ពលរដ្ឋនិង​សង្គម​​ស៊ីវិល​​បារម្ភ​​ពីកំណើន​ក្មេងទំនើង ដោយជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ​បន្ត​បង្រ្កាប​ឱ្យ​​មាន​​ប្រសិទ្ធ​ភាព

ដោយៈ

សុត បាន Avatar

ពលរដ្ឋ និង​សង្គមស៊ីវិល បង្ហាញក្តីបារម្ភ​ពី​បញ្ហា​សន្តិ​សុខ សុវត្ថិភាព ក្រោយ​មាន​ការចែកចាយលើ​​បណ្តាញសង្គមជាថ្មី​ទៀត​​ ពាក់ព័ន្ធនឹងសកម្មភាព​ក្មេងទំនើង​​បង្ហោះ​ម៉ូតូ និង​វាយ​តប់​គ្នានៅតាមដង​ផ្លូវ នៅ​បណ្តារាជធានី និង​ខេត្ត​មួយចំនួន ដែល​ការណ៍នេះ ពួកគាត់​បាន​​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បន្ត​ចុះ​បង្រ្កាប​ឱ្យប្រសិទ្ធ​ភាព និង​ពង្រឹងការអនុវត្តច្បាប់ឱ្យតឹងរឹង ដើម្បី​ភូមិឃុំមានសុវត្ថិ​​ភាព។​

ការព្រួយបារម្ភនេះ ក្រោយពីមានការចែកចាយវីអូដេលើបណ្តាញសង្គម ពីសកម្មភាព​ក្រុម​ក្មេងទំនើង​បន្ត​វាយ​ដំ កាប់​ចាក់​គ្នា និង​បង្ហោះ​ម៉ូតូ​យ៉ាង​អាណា​ធិប​តេយ្យ នៅតាមដងផ្លូវមួយចំនួន​។ ជាក់​ស្តែង កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០២៦​ មាន​​ករណី​ក្រុមក្មេង​ទំនើង​មួយ​ក្រុម បាន​បង្ក​ភាព​ចលាចល​វាយ​​គ្នា និង​​បង្ហោះ​ម៉ូតូ​ឌឺ​ដង​គ្នា នៅ​សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លើសពីនេះ កាលពីថ្ងៃទី៥ ខែ​មេសានេះដែរ ក្រុមក្មេងទំនើងមួយក្រុមទៀត បានវាយដំ កាប់ចាក់​គ្នា បង្កការអុកឡុងធ្វើឱ្យផ្អើលភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិ ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មីមួយ នៅក្រុង​​ព្រះ​សីហនុ។

កាលពីរសៀល​​ថ្ងៃទី​០៣ ខែមេសា ទំព័រ​ហ្វេសប៊ុក​​សារព័ត៌មាន FNP News ក៏បាន​បង្ហាញនូវ​រូបភាពជា​ច្រើន​សន្លឹក​​ ជុំវិញ​​ករណីក្មេងទំនើងពីរក្រុមវាយគ្នានៅ​តាមដង​​ផ្លូវ បន្ទាប់​​ពី​ចេញ​ពី​សង្ក្រាន្តស្រែ​តានង ស្ថិត​ក្នុង​មូល​ដ្ឋាន​ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។

