ជនជាតិដើមភាគតិចភូមិឡៅកា ស្នើអាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី​ដោះស្រាយបញ្ហាដីព្រៃ​តំណម ដែលត្រូវបាន​បុគ្គលម្នាក់​រំលោភយកលក់ឱ្យក្រុមហ៊ុន​

សហគមន៍ជនជាតិ​ដើមភាគ​តិច​ពូនងជាង៤០គ្រួសារ​​ នៅភូមិឡៅកា សង្កាត់​សុខដុម ក្រុង​​​សែនមនោ​រម្យ ខេត្ត​មណ្ឌល​គិរី ស្នើអាជ្ញាធរ​ខេត្តជួយ​អន្តរា​គមន៍ដោះស្រាយ​បញ្ហា​ដីព្រៃ​តំណម ដែល​ត្រូវបាន​បុគ្គល​ឯកជន​ បានរំលោភ​យក​ទៅលក់ឱ្យ​ក្រុមហ៊ុន​​ឯកជន ប៉ះ​​ពាល់ដល់ការ​អាស្រ័យ​ផល និង​ការ​ប្រតិបត្តិ​ជំនឿរបស់ពួកគាត់ ប៉ុន្តែ​បុគ្គលឯកជនរូប​​នេះ ច្រានចោលការចោទនេះ ដោយថា​ដីនោះគាត់បានទិញ​​ពី​ពលរដ្ឋ​ក្នុង​សហគមន៍​ដោយ​​ស្របច្បាប់​។

ប្រជាសហគមន៍​ជនជាតិ​ដើមភាគតិចពូនងនៅភូមិឡៅកា អ្នកស្រី​​ ខ្លូល ចាក់ បានឱ្យ​ដឹង​​​នៅថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២៦នេះ​ថា បញ្ហា​ដីព្រៃ​តំណម និងព្រៃជំនឿ ដែលមាន​ទំហំ​ប្រមាណ ៤ហិកតា ត្រូវ​បាន​បុគ្គលឯកជន​ម្នាក់ ឈ្មោះ ពោ​ ពូច បាន​លក់​ទៅឱ្យ​ក្រុមហ៊ុនកង្ហាខ្យល់ដើម្បីផលិត​ថាមពលអគ្គិសនី កាលពីអំឡុង​ខែ​ឧសភា ឆ្នាំ​២០២៥ និ​ង​បាន​​រារាំង​​សហគមន៍​មិន​ឱ្យប្រើប្រាស់ដី​ព្រៃ​តំណម​នោះ។

អ្នកស្រីបន្តថា ការរំលោភយក​ដី​ព្រៃ​ដំណម​ឬ​ព្រៃ​អារក្ស​​នេះ បាន​ធ្វើឱ្យ​​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ទីតាំង​ជំនឿ​ពី​ដូនតា​ ជាពិសេស​ប៉ះពា​ល់​ដល់ការ​រស់នៅ​របស់​ប្រជាសហគមន៍​​ ​ដែល​ពឹងអាស្រ័យលើអនុផលព្រៃឈើ ទឹក និងធនធានធម្មជាតិនៅតំបន់នោះ។ ករណីនេះ អ្នកស្រី​បាន​​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល ក្រសួង និង​​​អាជ្ញាធរ​​ពាក់ព័ន្ធ ជួយ​អន្តរា​គមន៍​​ស្វែង​រក​​ដំណោះ​​ស្រាយ ប្រគល់ដីព្រៃ​អារក្ស​នេះឱ្យ​ពលរដ្ឋ​គ្រប់គ្រង​វិញ ដើម្បី​ធានា​សុវត្ថិភាព​​ដីធ្លី និង​ថែរក្សា​ដីព្រៃអារក្ស​នេះ។

