សង្គមស៊ីវិល​មើលឃើញថា ​និទណ្ឌ​ភាពនៃ​​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន នៅតែជា​កង្វល់​ខ្លាំង​​នៅ​ឆ្នាំ​​នេះ​

អង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ​​ ដែលធ្វើការ​ផ្នែក​លើកកម្ពស់សេរីភាពសារព័ត៌មាន​នៅ​កម្ពុជា មើល​ឃើញថា ការ​រំលោភសិទ្ធិមនុស្ស និង​និទណ្ឌភាព​នៃ​ឧក្រិដ្ឋ​កម្ម​លើ​អ្នកសារព័ត៌​មាន ​​​នៅ​តែ​ជា​​កង្វល់​ខ្លាំង​នៅ​ក្នុង​​ឆ្នាំ​២០២៥នេះ ដែល​ការណ៍នេះ ពួកគេ​បានស្នើ​ដល់​រដ្ឋាភិបាល​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​​ឱ្យ​​បាន​​ឆាប់​រហ័ស និង​មាន​​ប្រសិទ្ធ​ភាព។

ការ​លើកឡើង​នេះ ស្រប​ពេល​ទិវាអន្តរជាតិ​ដើម្បីបញ្ចប់​និទណ្ឌ​ភាព​នៃ​ឧក្រិដ្ឋ​កម្ម​លើ​អ្នកសារព័ត៌​មាន នៅ​ថ្ងៃទី​០២ ខែ​វិច្ឆិកា ដែល​ត្រូវ​បានអនុម័ត​​ឱ្យ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០១៣មក ដោយ​សន្និបាត​​អង្គការ​សហ​ប្រជា​ជាតិ។ ​សេចក្តីសម្រេចរបស់​អង្គការ​​សហ​ប្រជាជាតិ​​នេះ​ ក៏​បាន​​​ថ្កោល​ទោស​គ្រប់​ទម្រង់​នៃការ​វាយ​ប្រហារ​ និង​កា​រប្រើប្រាស់​​អំពើ​​ហិង្សា​​លើ​​អ្នក​សារព័ត៌​មាន និង​​អ្នក​ធ្វើការ​​នៅ​ក្នុង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ ព្រមទាំង​​ជំរុញដល់​​រដ្ឋ​ភាគី ឱ្យ​អនុវត្ត​នូវ​វិធានកា​រ​​ជាក់​លាក់​ប្រយុទ្ធ​ប្រឆាំង​លើ​វប្បធម៌​​និទណ្ឌ​​ភាព។

ទិវានេះ ក៏ជា​អំពាវនាវ​ដល់​រដ្ឋជាភាគី ក្នុងកា​រលើក​កម្ពស់​សុវត្ថិភាព និង​បង្ក​បរិយាកាស​​ដែលអ្នក​សារព័ត៌មាន អាចបំពេញការ​ងារ​របស់​ខ្លួនដោយ​ឯករាជ្យ និ​ងមិន​មានការ​ជ្រៀត​ជ្រែក​ផង​ដែរ។​

ស្របពេលការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ដើម្បីបញ្ចប់​និទណ្ឌ​ភាព​នៃ​ឧក្រិដ្ឋ​កម្ម​លើ​អ្នកសារព័ត៌មាន នៅថ្ងៃទី​០២ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៥នេះ អង្គការ​សង្គមស៊ីវិល​ និង​សមាគម​សារព័ត៌មាន​ជាតិ និង​អន្តរ​ជាតិ​ចំនួន ១១ស្ថាប័ន ក្នុង​នោះ​មាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) មជ្ឈ​​មណ្ឌល​​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការ Alliance of Independent Journalists (AJI) នៅប្រទេសឥណ្ឌូនេស៊ី​ និងស្ថាប័ន​ Gerakan Media Merdeka (Geramm) នៅ​ប្រទេស​ម៉ាឡេស៊ីជាដើម​នោះ​ បានបង្ហាញ​ពីកង្វល់កាន់តែខ្លាំងនៅឆ្នាំ២០២៥ ​នេះ ចំពោះការរំលោភ​សិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មលើ​អ្នកសារព័ត៌មាន។

