អង្គការសង្គមស៊ីវិលចំនួន៨ នៅកម្ពុជា រកឃើញបឋមពីផលប៉ះពាល់នៃសារធាតុពុលដែលភាគីថៃបានបាញ់ដោយយន្តហោះ និងយន្តហោះគ្មានមនុស្សបើក(ដ្រូន) ក្នុងអំឡុងពេលមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលបង្កហានិភ័យដល់សហគមន៍ និងបរិស្ថាននៅតាមតំបន់ព្រំដែន។
ការរកឃើញនេះ គឺបន្ទាប់ពីក្រុមអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកជំនាញមួយចំនួន បានចុះវាយតម្លៃរហ័សរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមព្រំដែនកម្ពុជា-ថៃ នាខេត្តព្រះវិហារ និងឧត្តរមានជ័យជាដើម ដើម្បីរកផលប៉ះពាល់លើបរិស្ថាន នៃការប្រើអាវុធគីមីពីសំណាក់ភាគីថៃ។
សេចក្តីថ្លែងការណ៍ ស្តីពី «ការរកឃើញបឋមការប៉ាន់ប្រមាណរហ័សលើផលប៉ះពាល់នៃសារធាតុពុល នៅក្នុងជម្លោះព្រំដែនកម្ពុជា(កក្កដា-កញ្ញា ២០២៥)» ចេញផ្សាយនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិល ចំនួន៨ រួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងសហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)ជាដើម បានរកឃើញថា មានសារធាតុគីមីពុលដែលបង្កហានិភ័យជាបន្តបន្ទាប់ ដល់សហគមន៍នៅតាមតំបន់ព្រំដែន ដែលសារធាតុគីមីពុលទាំងនោះ ត្រូវបានប្រើក្នុងអំឡុងពេលជម្លោះ។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា៖«បទសម្ភាសន៍ជាមួយទាហានកម្ពុជា និងអ្នកភូមិជួរមុខបានឃើញថា ផ្សែងពុលដែលបង្កគ្រោះថ្នាក់ ត្រូវបានបាញ់ដោយយន្តហោះ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ក្នុងអំឡុងពេលប៉ះទង្គិចគ្នា និងសូម្បីតែក្រោយកិច្ចព្រមព្រៀងឈប់បាញ់។ ពួកគេបានបង្ហាញរោគសញ្ញារួមមាន ការពិបាកដកដង្ហើម បំពង់កស្ងួត ខ្សោយកម្លាំង ឈឺក្បាល និងសញ្ញាអាចឱ្យខូចខាតសួត។ កំណត់ត្រាវេជ្ជសាស្ត្រដែលទទួលបានដោយក្រុមវាយតម្លៃបានបញ្ជាក់ថា រោគសញ្ញាមួយចំនួននេះ មាននៅក្នុងអ្នកជំងឺដែលជាទាហាន និងអ្នកភូមិ»។
ប្រភពដដែល ឱ្យដឹងទៀតថា នៅក្បែរសមរភូមិតាមបណ្តោយជួរភ្នំដងរ៉ែក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមមាន ភូមិឈើទាលគង ក្បែរប្រាសាទព្រះវិហារ ភូមិថ្មដូន ភូមិហនុមាន និងភូមិតាមន្ត(តាមាន់ ) ក្បែរប្រាសាទ មានករណីសត្វចិញ្ចឹមរបស់ពលរដ្ឋ និងបក្សីបានងាប់។ សត្វចិញ្ចឹមរបស់ពលរដ្ឋនៅទីនោះ ដូចជាជ្រូកជាដើមដែលនៅរស់ គឺសត្វទាំងនោះមានជំងឺធ្ងន់ធ្ងរ ឯដំណាំ និងដើមឈើហូបផ្លែមួយចំនួនប្រែទៅជាពណ៌ប្រផេះ និងខ្លះទៀតមានពណ៌ក្រហម និងមិនមានសុខភាពល្អ។
លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC បានបង្ហាញការព្រួយបារម្ភជាច្រើនទាក់ទងនឹងបញ្ហាផ្សែងពុលនេះ ដែលនៅតែបន្ត និងបានរំខានដល់សុខភាពពលរដ្ឋ នៅតំបន់ជិតព្រំដែននោះ។ លោកក៏ស្នើឱ្យអង្គការដែលពាក់ព័ន្ធ និងរដ្ឋាភិបាល បន្តជំរុញឱ្យភាគីថៃឱ្យបញ្ឈប់ទង្វើរំលោភបទឈប់បាញ់នានាផងដែរ។
លោកថា៖«ទីមួយ យើងព្រួយបារម្ភអំពីផលប៉ះពាល់បន្ត ដោយសារការបាញ់ផ្សែងពុលហ្នឹងវានៅធ្វើបន្តវាមិនទាន់ឈប់ តាមសាក្សីប្រជាពលរដ្ឋគេថាការបាញ់ផ្សែងនៅបន្ត ហើយផ្សែងហ្នឹងវាធ្វើឱ្យមានមន្តរាយដល់មនុស្សជាតិ និងបរិស្ថាន សត្វស្រុក សត្វព្រៃ ហើយ[ផ្សែងពុល]អាហ្នឹងវាប្រឆាំងនឹងច្បាប់អន្តរជាតិ ហើយ និងការប្រើប្រាស់សារធាតុគីមី ដែលហាមប្រាមដោយអនុសញ្ញាអន្តរជាតិ ដូច្នេះគឺសុំឱ្យភាគីដែលពាក់ព័ន្ធនិងអង្គការពិភពលោកដែលពាក់ព័ន្ធទាំងអស់ ក៏សុំឱ្យមានការស្នើសុំពីរដ្ឋាភិបាលកម្ពុជាផងដែរ ដើម្បីឱ្យអង្គការទាំងនោះបញ្ឈប់ថៃឱ្យបានមានប្រសិទ្ធភាព»។
ប្រជាជនដែលផ្លាស់ទីលំនៅពីភូមិជួរមុខ ដូចជា ប្រាសាទតាក្របី ប្រាសាទតាមាន់ និងតំបន់ប្រាសាទព្រះវិហារ បានប្រាប់ក្រុមអង្គការសង្គមស៊ីវិលថា ពួកគេភ័យខ្លាចមិនហ៊ានត្រឡប់ទៅលំនៅពួកគេវិញទេ ព្រោះថានៅទីនោះគ្រាប់មិនទាន់ផ្ទុះ ផ្សែងពុល និងការបំពុលប្រភពទឹកទាំងស្រះ បឹង និងស្ទឹង។
សេចក្តីថ្លែងការណ៍បន្តថា៖ «យើងជំរុញយ៉ាងខ្លាំងដល់អង្គការសហប្រជាជាតិ សហគមន៍ អន្តរជាតិ និងសង្គមស៊ីវិល ជាពិសេសអង្គការខាងផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស ចាត់វិធានការភ្លាមៗ និងធ្វើការយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការដាក់បាញ់ផ្សែងគីមីដែលអាចខុសច្បាប់ បែបនេះ ធានាការការពារជនស៊ីវិល និងរក្សាបទឈប់បាញ់»។
អង្គការសង្គមស៊ីវិលទាំងនោះ ក៏បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើ ឬបន្តការស៊ើបអង្កេតស្ថានភាព និងផ្តល់ការសង្គ្រោះបន្ទាន់ ដល់សហគមន៍ដែលរងផលប៉ះពាល់ជាបន្ទាន់ រួមទាំងទឹក ទទួលទានដែលធានាសុវត្ថិភាព ជំនួយវេជ្ជសាស្ត្រ និងការស្តារបរិស្ថាន និងរក្សាការទទួលខុសត្រូវរបស់ខ្លួន ក្នុងការស្វែងរកការទទួលខុសត្រូវចំពោះការរំលោភបំពានក្រោមច្បាប់អន្តរជាតិ។
