សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) រកឃើញថា បញ្ហាវិវាទដីធ្លីនៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ស្មុគស្មាញ និងពាក់ព័ន្ធជ្រាលជ្រៅទៅនឹងបញ្ហាអំណាច សេដ្ឋកិច្ច និងសិទ្ធិមនុស្ស ទោះបីជាប្រទេសមានក្របខណ្ឌច្បាប់គ្រប់គ្រងដីធ្លីយ៉ាងច្បាស់លាស់ក៏ដោយ ដែលការណ៍នេះ សមាគមមួយនេះ ជំរុញឱ្យមានពង្រឹងការអនុវត្តច្បាប់ឲ្យមានតម្លាភាព និងស្មើភាព គោរពសិទ្ធិសហគមន៍ និងទប់ស្កាត់អំពើពុករលួយជាដើម។
នេះបើតាមរបាយការណ៍ឆ្នាំ២០២៥ ស្ដីពីស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធភាពអនុវត្តជុំវិញស្ថានភាពវិវាទដីធ្លី រវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា របស់សមាគមអាដហុក ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។
របាយការណ៍របស់អាដហុក បានលើកឡើងថា តាមទិន្នន័យឆ្នាំ២០២៦ មានករណីវិវាទដីធ្លីថ្មីចំនួន ៤៥ ករណី ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៥ ៥២០ គ្រួសារ (ស្មើនឹង ១៤ ៧៩៨ នាក់) រួមទាំងជនជាតិដើមភាគតិច ៧ ៣៥១ នាក់ និងផ្ទៃដីប្រមាណ ១១៥ ៤១៣ ហិកតា។ ក្នុងចំណោមករណីទាំងនេះ ៤២% ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និង ២០% ពាក់ព័ន្ធនឹងអ្នកមានទ្រព្យ ឬក្រុមហ៊ុន ខណៈ ២១ ករណី ដែលមានការគំរាមកំហែង និងការប្រើបណ្តឹងព្រហ្មទណ្ឌលើតំណាងសហគមន៍។
អាដហុកបានកត់ត្រាផងដែរ នូវសកម្មភាពរំលោភប្រជាសហគមន៍ ដូចជា ការដកហូតដីដោយគ្មានសំណងសមរម្យ ការប្រើកម្លាំង និងអាវុធគំរាមកំហែង ការបំផ្លាញទ្រព្យសម្បត្តិ និងការប្រើប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធពលរដ្ឋ ហើយអាដហុកចាត់ទុក ការអនុវត្តច្បាប់មិនស្មើភាព ខ្វះតម្លាភាព អំពើពុករលួយ និងឥទ្ធិពលរបស់អ្នកមានអំណាច និងអ្នកមានទ្រព្យ ជាបញ្ហាចម្បង។
បន្ថែមពីនេះ របាយការណ៍ថា វិវាទដីធ្លីបានធ្វើឱ្យប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងផ្លូវចិត្តពលរដ្ឋ តួយ៉ាងការកើនឡើងនៃភាពក្រីក្រ បែកបាក់គ្រួសារ និងចំណាកស្រុកជាដើម ខណៈជនជាតិដើមភាគតិចប្រឈមនឹងការបាត់បង់ដីវប្បធម៌ និងអត្តសញ្ញាណ។
ការណ៍នេះ អាដហុក បានសង្កត់ថា៖ «វិវាទដីធ្លីនៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ស្មុគស្មាញ និងពាក់ព័ន្ធជ្រាលជ្រៅទៅនឹងបញ្ហាអំណាច សេដ្ឋកិច្ច និងសិទ្ធិមនុស្ស ទោះបីជាប្រទេសមានក្របខណ្ឌច្បាប់គ្រប់គ្រងដីធ្លីយ៉ាងច្បាស់លាស់ក៏ដោយ»។
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក មានប្រសាសន៍ថា ក្នុងរបាយការណ៍នេះ បានធ្វើការវិភាគទៅលើច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងអ្នកមានលុយមានអំណាច ថាតើច្បាប់និងបទដ្ឋានទាំងអស់នោះ នឹងអាចអនុវត្តបានល្អទេ ទៅលើអ្នកដែលមានលុយមានអំណាច? ឬក៏ច្បាប់នោះអនុវត្តបានតែទៅលើប្រជាពលរដ្ឋទន់ខ្សោយ ឬសហគមន៍។