អ្នកស្រី ខ្លូល ចាក់ និយាយ​ថា៖ «បើតាមចិត្ដខ្ញុំ គាត់មិនគួរយកដីពួកខ្ញុំ ដីពួកខ្ញុំ​ជាដីសហគមន៍ ដីជំនឿ អ្នកក្រៅ​មកយកសេរីអញ្ចឹង វាមិ​នសមម៉ង[…]​ សហគមន៍បានរកការអន្ដរគមន៍ពីអាជ្ញាធរជាច្រើន​លើកច្រើនសារ ក៏នៅតែ​​​គ្មាន​​ដំណោះស្រាយ ​សូមស្នើសុំក្រសួង​​ពាក់ព័ន្ធស្វែង​រកដំណោះស្រាយ កុំឱ្យក្រុមហ៊ុន​​មកទន្រ្ទាន និងធ្វើបាបសហគមន៍ និង​សូមបន្ដប្រគល់ដីដែលនៅសេសសល់ឱ្យសហគមន៍​គ្រប់គ្រង ព្រមទាំងសហគមន៍ដែលបន្ដរស់នៅទីនោះ ឱ្យរស់នៅបន្ដទៀត»

ជាមួយគ្នានេះ​ដែរ ​អ្នកស្រី ផ្លឹក ភីរុំ ជាប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ភូមិ​​ឡៅកា​មួយ​រូ​ប​ទៀត ​បានឱ្យដឹងថា ដីព្រៃ​តំណម និង​ព្រៃ​ជំនឿនេះ ត្រូវ​បានប្រជាពលរដ្ឋ​ប្រមាណ ២០០គ្រួសារ​ បាន​​ប្រើ​ប្រាស់ និង​អាស្រ័យ​​ផល តាំងពីដូនតាមក ប៉ុន្តែ​បែរជា​បុគ្គល​​ឈ្មោះ ពោ ពូច បាន​រំលោភយក​និ​ងលក់ទៅឱ្យក្រុមហ៊ុន​ឯកជន ព្រមទាំង​បានរារាំង​​ប្រជា​​សហគមន៍​​មិនឱ្យចូលទៅ​ប្រើប្រាស់​ដីព្រៃ​តំណម​នេះថែមទៀត។ អ្នកស្រីបន្តថា ក្រោយ​មាន​បញ្ហា​ដីធ្លីនេះ ប្រជាសហគមន៍​​ជាង ១០០គ្រួសារ លែង​ហ៊ាន​ចូល​ទៅ​អាស្រ័​យ​​ផល និង​ប្រើ​​ប្រាស់ដីព្រៃ​​នេះ ដោយសារ​បារម្ភ​ពីការ​គំរាម​កំហែង និងការ​ភ័យ​ខ្លាច ដូច្នេះ​នៅសល់តែពលរដ្ឋ​ ៤៧​គ្រួសារ​ប៉ុណ្ណោះ ដែលនៅ​បន្ត​អភិរក្ស និង​ថែរក្សា។​

អ្នកស្រី​និយាយ​ថា៖​ «បញ្ហា​ប្រឈម​រាល់ថ្ងៃហ្នឹង គឺ​ធ្វើឱ្យជនជាតិដើមភាគតិច គ្មានសេច​ក្ដី​​​សុខ តវ៉ា​​អារឿង​ដី ការពារអារឿងដី ចុះឡើងៗ សូម្បីតែរកពេលធ្វើស្រែចម្ការក៏គ្មាន[…] កន្លែងជំនឿ កន្លែងអារក្ស ត្រូវបានគេឈូសឆាយ ឱ្យគ្នាបន្ដកាន់កាប់ទៅអាម៉េចកើត»

ករណីនេះ អ្នកស្រី ផ្លឹក ភីរុំ​​ បាន​ស្នើ​យ៉ាង​​ទទូចដល់អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍ដោះស្រាយ​​បញ្ហា​ដីព្រៃ​តំណម និង​ចុះ​បញ្ជី​ដីព្រៃ​នេះជាដីសមូហភាព​ជនជាតិ​ដើមភាគតិច ដើម្បី​ឱ្យ​ប្រជាសហគមន៍​​បាន​ប្រើប្រាស់ជាប្រយោជន៍​ និង​​អភិរក្ស​​ដូច​មុន ខណៈ​ដី​ព្រៃតំណម ជាអត្តសញ្ញាណ និង​មាន​សារសំខាន់ណាស់​សម្រាប់​​ជនជាតិ​ដើមភាគតិចដូច​ជា​ពួកគាត់​។