សេចក្ដីថ្លែងការណ៍រួម​នោះ បន្តថា បើតាម​កំណត់​ត្រា​របស់​មជ្ឈ​មណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា យ៉ាង​ហោច​ណាស់ អ្នក​សារ​ព័ត៌​មាន​ចំនួន​ ១៥​នាក់ ត្រូវ​បាន​សម្លាប់​នៅក្នុ​ង​ប្រទេស​កម្ពុជា ចាប់​តាំង​ពីឆ្នាំ​១៩៩៤​មក ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន ​១២នាក់ បាន​រាយ​ការណ៍​អំពី​បញ្ហា​រសើប ដូចជា បញ្ហាប​រិស្ថា​ន និង​បញ្ហា​នយោបាយ ដែលអ្នក​​រងគ្រោះទាំងនោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។

សេចក្ដីថ្លែងការណ៍ ក៏បាន​ស្រង់​កំណត់​ត្រារបស់​ខេមបូចា​ដែរ​​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ២០២៥ មាន​ករណី​រំលោភ​សិទ្ធិ​លើ​អ្នក​សារ​ព័ត៌​មាន និងស្ថាប័នសារព័ត៌មានសរុបចំនួន ៤៧ ករណី ហើយក្នុងចំណោមនោះ មាន៣៧​ករណី ជា​ការ​គំរាម​គំហែង​ផ្លូវ​ច្បាប់ សកម្ម​ភាព​យាយី​តាម​ផ្លូវ​ច្បាប់ ដែល​រួម​មាន​ការ​​កោះ​ហៅ​​សួរ​ចម្លើយ ការចាប់ខ្លួន ការឃុំខ្លួន និងការឃុំខ្លួនបណ្តោះអាសន្ន។ បន្ថែមពីនេះ​ទៀត អាជ្ញា​បណ្ណ​​សារព័ត៌មាន​ចំនួន៥ ត្រូវ​បាន​ដក​ហូត ហើយ​ ៥ករណី ជាការ​បំពាន​លើ​រាងកាយ។

សេចក្ដីថ្លែងការណ៍បន្តថា៖ «ទាំងនេះជាការឆ្លុះបញ្ចាំងពីបញ្ហានិទណ្ឌភាពកាន់តែទូលំទូលាយ ដែលអ្នកទទួលខុសត្រូវ​ចំពោះការរំលោភបំពានលើអ្នកសារព័ត៌មាន ជារឿយៗមិនត្រូវបានដាក់ទោស​ទំនុកចិត្តបន្ថែមទៀតនៅក្នុងប្រព័ន្ធយុត្តិធម៌[…] ការវាយ​ប្រហារ​លើ​អ្នកសារព័ត៌មាន​ និងបុគ្គលិក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ គឺជាការ​វាយ​ប្រហារ​មកលើ​យើងទាំ​ង​អស់​គ្នា ព្រោះ​​ពួកគេ​ជា​សំឡេង​ដ៏សំខាន់​សម្រាប់សាធារណជន»។

បញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិលទាំង​នោះ​ ក៏បាន​​អំពាវ​នាវ​ដល់​រដ្ឋាភិបាលកម្ពុជា​​ ចាត់វិធានការ​​ឱ្យ​​បាន​​​ឆាប់​រហ័ស​ និង​ជាក់លាក់ ​​ដើម្បីធានានូវ​ការ​ស៊ើប​អង្កេត​ប្រក​ប​ដោយ​​ប្រសិទ្ធភាព ឯករាជ្យ និង​​តម្លា​ភាព ចំពោះ​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​។