លោកបន្តថា ជាការរកឃើញក្នុងរបាយការណ៍ គឺកម្ពុជាមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីនេះ ប៉ុន្តែការអនុវត្តច្បាប់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម ជីវភាពប្រជាសហគមន៍ និងផលប៉ះពាល់ផ្សេងៗទៀត។
លោកថា៖ «នៅក្នុងរបាយការណ៍បានរកឃើញថា ការអនុវត្តច្បាប់ មិនមានប្រសិទ្ធភាពល្អទេ បើតាមគោលការណ៍ច្បាប់ ឃើញថាច្បាប់មានល្អ មានរចនាសម្ព័ន្ធត្រឹមត្រូវ ប៉ុន្តែអ្វីដែលជាបញ្ហា គឺនៅលើការអនុវត្តនេះឯង ចឹងអ្វីដែលធ្វើឱ្យការអនុវត្តមិនមានប្រសិទ្ធភាពនេះ គឺវាមានកត្តាច្រើន វាមានពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ ពាក់ព័ន្ធនឹងខ្វះតម្លាភាព ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ការប្រើប្រាស់ប្រព័ន្ធតុលាការ ហើយមានការទំនាក់ទំនងល្អរវាងអាជ្ញាធរនិងបុគ្គលមានអំណាចមានទ្រព្យ ពេលខ្លះមានការគំរាមកំហែង ចាប់ខ្លួនទៅលើប្រជាសហគមន៍ ទៅលើភាគីទំនាស់ ចឹងធ្វើឱ្យពលរដ្ឋហ្នឹងបាត់បង់ទំនុកចិត្តលើអាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌ ចឹងធ្វើឱ្យកើតមានការកើនឡើងនូវភាពក្រីក្រនៅក្នុងសង្គម នេះជាបញ្ហាដែលរបាយការណ៍បានរកឃើញ»។
បើតាមលោក យិន ម៉េងលី ក្នុងរបាយការណ៍នេះ ក៏មានការផ្តល់នូវអនុសាសន៍មួយចំនួនផងដែរ ដូចជា បញ្ឈប់ការប្រើអំណាច ឬកម្លាំងប្រដាប់អាវុធគំរាមកំហែងបង្ក្រាបការតវ៉ាទាមទារដោយសន្តិវិធី, បញ្ឈប់ការប្រើបទល្មើសព្រហ្មទណ្ឌក្នុងការចោទប្រកាន់ឬចាប់ឃុំខ្លួន ដើម្បីជាការដាក់សម្ពាធលើភាគីម្ខាង, ការពារសិទ្ធិសហគមន៍ និងជនជាតិដើមភាគតិច, ធានាការអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងធានាអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវគោលការណ៍ឯករាជ្យ តម្លាភាព និងឆាប់រហ័ស ក្នុងការដោះស្រាយវិវាទដីធ្លី ព្រមទាំងដាក់ទោសទណ្ឌចំពោះមន្ត្រីណាដែលប្រើតួនាទីមិនត្រឹមត្រូវ ជាដើម។
លោក ថៃ កាឆា ដែលអះអាងថាជាតំណាងពលរដ្ឋនៅឃុំបឹងល្វា ក្នុងខេត្តកំពង់ធំ ដែលមានបញ្ហាវិវាទដីធ្លី បានឱ្យដឹងថា រូបគាត់ និងពលរដ្ឋរាប់សិបគ្រួសារទៀត មានបញ្ហាវិវាទដីធ្លីជាមួយអ្នកមានលុយមានអំណាច តាំងពីឆ្នាំ២០២៣មក និងបានស្វែងរកការអន្តរាគមន៍ និងដំណោះស្រាយផ្នែកច្បាប់ ពីអាជ្ញាធរខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនលើកច្រើនសារ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។
លោកបន្តថា អំឡុងពេលតវ៉ារឿងដីធ្លីនេះ ប្រជាសហគមន៍បានជួបនូវការលំបាកក្នុងជីវភាព និងបានរងនូវការគំរាមកំហែងផងដែរ ដែលធ្វើឱ្យពួកគាត់អស់សង្ឃឹមថានឹងទទួលបានភាពយុត្តិធម៌។
លោកថា៖ «យកដីស្រែ ដីចម្ការយើង ដីសល់តាំងពីដូចតាមក លក់ឱ្យឈ្មួញ ពេលយើងតវ៉ា ចាប់យើងដាក់គុក យើងប្តឹងឱ្យគេរកយុត្តិធម៌ឱ្យ ស្ងាត់ជ្រាប ខ្ញុំទៅអស់ហើយជួបសាលាខេត្ត ជួបខ្ទេចខ្ទីអស់ហើយ គ្មានបានយុត្តិធម៌អីមកវិញទេ មានតែដេកឈឺចាប់ ដេកខូចចិត្ត»។
