ប្រមុខ​រដ្ឋស្តីទី ចេញព្រះរាជក្រម​ប្រកាស​​​​​​ឲ្យ​​​ប្រើ​​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​ប្រឆាំង​​ការ​​ឆបោក​​តាម​​ប្រព័ន្ធ​​​បច្ចេក​វិទ្យា

ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រម​ ប្រកាសឱ្យ​ប្រើ​​​ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាម​ប្រព័ន្ធបច្ចេក​វិទ្យា» ខណៈអ្នកតាមដានសង្គម ​គាំទ្រចំពោះការ​ប្រកាសឱ្យ​អនុវត្ត​ច្បាប់​ថ្មីនេះ​ ប៉ុន្តែ​​ជំរុញ​ឱ្យ​ពង្រឹងការអនុវត្ត​​ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមព្រះរាជក្រមចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទី និងជាប្រធានព្រឹទ្ធ​សភា បាន​ប្រកាសឱ្យ​ប្រើច្បាប់​ស្តីពីកា​រប្រឆាំង​ការ​ឆបោក​តាមប្រព័ន្ធ​​​បច្ចេកវិទ្យា ដែលរដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៦ នាសម័យ​ប្រជុំ​រដ្ឋ​សភា​លើកទី​៥ នីតិកាលទី​៧ ហើយ​ដែល​ព្រឹទ្ធ​សភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​​លើ​ទម្រង់​ និង​គតិ​ច្បាប់​នេះ​ទាំង​ស្រុង​ កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២៦។

ព្រះរាជក្រម​ដដែល ដែលមានភ្ជាប់នូ​វខ្លឹមសារនៃច្បាប់ បាន​ឱ្យ​ដឹងដែរ​ថា ​​ច្បាប់ស្តី​ពី​ការ​​ប្រឆាំងបទល្មើសឆ​បោកតាមប្រព័ន្ធអនឡាញនេះ​ ​ត្រូវបានកំណត់ឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅ​ចូល​រួមថែរក្សាការពារសន្តិសុខ និង​សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។

ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់ក្នុងសន្និសីទសារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​​០៣ ខែ​​មេសា ឆ្នាំ​២០២៦​ថា ច្បាប់​នេះ ​គឺ​ជាជំ​ហាន​ថ្មី​សំខាន់​មួយ​ក្នុង​យុទ្ធនា​ការ​របស់​រាជ​រដ្ឋាភិ​បាល ក្នុងការបង្ក្រាបអំពើឆបោកអនឡាញ។

លោកបានលើកឡើងថា ច្បាប់នេះមានគោលដៅសំខាន់ពីរ គឺទីមួយ បង្កើនប្រសិទ្ធភាពការប្រឆាំង​អំពើឆបោកអនឡាញ និងគាំទ្រយុទ្ធនាការបង្ក្រាបដែលកំពុងអនុវត្តនៅទូទាំងប្រទេស និង​ទីពីរ ធានាថា បទល្មើសប្រភេទនេះ​ នឹងមិនត្រឡប់មកកើតឡើងវិញ បន្ទាប់ពីយុទ្ធនាការបញ្ចប់។

ជាមួយគ្នានេះ​ដែរ លោកបានសង្កត់ធ្ងន់ថា ច្បាប់នេះ មិនមែនត្រឹមតែដើម្បីបំពេញចន្លោះខ្វះខាត​​នៃច្បាប់ដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែជាសារបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់រាជ​រដ្ឋាភិបាល ក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញ ដោយមិនមានការថយក្រោយឡើយ។

លោក កើត រិទ្ធ បានមានប្រសាសន៍ថា៖ «ការឆបោកធម្មតាជាទម្រង់បទមជ្ឈិមទេ ប៉ុន្តែការឆាប់​បោកតាម​អនឡាញនេះ ក្នុងករណីដែលមានស្ថានទម្ងន់ទោស គឺជាបទឧក្រិដ្ឋ។ បទឈរបោក​តាមប្រព័ន្ធបច្ចេក​វិទ្យា​នេះ គឺយើងមិនអាច​យកច្បាប់ចាស់មកអនុវត្តចំពោះបទល្មើសដែលវិវត្តថ្មីនេះទេ ច្បាប់តែងវិវឌ្ឍន៍ទៅតាមការវិវឌ្ឍន៍របស់សង្គម […] កម្ពុជាអាច ឫប្រហែលជា​ប្រទេសឈានមុខគេទីមួយ​នៅក្នុងតំបន់ ដែលបានសម្រេចចិត្តរៀបចំឲ្យមានច្បាប់ប្រឆាំងស្ដី​ពី​ការឈប់បោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងទម្រង់​ជាច្បាប់ព្រហ្មទណ្ឌ​ពិសេសមួយ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ»។

បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ច្បាប់នេះគឺជាច្បាប់ព្រហ្មទណ្ឌពិសេសមួយ ដើម្បីបម្រើឲ្យសភាព​ការណ៍​ចំពោះ​មុខ រយៈពេលខ្លីនិងមធ្យម ខណៈលោក​ថា នៅពេលអនាគត កម្ពុជាត្រូវតែមាន​ច្បាប់មួយទៀត ដែលអាចបម្រើឲ្យសភាពការណ៍​រយៈពេលវែង និង​ធានាធ្វើយ៉ាងណាមិនឲ្យ​មានឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នេះ​កើតមានឡើងនៅក្នុងប្រទេស​ឡើយ។

