របាយការណ៍CCIM៖ បរិយាកាសសារព័ត៌មានឆ្នាំ២០២៥ នៅ​បន្តធ្លាក់ចុះ និង​រង​សម្ពាធ​កា​ន់​តែ​ស្មុគស្មាញ

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញថា បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ បានរងសម្ពាធកាន់តែស្មុគស្មាញ និងបន្តធ្លាក់ចុះ បើប្រៀបធៀបទៅ​នឹង​​ឆ្នាំ២០២៤។ នេះបើយោងតាម «របាយការណ៍ស្តីពីបញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ​២០២៥» ដែល​ចេញ​ផ្សាយ​ដោយ CCIM នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

របាយការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវពេញមួយឆ្នាំ២០២៥ ពោលគឺចាប់ពីថ្ងៃ​ទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្អែកលើការស្ទង់មតិតាមអនឡាញ​ជាមួយអ្នកសារព័ត៌មាន និងពលរដ្ឋអ្នកសារព័ត៌មានចំនួន ១០៩នាក់ ការពិភាក្សាជាក្រុមចំនួន ៤ក្រុម ការសម្ភាសអ្នកផ្តល់ព័ត៌មានគន្លឹះចំនួន ៩ក្រុម ព្រមទាំងការដកស្រង់ទិន្នន័យ​ពីឯកសារដែលមានស្រាប់។

តាមរយៈរបាយការណ៍ដដែលនេះ អ្នកសារព័ត៌មាន បានសម្តែងក្តីព្រួយបារម្ភ ចំពោះការគំរាមកំហែង​ផ្នែកច្បាប់ និងសុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន ៦៩% បានរាយការណ៍​ពីការព្រួយបារម្ភខ្លាំងអំពីការចាប់ខ្លួន និង ៣៩% មានការបារម្ភពីសុវត្ថិភាព។ ដោយឡែក ៩៤% នៃអ្នកចូលរួមផ្ដល់ការស្ទង់មតិ បានបង្ហាញពីក្តីបារម្ភចំពោះហានិភ័យ នៃការជាប់ពន្ធនាគារ ឬចំណាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេចុះផ្សាយព័ត៌មាន។

CCIM បានរកឃើញរបកគំហើញសំខាន់ៗចំនួន ៩ចំណុច ដែលស្ថាប័ន និងអ្នកសារព័ត៌មានឯករាជ្យបានជួបប្រទះក្នុងឆ្នាំ២០២៥ កន្លងទៅ។ បន្ថែមលើបរិយាកាសការងារដែលពោរពេញដោយសម្ពាធ អ្នកសារព័ត៌មានតែងតែជួបហានិភ័យខ្ពស់ និងបារម្ភពីសុវត្ថិភាពកាន់តែខ្លាំង នៅ​​ពេល​ពួកគេរាយការណ៍ពីប្រធានបទរសើបៗ ដូចជា បញ្ហាអំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ និងការរុករកធនធានធម្មជាតិដោយខុសច្បាប់។

របាយការណ៍ CCIM បានគូសបញ្ជាក់ថា៖ «ការ​រាយការណ៍ព័ត៌មាន​អំពី​​ប្រធាន​បទ​រសើប ជាពិសេស​អំពើ​ពុក​រលួយ​ និង​ការរុករក​ធនធាន​​ធម្មជាតិ​ដោយ​ខុសច្បាប់ ការ​កាប់បំផ្លាញ​ព្រៃឈើ​ និងការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​ ត្រូវ​បាន​រក​ឃើញ​ថា បង្ក​ឱ្យ​មានការ​​ក្តី​បារម្ភ​កាន់​តែ​ខ្ពស់ ក្នុ​ងចំណោម​អ្នកសារព័ត៌មាន។ ការរាយការណ៍លើប្រធានបទទាំងនេះ ត្រូវបាន​ភ្ជាប់ជាញឹកញាប់ជាមួយនឹងការ​ប្រឈមនឹងការគំរាមកំហែង និងចំណាត់ការតាមផ្លូវច្បាប់ ដែលធ្វើឱ្យក្លាយជាការងារដែលមានហានិភ័យខ្ពស់ បំផុតសម្រាប់អ្នកសារព័ត៌មានដូចដែលបានកត់ត្រានៅក្នុងការសិក្សានេះ»។