លោក ស្ងួន គីមហ៊ន អាយុ ៤៩ឆ្នាំ ជាទាហានជួរមុខដែលដឹកជញ្ជូនស្បៀង នៅខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញានេះថា ក្នុងអំឡុងផ្ទុះសព្វាវុធក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពជាច្រើន រួមទាំងលោកផ្ទាល់ បានជួបប្រទះបញ្ហាសុខភាព ដោយមានរោគសញ្ញាថប់ដង្ហើម និងឈឺក្បាល។
លោកប្រាប់ថា៖ «វាមិនស្រួលអាការៈថប់ដង្ហើម វាឈឺក្បាល រួមផ្សំនឹងអាកាសធាតុ រួមផ្សំនឹងផ្សែងហ្នឹងផង យើងមានពេទ្យហើយ សុខភាពមិនស្រួលគេមានថ្នាំឲ្យលេបទៅ អ្នកខ្លះគាត់ធ្ងន់ធ្ងរ គេបញ្ជូនទៅពេទ្យធំទៅ»។
លោកបន្តថា រូបលោកផ្ទាល់ និងកងទ័ពជាច្រើននាក់ផ្សេងទៀត ក៏ជួបប្រទះបញ្ហាសុខភាពដូចគ្នា។ ទោះយ៉ាងណា បន្ទាប់ពីព្យាបាលមួយរយៈ កងទ័ពបានជាសះស្បើយ និងត្រឡប់ទៅបំពេញភារកិច្ចនៅជួរមុខវិញ។
ពលរដ្ឋដែលរស់នៅទល់មុខប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ លោក ចាន់ រក្សា វ័យ៣០ឆ្នាំ ប្រាប់ Press Start Cambodia ថា ឆ្នាំនេះលោកធ្វើស្រែ២០ហិកតា លោកបារម្ភអំពីផលប៉ះពាល់ដែលបណ្តាលមកពីផ្សែងពុលដែលថៃបាញ់នៅតាមបណ្តោយព្រំដែន អំឡុងពេលមានជម្លោះព្រំដែន។ លោកស្នើឱ្យភាគីពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។
លោកបន្តថា៖«ខ្ញុំចង់ឱ្យតែមានសន្តិភាពមកវិញទេ ឱ្យប្រជាពលរដ្ឋយើងបានរកស៊ី ធ្វើដំឡូងធ្វើចំការអីស្រួលកុំឱ្យសភាពបែបនេះ។ ខ្ញុំអត់ទាន់មានបញ្ហាទេ តែចេះតែការពារ[…]រឿងផ្សែងពុលនេះ ដូចមិនទាន់មានប៉ះមកដល់ប្រជាពលរដ្ឋទេ តែបើការពារមានតែពាក់មាស់ អត់ទាន់មានគេឱ្យថ្នាំអីទុកការពារទេ។ រាល់ថ្ងៃនេះនៅតែបារម្ភដែរ ទីមួយស្រូវអង្ករយើង ទី២បន្លែផល្លានុផលប្រចាំថ្ងៃ មិនដឹងថាហូបទៅវាប៉ះពាល់អ្វីដល់សុខភាពរបស់យើង។ នៅបារម្ភមួយទៀតការប្រមូលផលខាងមុខនឹងទៅជាយ៉ាងណាទៅ ព្រោះសភាពការណ៍នៅមិនទាន់ស្រួលអញ្ចេះ»។
លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា អំឡុងជម្លោះតាមព្រំដែន អ្នកដែលប្រឈមនឹងសារធាតុពុលភាគច្រើន គឺទាហានជួរមុខ ព្រោះពលរដ្ឋត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ហើយអាការៈដែលកើតមានទៅលើពលរដ្ឋ ក៏ពុំទាន់មានរបាយការណ៍បង្ហាញថា ពួកគេរងផ្សែងពុលនៅឡើយ។
លោកថា៖«ជារួមកន្លងមក នៅពេលដែលសង្រ្គាមកើតឡើងនៅតាមព្រំដែន រយៈពេលច្រើនថ្ងៃហ្នឹង គឺបងប្អូនប្រជាពលរដ្ឋយើង គឺបានជម្លៀសមកខាងក្រោយអស់ហើយ ទី២អ្វីដែលជាផលប៉ះពាល់កន្លងមកហ្នឹងគឺទៅលើបងៗកងទ័ពទេ ដែលគាត់នៅជួរមុខហ្នឹងដែលតតាំងជាមួយថៃ គាត់ទេដែលត្រូវថាទទួលរងនូវឥទ្ធិពលខ្យល់បំពុលឬក៏ផ្សែងពុលហ្នឹង ហើយនៅតាមមន្ទីរពេទ្យទាំងអស់របស់ខេត្ត ក៏យើងមិនទាន់បានទទួលនូវបងប្អូនប្រជាពលរដ្ឋណាដែលគាត់ពុលដែរ។ និយាយរួមគឺបែបនេះឯង ហើយអាការៈនៃការឈឺក្បាល វិលមុខអីណាមួយនោះ ក៏យើងទទួលថាវាជារឿងធម្មតា ឬមួយក៏ជារឿងអីក៏យើងមិនទាន់ដឹងទេ ព្រោះកន្លងមកនេះគឺតាមខ្ញុំចុះទៅពិនិត្យនៅតាមមន្ទីរពេទ្យទាំងអស់ គឺអត់ទាន់មានបងប្អូនប្រជាពលរដ្ឋណាដែលមានរបាយការណ៍ពីសុខាភិបាល ដែលបង្ហាញថាអាការៈគាត់ ដោយសារផ្សែពុលទេ មានតែខាងកងទ័ពទេដែលមាន»។
លោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា សុំអាចមិនអត្ថាធិប្បាយជុំវិញរឿងនេះ។
រយៈពេល ៥ថ្ងៃ ដែលថៃបើកការឈ្លានពានមកប្រទេសកម្ពុជា តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ភាគីថៃបានប្រើប្រាស់ផ្សែងពុលផូស្វ័រពណ៌ស (White Phosphorus) មកលើកម្ពុជាពិតប្រាកដមែន នេះបើតាមអ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree លើកឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
បើតាមអង្គការសុខភាពពិភពលោក(WHO) ឥទ្ធិពលនៃផូស្វ័រពណ៌សលើសុខភាពមនុស្ស ដែលថៃបានប្រើនឹងបាញ់ស្រោចមកលើកម្ពុជា ត្រូវបានអន្តរជាតិហាមឃាត់ការប្រើប្រាស់ ផូស្វ័រពណ៌សនៅក្នុងតំបន់ស៊ីវិលដែលមានប្រជាជនរស់នៅច្រើន។ ផូស្វ័រពណ៌សនេះ អាចបណ្តាលឱ្យមានបញ្ហារលាកធ្ងន់ធ្ងរលើរាងកាយ រួមមាន ភ្នែកមិនច្បាស់ រលាកត្របកភ្នែក រហែកភ្នែក និងរំខានដល់ការមើលមិនឃើញ។ ម្យ៉ាងទៀត ចំពោះប្រព័ន្ធផ្លូវដង្ហើម វាធ្វើឲ្យរលាកក្នុងបំពង់ក ខូចខាតផ្លូវដង្ហើម ថប់ដង្ហើម ផ្ទុកសារធាតុរាវនៅក្នុងសួត រលាកស្បែកខាងក្នុង ឬខូចខាតជាលិកា ខ្សោយតំរងនោម ខ្សោយថ្លើម ជំងឺខ្សោយបេះដូង និងផលប៉ះពាល់ផ្សេងទៀត៕