ទោះជាយ៉ាងណា លោក ពោ ពូច ដែលត្រូវ​បានប្រជាសហគមន៍ជនជាតិ​ដើម​ភាគតិច​ភូមិ​ឡៅកា ចោទថាបាន​រំលោភយកដី​ព្រៃ​តំណម​ទៅលក់ឱ្យក្រុមហ៊ុន​ឯកជន​នោះ បាន​ច្រាន​ចោល​ការ​ចោទប្រកាន់នេះ។

លោកបានអះអាងថា កាលពីអំឡុងឆ្នាំ​២០០៨ លោកបាន​ទិញដីនៅ​តំបន់​នោះ ​ពីជនជាតិ​ដើមភាគតិច​​​ចំនួន​ ២នាក់ ដែលមានទំហំក្បាលដី ២០០ម៉ែត្រ គុណនឹង ៥០០ម៉ែត្រ ក្នុងតម្លៃ​​ជាង​ ២ពាន់ដុល្លារ ដោយ​មានលិខិត​ទិញលក់ត្រឹម​ត្រូវ​​ ខណៈដែលដីនោះក៏មិន​មែន​ជាដីព្រៃ​តំណម​នោះដែរ។ ក្រោយទិញដីនោះរួចមក លោក​បានទុក​​ដីនោះចោល ដោយ​​មិនមាន​ការដាំដំណាំ ឬធ្វើអ្វីមួយ​ទេ ហើយ​ក្រោយ​មក​លោក​ក៏បានលក់​ដី​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជនមួយ​ដែលគេ​​វិនិយោគ​ផលិត​អគ្គីសនី ក៏ស្រាប់តែមាន​ពលរដ្ឋ​ក្នុង​សហគមន៍​​នោះ​ នាំគ្នា​​តវ៉ា និង​​ចោទថា គាត់​​រំលោភយកដីព្រៃតំណម​របស់សហគមន៍ទៅវិញ។ 

លោកបន្ថែមទៀតថា «កាលពីមុនគេហៅថាតាមើកៗ ជាឪពុករបស់ ផ្លឹក ភីរុំ និង ផ្លឹក ណាវី ហ្នឹង ហើយ​ឪពុក​របស់​គាត់​តាំង​ពី​ឆ្នាំ២​០០៨​ហ្នឹង មាន​ន័យ​ថា ដី​ហ្នឹង ខ្ញុំ​បាន​ទៅ​ទិញ​ចំណែក​របស់​គាត់។ និយាយ​រួម​តំបន់​ដី​ហ្នឹង​ជា​តំបន់​ដី​កូន​តាមើក​ រស់​នៅ តែ​សម្រាប់​ប្លង់​រឹង យើង​អត់​ទាន់​មាន​ទេ និយាយ​រួម​ទៅ​អាស្រ័យ​លើ​រដ្ឋ​ ពីព្រោះអានេះយើងវាស់វែង​ដោយប្រព័ន្ធរដ្ឋ»។

យ៉ាងណា លោក ពោ ពូច បានអះអាងថា នឹង​ព្យាយាម​រក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី​ជាមួយ​សហគមន៍ ហើយប្រសិន​បើនៅតែមិនអាចដោះស្រាយបាន នោះមាន​តែការ​ដោះស្រាយ​តាមផ្លូវ​តុលាកា​រ។

ចៅសង្កាត់សុខដុម អ្នក​ស្រី នេត ឆាយា មានប្រសាសន៍ថា បញ្ហាទំនាស់​ដីធ្លីរវាង​ប្រជាសហគមន៍ភូមិ​ឡៅកា និង​លោក ពោ ពូច មានលក្ខណៈ​ស្មុគ​ស្មាញ​​ ដែលត្រូវ​ការ​ពេល​វេលា​ចុះទៅសិក្សា​ស្រាវ​ជ្រាវ និង​វាស់វែង។

អ្នកស្រីបន្តថា ឈ្មោះ ពោ ពូច មានលិខិត​បញ្ជាក់ទិញលក់ដីនោះត្រឹម​ត្រូវ​ ប៉ុន្តែ​នៅមិនទាន់​មាន​ប្លង់​កម្មសិទ្ធិ​​នៅឡើយ ខណៈខាង​សហគមន៍ដែលតវ៉ា​ទាមទារដីនោះ គ្រាន់តែ​ជា​សហគមន៍ការ​ពារ​ធនធាន​ធម្មជាតិ មិនមែនជា​សហគមន៍នីតិបុគ្គលដែលមានសិទ្ធិ​ស្នើ​សុំ​ចុះបញ្ជីដីសមូលហភាពនោះទេ។ យ៉ាងណា អ្នក​ស្រី​ថា អាជ្ញាធរ​​នឹង​ធ្វើការ​សម្រប​សម្រួល​រវាង​ភាគី​ជម្លោះ​ទាំង​សង​ខាង ដើម្បីស្វែង​រក​ដំណោះស្រាយ។

