សង្គមស៊ីវិល គាំទ្រចំពោះចំណាត់ការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបញ្ឈប់ការផ្ដល់រង្វាន់តាមក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ ខណៈពួកគេចង់ឱ្យរដ្ឋាភិបាលពង្រឹងការតាមដានឱ្យបានដិតដល់ ដើម្បីធានានូវប្រសិទ្ធភាព ព្រមទាំងការពារកុំឱ្យមានការលួចលាក់ផ្ដល់រង្វាន់ក្នុងទម្រង់ថ្មីៗ ដែលអូសទាញយុវជនឱ្យបន្តសេពគ្រឿងស្រវឹង។
យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានណែនាំដល់អគ្គនាយកដ្ឋានពន្ធដារ ចំនួន២ចំណុច ក្នុងនោះ ត្រូវអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការផ្តល់រង្វាន់ តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ តទៅ ហើយគ្រប់សហគ្រាសទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករដែលមានការផ្តល់រង្វាន់ទៀតឡើយ។
ក្រៅពីនោះ លិខិតដដែល ក៏បានណែនាំឱ្យពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នាលើការលើកកម្ពស់អនុលោមភាពបន្ថែមទៀត ដោយបញ្ឈប់ទាំងស្រុងនូវការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ផលិតផលគ្រឿងស្រវឹង នៅត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦នេះដូចគ្នា។
ជុំវិញការដាក់ចេញវិធានការនេះ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបង្ហាញការគាំទ្រ ដោយលោកយល់ឃើញថា ការផ្តល់រង្វាន់តាមក្រវិលកំប៉ុង គឺជាយុទ្ធសាស្ត្រដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម និងបំផ្លាញអនាគតយុវជនកម្ពុជា។ លោកថា រដ្ឋាភិបាលមិនត្រឹមតែត្រូវលុបបំបាត់រង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគួរតែឈានទៅដល់ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងគ្រប់ទម្រង់ និងគ្រប់រូបភាពឱ្យបានទូលំទូលាយ ដើម្បីការពារសុខភាពសាធារណៈ និងធានាឱ្យបាននូវប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖ «ខ្ញុំចង់ឃើញការលុបចោលការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើគ្រប់ទម្រង់[…] ព្រោះការផ្តល់រង្វាន់ គឺជាការធ្វើឱ្យខូចអនាគតរបស់យុវជន ខូចតម្លៃសង្គមរបស់យើង អ៊ីចឹងខ្ញុំថាបញ្ហាគួរតែហាមឃាត់ គួរតែដោះឱ្យបានទូលំទូលាយបាទ […] ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវមានការលើកលែងចំពោះអ្នកមិនគោរពតាមឡើយ។ បើចាំបាច់ ត្រូវផាកពិន័យ ឬលុបចោលអាជ្ញាប័ណ្ណតែម្ដង ចំពោះក្រុមហ៊ុនដែលនៅតែបន្តល្មើស»។
ចំណែកឯ លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ក៏បានបង្ហាញការគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលផងដែរ។ លោកថា គ្រឿងស្រវឹងមិនត្រឹមតែបំផ្លាញសុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃបញ្ហាសង្គមជាច្រើនទៀត។
ជាមួយគ្នានេះ លោកក៏សម្តែងការព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរមិនមានយន្តការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ លើការនាំចូលគ្រឿងស្រវឹងពីក្រៅប្រទេសទេ នោះយុទ្ធសាស្ត្របញ្ឈប់ការដាក់រង្វាន់នេះ អាចនឹងមិនទទួលបានជោគជ័យពេញលេញឡើយ ដោយសារក្រុមហ៊ុនមួយចំនួន អាចនឹងប្រើប្រាស់ច្រករបៀង ដើម្បីលួចលាក់ចែកចាយផលិតផលបំពានច្បាប់។
លោកបន្តថា៖ «យើងមិនគួររង់ចាំទាល់តែប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺ ឬគ្រួសារនីមួយៗ រងគ្រោះដោយសារគ្រឿងស្រវឹង ទើបយើងនាំគ្នាភ្ញាក់រលឹកនោះទេ។ ការលុបបំបាត់រង្វាន់ក្រវិលកំប៉ុង គឺជាជំហានដំបូងដ៏ល្អ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការទប់ស្កាត់ការហូរចូលនៃផលិតផលដែលគ្មានប្រភពច្បាស់លាស់ពីប្រទេសជិតខាង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋកាន់តែធ្ងន់ធ្ងរ»។
លោក ឡាយ សារ័ត្ន អាជីវករលក់គ្រឿងស្រវឹងនៅក្រុងសៀមរាប ខេត្តសៀមរាប បង្ហាញការគាំទ្រចំពោះវិធានការនេះដែរ ដោយលោកយល់ថា ការមានរង្វាន់ក្រវិលកំប៉ុង គឺជាកត្តាជំរុញឱ្យយុវជនអាចបន្តការសេពគ្រឿងស្រវឹងបានយូរ បើទោះបីជាពួកគេគ្មានថវិកាគ្រប់គ្រាន់ក៏ដោយ ព្រោះពួកគេអាចយកក្រវិលកំប៉ុងដែលត្រូវរង្វាន់ទៅដូរយកស្រាបៀរមកសេពបន្តបន្ទាប់គ្នា។
លោកថា៖ «ខ្ញុំគាំទ្រក្នុងការផ្អាកដែរ បើសិនជាយើងអាចធ្វើទៅបាន[…] ព្រោះអត់រង្វាន់ក្រវិលកំប៉ុង ក្មេងអត់លុយផឹក បើដូរវាមានលុយតិចតួចនៅអាចដូរបាន ផឹកដូរ ផឹក។ មិនថាខ្ញុំមិនថាគេ ផឹករហូតឈឺរាល់ថ្ងៃ ខួរក្បាលអត់ល្អ បញ្ញាខ្សោយ»។
ជុំវិញយន្តការនៃការផាកពិន័យ ឬវិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនដែលហ៊ានបំពានផ្ដល់រង្វាន់ក្រោយកាលបរិច្ឆេទកំណត់ Press Start Cambodia មិនទាន់អាចសុំការបកស្រាយបន្ថែមពី លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននៅឡើយទេ ត្រឹមរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។
តាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល កាលខែមេសា ឆ្នាំ២០២៣ បង្ហាញថា ប្រហែល ៧០% នៃបុរសនៅកម្ពុជា សេពគ្រឿងស្រវឹង ខណៈស្ត្រីមានត្រឹម ១៦% ប៉ុណ្ណោះ ហើយការសេពគ្រឿងស្រវឹង ក៏ត្រូវបានភ្ជាប់ជាមួយហានិភ័យអំពើហិង្សាក្នុងគ្រួសារផងដែរ៕

