នាវេលាម៉ោង១២ថ្ងៃត្រង់ ជាពេលសម្រាកទទួលទានអាហារថ្ងៃត្រង់ គេសង្កេតឃើញមនុស្សម្នាជាច្រើនបានចេញពីកន្លែងធ្វើការ ក្នុងនោះក៏មានកម្មករ-កម្មការិនីធ្វើការនៅរោងចក្រផ្នែកវាយនភណ្ឌកាត់ដេរមួយចំនួន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញផងដែរ។ កម្មករ-កម្មការិនីទាំងនោះ បានរូតរះដើរចេញពីបរិវេណរោងចក្រ តម្រង់ទៅកាន់តូបលក់អាហារ ដែលលក់នៅក្បែរនោះ និងខ្លះទៀតបានទៅទទួលទានបាយ និងបានសម្រាកនៅផ្ទះ មុននឹងបន្តការងារនាពេលរសៀលទៀត។
កំពុងទិញអាហារថ្ងៃត្រង់ នៅមុខរោងចក្រស្បែកជើង ជេអេដាប់បែលយូ (JAW) ស្ថិតក្នុងសង្កាត់គោករកា កម្មការិនី យ៉ោម លក្ខិនេ អាយុ ៣៨ឆ្នាំ ដែលធ្វើការនៅទីនោះរយៈពេល ៥ឆ្នាំមកហើយនោះ បានឱ្យដឹងថា កញ្ញាបានចំណាយលុយចំនួន ៥០០០៛ សម្រាប់អាហារមួយពេល ដែលតម្លៃអាហារប៉ុណ្ណេះ គឺពុំសូវមានជីវជាតិនោះទេ។
កញ្ញាបន្តថា ក្នុងឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០៨ដុល្លារក្នុងមួយខែ ហើយប្រសិនបើកម្មករធ្វើការថែមម៉ោង អាចនឹងទទួលបានប្រាក់ឈ្នួលចន្លោះពី៣០០ ទៅ ៣២០ ដុល្លារ ដែលចំនួននេះ សម្រាប់គាត់ គឺមិនអាចចំណាយគ្រប់គ្រាន់សម្រាប់ជីវភាពនោះទេ។
លក្ខិនេ បានឱ្យដឹងថា ក្រៅពីការចំណាយទៅលើម្ហូបអាហារ កញ្ញាក៏ត្រូវចំណាយទៅលើថ្លៃផ្ទះជួល ថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ ខណៈដែលកញ្ញាក៏មានជាប់បំណុលធនាគារដែលត្រូវបង់សងប្រចាំខែផងដែរ។
ក្នុងដៃកាន់បានមួយកញ្ចប់ និងម្ហូបមួយប្រអប់ កម្មការិនី លក្ខិនេ និយាយថា៖ «ប្រាក់ខែយើងទាបពេក ចឹងបងមិនហ៊ានញុំាឆ្ងាញ់ទេ បានតែបាយម្ហូបមុខរោងចក្រម្ហូប ២០០០រៀល បាយ១០០០រៀល បើហ៊ានតែញុំាលើសហ្នឹងដឹងតែពិបាកខ្លាំងហើយញុំាចឹងផង នៅមានពេលខ្លះចងការលុយគេចាយផង។ ចឹងហើយទីមួយ ពេលទិញម្ហូបអាហារអី វាថ្លៃចឹង យើងទិញតែលើរទេះបន្លែ តែវាសល់[លុយខ្លះ] អីចឹងណា បើត្រីសាច់អីរឹតតែមិនសូវហ៊ានទិញច្រើនទៀតហើយ ទិញតែ ៥០០០រៀល អីនិងហូបពីរពេលអី ហើយបើនិយាយពីរបស់ប្រើប្រាស់វិញ បើមិនចាំបាច់គឺមិនហ៊ានទិញទេ ហើយមុននិងធ្វើអី ឬចង់ទិញអីមួយ គឺគិតគូរច្រើនណាស់ ខ្លាចអត់លុយចាយដល់ខែខ្ចីគេច្រើនពេក ខ្លាចបើកលុយមកសងគេមិនគ្រប់គេ»។