អ្នកស្រី​ថា៖ «ខ្ញុំចង់ជម្រាបថា ខ្ញុំមិនមែនគិតថាគាត់ខុស ឬគាត់ត្រូវ ខាងណាៗ ខាងណាខុសខាងណាត្រូវទេ យើងនឹងពិភាក្សាជជែកគ្នា[រកដំណោះស្រាយ​​]ទៀតឥលូវ»។

អ្នកសម្របសម្រួល​​លេខាធិកាដ្ឋាននៃ​សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក ហ៊ាន ប៊ុន​ហៀង យល់ថា អាជ្ញាធរ​គួរសម្របសម្រួល​រកដំណោះស្រាយ​លើបញ្ហាដីធ្លី​នេះ ឱ្យ​មាន​​តម្លា​ភាព និង​សមស្រប ជាពិសេស​ស្របទៅតាម​ច្បាប់ភូមិបាល​ឆ្នាំ​២០០១ ខណៈលោកថា ដីព្រៃ​តំណម ឬព្រៃអារក្ស​ ដែលប្រើប្រាស់​សម្រាប់ប្រយោជន៍សហគមន៍ បើទោះជា​បានចុះបញ្ជី ឬមិនទាន់ចុះបញ្ជីដីសមូហភាព​ក៏​ដោយ ក៏មិនអាចមាន​បុគ្គល​ណាមួយ​អាច​លក់ដូរ​បាន​ឡើយ។

លោកបន្ដថា៖ «ដំណោះស្រាយមាន តែ​សំខាន់យោង​តាមការដោះស្រាយតាមបែបប្រពៃណី​ហ្នឹងទៅ ជាគំនិតខ្ញុំទេ ធម្មតាតំបន់ហ្នឹង គេមានក្បួនទម្លាប់របស់គេហើយ អញ្ចឹង​ការដោះស្រាយតាមបែបពៃណី…ក៏ដូចជាច្បាប់អញ្ចឹងដែរ របៀបគេគ្រប់គ្រងដីតាំងពីជីដូនជីតា យើង​មានបញ្ហាអី យើងត្រូវដោះស្រាយរួមទៅ»។

កាលពីថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៤ ​លោក​នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​​ចេញសារលិខិត​ថា ​កម្ពុជា​​មាន​​ជនជាតិ​​ដើម​​ភាគតិច​ជាង​ ១ (១,៤)​ភាគរយ​​​នៃ​ចំនួនប្រជាជន​សរុប រួមមានជនជាតិដើម​​​ភាគតិច​ កួយ ទំពួន គ្រឹង ចារាយ ពូនង ក្រៅ​ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ និង​ជនជាតិ​ដើម​​ភាគតិច​មួយ​ចំនួន​ផ្សេងទៀត។ ក្នុងលិខិតដដែលបានបញ្ជាក់​ថា រាជរដ្ឋាភិបាលគោរព និង​ការពារ​សិទ្ធិ​ជនជាតិ​​ដើម​ភាគ​តិច ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​​គោល​​​នយោបាយ​ជាតិ​ ស្ដីពី​ ការ​អភិវឌ្ឍ​​ជនជាតិ​ដើម​ភាគតិច ​ក្នុង​ការ​ចុះ​បញ្ជី​ដី​សហគមន៍​​ជនជាតិ​​​ដើម​ភាគតិច​ ដើម្បី​​ការពារ និង​​អភិរក្ស ​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី ​ជំនឿ ​និង​​ភាសា ​ក៏​ដូច​ជា​ការ​លើក​ស្ទួយ​​ដល់​ជីវភាព​រស់នៅ​របស់​​ជនជាតិ​ដើម​ភាគតិច​ជាដើម៕

អត្ថបទគួរឱ្យចាប់អារម្មណ៍