លោក កើត​ រិទ្ធ បានបន្ថែមថា ច្បាប់​ថ្មីនេះ ​មាន​​បន្ថែម​បទល្មើស​ព្រហ្មទណ្ឌ​​​ចំនួន៥ រួមមាន បទឆបោក​​តាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំឬដឹកនាំមជ្ឈ​មណ្ឌល​​​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទ​ជ្រើសរើសឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្ត​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទប្រមូលក្នុង​ចេតនា​ទុច្ចរិត​នូ​​វ​ឯកសារសម្គាល់អត្តសញ្ញាណ ឬុឯកសារ​​ព័ត៌មានផ្ទាល់ខ្លួននានា​របស់អ្នកដទៃ និងបទសម្អាត​ប្រាក់ពាក់ព័ន្ធនឹង​បទល្មើស​ដែល​មានចែង​ក្នុង​ច្បាប់នេះ។

ជាមួយគ្នា​នោះដែរ លោក​ ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានលើកឡើង​​ក្នុង​សន្និសីទនោះ​ដែរ​​​​ថា ការ​ប្រកាសដាក់​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​នេះ នឹង​ធ្វើឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត ការ​ទប់ស្កាត់ និងការ​បង្ក្រាប​បទល្មើស​ឆបោក​តាមប្រព័ន្ធ​​បច្ចេក​​វិទ្យា។ ​

លោកបន្តថា ​បើគិតត្រឹមថ្ងៃទី៣ ខែ​មេសា​ ឆ្នាំ​២០២៦​នេះ សំណុំរឿងទាក់ទិននឹងករណីឆបោក​តាម​អន​ឡាញ​​ចំនួន ៩៣ករណី ​ត្រូវបានបញ្ជូនទៅតុលាការ​នៅទូទាំងប្រទេស ក្នុងនោះ​ជនដែល​​ត្រូវបានតុលាការ​ចោទប្រកាន់ និងឃុំខ្លួន​ហើយ​មានប្រមាណជាង ៨០០នាក់ ​មាន​ច្រើនសញ្ជាត ដូចជា ចិន វៀត​ណាម ថៃ កូរ៉េ​ខាងត្បូង ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌា បង់ក្លាដេស ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាជាដើម។

លោក​បានបន្តថា៖ «ក្នុងនោះ ក៏មានមុខសញ្ញាដែលបានរត់គេច រួមមានទាំងជនបរទេស ចំនួនប្រមាណជិត៧០០នាក់ ដែលមានដីការតាមចាប់ខ្លួន។ ដីការទាំងអស់នេះត្រូវបានដាក់ទៅក្នុងបញ្ជីត្រួតពិនិត្យរបស់អន្តោប្រវេសន៍ បើជនទាំងអស់នេះចូលមកក្នុងកម្ពុជា យើងនឹងត្រូវតែអនុវត្តផ្លូវច្បាប់ភ្លាម »។

បើតាម លោក ឆៃ ស៊ីណារិទ្ធ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២៦ ​មានការបង្ក្រាបបទល្មើស​ឆបោក​តាមអនឡាញ​​ជាង ២៥០ករណី និង​​ទីតាំងកាស៊ីណូចំនួន៩២ទីតាំង។

ជុំវិញការ​បង្ក្រាប​បទល្មើស​ឆបោកតាមអនឡាញនេះដែរ ​អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក​ ទូច សុខៈ ធ្លាប់បានលើកឡើង​ថា រាជរដ្ឋាភិបាលកម្ពុ​ជា បានដាក់គោលដៅបោសសម្អាតបទល្មើស​ប្រភេទនេះ​ឲ្យអស់ពីប្រទេស យ៉ាងយូរ​​ត្រឹមខែមេសា​ ឆ្នាំ២០២៦នេះ​។

លោក ប៉ា ចាន់រឿន អ្នកវិភាគសង្គម និងជាប្រធានវិទ្យាស្ថានកម្ពុជា​ដើម្បីប្រជាធិបតេយ្យ មាន​ប្រសាសន៍​នៅថ្ងៃទី​០៧ ខែមេសានេះ​ថា ការអនុម័ត និង​ប្រកាសឱ្យ​ប្រើ​​​ច្បាប់ស្ដីពីការប្រឆាំងបទល្មើស​ឆរបោកតាមប្រព័ន្ធ​បច្ចេកវិទ្យានេះ ហាក់​បី​​ដូចជារាងតក់ក្រហល់បន្តិច។ លោក​សង្កេត​​ឃើញ​ដែរ​ថា ដំណើរការនៃ​ការធ្វើសេចក្តីព្រាង​ច្បាប់ និងការពិភាក្សា នា​ពេល​កន្លងមក ​ក៏ហាក់បីដូចជា​ មិន​សូវ​មាន​ការ​បើក​ទូលាយ​ទេ ឱ្យ​មានការ​​​ចូល​រួម​ពី​ភាគីពាក់​ព័ន្ធ​ និង​សង្គមស៊ីវិលផង​ដែរ​​។