សេចក្តីថ្លែងការណ៍រួម​ បានគូសបញ្ជាក់ថា៖ «យើង​សូមទាមទារ​យុត្តិធម៌​​សម្រាប់​អ្នក​ទាំ​ងឡាយ ដែល​​​សិទ្ធិ​របស់​​គេ​មិន​ត្រូវ​បាន​អើ​ពើ។ រដ្ឋាភិបាល​ត្រូវ​តែ​ថ្កោល​ទោស និង​បញ្ចប់​​នូវ​និទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារព័ត៌មាន និង​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​»។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អ្នកស្រី ឆន សុគន្ធា មាន​​ប្រសាសន៍នៅ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា​នេះ​​ថា ចំនួនករណីនៃការធ្វើទុកបុកម្នេញ រួម​ទាំង​ការ​គំរាម​កំហែង​អ្នក​សារ​ព័ត៌​មាន​តាម​ផ្លូវ​​តុលាការ​នៅ​កម្ពុជា ​​​បានបន្តកើនឡើង ខណៈ​ដែល​របាយ​ការណ៍​ផ្សេងៗ​បាន​បញ្ជាក់​ពី​ការ​ថយ​ចុះ​នៃ​សេរីភាព​សារព័ត៌​មាន​។

អ្នក​ស្រី​ថា៖​ «ស្ថាប័នយើង គឺជា​ស្ថាប័ន​មួយ​ដែល​ផ្ដល់​ការ​គាំទ្រ​ទៅ​ដល់​អ្នក​សារ​ព័ត៌​មាន​ផ្នែក​ច្បាប់ ក៏​បន្ត​​ការ​កត់​ត្រាទុ​ក​នូវ​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​អ្នក​សារ​ព័ត៌​មាន​ហ្នឹង ក៏​យើង​មើល​ឃើញ​ថា ចំនួន​ករណី​ដែល​​កើត​ឡើង​សម្រាប់​អ្នក​សារ​ព័ត៌​មាន​ហ្នឹង នៅ​តែ​មាន​ការ​កើន​ឡើង​[…] អ៊ីចឹង​ជាការ​ទាញ​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ឆ្នាំ​នេះ យើង​មើល​ឃើញ​ហើយ​របាយ​ការណ៍​ខាង​អង្គ​ការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែន គាត់​បាន​ចេញ​​​នៅ​ក្នុ​ងឆ្នាំ​២០២៥​នេះ គឺ​ប្រទេស​កម្ពុ​ជា​យើង​ធ្លាក់​រហូត​ដល់​១៦១ នៅ​ក្នុង​១៨០​ប្រទេស»។

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ អង្គការអ្ន​កសារព័ត៌មានគ្មាន​ព្រំដែន​ (Reporters Without Borders) បាន​ចាត់ថ្នាក់ប្រទេសកម្ពុជានៅ​លេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេសក្នុងឆ្នាំ២០២៥ ដែល​ចំណាត់ថ្នាក់នេះបានថយចុះ១០លេខ ​ពីលេខ​១៥១ ក្នុងចំណោម ១៨០ ប្រទេស កាលពីឆ្នាំ២០២៤។ ការទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា​នេះ ដោយអង្គការ​អន្តរ​ជាតិ​មួយ​នេះ ផ្អែក​លើកត្តា​បរិបទ​នយោបា​យ សេដ្ឋ​កិច្ច ក្រប​ខណ្ឌច្បាប់ បរិបទសង្គម និងកត្តាសុវត្ថិភាពជាដើម។

យ៉ាងណា សម្រាប់​​ អ្នកស្រី ឆន សុគន្ធា អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា បើក​លំហរសេរីភាព​សារព័ត៌មាន និង​ពន្លឿន​នីតិវិធីក្នុងការ​ស្វែង​រក​យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន​ដែល​បានស្លាប់ និង​រង​គ្រោះ​អំឡុង​ពេល​បំពេញ​ការ​ងារ​តាមវិជ្ជាជីវៈរបស់ខ្លួន ដើម្បីបញ្ចប់បញ្ហានិទណ្ឌ​ភាព​នៃ​ឧក្រិដ្ឋ​កម្ម​លើអ្នកសារព័ត៌មាន។