បន្ថែមពីនេះ កាលពីថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០២៦ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំព​ង់ចាម បាន​ចុះស្រាវ​ជ្រាវ​ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា បង្ក​ដោយ​ក្មេង​ទំនើង​មួយ​ក្រុម មា​ន​គ្នា​ប្រហែល​១០​នាក់ បង្ក​​​ហិង្សាវាយកាប់គ្នា នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជុំវិញរឿង​នេះ ពលរដ្ឋរស់នៅខេត្តកំពង់ចាម លោក ឃីម សុខុម បានប្រាប់ Press Start Cambodia នៅថ្ងៃទី​០៧ ខែមេសា​​ថា បច្ចុប្បន្ន​​​នេះ បញ្ហា​ក្មេង​ទំនើង​បាន​បង្ក​ជា​ហានិភ័យ និង​ភាព​​ភ័យ​ខ្លាច​ពី​អសន្តិសុខ និង​សុវត្ថិភាពក្នុង​សង្គម ទាំង​នៅទីក្រុង និង​ជនបទ។ ស្រប​​ពេល​​​រដូវ​​​កាល​​​ចូល​ឆ្នាំ​​ខ្មែរ​មក​ដល់ ដែលតាមភូមិ​ និង​វត្ត​អារាម មាន​​រៀបចំ​កម្មវិធីលេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​ការ​រាំរែកតាម​​បែប​ប្រ​ពៃ​ណី លោក​​​ក៏សង្កេត​ឃើញ​​ករណី​ក្មេង​ទំនើង​​​វាយ​តប់គ្នា​ហាក់​កក្រើក​ឡើង​វិញ​ ដែល​​ការ​ណ៍នេះ​ លោក​​​ស្នើដល់អាជ្ញាធរមានសមត្ថ​កិច្ច​បង្កើន​ការ​ទប់ស្កាត់ និង​​បង្ក្រាប​បញ្ហានេះ​ឱ្យ​មានប្រសិទ្ធភាព ដើម្បី​​​ភូមិឃុំមានសុវត្ថិភាព ក៏ដូចជា​ជៀសវាង​ផល​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​។

លោកថា៖ «អូរ៍! បញ្ហាក្មេង​ទំនើងនេះ មិន​មែនទើបតែកើតទេ ពីរ​បីឆ្នាំមកនេះ ខ្ញុំឃើញផ្ទាល់ផង ឃើញ​តាមបណ្តាញសង្គមផង ពាសពេញហ្នឹង ខ្លះកាប់គ្នាអាណាធិបតេយ្យ ខ្លះបង្ហោះម៉ូតូ វាយគ្នា បង្កការរំខានដល់ពលរដ្ឋ ប៉ះពាល់ទៅដល់សុវត្ថិភាពពលរដ្ឋ ជាពិសេសឱ្យតែមានបុណ្យទាន ចាក់ប៉ាស់ ពួកក្មេងទំនើងដឹងតែបង្កការរំខានវ៉ៃគ្នា»។

ចំណែក ពលរដ្ឋរស់នៅខេត្តបាត់ដំបងម្នាក់ទៀត គឺ​លោក ជុំ ឧទិត្យ បាន​និយាយ​ថា រឿងបញ្ហាក្មេង​ទំនើង​នេះ មិនមែនទើបតែ​កើតឡើង​នោះទេ គឺតាំងពីឆ្នាំមុនឆ្នាំ​២០២៥ ទោះ​បីរដ្ឋាភិបាល​ព្យាយាម​បង្រ្កាប និង​ទប់ស្កាត់ក៏ដោយ។

លោកបន្តថា ការកើនឡើងនៃ​ក្មេងទំនើង ​អាចកើតឡើងមកពីកត្តាបីសំខាន់ៗ ទី១ ប្រព័ន្ធអប់រំនៅ​មាន​កម្រិត ទី២ ការអនុវត្តច្បាប់លើ​ក្មេងទំនើងនៅមានភាពធូរលុង និងទី៣ ការប្រើប្រាស់គ្រឿង​ស្រវឹង និងគ្រឿងញៀនជាដើម។

លោកបារម្ភដែរថា​ បើបញ្ហាក្មេងទំនើងនេះ មិនត្រូវបានដោះស្រាយឱ្យមានប្រសិទ្ធភាព ឬអាចឈាន​ដល់ការលុបបំបាត់ទេនោះ វានឹងបន្តបង្កអសន្តិសុខសង្គម បង្កការភ័យខ្លាចដល់សហគមន៍ និង​ប៉ះពាល់ទៅដល់ការអភិវឌ្ឍប្រទេស​ជាតិ។

លោកថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំង អារឿងក្មេងទំនើងនេះ វាកើតឡើងជាហូរហែរ។ ខ្ញុំយល់ថា​ ករណី​កើន​ឡើងនៃបញ្ហា​ក្មេងទំនើងមកពីកត្តាច្រើន អាចថាមកពីប្រព័ន្ធអប់រំដែរ ព្រោះប្រព័ន្ធ​អប់រំ​ជាថ្នាល់​បណ្តុះ​​​បណ្តាល​មនុស្ស មួយទៀតបញ្ហាគ្រឿងស្រវឹង​ផ្សព្វផ្សាយច្រើន​​​នោះ ខ្លាច​ក្មេង​មិន​ដឹង យើងដឹង​​ហើយ​​ថា កាល​ណាស្រា​​ចូល​ក្មេង ​វា​គ្រប់​គ្រង​សតិ​មិ​ន​បាន ​វានាំគ្នាវ៉ៃគ្នា​ក៏បាន មួយទៀតបញ្ហាគ្រឿង​ញៀនដែលនាំឱ្យក្មេងវាទំនើង ខូចក្មេងអស់»។

ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ក៏​សង្កេតឃើញ​មានការ​ផ្សព្វផ្សាយ​ច្រើននៅ​លើ​បណ្តាញ​សង្គម​ ពី​បញ្ហា​ក្មេង​ទំនើងដែល​បង្ហោះម៉ូតូ និង​​វាយដំគ្នាតាមដងផ្លូវ​កើត​ឡើង​ច្រើន​ផងដែរ ​បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិ​បាល​បាន​ព្យាយាម​​បង្រ្កាប និង​​​ដាក់​ចេញ​នូវ​គោល​​ការណ៍​ច្បាប់ ឬ​វិធាន​ការ​រឹត​បន្តឹង​យ៉ាង​ណា​ក៏​ដោយ​។​

លោកថា៖ «ខ្ញុំសង្កេតឃើញមួយរយៈនេះ លើបណ្តាញសង្គម មានក្មេងទំនើងកាប់ចាក់គ្នាពេញណាពេញ​ណី។ ពួកក្មេងទំនើងនេះ ដូចមិនចប់មិនចេះហើយ បង្រ្កាបមិនអស់សោះ បើទោះបីកន្លងទៅ រដ្ឋាភិ​បាលព្យាយាមដាក់ចេញនូវវិធានការតឹងរឹងយ៉ាងណាក៏ដោយ បញ្ហាក្មេងទំនើងនេះនៅមានដដែល។ យ៉ាងណា ខ្ញុំគិតថា បញ្ហានេះរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវរឹត​បន្តឹង​​បន្ថែម​ទៀត ជៀស​វាង​បង្ក​អសន្តិសុខ​សង្គម ប៉ះពាល់មុខមាត់ជាតិដែរ»។

យ៉ាង​ណា លោក អំ សំអាត នៅតែទទូចស្នើឱ្យរាជរដ្ឋាភិបាល បន្តអនុវត្តវិធានការបង្រ្កាប និង​ ចាប់​ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ យកទៅអប់រំ កែប្រែ ដើម្បីឱ្យពួកគេក្លាយខ្លួនជាពលរដ្ឋថ្មី យុវជនថ្មីសម្រាប់សង្គមជាតិ។

ជុំវិញបញ្ហានេះ គេហទំព័រ Press Start Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពី អ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាននៅឡើយទេ ដោយលោកឱ្យសំណួរតាមប្រព័ន្ធតេឡេក្រាម ប៉ុន្តែលោកក៏មិនទាន់ឆ្លើយតប។

ចំណែក ​ស្នងការងនៃស្នងការ​ដ្ឋាននគរបាល​ខេត្តកំពង់ចាម​ លោក ចាន់ រស្មី មានប្រសាសន៍នៅ​ថ្ងៃទី​០៨ ខែមេសា​នេះ​ថា ករណីក្មេងទំនើងនៅខេត្តកំពង់ចាម មានការថយចុះខ្លាំង។