ករណីនេះ កម្មការិនី លក្ខិនេ បានស្នើដល់រដ្ឋាភិបាលជួយសម្របសម្រួលធ្វើយ៉ាងណា ឱ្យការចរចាប្រាក់ឈ្នួលក្នុងឆ្នាំ២០២៦ បានឡើងដល់ ២១៨ដុល្លារ ដើម្បីឱ្យជីវភាពកម្មករ-កម្មការិនីមានភាពប្រសើរជាងបច្ចុប្បន្ន ខណៈតម្លៃទំនិញលើទីផ្សារខ្ពស់ ហើយថ្លៃផ្ទះជួលក៏អាចនឹងមានការឡើងទៅតាមប្រាក់ឈ្នួលផងដែរ។
កញ្ញាថា៖ «[បើប្រាក់ខែគោលឡើង]បាន១០ដុល្លារពីលើហ្នឹងល្អ បើឡើងបាន១០ដុល្លារ ថ្លៃផ្ទះឡើង៥ដុល្លារយើងនៅសល់៥ដុល្លារ ថ្លៃម្ហូបតិចតួចអីយើងអាចសល់បាន២ទៅ៣ដុល្លារដែរ វាគួបផ្សំនឹងការសន្សំរបស់ពួកយើង ចុះបើឡើងតែ៤ដុល្លារ [ថ្លៃជួល]ផ្ទះឡើង៥ដុល្លារ ហើយចុះនៅម្ហូបទៀត»។

ការលើកឡើងរបស់កម្មការិនីរូបនេះ បានធ្វើស្របពេលដែលរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ឱ្យដឹងថា គិតមកដល់ថ្ងៃទី០៣ ខែកញ្ញានេះ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រជុំដល់ជុំទី២ ជាមួយសហជីព ម្ចាស់រោងចក្រ និងភាគីពាក់ព័ន្ធផ្សេងៗ ដោយក្នុងនោះ ភាគីតំណាងកម្មករបានស្នើឲ្យបន្ថែមប្រាក់ឈ្នួលអប្បបរមា ១០ដុល្លារលើតួលេខបច្ចុប្បន្ន ២០៨ដុល្លារ ខណៈតំណាងភាគីនិយោជក បានស្នើឲ្យរក្សាតួលេខដដែល គឺ ២០៨ដុល្លារ។
យ៉ាងណាមិញ ក្រុមប្រឹក្សាបានកំណត់ថា នឹងបន្តកិច្ចពិភាក្សាជាថ្មីទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
កំពុងអង្គុយសម្រាកក្រោយអាហារថ្ងៃត្រង់ នៅមុខរោងចក្រមួយក្នុងរាជធានីភ្នំពេញ កម្មការិនី សឿង ភឿន បាននិយាយថា តួលេខប្រាក់ឈ្នួលបច្ចុប្បន្ន ២០៨ដុល្លារក្នុងមួយខែ មិនអាចជួយឱ្យជីវភាពរបស់ពួកគាត់បានល្អប្រសើរនោះទេ ត្បិតតម្លៃទំនិញលើទីផ្សារខ្ពស់ បូករួមនឹងបន្ទុកគ្រួសារ ដែលធ្វើឱ្យពួកគាត់រស់ទាំងត្រដរខ្យល់ បើទោះជាពួកគាត់ព្យាយាមធ្វើការថែមម៉ោងក៏ដោយ។
កម្មការិនីរូបនេះ និយាយថា៖ «ចឹងប្រាក់ខែយើងប៉ុណ្ណឹង[ជាង៣០០ដុល្លារទាំងថែមម៉ោង] យើងអត់អាចទប់ទល់បាន ចុះនៅម្តាយយើង ចុះនៅយើងចំណាយសព្វគ្រប់បែបយ៉ាង បើសម្រាប់បង គឺបងចង់បានប្រាក់ខែច្រើនចាប់ពី ៤០០ដុល្លារជាង។ បើ៤០០ដុល្លារជាង ដូចជា៤៥០ដុល្លារអីទៅ អាហ្នឹងយើងអាចសល់ខ្លះ ផ្គត់ផ្គង់ទៅគ្រួសារ អាហ្នឹងមួយសមរម្យ។ ធនាគារបង់១ខែ ៩០ដុល្លារ ហើយផ្ញើទៅម្តាយ៥០ដុល្លារ ចឹងអស់១៥០ដុល្លារហើយ ហើយនៅថ្លៃផ្ទះជួលទឹកភ្លើង៥០ដុល្លារ ទៀតអស់២០០ដុល្លារ ចុះចំណែកគ្រឿងគ្រូវ[សម្ភារៈផ្ទាល់ខ្លួនយើងទៀត[…]អូនឯងដឹងអត់អ្នករោងចក្រតែងតែឈឺ ដោយសារអី គ្នារិះថាំ ខ្លាចអត់សល់លុយ ចំណាយច្រើនពេក ចឹងបើយើងខ្ជះខ្ជាយអត់សល់លុយទេ»។
មិនខុសគ្នានេះដែរ កម្មករធ្វើការនៅរោងចក្រផលិតស្បែកជើងមួយ ក្នុងរាជធានីភ្នំពេញ លោក អឿង រ៉ាន់ អាយុ ៣៣ឆ្នាំ និយាយថា ជារឿងល្អដែលរាជរដ្ឋាភិបាល បានជួយសម្របសម្រួលឱ្យមានការជជែកកំណត់អត្រាប្រាក់ឈ្នួលគោល សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោកសង្កេតឃើញថា ការកំណត់ប្រាក់ឈ្នួលនោះ ហាក់មានការដំឡើងតិចតួច ដែលមិនស្របទៅនឹងអតិផរណាទំនិញលើទីផ្សារដែលកើនឡើង ដែលធ្វើឱ្យកម្មករនិយោជិត នៅតែមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឬប្រចាំខែរបស់ពួកគេបាន។
លោកយល់ថា៖ «ដូចជាមិនរំពឹងខ្ពស់នោះទេ បើរដ្ឋាភិបាលគាត់មើលដូចរាល់ឆ្នាំចឹង ខាងកម្មករដាក់សំណើរទៅ ១៥ដុល្លារ បើឲ្យវិញគឺតិចម៉ង ខាងនិយោជកហ៊ានឲ្យតែ១ដុល្លារ ចឹងតវ៉ាច្រើនដងឡើងខ្ពស់បំផុតឡើង២ដុល្លារ ៤ដុល្លារ ខាងរដ្ឋឲ្យ ២ដុល្លារទៀត បាន៤ដុល្លារ មកវិញថ្លៃផ្ទះជួលក៏ឡើង សម្ភារៈក៏ឡើង ចឹងទៅវាតិចមែនទែនសម្រាប់កម្មករ»។
យ៉ាងណា លោករំពឹងថា ការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៦ នឹងមានការកើនឡើងបន្ថែមចន្លោះពី១០ ទៅ១៥ដុល្លារ លើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត។
លោកថា៖ «សំណូមពរខាងអ្នកពាក់ពន្ធ័ឲ្យជួយខាងកម្មករ ព្រោះកម្មករបានប្រាក់ខែតិច មានតែពឹងទៅលើរាជរដ្ឋាភិបាលឱ្យគាត់ជួយឲ្យបានច្រើន កម្មករសប្បាយចិត្តតាមហ្នឹង ធូរមួយកម្រិតដែរ»។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិល និងសហជីពចំនួន ២៧ស្ថាប័ន បានស្នើឱ្យរដ្ឋាភិបាលពិចារណាដំឡើងប្រាក់ឈ្នួលអប្បរមា យ៉ាងតិចដល់ ២៣២ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៦ ដោយពួកគេលើកហេតុផលថា ប្រាក់ឈ្នួលបច្ចុប្បន្ន មិនទាន់អាចបង្គ្រប់តម្រូវការប្រចាំថ្ងៃរបស់កម្មករនិយោជិតបាននៅឡើយទេ។