អ្នកស្រីបានស្នើ​​ថា៖ «ស្នើឱ្យរដ្ឋាភិបាល​​កម្ពុជា​​ សុំ​ពន្លឿន​ទៅ​ខាង​តុលាការ ដើម្បី​ធ្វើ​ការ​ដោះស្រា​យ​ ឬ​ក៏​ស្វែង​រក​យុត្តិ​ធម៌​ជូន​ទៅ​​ដល់​អ្នក​សារ​ព័ត៌​មាន​ទាំង​អស់ ដែល​គាត់​បាន​ពលី​ដោយ​សារ​អាជីព​​ជា​អ្នក​សារ​ព័ត៌​មាន​ ហើយ​ធ្វើកិច្ច​ការ​ងារ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សារ​ព័ត៌​មាន​[…] សុំ​បើក​លំហ​ទៅ​ដល់អ្នក​សារ​ព័ត៌​មាន​ ដែល​គាត់​ហ៊ាន​នៅ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌​មាន​ពិត ​ជូន​ទៅ​ដល់​មហា​​ជន​​[…]​កុំ​ឱ្យមា​នកា​រ​យាយី​ ការ​បំភិត​បំភ័យ​ និង​ការ​បៀត​បៀន[លើ​អ្នកសារព័ត៌មាន​]»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) លោក ណុប វី យល់ថា បញ្ហានិទណ្ឌភាពនៃឧក្រិដ្ឋកម្ម​លើអ្នកសារព័ត៌មាន អាចនឹងធ្វើឱ្យអ្នកសារព័ត៌មាន មានការភ័យខ្លាចក្នុងកា​ររាយការណ៍​ព័ត៌មាន​ពិត និង​ព័ត៌មាន​រសើប​ក្នុង​សង្គម​។​

លោកថា៖ «អ្នកសារព័ត៌មានឯករាជ្យដែលគាត់ចូលរួមច្រើននៅក្នុងការពិនិត្យ តាមដាន ធ្វើសេច​ក្ដី​រាយ​ការណ៍​រឿង​បរិស្ថាន សិទ្ធិមនុស្ស រឿងសង្គមផ្សេងៗ រួមទាំងទាក់ទងអំពើ​ពុក​រលួយផ្សេងៗហ្នឹង គឺថាពួកគាត់មានការខ្លាចរអា បើសិនជាករណីនិទណ្ឌភាពហ្នឹង វានៅតែបន្តអូសបន្លាយ ហើយ​ជនដៃដល់ហ្នឹង មិនត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោស​ទៅតាមផ្លូវច្បាប់​ឱ្យបានតឹងរឹងទេ»។

ករណីនេះ លោក ណុប វី ស្នើអាជ្ញាធរពាក់ព័ន្ធពន្លឿនការស៊ើបអង្កេត និងបិទបញ្ចប់សំណុំរឿងដែលកើតឡើងលើអ្នកសារព័ត៌មាន នាពេលកន្លងមក ដោយមិនត្រូវអត់ឱនដល់ជនល្មើសឡើយ។ លោកក៏ស្នើឱ្យមានការពង្រឹងបន្ថែម សម្រួល និងផ្ដល់មធ្យោបាយឱ្យអ្នកសារព័ត៌មាននៅកម្ពុជា អាចធ្វើការខ្លួនបានងាយស្រួល។

របាយការណ៍ប្រចាំឆ្នាំ​២០២៤​​ របស់​​​​ខេមបូចា ចេញផ្សាយ​កាលពីថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ក្នុងឆ្នាំ២០២៤ មានការកត់ត្រា​ឧបទ្ទវហេតុយ៉ាងហោច​ណាស់ ៤១​ករណី ដែលប៉ះពាល់ដល់​អ្នកសារព័ត៌​មាន​ជាង ៦០​នាក់ ហើយក្នុងចំណោម​ករណីទាំងនោះ មានចំនួន ៦៨​ភាគរយពាក់​ព័ន្ធនឹងសកម្ម​ភាព​ផ្លូវច្បាប់។ ករណីជាច្រើនក្នុង​ចំណោមនោះ អ្នកកាសែតត្រូវបានចោទប្រកាន់​ពីបទញុះញង់ និងបរិហារកេរ្តិ៍ ក្រោយពីពួកគេបានរាយការណ៍ប៉ះពាល់ដល់មុខមាត់ អាជ្ញាធរ និងបុគ្គលផ្សេងទៀត។

ចំណែក ​នាយកទទួលបន្ទុកការងារទូទៅនៃអង្គការការពារ​សិទ្ធិ​មនុស្ស​​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​​ថា បញ្ហា​និទណ្ឌ​ភាព​នៃ​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារព័ត៌មាន​​ និងអ្នកការពារសិទ្ធិមនុស្ស ឬ​ភាពដែលជនប្រព្រឹត្តិនៅក្រៅប្រព័ន្ធច្បាប់ គឺជាក្តីកង្វល់ និងជាក្តីបារម្ភមួយ​របស់​សង្គ​ម​ស៊ីវិល​ ព្រោះ​ជនដែល​​ប្រព្រឹត្ត​បទ​ល្មើស នៅ​មិន​ទាន់ត្រូវ​បាន​​​ចាប់ខ្លួន​​​​យក​មក​ផ្តន្ទា​ទោស​នៅ​ឡើយ។

លោកថា៖ «និទណ្ឌភាព គឺបង្កើតនូវភាពអត់យុត្តិធម៌ ប្រសិនបើសង្គមមួយ បើមាននិទណ្ឌ​ភាពច្រើន​បង្កឱ្យមាននៅភាពអយុត្តិធម៌ក្នុងសង្គម បង្កឱ្យប្រជាពលរដ្ឋបាត់ជំនឿទុកចិត្តលើប្រព័ន្ធយុត្តិ​ធម៌ បង្ក​ឱ្យសង្គមបែកបាក់​សាមគ្គីភាព ឯកភាពជាតិ ប៉ះពាល់ដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិ»។

បើតាម លោក អំ សំអាត រាជរដ្ឋាភិបាល ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ គួរ​បន្តចាត់វិធានការស៊ើបអង្កេត និងចាត់​វិធានការផ្លូវច្បាប់ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ថា​ជន​ដែល​ប្រព្រឹត្តបទ​ល្មើស​សម្លាប់​អ្នក​សារព័ត៌មាន​ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ក៏ដូចជនដែលប្រព្រឹត្តបទ​ល្មើសព្រហ្ម​ទណ្ឌ និង​ឧក្រិដ្ឋ​ផ្សេង​ទៀត ត្រូវ​បាន​នាំយ​ក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោកបន្ថែមថា​៖ «អាជ្ញាធរ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ទ គួររួមគ្នាបញ្ឈប់និទណ្ឌភាព​លើឧក្រិដ្ឋ​​កម្មលើអ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្ស ដោយធានាថារាល់បទល្មើសឧក្រិដ្ឋកម្មលើអ្នក​កាសែត និងអ្នកការពារសិទ្ធិមនុស្ស ត្រូវស៊ើបអង្កេតដោយហ្មត់ចត់ តម្លាភាព និងយុត្តិធម៌ ហើយធានាថារាល់អ្នកប្រព្រឹត្តបទល្មើសត្រូវនាំយកទៅផ្តន្ទាទោសតាមច្បាប់»។

សម្រាប់​ អ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ វ័យ៥៨ឆ្នាំ ដែល​​​កំពុងជាប់​បណ្ដឹងនៅ​តុលាការចំនួន ២០សំណុំរឿង បាន​​អះ​អាង​ថា ការដែលលោករងបណ្ដឹងទាំង​នោះ គឺដោយសារលោករាយការណ៍ពីការកាប់បំផ្លាញព្រៃឈើ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមួយ​ចំនួន។

