សង្គមស៊ីវិល​ជំរុញរដ្ឋាភិបាលចាត់វិធានការ​ដោយតម្លាភាពដើម្បី​បញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មាន

សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និ​ង​ផ្នែកសេរីភាពសារព័ត៌មាន​​ ជំរុញឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធាន​ការដោយ​​​តម្លាភាព និងស៊ើបអង្កេតដោយឯករាជ្យ ក្នុងសំណុំរឿងឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន ដើម្បី​បញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅកាត់ថា CCHR ចុះថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៥ បាន​លើកឡើង​ថា ចាប់តាំងពីឆ្នាំ១៩៩៤​មក យ៉ាងហោចណាស់ មានអ្នកសារព័ត៌មានចំនួន ១៥​​នាក់ ត្រូវបានសម្លាប់នៅ​ក្នុងប្រទេសកម្ពុជា ដោយ​សារការបំពេញការងាររបស់ខ្លួន ក្នុងនោះមានមួយករណី​កើត​ឡើងនៅចុងឆ្នាំ២០២៤។

ប្រភពបន្តថា ​នៅក្នុងអំឡុងពេលនៃការស្លាប់នោះ​ ជនរងគ្រោះចំនួន១២នាក់ ស្លាប់ដោយសារពាក់ព័ន្ធនឹងសកម្ម​​ភាពរាយការណ៍​ព័ត៌មាន ដែលបានប៉ះពាល់ដល់បុគ្គលមានអំណាចនៅកម្ពុជា ហើយ​​​មក​ដល់បច្ចុប្បន្ន​​នេះ ការ​ស៊ើបអ​ង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យភាព និងតម្លាភាព មិនត្រូវបានដំណើរការ ដើម្បី​នាំ​ជន​ល្មើសដែលបានប្រព្រឹត្តិបទឧក្រិដ្ឋមក ផ្តន្ទាទោសនៅឡើយទេ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា ​លោក សេង សុវឌ្ឍនា បានលើ​កឡើ​ងនៅ​ក្នុង​សេច​ក្តី​ប្រកាស​​ព័ត៌មាន​​នោះថា និទណ្ឌភាព​មិនត្រឹមតែមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់ជនរងគ្រោះ​នៃឧក្រិដ្ឋកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែ​បញ្ហានេះក៏បង្កផលប៉ះពាល់ដោយផ្ទាល់ទៅលើសិទ្ធិដឹងឮ​របស់សាធារណជនផងដែរ។ លោកបន្តថា និទណ្ឌភាពចំពោះ​ឧក្រិដ្ឋ​កម្មលើអ្នកសារព័ត៌មាន គឺជាសារគំរាមកំហែងដល់អ្នកសារព័ត៌​មាន និង​​បង្កើននូវការដាក់កំហិតសេរីភាពខ្លួន​ឯង។

លោក​ស្នើ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា​៖ «រដ្ឋាភិបាល និងស្ថា​ប័ន​ពាក់​ព័ន្ធ​ត្រូវ​ចាត់​វិធាន​ការប្រកប​ដោយ​អត្ថ​ន័យ តម្លា​ភាព និងធ្វើ​កា​រ​ស៊ើប​អង្កេត ដោយ​ឯករាជ្យ ដើម្បី​នាំ​យក​ជន​ល្មើស​មក​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ល្មើស​របស់​ខ្លួន និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ»។

កាលពីឆ្នាំ​២០១៣ សន្និបាត​អង្គការ​សហ​ប្រជាជាតិ បាន​អនុម័ត និងប្រកាសយក​ថ្ងៃទី​២ ខែវិច្ឆិកា ជាទិវា​អន្តរ​ជាតិ​ដើម្បីបញ្ចប់​និទណ្ឌ​ភាព​​នៃ​ឧក្រិដ្ឋ​កម្ម​លើ​អ្នកសារព័ត៌មាន។ សេចក្តីសម្រេចនេះ​ ថ្កោល​ទោស​គ្រប់​ទម្រង់​នៃការ​វាយ​ប្រហារ​ និង​កា​រប្រើអំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន និង​អ្នកធ្វើការ​នៅក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ជំរុញ​រដ្ឋ​ភាគី ឱ្យ​អនុវត្ត​នូវ​វិធានកា​រជាក់លាក់​ប្រយុទ្ធ​ប្រឆាំង​លើ​វប្បធម៌​និទណ្ឌ​ភាព។

បើតាម​ CCHR ទិវានេះ ក៏ជា​អំពាវនាវ​ដល់​រដ្ឋជាភាគី ក្នុងកា​រលើក​កម្ពស់​សុវត្ថិភាព និង​បង្ក​បរិយាកាស​​ដែលអ្នក​សារព័ត៌មាន អាចបំពេញការ​ងារ​របស់​ខ្លួនដោយ​ឯករាជ្យ និ​ងមិន​មានការ​ជ្រៀត​ជ្រែក​ផង​ដែរ។​