លើសពីនេះ របាយការណ៍ក៏បានកត់សម្គាល់ពីសុខភាព​​ផ្លូវចិត្តរបស់អ្នកសារព័ត៌មានដែរ ដោយ​​​ក្នុង​​នោះ​មាន ៣០% នៃអ្នកចូលរួមស្ទង់មតិបានអះអាងថា ពួកគេបានស្វែងរកសេវាប្រឹក្សា ព្យាបាល ឬការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត។ លើសពីនេះ អ្នកសារព័ត៌មានក៏បានជួបប្រទះការបៀតបៀនផ្លូវភេទអំឡុងពេលបំពេញការងារ ខណៈតាមស្ថាប័នសារព័ត៌មានមួយចំនួនធំ នៅមិនទាន់មានគោលនយោបាយ ឬយន្តការផ្លូវការដើម្បីជួយគាំទ្រ និងដោះស្រាយបញ្ហានេះនៅឡើយទេ។

នាយិកា​ប្រតិបត្តិ​​នៃ​មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា បាន​កត់​សម្គាល់ថា កន្លងមកថ្មីៗនេះ នៅតែមានការបន្តប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដើម្បីចាប់​ខ្លួន ឬ​ដាក់ទោសអ្នកសារព័ត៌មាន ជំនួសឱ្យការប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន។

អ្នកស្រីថា៖ «អ៊ីចឹង ក៏យើងស្នើសុំក្រសួងព័ត៌មាន រួមទាំង ខាងតុលាការ គួរតែពិនិត្យមើលសម្រាប់​អ្នក​សារ​ព័ត៌មាន សូម​ឱ្យយកច្បាប់ស្តីពីរបបសារព័ត៌មាន យកមក ដើម្បីជាការដាក់ទោសទណ្ឌ ឬក៏នៅ​ពេលដែលអ្នកសារព័ត៌មានមានកំហុសហ្នឹង ត្រូវតែយកច្បាប់ស្តីពីរបបសារព័ត៌មានហ្នឹង យកមកដើម្បីអនុ​វត្ត»។

ជាមួយគ្នានេះ អ្នកស្រី សុគន្ធា កត់សម្គាល់ឃើញថា ស្ត្រីដែលហ៊ានរាយការណ៍ព័ត៌មានបែបស៊ើបអង្កេត រឿងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និង Online Scam នៅមានតិចតួចណាស់ ដោយសារបញ្ហាសុវត្ថិ​ភាព​នៅតំបន់ដាច់ស្រយាលដែលមានហានិភ័យខ្ពស់។ អ្នកស្រីស្នើឱ្យក្រសួងព័ត៌មានរៀបចំគោលការណ៍ និង​នីតិ​វិធីដាច់ដោយឡែកមួយ ដើម្បីការពារសុវត្ថិភាព និងលើកទឹកចិត្តដល់ស្ត្រី ឱ្យហ៊ានចូលរួមផលិតព័ត៌​មាន​បែប​ស៊ើបអង្កេតទាំងនេះ។

លើសពីនេះ អ្នកស្រីជំរុញឱ្យអ្នកសារព័ត៌មាន និងស្ថាប័ននានា ពង្រឹងសមត្ថភាពដើរឱ្យទាន់និន្នាការសកល (Global Trend) ក្នុងសម័យកាលឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ហើយចាត់​ទុក AI ជាអាវុធមុខពីរ ដែលបើប្រើមិនត្រូវនឹងបង្កហានិភ័យ ស្របពេលមានការកើនឡើងនូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។