លោកថា៖ «សព្វថ្ងៃខ្ញុំជាប់បណ្ដឹង២០សំណុំរឿង ពាក់ព័ន្ធជាមួយមន្ត្រីគាត់រកស៊ីអារឈើខិលខូចអ៊ីចឹង​ទៅខ្ញុំ​យក​ព័ត៌មាន​ផ្សព្វ​ផ្សាយទៅ បែរជាគេខឹងខ្ញុំ​ឡើង​តុលាការ​[…] សព្វថ្ងៃរឹតត្បិតអ្នកសារព័ត៌មានមិនថា​ព័ត៌មានខាងណា បើព័ត៌មានណាដែលនិយាយទៅលើកជើងរដ្ឋាភិបាល សារព័ត៌​មាន​នោះ​អាច​នៅ​គង់​វង្ស[…] អ៊ីចឹង​បាន​ថា​សព្វ​ថ្ងៃ​ គេ​រឹត​ត្បិត​អ្នក​សារ​ព័ត៌​មាន មិន​ឱ្យ​ហ៊ាន​និយាយ​​ស្ដី​អីពី​ទង្វើ​មន្ត្រី​ដែល​គាត់​ធ្វើ​​មិន​ល្អ»។

ករណីនេះលោក អ៊ុក ម៉ៅ បាន​ដល់រដ្ឋាភិបាល បើក​លំហសេរីភាព​សារព័ត៌មាន និ​ងមាន​ចំណាត់​ការ​ទៅ​លើ​​មន្ត្រី​​ដែល​ប្រព្រឹត្ត​ខុស ព្រមទាំង​គួរមាន​ការ​លើកទឹក​ចិត្ត​អ្នកសារព័ត៌មាន ដែល​ហ៊ាន​រាយការណ៍ព័ត៌​មាន​ពិត ​​ពីភាព​អសកម្ម​របស់​មន្ត្រី និង​បញ្ហា​រសើប​ផ្សេង​ៗ​ក្នុង​សង្គម ដើម្បី​ឱ្យមានការ​ស្ថាបនា និងអភិបាល​កិច្ចល្អ​ក្នុងសង្គម។

ជុំវិញបញ្ហានេះ Press Start Cambodia មិនអាចសុំការអធិប្បាយពីអុ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា និង​លោក ឯម ច័ន្ទមករា បានទេគិត​​ត្រឹមរសៀលថ្ងៃទី៣ ខែវិច្ឆិកានេះ។

យ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​លើកឡើង​ថា​ ពុំ​អាច​ចាត់​ទុក​ថាករណី​​ណាមួ​យ​​ជានិទណ្ឌភាព​បានទេ ប្រសិនបើនីតិវិធី និង​ដំណើរការនានា ស្ថិត​​ក្នុង​ក្រប​ខណ្ឌ​តុលាការ ដែល​មិនទាន់បានបញ្ចប់។

លោកបន្តថា៖«តាមទិន្នន័យ និងរបាយការណ៍របស់ក្រសួងព័ត៌មាន រយៈពេល ៨ឆ្នាំចុងក្រោយ​នេះ គឺមិនមានអ្នកសារព័ត៌មានណាម្នាក់​ត្រូវសម្លាប់ ក្នុងពេល​បំពេញការងារប្រកប​ដោយវិជ្ជាជីវៈ ក្រមសីលធម៌​ជាអ្នកសារព័ត៌មាននោះទេ។ គិតចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៥ យោងតាមទិន្នន័យ​ស្ថិតិដដែលនេះ អតីតអ្នកសារព័ត៌មាន និងមន្ត្រីក្រសួងព័ត៌មានសរុបចំនួន ៤ រូប បានទទួល មរណភាពដោយជរាពាធ ហើយអ្នកសារព័ត៌មាន ១ រូបបានទទួលមរណភាព ដោយការលបបាញ់​ព្រោះគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជម្រះក្តីហើយ»។