អ្នកសម្របសម្រួលគម្រោងគាំពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហួន ផន មានប្រសាសន៍ថា ដើម្បីដោះស្រាយនិងបញ្ចប់អំពើនិទណ្ឌភាពនេះ គឺចាំបាច់​ត្រូវការការចូលរួមពីភាគីផ្សេងៗ​គ្នា រួមមាន ប្រជាពលរដ្ឋ ពីអង្គការសង្គមស៊ីវិល ពីតុលាការ ពីមន្រ្តីនគរបាលយុត្តិធម៌ និងឆន្ទះមុត​​មាំ​ពី​រដ្ឋាភិបាល ដើម្បីធានាថានិទណ្ឌភាពមិនមានកើតឡើងហើយជនរងគ្រោះដែលរងនូវការរំលោភបំពាន​នោះទទួលបានយុត្តិធម៌ពិតប្រាកដ។

លោកថា៖ «ចឹងនិទណ្ឌភាពនេះ វាមិនត្រឹមតែវាប៉ះពាល់ទៅដល់អ្នកសារព័ត៌មាន និងសេរីភាពសារព័ត៌​មានប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះ​ពាល់​ទៅ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​ផ្តល់​ព័ត៌​មាន​ជាក់​លាក់​មួយ​ដ៏​ប្រសើរសម្រាប់​រដ្ឋាភិបាល ក្នុង​ការ​មើល​អំពី​ការ​ផ្តល់​សេវា​របស់​ខ្លួន​ទៅ​ដល់​ប្រជា​ពលរដ្ឋ ក៏ដូច​ជា​ការ ការ​ធ្វើ​កំណែទម្រង់​ផ្នែក​ច្បាប់​ និង​គោល​នយោបាយ​របស់​ខ្លួន​ផង​ដែរ ដែល​ជា​ប្រយោជន៍​សាធារណៈ»។

ចំណែក ​នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មាន​​កម្ពុជា លោក ណុប វី លើកឡើងថា ស្ថានភាព​និទណ្ឌ​ភាព នៅតែជាបញ្ហាសំខាន់មួយ ដែលរារាំងការអនុវត្តសេរីភាពសារព័ត៌មាន ពីព្រោះករណីធ្វើទុក្ខ​បុក​​​​​​ម្នេញ នៅតែមិនទាន់ទទួលបានយុត្តិធម៌ ខណៈលោក​សង្កេត​ឃើញថា ដំណើរ​ការ​ស៊ើប​អង្កេត និងចាប់​ខ្លួន​​ជន​ដៃ​ដល់ ហាក់​មាន​ភាព​យឺតយ៉ាវ។

លោកថា៖ «យើងមិនទាន់ឃើញថា មានចំណុចមួយណាដែលបង្ហាញជាវិជ្ជមានថា ករណីដែលកើតឡើង​លើអ្នកសារព័ត៌មានប្រមាណជា ១៥ ទៅ ១៧​ករណី​នេះ​ គឺ​ថាសាច់ញាតិ ឬក្រុមគ្រួសារជនរងគ្រោះគាត់ ទទួលបានយុត្តិធម៌នៅឡើយទេ»។                                  

សម្រាប់​លោក ណុប វី ដំណោះស្រាយគួរតែផ្តោតលើការពង្រឹងប្រព័ន្ធយុត្តិធម៌ និងអនុវត្តច្បាប់ឲ្យបានតឹងតែង ដើម្បី​ធានាថា ជនដៃដល់ត្រូវបានចាត់វិធាន និងការពារសិទ្ធិរបស់អ្នកសារព័ត៌មានឲ្យបានមានប្រសិទ្ធ​ភាព។

លោកនិយាយថា៖ «ការគាំទ្រចំពោះការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ហើយនិង​​ការ​បង្កើតឲ្យមានច្បាប់ ការគាំទ្រហ្នឹង​វា​គួរ​តែ​កើត​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌​មាន ឬ​មួយក៏​ការ​ឈាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​រ​បប​សារ​ព័ត៌មាន​គួរ​តែ​ធ្វើ​ឲ្យបា​ន​ឆាប់ ដើម្បី​ធានា​ថា​ច្បាប់​វា​មាន​ឥទ្ធិពល​ មាន​វិសាល​ភាព​គ្រប​ដណ្តប់​នៅក្នុងការអនុវត្ត ឬក៏ការការពារចំពោះការអនុវត្តការងាររបស់អ្នកសារព័ត៌មានរដ្ឋ»។

កញ្ញា ជា សុខនី អ្នកសារព័ត៌មាន​នៅអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) យល់ឃើញ​ដែរថា ​ការស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម ឬការ​​យាយី​ទៅ​លើ​អ្នក​សារ​ព័ត៌​មាន​គួរ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​អ្នកពាក់​ព័ន្ធ​នានា។

កញ្ញាថា៖«អ្វីដែលយើងចង់ឃើញហ្នឹង គឺការស៊ើបអង្កេតទាំងអស់ហ្នឹង មានបង្ហាញនូវភស្តុតាង ឬក៏ក្រុមគ្រួសារ​ដែលគាត់អាចទទួលយកបាន ឬក៏មានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល ដែលគាត់អាចចូលរួមបាន​ ក្នុងការដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ចជាមួយនឹងក្រសួងពាក់ព័ន្ធ»។