អ្នកស្រីបន្ថែម៖ «អ៊ីចឹងតួនាទីសម្រាប់អ្នកសារព័ត៌មាន យើងត្រូវធ្វើម៉េចផលិតអាព័ត៌មានទាំងអស់ហ្នឹងឲ្យបានច្រើន ទៅដល់សាធារណជន ហើយយើងខ្លួនឯងត្រូវតែ អឺ បង្កើនសមត្ថភាពពាក់ព័ន្ធនឹងរឿងបញ្ហាទាំងអស់ហ្នឹង»។

យ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ថ្លែងប្រាប់ Press Strat Cambidia នៅ​ថ្ងៃទី​១៩ ខែ​មិថុនានេះ​ថា អ្វីដែល​រក​បាន​ឃើញ​ក្នុង​របាយការណ៍នោះ គ្រាន់តែ​ជា​ការ​រកឃើញពីស្ថាន​ភាព​​សេរីភាពសារព័ត៌មាន​របស់​អង្គការ​ CCIM ​ក្នុ​ងឆ្នាំ​២០២៥ប៉ុណ្ណោះ។ ប៉ុន្តែ​ លោកថា របាយការណ៍ស្តីពី​ស្ថានភាពសេរីភាព​សារព័ត៌មានកម្ពុជាឆ្នាំ២០២៦ របស់ក្រសួង​​​ព័ត៌​មាន ជារបាយការណ៍​ថ្នាក់​ជាតិ ដែល​បង្ហាញតួលេខ ព័ត៌មាន និងគ្រប់ទិដ្ឋភាពទាំងអស់ ពាក់ព័ន្ធនឹងវិស័យសារព័ត៌មានកម្ពុជា។

លោក អស្នារិទ្ធ មានប្រសាសន៍​យ៉ាងដូច្នេះថា៖ «ក្រសួងព័ត៌មានធ្វើការជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងវិស័យ​ព័ត៌មាន និង​សោតទស្សន៍ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការពង្រឹង​ការអនុវត្តក្រមសីលធម៌ គុណភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ព្រមទាំងបន្តធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សារព័ត៌មាន សំដៅបង្កើនជំនឿចិត្តសាធារណៈមកលើអាជីពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»។

របាយការណ៍ក្រសួងព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រកឃើញថា ក្នុងឆ្នាំ​២០២៦ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានភាព «ល្អប្រសើរ» ដោយ​ផ្អែកលើចម្លើយជាង៨០ភាគរយ នៃការស្ទង់មតិពីអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យព័ត៌មានជិត ៦០០នាក់ តំណាងឱ្យទូទាំងប្រទេស។

ក្នុងរបាយការណ៍ដដែល ឱ្យដឹងថា អ្នកស្ទង់មតិ ៨០,៨៨ភាគរយ បានវាយតម្លៃស្ថានភាពសេរីភាព​សារព័ត៌​មាន​នៅកម្ពុជាថាមានភាពល្អប្រសើរ។ ដោយឡែក អ្នកស្ទង់មតិចំនួន១៧,៥៤ភាគ​រយ ថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងកម្រិត «មធ្យម» ខណៈអ្នកចូលរួមស្ទង់មតិចំនួន ៧៥,២៦ភាគរយ បានវាយតម្លៃថាសណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈ​ល្អប្រសើរ។ ក្នុងរបាយការណ៍ បន្តរកថា អ្នកស្ទង់មតិ ៨៥,៨ភាគរយ ថា ពួកគេមានសេរីភាព​ពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន។

យ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញ​​ថា របាយ​ការណ៍របស់ CCIM បានឆ្លុះបញ្ចាំងពីការពិត ខណៈលោកកត់សម្គាល់ឃើញថា ប៉ុន្មានឆ្នាំចុង​ក្រោយនេះ មានអ្នកសារព័ត៌មានជាច្រើនត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមជ្ឈិមរហូតដល់​បទ​ឧក្រិដ្ឋ។