សេចក្តីថ្លែងការណ៍ដដែលនេះ បានឱ្យដឹងទៀតថា គម្លាតរវាងប្រាក់ឈ្នួល និងការចំណាយខុសគ្នាបានរុញច្រានកម្មករនិយោជិត ឱ្យបង្កើនបំណុលកាន់តែច្រើន ខណៈពួកគេត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយលើថ្លៃហូបចុក ការថែទាំសុខភាព និងការអប់រំរបស់កូនៗ។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា៖ «គម្លាតរវាងប្រាក់ឈ្នួល និងការចំណាយនេះ បន្តរុញច្រានកម្មករនិយោជិតឱ្យកាន់តែធ្លាក់ក្នុងបំណុល និងភាពក្រីក្រ និងបង្ខំឱ្យពួកគេកាត់បន្ថយការចំណាយលើថ្លៃអាហារ ការថែទាំសុខភាព និងការអប់រំ»។
ក្នុងន័យនេះ អង្គការសង្គមស៊ីវិលទាំង ២៧ស្ថាប័ន យល់ឃើញថា កម្មករនិយោជិតដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គួរទទួលបានការរស់នៅក្នុងជីវភាពមួយសមរម្យ ខណៈវិស័យនេះ បន្តទាក់ទាញការវិនិយោគទុនអន្តរជាតិ និងផ្តល់ប្រាក់ចំណេញច្រើនដល់ក្រុមហ៊ុនម៉ាកយីហោល្បីៗ ក៏ដូចជាថៅកែរោងចក្រ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា(CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ សង្កេតឃើញថា ប្រាក់ឈ្នួលបច្ចុប្បន្នរបស់កម្មករ នៅពុំទាន់ឆ្លើយតបទៅនឹងតម្លៃទំនិញទីផ្សារនៅឡើយ។
អ្នកស្រីថា៖ «ខ្ញុំអាចនិយាយបានថា ប្រាក់ឈ្នួលដែលគាត់ទទួលបានសព្វថ្ងៃនេះ គឺអត់ឆ្លើយតបទៅនឹងការរស់នៅរបស់គាត់ទេ ព្រោះទី១យើងមើលអតិផរណាទីផ្សារ តម្លៃទំនិញផ្សេងៗ […] កម្មករនិយោជិករបស់យើង ពេលដែលគាត់ទទួលបានប្រាក់ឈ្នួលហ្នឹង គាត់មិនមែនចិញ្ចឹមតែខ្លួនឯងទេ គាត់ចិញ្ចឹមអ្នកនៅក្នុងបន្ទុករបស់គាត់ទៀត គាត់ចិញ្ចឹមខ្លួនគាត់ ហើយចិញ្ចឹមអ្នកនៅក្នុងបន្ទុករបស់គាត់ទៀត តែសួរថាប្រាក់ឈ្នួល ២០០ជាង ដែលគាត់ទទួលបានហ្នឹងចិញ្ចឹមខ្លួនគាត់ចិញ្ចឹមអ្នកនៅក្នុងគ្រួសារគាត់ទៀត សួរថាគាត់អាចរស់នៅបានអត់ អត់បានទេ។ គាត់បង្ខំចិត្តនៅក្នុងការរស់នៅផ្ទះបន្ទប់តូច ជួលផ្ទះ បង់ភ្លើង ហូបចុកត្បិតត្បៀត»។
អ្នកស្រីបន្តថា ស្របពេលដែលកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលធ្វើឱ្យពលករខ្មែររាប់ម៉ឺននាក់ត្រឡប់មកកម្ពុជាវិញនោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត គួរដំឡើងដល់ ២៣០ដុល្លារ ដើម្បីឆ្លើយតបទៅនឹងជីវភាព និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ ព្រមទាំងជាវិធានការមួយរក្សាកម្លាំងពលកម្មនៅក្នុងស្រុក កុំឱ្យពលរដ្ឋខ្មែរចំណាកស្រុកទៅប្រទេសជិតខាងទៀត។