ទោះជាយ៉ាងណា កញ្ញាក៏ស្នើដល់អ្នក​ពាក់ព័ន្ធនានា គួរតែធ្វើការរួមគ្នាដើម្បីឱ្យអ្នកសារព័ត៌មានដែលរងគ្រោះ ទទួលបានយុត្តិធម៌ពិតប្រាកដ។

កញ្ញាថា៖«ក្រសួងព័ត៌មានគួរតែចូលរួមយ៉ាងណានៅពេលដែលករណីឃាតកម្មលើអ្នកសារព័ត៌មាន មិនមែនប្រគល់ឱ្យសមត្ថកិច្ចទាំងស្រុង បានន័យថា តុលាការឬសមត្ថកិច្ច គាត់គួរតែមានការចូលរួមឃ្លាំមើល ហើយបើកចំហរ​ឱ្យសមាគមន៍ដែលគាត់ធ្វើការ​លើកកម្ពស់សារព័ត៌មាន អង្គការសិទ្ធិមនុស្ស ចូលរួមក្នុងការតាម​ដាន និងឃ្លាំមើល​ករណីឃាតកម្មលើអ្នកសារព័ត៌មាន ឬក៏ករណីរំលោភបំពានលើអ្នកសារព័ត៌មាន»។

Press Start Cambodia មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​​ករណីនេះ ពី លោក សេង ឌីណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌បានទេ នៅថ្ងៃទី​២៨ ខែតុលានេះ។​

តែយ៉ាងណា​ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួង​ព័ត៌មាន បាន​ឱ្យដឹងថា របាយការណ៍ដែលចេញដោយ​​​ក្រសួងព័ត៌មាន​រយៈពេល៨ឆ្នាំចុងក្រោយនេះ គឺ​ពុំមានអ្នកសារព័ត៌មានណាមួយត្រូវបានសម្លាប់ក្នុងពេល​បំពេញការងារឡើយ។

បើតាមរបាយការណ៍ ​លោកថា​ គិត​ចាប់​ពីឆ្នាំ២០២៤ ដល់ដើម​ឆ្នាំ​២០២៥ មានអតីតអ្នកសារព័ត៌​មាន​ និង​មន្ត្រី​ក្រសួង​ព័ត៌​មាន​​​ចំនួន ៤រូប បានទទួលមរណភាពដោយ​ជរាពាធ ខណៈអ្នកសារព័ត៌មាន​ម្នាក់​បានទទួលមរណភាព​ដោយ​ការ​លប​បាញ់ប្រហារ​ដោយសារ​គំនុំផ្ទាល់ខ្លួន ហើយសំណុំរឿងនេះ​បានជម្រះក្តីរួចហើយ​ដែរ។​​​

អ្នកនាំ​ពាក្យក្រសួងព័ត៌មានរូប​នេះ បន្តថា៖«ចំណែក​អំពី​​និទណ្ឌភាព​វិញ គេពុំអាច​និយាយថា ករណីណា​មួយ​​ជានិទណ្ឌភាពបានទេ ប្រសិនបើនីតិវិធី និងដំណើរការនានា​ក្នុងក្របខណ្ឌ​តុលាការមិនទាន់បានបញ្ចប់ ហើយវាជាសមត្ថកិច្ច និងកាតព្វកិច្ចរបស់តុលាការ ដែលជាអំណាចឯករាជ្យក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ»។

ស្របពេលគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​​អ្នក​សារព័ត៌មានទាំងអស់ គួ​រ​តែគោ​រព​សីល​ធម៌​វិជ្ជា​ជីវៈ និង​រាយ​ការណ៍​​ព័ត៌​​​មាន​​​ត្រឹម​​ត្រូវ ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅ​ពេ​ល​ធ្វើ​ប្រធាន​បទ​ពិបាក ដូចជា ករណី​អំពើ​ឧក្រិដ្ឋ និង​បទ​ល្មើស ដោយ​ត្រូវ​ស្វែង​រក​ការ​សហការ​ជាមួយ​សមត្ថកិច្ច ហើយកុំអនុវត្តហួសតួនាទី ឬប្រើព័ត៌មាន​ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចនាំឲ្យមានហានិភ័យ និងគ្រោះថ្នាក់ដល់ខ្លួន​​។

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២៥ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ចំនួន​១០​លេខ ពោល​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី​១៥១ នៅ​ឆ្នាំ​២០២៤ មក​ទី​១៦១ នៅ​ឆ្នាំ​២០២៥។

មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរ​បស់​កម្ពុជា គឺ​ដោយ​យោង​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូ​ច​ជា បរិយាកាស​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បរិបទ​នយោ​បាយ ក្រប​​ខណ្ឌ​​ច្បាប់ បរិបទ​សេដ្ឋកិច្ច បរិបទ​សង្គម វប្បធម៌ និង​បញ្ហា​សុវត្ថិ​ភាព។

តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកចំណាត់ថ្នាក់របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ជាការស្រង់​យក​របាយការណ៍មួយជ្រុង​តូចមកចុះផ្សាយ ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃសេរីភាសារព័ត៌មាន​នៅកម្ពុជា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