លោកថា៖ «ហើយមិនតែប៉ុណ្ណោះ យើងឃើញថាមានការរឹតបន្តឹងបន្ថែមទៀតដូចជាការបញ្ជាក់​ពី​អាជ្ញាធរ ពី​ប្រវ​ត្តិរូប ពីអត្តចរិត ពីអីផ្សេងៗ ទម្រាំបានទទួលនូវបណ្ណសារព័ត៌មានពីក្រសួងព័ត៌មានអីជាដើម នេះ​យើងឃើញថាវាជាការមួយរឹតត្បិតនូវលំហសារព័ត៌មាន»។

យ៉ាងណា ក្នុងនាមអង្គការសង្គម លោកទទូចសុំឱ្យមានការបើកលំហទៅលើសេរីភាពនៃសារព័ត៌មាន ឱ្យសមនឹងទស្សនទានថា របបសារព័ត៌មានជាអំណាចទីបួននៃប្រទេស។

លោក សំអាត បន្តយ៉ាងដូច្នេះថា៖ «សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងនូវសង្គម ដែលមើលទៅឃើញថាមុខមាត់មាន​ប្រឡាក់យើងអាចនឹងលុបលាង កែលម្អ។ នៅពេលដែលសេរីភាពសារព័ត៌មានហ្នឹងវារួមតូច ឬក៏លំហសារព័ត៌មានរួមតូច អាហ្នឹងគឺវាហាក់ដូចជាមានការផ្ទុយគ្នា ដែលពីសារព័ត៌មានដែលជាកញ្ចក់ កញ្ចក់សម្រាប់ឆ្លុះបញ្ចាំង កាលណាកញ្ចក់ហ្នឹងវាតូច អ៊ីចឹងឆ្លុះមើលមុខវាអត់បានអស់»។

សម្រាប់ របាយការណ៍របស់​ CCIM បានផ្តល់​អនុសាសន៍ទៅ​រដ្ឋាភិបាលមួយ​ចំនួន ក្នុ​ងនោះ​ ត្រូវ​ធានា​ថា​ករណីពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន និង​សេរីភាពសារព័ត៌មាន ត្រូវ​បាន​ដោះស្រាយ​ក្រោម​ច្បាប់​ស្តីពីរ​បប​សារព័ត៌មានឆ្នាំ​១៩៩៥ ជាជាង​កា​រប្រើ​ប្រាស់​ច្បាប់​ព្រហ្ម​ទណ្ឌ។

CCIM ក៏បានស្នើ​ឱ្យ​ធ្វើ​បច្ចុប្បន្ន​ភាព​ច្បាប់​ស្តីពីរបបសារព័ត៌មាន ពន្លឿនកា​រអនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​​ព័ត៌មាន​ស្រប​តាម​ស្តង់ដា​អន្តរជាតិ និង​ពិនិត្យ​និង​កែសម្រួល​ប្រកាសស្តីពីគុណវឌ្ឍិ និង​វិជ្ជាជីវៈ​សារព័ត៌​មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំង​​បង្កើតយន្តការគាំទ្រផ្នែកច្បាប់ ផ្លូវចិត្ត និងហិរញ្ញវត្ថុដល់អ្នក​សារ​ព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានឯករាជ្យ និងស្ត្រី។

ក្រៅពីនោះ CCIM បាន​អំពាវនាវឱ្យស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធ បើកទូលាយនូវសេរីភាព ធានាសុវត្ថិភាពក្នុងការបំពេញការងារ និងលុបបំបាត់ការរើសអើងគ្រប់ទម្រង់ ដើម្បីលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែល​ជាសសរស្តម្ភដ៏សំខាន់ក្នុងសង្គមប្រជាធិបតេយ្យ៕