Press Start Cambodia មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទេនៅ រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្សព្វផ្សាយកាលពីអំឡុងខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា គិតចាប់ពីការអនុវត្តរហូតដល់ឆ្នាំ២០២៥ ក្រសួងបានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីចំនួន ១៦ ៣៦៤ ករណី ក្នុងនោះដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៦ ២៨២ ករណី និងកំពុងដោះស្រាយចំនួន ៨២ ករណី។
របាយការណ៍បន្តថា ពាក់ព័ន្ធនឹងការន្លឿនដោះស្រាយវិវាទដីធ្លី ក្រុមការងាររបស់ក្រសួងបាននិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយចំពោះករណីវិវាទដែលនៅសេសសល់ ដើម្បីបិទបញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គម បង្កើតបរិយាកាសគ្មានជម្លោះ ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាក្នុងសង្គម ឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចនៅតាមមូលដ្ឋាន។
សម្រាប់ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា នាពេលកន្លងមក រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជាហូរហែមកដែរ ប៉ុន្តែបញ្ហាដែលជាប់គាំងនោះ គឺបញ្ហាដីធ្លីដែលពាក់ព័ន្ធនឹងអ្នកមានលុយមានអំណាច ដែលធ្វើឱ្យការដោះស្រាយហាក់នៅជាប់គាំង និងរ៉ាំរៃ។ យ៉ាងណា លោកថា បើសិនជាបញ្ហាវិវាទដីធ្លីទាំងនោះ មិនត្រូវបានដោះស្រាយឱ្យបានឆាប់ទេ នោះវានឹងប៉ះពាល់ដល់សន្តិសុខសង្គម ព្រមទាំងសិទ្ធិពលរដ្ឋ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកថា៖ «ខ្ញុំក៏ទទួលស្គាល់ថា មកដល់ពេលនេះ រដ្ឋាភិបាលបានខំប្រឹងច្រើនមកហើយ ក្នុងការដោះស្រាយវិវាទដីធ្លីនេះ ប៉ុន្តែកន្លែងដីធ្លីមួយចំនួន គឺវានៅជាប់គាំងជាមួយនឹងខ្នង ពិសេសអ្នកដែលមានអំណាច ឬក៏មានបុណ្យស័ក្តិអីធំខ្ពង់ខ្ពស់ ដែលគេមិនហ៊ានប៉ះហ្នឹង អាហ្នឹងវាទាល់តែរដ្ឋាភិបាលហ្នឹង ត្រូវតែពង្រឹងនូវការអនុវត្តច្បាប់ហ្នឹងឱ្យបានម៉ឺងម៉ាត់ ហើយធ្វើការស៊ើបអង្កេតឡើងវិញទៅលើករណីដីនីមួយៗហ្នឹង ដើម្បីជៀងវាងកុំឱ្យអ្នកមានអំណាចហ្នឹងចេះតែប្រើអំណាច ដើម្បីវាតទីយកដីរបស់ពលរដ្ឋ»។
ជាមួយគ្នានេះដែរ ដើម្បីកែលម្អស្ថានភាពការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព ក្នុងរបាយការណ៍របស់សមាគមអាដហុក ដែលចេញផ្សាយនៅថ្ងៃនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព និងធានាយុត្តិធម៌ស្មើភាព ធានាឯករាជ្យភាពតុលាការ គោរពសិទ្ធិសហគមន៍និងជនជាតិដើមភាគតិច ទប់ស្កាត់អំពើពុករលួយ និងការប្រើអំណាចខុសគោលបំណងច្បាប់។ របាយការណ៍បានគូសបញ្ជាក់ដែរថា បើសិនជារដ្ឋាភិបាលមិនមានវិធានការណ៍ជាក់ស្តែងទេ វិវាទដីធ្លីនឹងបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច-សង្គម ការកើនឡើងនៃភាពក្រីក្រ ការបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌ ដែលអាចរារាំងការអភិវឌ្ឍរយៈពេលវែង៕

