តុលាការ​ផ្តន្ទាទោស​​លោក ភុន យុទ្ធ ដាក់​ពន្ធនាគារ​១៨​ខែ​ពាក់​ព័ន្ធ​នឹង​ការ​​​​មិន​​រាង​​ចាល​​ក្នុង​​បទ​ញុះ​ញង់​

សាលាដំបូងខេត្តតាកែវ នៅថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទា​ទោស ​លោក ភុន យុទ្ធ ដែលជាសកម្ម​ជន​នយោបាយ និងជា​​ជនមានពិការ​ភាព ឱ្យ​ជាប់​ពន្ធនា​គារ ១ឆ្នាំ ៦ខែ ​​​​ពី​​បទ «ការមិនរាង​ចាល​ក្នុង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជា​អាទិ៍» ក្រោយលោក​បញ្ចេញមតិ​រឿងជម្លោះព្រំដែនកម្ពុជា-ថៃ​។

ការប្រកាសសាលក្រម​នេះ ​ធ្វើឡើ​ង​ក្រោយពីសាលាដំបូងខេត្តតាកែវ បានបើក​​សវនាការ​ជំនុំ​ជម្រះ​​រឿង​ក្ដី លោក ភុន យុទ្ធ​ ជាសាធារណៈកាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៦។

លោក ង៉ែត ដាវ៉ុធ អ្នក​នាំពាក្យ​សាលាដំ​បូង​ខេត្ត​តាកែវ បាន​ប្រាប់ Press Start Cambodia យ៉ាងខ្លីថា ចៅក្រមជំនុំជម្រះ បានសម្រេចផ្តន្ទាទោស​ លោក ភុន យុទ្ធ ដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ​ ។

លោកថា៖ «១ឆ្នាំ កន្លះ! សូមអរគុណ»។

យ៉ាងណា បើតាម​​សាលក្រម​ ​​​​ចុះ​​​ថ្ងៃ​​​ទី​​២៨ ខែ​​មេសា ឆ្នាំ​២០២៦​ របស់ចៅក្រមជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​តាកែវ​ លោក ហុង សុគុណ វឌ្ឍនា បាន​សម្រេច​ផ្តន្ទាទោសលោក ភុន យុទ្ធ ហៅ ភាន ហៅ ហ៊ុន យុទ្ធ អាយុ៤១ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ ពីបទ «ការ​មិន​រាង​ចាល​ក្នុង​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេស​ប៊ុក កាលពីថ្ងៃទី២០ ខែកញ្ញា, ថ្ងៃទី២៣ ខែតុលា និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បទល្មើសដែលមានចែង និង​ឱ្យ​ផ្ដន្ទា​ទោសតា​ម​បញ្ញត្តិ​មាត្រា ៨៨ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទ​ណ្ឌ។

សាលក្រម​ដដែល ក៏បានបញ្ជាក់ដែរថា​ តុលាការក៏បានសម្រេចរឹបអូសវត្ថុ​តាង រួមមាន ទូរស័ព្ទ​ដៃម៉ាក VIVO ពណ៌​ទឹកសមុទ្រ ១ គ្រឿង និង​ដ្រូន​​មួយ​គ្រឿង​​ម៉ាក SIRC តាមបញ្ញតិ​មាត្រា ៦២ នៃក្រម​ព្រហ្ម​​ទណ្ឌផង​​ដែរ។

ភរិយារបស់លោក ភុន យុទ្ធ គឺអ្នកស្រី មុំ វិត ចាត់​ទុក​សាលក្រមរបស់សាលាដំបូងខេត្ត​ថាជារឿង​អយុត្តិ​ធម៌​សម្រាប់ប្តីរបស់គាត់ ដោយ​​ថា ប្តីរបស់គាត់គ្រាន់តែ​បញ្ចេញមតិ​នៅលើបណ្តាញសង្គម មិន​បាន​ទៅប្រព្រឹត្ត​​​បទ​​ញុះ​ញង់ដូចការចោទប្រកាន់នោះឡើយ។ ការណ៍នេះ អ្នកស្រីបានស្នើដល់តុលាការ​ពិចារណា​ក្នុងការ​ទម្លាក់​បទចោទទៅលើប្តីរបស់អ្នកស្រី ដើម្បីឱ្យ​គាត់មានសេរីភាពវិញ ខណៈគាត់ជាជនមានពិការ​ភាព និង​គ្រួសារ​ក្រីក្រ។​

អ្នកស្រីថា៖ «ជារឿង​អយុត្តិធម៌ ដោយសារគាត់និយាយ​រឿងអ៊ីចឹងសោះ[បញ្ហាជម្លោះព្រំដែន] បែរ​ជាជាប់រាប់ខែរាប់ឆ្នាំ[…] គាត់ជនពិការផង ទី២ក្រុមគ្រួសារពិបាកក្រីក្រ ហើយមិនមានចំណូលចូល ចំណាយទៅលើកូន ចំណាយទៅលើមើលគាត់ទៅមក។ សំណូមពរឱ្យទម្លាក់ការទម្លាក់ចុះ និយាយរួមទៅ​​ឱ្យគាត់​​នៅក្រៅឃុំក៏បាដែរ»។

ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ បង្ហាញ​ការ​សោកស្ដាយចំពោះ​ការសម្រេច​របស់សាលាដំបូងខេត្តតាកែវ ដែលបានផ្តន្ទាទោស លោក ភុន យុទ្ធ ដោយ​លោក​ចាត់​ទុក​ករណី​នេះ ថា​ជា​ការ​រិត​ត្បិត​លំហ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ដែលធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ និង​បទ​ដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិដែ​ល​កម្ពុជា​បាន​ទទួល​ស្គាល់ និង​ផ្តល់​សច្ចា​ប័ន។

លោកថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពក្នុងការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះមួយ ដែលអនុញ្ញាត​ឱ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិ ដើម្បីរិះគន់ស្ថាបនានូវភាពអសកម្មផ្សេងៗរបស់មន្រ្តីសាធារណ: លើកឡើងពីកង្វល់ និងបញ្ហាដែលកើតឡើងក្នុងសង្គម និងការចូលរួមបញ្ចេញមតិដើម្បីភិវឌ្ឍន៍​​សហគមន៍មូលដ្ឋាន ការ​បញ្ចេញមតិ គឺមានមតិស្រប និងមតិផ្ទុយ ឬការិះគន់»។

សកម្មជននយោបាយ​ និងជាជនមានពិការភាព​ លោក​ ភុន យុទ្ធ ត្រូវ​បាន​​មន្រ្តី​​នគរបាល​​​ខេត្ត​​តាកែវ ​​​ចុះ​​​ទៅ​​ចាប់​​ខ្លួនដល់​​​ផ្ទះ​របស់លោក កាល​ពីព្រឹកថ្ងៃទី​២៩ ខែ​​តុលា ឆ្នាំ​២០២៥ នៅ​​​​ភូមិ​ត្រពាំង​​​ឈូក ឃុំ​ត្រឡាច ស្រុក​​​ទ្រាំង ​ដែលការ​ចាប់ខ្លួន ការ​ឃុំខ្លួន និង​ការ​​ផ្តន្ទាទោស​នេះ ជាលើកទី​៣ហើយ​ ពាក់ព័ន្ធនឹង​ការ​បញ្ចេញ​មតិ​​របស់​លោក រឿងជម្លោះព្រំដែន​កម្ពុជា-ថៃ​។​

បើតាម​អត្ថបទខ្លីរបស់អង្គការ​លីកាដូ លោក ភុន យុទ្ធ ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​​ដាក់​ពន្ធនា​គារ​២ដង​មក​ហើយ ដោយ​លើក​ទី១ តុលាការ​ខេត្ត​សៀម​រាប បាន​ផ្តន្ទា​ទោស​លោក​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​ ១៨​ខែ ពីបទ «ញុះ​ញង់​បង្កឱ្យមានការរើសអើង និង​ជេរ​ប្រមាថ​ជា​សាធារណៈ»។ លើក​ទី២ តុលាការ​ខេត្ត​តាកែវ បាន​កាត់​ទោស​លោក​ដាក់​ពន្ធនា​គារ​រយៈ​ពេល ១៨​ខែ និង​រឹបអូសទូរស័ព្ទ១គ្រឿង ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង។

ប្រភពដដែល​បន្តថា​​ ​លោក​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​​លើកដំបូង​ ​ពី​ខែ​កក្កដា​ ​ដល់​​​ខែ​ធ្នូ​ ​ឆ្នាំ​​​២​០​១​៩​ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សា​រិះគន់​​រាជរដ្ឋាភិបាល​ ​និង​ទាមទារ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង​ ​។​ ​ក្រោយមក​ ​លោក​​​​​ត្រូវ​​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​លើក​ទីពីរ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ក្រោយ​ពេល​លោក​ផ្សាយ​វីដេអូ​ផ្ទាល់​​លើ​បណ្តាញ​សង្គម​របស់​លោក​ ​រិះគន់​រាជរដ្ឋាភិបាល​ ​ពាក់ព័ន្ធ​​នឹង​បញ្ហា​​ការងារ​ ​និង​កិច្ចការ​បរទេស​ ​។​ ​

លីកាដូ បន្តទៀតថា លោក​ ភុន ​យុទ្ធ​ ​ដែល​ជា​ពលរដ្ឋ​ម្នាក់​មាន​ពិការភាព​ ​ធ្លាប់​បាន​លើកឡើង​អំពី​ការ​លំបាក​​ក្នុង​ការ​រស់នៅ​ ​ដោយសារ​ភាព​ចង្អៀត​ណែន​ ​និង​កង្វះ​ធនធាន​ចាំបាច់​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​។​ ​បច្ចុប្បន្ន​ ​លោក​​​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​​តាកែវ​ ​។​

​លោក​ ​យុទ្ធ​ ​គឺ​ស្ថិត​ក្នុងចំណោម​នុស្ស​ចំនួន​ ១០១ នាក់​ ​ដែល​ត្រូវបានឃុំខ្លួន​ដោយសារការប្រើប្រាស់សិទិ្ធ និង​ដែល​បាន​ចងក្រង​ដោយ​អង្គការ​​លី​កា​ដូ ​។

យោង​តាម​មាត្រា៤១​​នៃ​រដ្ឋធម្មនុញ្ញ ​ចែង​ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​​​ខាង​សារព័ត៌​មាន​ សេរីភាព​ខាងការបោះពុម្ពផ្សាយ​សេរីភាព​ខាង​ការ​ប្រជុំ។ ជនណា​ក៏ដោយ​មិន​​អាច​​​ឆ្លៀត​ប្រើសិទ្ធិនេះ ដោយ​រំលោភ​នាំឱ្យប៉ះពាល់​ដល់​កិត្តិយស​​អ្នកដទៃ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ ដល់​​សណ្តាប់​ធ្នាប់​​​សាធារណៈ​ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