ជាមួយ​គ្នានេះ លោក អស្នារិទ្ធ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌​ក្នុងការងាររបស់ខ្លួន ព្រមទាំងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅពេលរាយការណ៍ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ ដោយត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។ លោកក៏ក្រើនរំលឹកអ្នកសារព័ត៌មាន មិនត្រូវអនុវត្តហួសដែន ឬលើសពីតួនាទីរបស់ខ្លួន និងមិនត្រូវប្រើព័ត៌មានដើម្បីប្រយោជន៍អ្វីមួយ ដែលវាអាចនាំមកនូវផលវិបាក ហានិភ័យនិងគ្រោះថ្នាក់ដល់ជីវិត។

កាលពីថ្ងៃទី​៣០​ ខែ​មេសា ​ក្រសួងព័ត៌មាន ក៏បាន​បង្ហាញរបាយការណ៍ស្ទង់មតិមួយ​នៅ​​​ឆ្នាំ២០២៥ ដែល​​​​បាន​បង្ហាញ​​អំពី​លំហ​សេរីភាព​ប្រសើរ​​ក្នុង​​ការ​​ប្រកប​​ការ​​ងារផងដែរ​​ ក្នុងនោះ ​អ្ន​កសា​រ​ព័ត៌​មានចំ​នួន​ជាង ៨៦% បានអះអាងថា មានសេរីភាពពេញលេញក្នុងការ​ប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមាន​សុវត្ថិភាព គ្មានការយាយី និងមានបរិយាកាសងាយស្រួល​ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

តែយ៉ាងណា ​ក្នុង​ទិវា​អន្តរជាតិ​ដើម្បីបញ្ចប់​និទណ្ឌ​ភាព​នៃ​ឧក្រិដ្ឋ​កម្ម​លើ​អ្នកសារព័ត៌មាន នៅថ្ងៃទី​០២ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៥នេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គុយតេរេស (António Guterres) ដែល​​ត្រូវបានស្រង់សម្តី​មក​ផ្សព្វផ្សាយ​ក្នុង​​ទំព័រ​ហ្វេស​ប៊ុក​របស់​​អង្គការ​សហ​ប្រជាជា​តិ​(United Nations) បាន​​អំពាវ​នាវ​​​ឱ្យ​​មាន​​ការ​​ការ​ពារ​​អ្នកបម្រើការងារផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ទូទាំង​​ពិភព​លោក ដើម្បី​ឱ្យ​​ពួក​​គេ​​អាច​​អនុវត្ត​​ការ​ងារ​​ចាំបាច់​​របស់​​ពួក​​គេ​​ដោយ​សុវត្ថិ​ភាព​។

លោក​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ដែល​កំពុង​កើន​ឡើង​​លើអ្នក​សារព័ត៌​មាន​ អំឡុង​​ពេល​​ពួក​​គេ​ស្វែង​​រក​​ការ​​ពិត រួម​ទាំង​ការ​រំលោភ​បំពានដោយ​​ពាក្យ​សម្ដី ការគំរាមកំហែងផ្លូវច្បាប់ ការ​វាយ​ប្រហារ​លើ​រូបរាងកាយ ការចាប់ខ្លួន​ ការធ្វើទារុណកម្ម និងការស្លាប់ពួកគេជាដើម។

លោកថា៖ «យើងទាំងអស់គ្នាបាត់បង់សំឡេងរបស់យើង នៅពេលដែលអ្នកកាសែតត្រូវបានបំបិទ​សំឡេង[…] សូម​យើង​រួមគ្នា​ការ​ពារ​​សេរីភាព​សារព័ត៌មាន ទាមទារឱ្យមាន​ការ​ទទួល​ខុស​ត្រូវ និង​ធានា​ថា អ្នកដែល​និយាយ​ការ​​ពិត អាចធ្វើបានដោយគ្មានការ​ភ័យ​ខ្លាច»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