លោកថា៖ «ប៉ុន្តែ​ខ្ញុំអាចយល់​បានថា​ ការបង្កើត​ច្បាប់នេះ ដោយមានការប្រញាប់ប្រញាល គឺដើម្បី​​បំពេញ​ការសន្យារបស់រាជរដ្ឋាភិបាល ដែលបានបង្ហាញជំហរនៅក្នុងការលុបបំបាត់ការឆបោក​​តាម​អនឡាញ​ឱ្យបាត់​ពីកម្ពុជា​ ជាមួយនឹងមជ្ឈដ្ឋានជាតិនិងអន្តរជាតិ យ៉ាងយូរត្រឹមចុងខែមេសានេះ»។

យ៉ាងណា ​លោក ប៉ា ចាន់រឿន បន្តថា ​ច្បាប់ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់នេះ គឺជាយន្តការ​ដែលចាំបាច់​មួយ​ សម្រាប់ប្រើប្រាស់នៅក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញមួយនេះដែល​កម្ពុជា​ត្រូវបានរងគ្រោះ​ដោយសារតែសកម្មភាពទាំងអស់នេះ។

លោកថា៖ «បើសួរថាតើច្បាប់នេះ វាអាចជួយដោះស្រាយ ឬទប់ស្កាត់ការចូលបោកតាមអនឡាញ​បានកម្រិត​ណានោះ វាអាស្រ័យទៅលើឆន្ទៈនយោបាយនៅក្នុងការប្រើប្រាស់ច្បាប់ឲ្យ​​បាន​ត្រឹមត្រូវ និងដំណើរការ​នៃការអនុវត្តច្បាប់នោះ ធ្វើយ៉ាងណា​ឱ្យ​មាន​ភាពយុត្តិធម៌ ទើបអាច​ធ្វើឲ្យច្បាប់នោះ ក្លាយជាយន្តការ​គតិយុត្តដ៏មានអានុភាពសម្រាប់កម្ពុជា នៅក្នុងការលុបបំបាត់​ឧក្រិដ្ឋកម្មអនឡាញនេះ»។

ជាមួយគ្នានេះដែរ លោក​ មាស នី អ្នកវិភាគនយោបាយ​ និងសង្គម បានបញ្ជាក់ថា ការតាក់​​តែងច្បាប់​នេះ គឺជាជំហានវិជ្ជមានមួយ​សម្រាប់កម្ពុជា ក្នុងការស្ដារមុខមាត់ជាតិ និងកាត់បន្ថយការរិះ​គន់ពីអន្តរជាតិ។

ប៉ុន្តែ លោកក៏បានបង្ហាញការ​ព្រួយបារម្ភដែរ​ថា រដ្ឋាភិបាលមិនទាន់បានទទួលស្គាល់បញ្ហានេះយ៉ាងពេញ​លេញ​នៅឡើយទេ ហើយនៅតែមានការបដិសេធចំពោះការចោទប្រកាន់មួយចំនួន។ យ៉ាងណា ​លោកបាន​ចាត់ទុកការចេញច្បាប់នេះ​ថា ជា “ជំហានមួយនៃការទទួលស្គាល់” ពី​សំណាក់រដ្ឋាភិបាល ចំពោះបញ្ហា​ដែលបាននិងកំពុងកើតមានឡើង ហើយដែលអាចប៉ះពាល់​ដល់កេរ្តិ៍ឈ្មោះប្រទេសកាន់តែខ្លាំងជាងនេះ។

លោកបានបន្តថា ចំណុចសំខាន់បន្ទាប់ គឺការតាមដានការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ព្រោះនៅកម្ពុជា ការបង្កើតច្បាប់មិនមែនជាបញ្ហាទេ ប៉ុន្តែការអនុវត្តនៅតែជាបញ្ហាប្រឈម។

លោកបានសង្កត់ធ្ងន់ថា៖ «ច្បាប់ខ្លះបានបង្កើតទៅមែន ប៉ុន្តែមិនបានបំបែកអ្នកដែលមានអំណាច​នៅពីក្រោយរឿងទាំងអស់នោះ យូរៗទៅក៏ស្ងាត់ទៅវិញ បញ្ហាក៏នៅតែជាបញ្ហា»។

ជាមួយគ្នានេះ លោកក៏បង្ហាញសង្ឃឹមថា រដ្ឋាភិបាលនឹងរៀនពីបទពិសោធន៍កន្លងមក ហើយអនុវត្តច្បាប់នេះ​ឲ្យ​មានប្រសិទ្ធភាពជាងមុន និង​​ “ត្រូវតែ​ក្លាហានក្នុងការកាត់សាច់ដែលស្អុយចេញ” ដើម្បីស្តារកេរ្តិ៍ឈ្មោះ​​កម្ពុជា​ក្នុង​​ឆាកអន្តរជាតិ​ឡើង​វិញ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