នៅក្នុងកិច្ចប្រឹងប្រែងផ្នែកការទូតកម្រិតខ្ពស់ ដែលសម្របសម្រួលដោយប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន មេដឹកនាំកម្ពុជា និងថៃបានប្តេជ្ញាស្តារទំនុកចិត្តនិងរក្សាបទឈប់បាញ់ ដើម្បីសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃព្រហស្បតិ៍នៅលើកោះសេប៊ូ ប្រទេសហ្វីលីពីន គឺជាជំនួបពិភាក្សាផ្ទាល់លើកដំបូងអំពីបញ្ហាជម្លោះព្រំដែនរវាងមេដឹកនាំកំពូល នៃប្រទេសទាំងពីរ គិតចាប់តាំងពីខែតុលាឆ្នាំមុន។ ជំនួបនេះ កើតមាននៅក្នុងពេលវេលាដ៏រសើបមួយ បន្ទាប់ពីប្រទេសថៃសម្រេចដកខ្លួនចេញពីអនុស្សរណៈ នៃការយោគយល់ MoU ២០០១ ជាកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា-ថៃ ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ភាគីកម្ពុជា និងថៃបានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដោយលោកបានអំពាវនាវឱ្យមានការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូជាការចាប់ផ្តើមឡើងវិញរាល់យន្តការ ដែលមានស្រាប់រួមទាំងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
លោកមានប្រសាសន៍ថា៖ “ការពិភាក្សារបស់យើងបានផ្តោតលើវិធានការកាត់បន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត ដើម្បីស្តារនិងពង្រឹងក្របខ័ណ្ឌការងារ… សម្រាប់សន្តិភាពយូរអង្វែង និងការធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ”។
ក្នុងពេលជាមួយគ្នានោះដែរ ភាគីកម្ពុជាក៏បានបញ្ជាក់ទៅភាគីថៃអំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រើប្រាស់ “យន្តការផ្សះផ្សារដោយចាប់បង្ខំ” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS)។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីចេញពី MoU ២០០១ សម្រាប់ការចរចាស្វែងរកដំណោះស្រាយដោយសន្តិវិធី និងចែករំលែកផលប្រយោជន៍រួមពីធនធានក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា (OCA) ។
លោក អានុទីន ឆានវិរ៉ាគុល នាយករដ្ឋមន្ត្រីថៃក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំធ្វើការរួមគ្នា ដើម្បីកសាងសន្តិភាពឡើងវិញតាមរយៈកិច្ចសន្ទនា ដោយលោកបញ្ជាក់ថា ជម្លោះបានត្រឹមតែនាំមកនូវការខាតបង់ និងទុក្ខលំបាកសម្រាប់ពលរដ្ឋ នៃប្រទេសទាំងពីរប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ “ឥឡូវនេះ គឺជាពេលវេលាសម្រាប់ប្រទេសទាំងពីរត្រូវដាក់ក្តីរំពឹង និងធ្វើដំណើរទៅមុខរួមគ្នា ដើម្បីឆ្ពោះទៅរកសន្តិភាព។ ការណ៍នេះ តម្រូវឱ្យមានភាពស្មោះត្រង់ សុទ្ធចិត្ត និងការប្តេជ្ញាចិត្ត”។
លោកបន្តថា ភាគីទាំងពីរបានចាត់តាំងរដ្ឋមន្ត្រីការបរទេសរៀងៗខ្លួន ដើម្បីធ្វើការងាររួមគ្នាលើវិធានការកសាងទំនុកចិត្តនេះ។
កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីថៃបានសម្រេចលុបចោល MoU ២០០១ ដោយអះអាងថា រយៈពេល២៥ឆ្នាំមកនេះ មិនមានភាពរីកចម្រើន។ កម្ពុជានិងថៃបានចំណាយពេលចរចាជាងពីរទស្សវត្សរ៍មកហើយជុំវិញតំបន់ត្រួតស៊ីគ្នា (OCA) ដែលមានទំហំប្រមាណ ២.៦០០០ គីឡូម៉ែត្រការ៉េ ជាតំបន់សម្បូរថាមពលមានតម្លៃប្រមាណ ៣០០ពាន់លានដុល្លារ។
ទោះបីជាមានការអះអាងប្រកបដោយភាពជឿជាក់ក៏ដោយ ក៏អ្នកវិភាគសង្គមបានសម្តែងនូវភាពស្ទាក់ស្ទើរជុំវិញការប្តេជ្ញាចិត្ត និងឆន្ទៈពិតប្រាកដ ដើម្បីសន្តិភាព ដោយសារថា ការផ្ទុះអាវុធនៅតែអាចកើតមានបាន បើទោះបីជាមានកិច្ចព្រមព្រៀងកន្លងមកក៏ដោយ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា អ្វីដែលជាបញ្ហាប្រឈមធំបំផុត គឺភាពស្មោះត្រង់ និងឆន្ទ:ពិតប្រាកដរបស់ភាគីថៃ ដែលច្រើនតែធ្វើផ្ទុយពីអ្វីដែលខ្លួនបាននិយាយ ដោយលោកទទូចឱ្យកម្ពុជាត្រូវតែពង្រឹងវិស័យយោធា សេដ្ឋកិច្ច និងការទូតនៅលើឆាកអន្តរជាតិ ជាពិសេសយន្តការពហុភាគីនិយម។
លោកមានប្រសាសន៍ថា៖ “រវាងរដ្ឋាភិបាលនិងពួកយោធាថៃ ពួកគេនៅតែផ្លាស់វេនគ្នាក្នុងការបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហការរបស់ខ្មែរយើង”។
លោក ឯម សុវណ្ណារ៉ា ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយក៏បានបង្ហាញការព្រួយបារម្ភប្រហាក់ប្រហែលគ្នានេះដែរ ដោយលោកអះអាងថា កន្លងមក ការផ្ទុះអាវុធនៅតែកើតមាន បើទោះបីជាមានកិច្ចព្រមព្រៀងពីរលើកក្នុងឆ្នាំ២០២៥ ក៏ដោយ។
លោកមានប្រសាសន៍ថា៖ “ការរក្សារសន្តិភាពយូរអង្វែងជាកិច្ចការល្អ ក៏ប៉ុន្តែយើងនៅតែបារម្ភមិនទាន់ជឿទាំងស្រុងទេ”។
ស្រដៀងនឹងការលើកឡើងរបស់លោកបណ្ឌិត គិន ភា ដែរ លោក ឯម សុវណ្ណារ៉ា យល់ថា ដំណោះស្រាយល្អសម្រាប់ភាគីកម្ពុជា គឺការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ តុលាការយុត្តិធម៌អន្តរជាតិ ដែលហៅថា តុលាការអាជ្ញាកណ្តាល។
ជម្លោះប្រដាប់អាវុធរយៈពេលជិតមួយខែនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ និងបណ្តាលឱ្យពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀតចាកចោលផ្ទះសម្បែង៕

