ្នកភូមិក្នុងតំបន់របស់អ្នកស្រីកំពុងនិយមដាំស្លឹកគ្រៃកាន់តែច្រើន ព្រោះវាងាយស្រួលដាំជាងដំណាំមួយចំនួនផ្សេងទៀត។
អ្នកស្រីនិយាយថា៖ “ដាំស្លឹកគ្រៃ វាស្រួលដែរ ព្រោះវាមានហាងឆេង។ ដូចជាយើងធ្វើបាន គេមកយកដល់ចម្ការ”។ អ្នកស្រីបន្ថែមថា ធៀបនឹងដំណាំផ្សេងទៀត ត្រូវដឹកទៅលក់នៅផ្សារដោយខ្លួនឯង។
អ្នកស្រីបន្តថា ស្លឹកគ្រៃត្រូវការពេលប្រមាណ៥ ខែ ដើម្បីប្រមូលផល ហើយអាចប្រមូលផលបានពីរដងក្នុងមួយឆ្នាំ។ បើតាមអ្នកស្រី ដំណាំនេះមិនពិបាកលក់ទេ ហើយអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អ។
អ្នកស្រីអះអាងថា៖ “អត់មានអីត្រូវបារម្ភទេ ហើយឥឡូវ គេចូលចិត្តដាំស្លឹកគ្រៃ”។
លោក ភិន ភាព អាយុ៤៨ ឆ្នាំ ជាកសិករម្នាក់ទៀតនៅសង្កាត់អរិយក្សត្រ ដែលបានប្រកបរបរដាំស្លឹកគ្រៃអស់រយៈពេល១០ឆ្នាំ និយាយថា ដំណាំនេះអាចរកចំណូលបានលឿន និងត្រូវការការថែទាំតិចជាងដំណាំផ្សេងៗ។
លោកនិយាយថា៖ “ស្លឹកគ្រៃអាចរកលុយបានលឿនជាង… ស្រួលថែជាង [ដំណាំផ្សេង]”។
លោកបន្ថែមថា ស្លឹកគ្រៃមានភាពធន់នឹងសត្វល្អិត ហើយអាចដាំនៅចន្លោះដំណាំផ្សេងៗបាន។ ជាមួយនឹងដីប្រវែងប្រមាណ ៧០ ម៉ែត្រ លោកអាចប្រមូលផលបានពី៣០០ ទៅ ៤០០ គីឡូក្រាមក្នុងមួយរដូវ ដែលជួយបន្ថែមចំណូលសម្រាប់គ្រួសារ និងការចំណាយលើការសិក្សាកូនៗរបស់លោក។
ទោះបីជាយ៉ាងណា ការដឹកជញ្ជូនដំណាំស្លឹកគ្រៃពីចម្ការទៅទីផ្សារ ភាគច្រើនពឹងផ្អែកលើឈ្មួញកណ្ដាល ដែលចុះទៅប្រមូលទិញផ្ទាល់ពីកសិករ មុននឹងបន្តចែកចាយទៅទីផ្សារធំៗនៅរាជធានីភ្នំពេញ។
លោក អ៊ី វ៉ាន់នី អាយុ៣៣ ឆ្នាំ ជាឈ្មួញកណ្ដាលម្នាក់ នៅសង្កាត់អរិយក្សត្រ និយាយថា លោកទទួលទិញស្លឹកគ្រៃពីកសិករក្នុងតម្លៃប្រមាណ១២០០ រៀលក្នុងមួយគីឡូក្រាម ហើយលក់បន្តក្នុងតម្លៃ ១៤០០ រៀលទៅឱ្យម៉ូយនៅផ្សារនាគមាស និងផ្សារដើមគរ។
លោកថា តម្លៃស្លឹកគ្រៃអាចកើនឡើងនៅពេលការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការលើទីផ្សារ ជាពិសេសនៅរដូវទឹកឡើង ចាប់ពីខែកញ្ញា ឬខែតុលា ដែលធ្វើឱ្យផលិតកម្មថយចុះ។
លោកនិយាយថា៖ “នៅពេលតម្រូវការទីផ្សារមិនគ្រប់ វា [តម្លៃ] អាចកើនឡើងចឹង”។
ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ទីផ្សារស្លឹកគ្រៃក្នុងស្រុកក៏ប្រឈមនឹងការប្រកួតប្រជែងពីផលិតផលនាំចូលពីប្រទេសជិតខាងផងដែរ។ ប៉ុន្តែលោកអះអាងថា ស្លឹកគ្រៃខ្មែរនៅតែទទួលបានការគាំទ្រពីអ្នកទិញជាច្រើន។
លោកនិយាយថា៖ “ទាល់តែខ្វះស្លឹកគ្រៃខ្មែរ ទើបគេយកពី [ប្រទេស] ជិតខាងមក។ បើមិនខ្វះទេ គាត់ជួយយកខ្មែរគ្នាឯង”។
លោក សុខ វណ្ណា អាយុ៣៩ ឆ្នាំ ជាឈ្មួញកណ្ដាលម្នាក់ទៀតនៅសង្កាត់អរិយក្សត្រ ក៏បានបញ្ជាក់ដែរថា តម្លៃស្លឹកគ្រៃតែងកើនឡើងចាប់ពីខែមេសា ឬខែឧសភា ហើយថា បរិមាណនៃការប្រមូលទិញរបស់លោកគឺអាស្រ័យលើតម្រូវការរបស់ម៉ូយ។
លោកនិយាយថា៖ “បើម៉ូយកុម្មង់ច្រើន យកច្រើន បើម៉ូយកុម្មង់តិច យកតិច”។
បើតាមកសិករ និងឈ្មួញកណ្ដាលនៅតំបន់នេះ ដំណាំគល់ស្លឹកគ្រៃនៅតែជាដំណាំដែលមានសក្ដានុពលសម្រាប់កសិករខ្នាតតូច ដោយសារតម្រូវការទីផ្សារបន្តមាន និងការដាំដុះមិនសូវស្មុគស្មាញ បើធៀបនឹងដំណាំបន្លែមួយចំនួនផ្សេងទៀត ដែលត្រូវការថែទាំងច្រើន និងតម្លៃប្រែប្រួលខ្លាំង៕