លោកទទួលស្គាល់ដែរថា ករណីក្មេងទំនើងនេះ វាបន្តកើតមានដែរ ប៉ុន្តែតិចតួចទេ ហើយសមត្ថកិច្ច​នរគបាល​បាន​ចាត់​វិធានការភ្លាមៗ ដើម្បីការពារសុខសុវត្ថិភាពពលរដ្ឋតាមភូមិ។លោកសង្កត់ធ្ងន់ថា ក្នុងរដូវ​ចូល​ឆ្នាំ​នេះ សមត្ថកិច្ចនរគបាលខេត្តកំពង់ចាម នឹងរឹតបណ្តឹង ចាត់វិធានការ បង្រ្កាប ទប់ស្កាត់ក្មេងទំនើង​ឱ្យមានប្រសិទ្ធភាព ដើម្បីការពារមុខមាត់រដ្ឋាភិបាល។

លោកថា៖ «វាមិនអត់ក្មេងទំនើង តែឥឡូវថយចុះ នៅតិចតួចទេក្មួយ ខាងសមត្ថកិច្ចយើងបន្តតាមដាន និងបង្រ្កាប ទប់ស្កាត់ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ តបតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។ ចូលឆ្នាំហ្នឹងអាជ្ញាធរនឹងរឹតបណ្តឹង ទប់ស្កាត់មិនឱ្យមានក្មេងទំនើងរំខានប្រពៃណីយើងទេ»។

កាលពីថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ២០២៥ លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់​បញ្ជាឱ្យ​អភិ​បាល​​​រាជធានី-ខេត្ត និងអាជ្ញាធរ​ពាក់​ព័ន្ធ​ ចុះបង្ក្រាប កំណត់​មុខសញ្ញា និង​​ចាត់វិធាន​ការឱ្យបានម៉ឹងម៉ាត់ ដើម្បីបង្ក្រាបក្រុមក្មេង​ទំនើងដែលកំពុងបង្កអសន្តិ​សុខ​ក្នុង​សង្គម។

លោកថា៖ «ខ្ញុំ​ដាក់​បញ្ជា​ឱ្យ​មន្រ្តី​ថ្នាក់​ក្រោម​បន្ត​អនុវត្តវិធានការ​​ក្តៅ​​លើក្មេងទំនើង ឬក្រុមប្រើប្រាស់ដាវសាំម៉ូរៃនេះ ត្រូវអនុវត្តឱ្យដូចភ្លៀងរលឹម ពោលគឺមានក្រុមណាមួយបង្កហិង្សា និងអសន្តិសុខក្នុងសង្គម ត្រូវតែបង្ក្រាប និងចាប់មកអនុវត្តច្បាប់ភ្លាមៗ ដោយប្រើវិធីបង្ក្រាប «ងើបមួយសង្កត់មួយ, ងើបមួយក្រុមសង្កត់មួយក្រុម».

លោកនាយក​រដ្ឋមន្ត្រី បន្ថែម​​ថា៖ «ខ្ញុំមិនបានដាក់បញ្ជាទៅតុលាការទេ ព្រោះតុលាការឯករាជ្យ តែខ្ញុំសុំអំពាវនាវឱ្យតុលាការ​​អនុវត្តឱ្យបានម៉ឹងម៉ាត់លើកិច្ចការងារនេះ។ ពិតណាស់មានក្មេងៗ អាយុ១៤ឆ្នាំ ១៣ឆ្នាំ ១៨ឆ្នាំ ដែលត្រូវមានទោសទណ្ឌក្នុងកម្រិតណាមួយ តែត្រូវសិក្សាឱ្យបានច្បាស់ថាតើត្រូវពង្រឹងយ៉ាងណាឱ្យបានល្អ»។ 

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ  ចុះថ្ងៃទី៦ ខែ​មីនា ឱ្យ​ដឹង​ថា ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបក្មេងទំនើងចំនួន១០៤ករណី និងឃាត់ខ្លួនជនបង្ក៣៧៦នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។

របាយការណ៍ បន្តថា ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងរយៈពេល១ខែកន្លងមកនេះ មាននៅក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ ជាដើម៕

អត្ថបទគួរឱ្យចាប់អារម្មណ៍