អ្នកស្រីថា៖ «គួរតែមានការដំឡើងហ្នឹងឱ្យបានច្រើនជាងប្រាក់ឈ្នួលរបស់កម្មករឆ្នាំចាស់ ពីព្រោះអីខ្ញុំគិតថា វាជាឱកាសមួយដែលអំណោយផលដែរ ដែលប្រជាពលរដ្ឋយើង ដែលគាត់បានវិលត្រឡប់មកពីថៃអីផ្សេងៗ ព្រោះយើងចង់រក្សាកម្លាំងពលកម្ម នៅពេលដែលកម្មករនិយោជិករបស់យើងដែលគាត់វិលមកធ្វើការងារវិញនេះ បើតាមអ្វីដែលជាបទពិសោធន៍របស់ខ្ញុំ ដែលខ្ញុំព្យាយាមក្នុងការជជែកគ្នាជាមួយគាត់ ព្យាយាមនៅក្នុងការសិក្សាមួយចំនួនទៅអ្វីដែលគាត់ទៅធ្វើការនៅប្រទេសជិតខាង ទីមួយដោយសារកត្តាប្រាក់ឈ្នួលរបស់គាត់ ទី២កត្តាលក្ខខណ្ឌការងាររបស់គាត់ […] ចឹងខ្ញុំគិតថា បើសិនណាប្រាក់ឈ្នួលរបស់យើង កែសម្រួលមកបានប្រសើរជាងនេះ ខ្ញុំគិតថា ប្រាកដណាស់កម្មករនិយោជិករបស់យើងនឹងធ្វើការងារនៅទីនេះ គាត់មិនចង់ចាកចោលពីប្រពន្ធកូនគ្រួសាររបស់គាត់ទេ»។
អគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក ខេន លូ បានបដិសេធអត្ថាធិប្បាយ នៅពេលសួរពីមូលហេតុដែលខាងភាគីនិយោជក ដាក់តួលេខ ២០៨ដុល្លារ ដដែលសម្រាប់ការចរចាប្រាក់ឈ្នួលគោលនៅឆ្នាំ២០២៦។
លោកនិយាយថា៖ «ឥឡូវយើងមើលតាម press release ឬ statement [សេចក្តីថ្លែងការណ៍] ហ្នឹងទៅ statement សរសេរច្បាស់ហើយ […] មើលសកម្មភាពទៅ អាចដឹងថាសកម្មភាពអត់ល្អហើយ»
ចំណែក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សុំមិនអត្ថាធិប្បាយអ្វីដែរ ជុំវិញការស្នើរបស់តំណាង និងកម្មករនិយោជិត ដែលស្នើសុំដំឡើងប្រាក់ឈ្នួលគោលនៅឆ្នាំ២០២៦។
យ៉ាងណា សម្រាប់ក្រុមកម្មករនិយោជិត សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន សង្ឃឹមថា ការចរចាប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ២០២៦ខាងមុខ នឹងមានលទ្ធផលជាវិជ្ជមាន ដែលមានការដំឡើងប្រាក់ឈ្នួលខ្ពស់ជាងពេលបច្ចុប្បន្ន ដើម្បីជួយសម្រួល និងលើកកម្ពស់ដល់ជីវភាពរបស់កម្មករនិយោជិត ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