បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ដែលឈានដល់ការផ្ទុះអាវុធដាក់គ្នានៅតាមបណ្តោយព្រំដែន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់មានកិច្ចព្រមព្រាងបទឈប់បាញ់ នៅយប់អាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដានោះ បានធ្វើឱ្យពលករខ្មែរប្រមាណជិត ១លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រលប់មកមាតុប្រទេសវិញ។
ការវិលមកដល់ស្រុកកំណើតវិញយ៉ាងគំហុកនៅពេលនេះ បានធ្វើឱ្យពលករទាំងនោះ ជួបនូវទុក្ខកង្វល់ជាខ្លាំងពីជុំវិញការរកប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងបញ្ហាបំណុល។ ក្នុងមួយរយៈពេលនៃការត្រលប់មកវិញ ប្រមាណជិត១ខែនេះ មានពលរដ្ឋខ្លះ បានស្វែងរកការងារធ្វើបានភ្លាមៗ តាមការជួយសម្របសម្រួល និងការប្រកាសពីឱកាសការងាររបស់រដ្ឋាភិបាល ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះទៀត ជាពិសេសពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនថៃ នៅមិនទាន់រកការងារធ្វើបាននៅឡើយ ដោយសារតែបញ្ហាខុសជំនាញ កត្តាអាយុ និងលក្ខខណ្ឌមួយចំនួន ខណៈនៅបណ្តាខេត្តទាំងនោះក៏ពុំមានរោងចក្រសហគ្រាសវាយនភណ្ឌកាត់ដេរ ទៅវិនិយោគបង្កើតរោងចក្រ ដោយសារតែជាតំបន់ផ្នែកកសិកម្ម។
អ្នកស្រី ម៉ៅ ជីវា រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គឺជាពលករដែលទើបត្រលប់មកពីប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកក្កដា អំឡុងពេលដែលកម្ពុជា និងថៃ បានផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែន។ អ្នកស្រីឱ្យដឹងថា គិតមកដល់ពេលនេះ មានរយៈពេលជិត ១ខែមកហើយដែលអ្នកស្រីបានមកដល់ស្រុកកំណើតវិញ ប៉ុន្តែអ្នកស្រីនៅមិនទាន់រកការងារធ្វើបាននៅឡើយ។
ស្ត្រីវ័យ ៤៣ឆ្នាំរូបនេះ បន្តថា អ្នកស្រីបានព្យាយាមស្វែងរកការងារ តាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលដែរ ប៉ុន្តែឱកាសការងារទាំងនោះភាគច្រើន ស្ថិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ហើយលក្ខខណ្ឌនៃការជ្រើសរើស ក៏តម្រូវឱ្យអ្នកដាក់ពាក្យចូលថ្មី ត្រូវតែចេះផ្នែកដេរ ដែលធ្វើឱ្យអ្នកស្រីជួបការលំបាក ដោយសារតែអ្នកស្រីចេះតែផ្នែកការងារសំណង់។
កំពុងអង្គុយ ហូបបាយ ជាមួយប្ដីនិងកូនប្រុស ក្រោមផ្ទះឈើ ដែលប្រក់ស័ង្កសី អ្នកស្រី ម៉ៅ ជីវា បាននិយាយថា៖ «ពិបាករកការងារធ្វើណាស់សព្វថ្ងៃនេះ។ ចង់ធ្វើការរោងចក្រដែរ ប៉ុន្តែគេរើសតែអ្នកដែលចេះដេរខោអាវស្រាប់។ ចំណែករោងចក្រខ្លះទៀត គេយកទាំងអ្នកអត់ចេះដេរ និងអ្នកចេះដែរ ប៉ុន្តែគេកំណត់អាយុ ខ្ញុំខលសួរគេមិនក្រោម១០រោងចក្រទេ គឺគេរើសតែអ្នកអាយុ១៨ឆ្នាំ ដល់៤០ឆ្នាំ ឬ៣៨ឆ្នាំចុះ។ ឥឡូវ ខ្ញុំវាហួសអាយុគេ ត្រូវការ។ ពិបាកណាស់ មិនដឹងបានលុយឯណាចិញ្ចឹមកូន និងដោះបំណុលអង្គការ[ធនាគារ]ទេ»។

អ្នកស្រី ម៉ៅ ជីវា ដែលជាជនមានពិការភាពភ្នែកម្ខាងផងនោះ បានឱ្យដឹងទៀតថា បច្ចុប្បន្នអ្នកស្រីក៏ទទួលបានព័ត៌មានពីឱកាសការងារផ្នែកសំណង់ខ្លះដែរ ដូចជា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ និងខេត្តកោះកុងជាដើម ប៉ុន្តែការងារផ្នែកនេះគេច្រើនជ្រើសរើសកម្មករជាបុរស ហើយមានប្រាក់ឈ្នួលទាប ដែលមិនអាចឱ្យអ្នកស្រី និងគ្រួសារ រកប្រាក់ចំណូលដើម្បីទប់ទល់នឹងការចំណាយខ្ពស់ ដូចជា ការជួលបន្ទប់ស្នាក់នៅ និងការចាយវាយប្រចាំថ្ងៃ ខណៈដែលគ្រួសារអ្នកស្រីក៏ត្រូវការរកប្រាក់ខ្លះ ដើម្បីដោះបំណុលដែលជំពាក់ធនាគារ ដែលត្រូវបង់ប្រចាំខែប្រមាណ ២០០ដុល្លារក្នុងមួយខែផងដែរ។
អ្នកស្រីនិយាយថា៖ «ពិបាកណាស់អូនអើយ!.. នៅខ្មែរយើងប្រាក់ខែបានតិចណាស់ អ្នកធ្វើសំណង់។ ថ្ងៃមុនខ្ញុំបានខលនិយាយជាមួយអ្នកម៉ៅការសំណង់នៅប៉ោយប៉ែត គេថាឱ្យតម្លៃខ្ញុំ ប្រហែលជា ២ម៉ឺនលើសតិចតួច តាមសមត្ថភាពការងារ។ ប្រុសៗអាចបានយ៉ាងច្រើន៣ម៉ឺន(រៀល)។ តម្លៃឈ្នួលប៉ុណ្ណឹងចាយមិនគ្រប់ទេ ព្រោះថ្លៃបន្ទប់ជួលផង ថ្លៃកូនចាយផង និងថ្លៃផ្ញើមកអ្នកផ្ទះសងបំណុលផង គឺមិនគ្រប់ទេ»។
បើតាមអ្នកស្រី ម៉ៅ ជីវា ក្រៅពីអ្នកស្រី និងគ្រួសារ ក៏នៅមានបងប្អូនសាច់ញាតិរបស់អ្នកស្រីជាង ២០នាក់ទៀត ដែលទើបតែត្រលប់មកពីថៃ ក៏នៅពុំទាន់រកការងារធ្វើបាននៅឡើយដែរ។
ជំទប់ទី២នៃសមាជិកប្រឹក្សាឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក លីន ប៊ុនឡាវ សង្កេតឃើញដែរថា ពលរដ្ឋក្នុងឃុំនេះ ដែលត្រលប់មកពីប្រទេសថៃវិញមួយចំនួនធំ ពិតជានៅមិនទាន់ស្វែងរកការងារធ្វើបាននៅឡើយ ខណៈមានពលរដ្ឋខ្លះ បាននាំគ្នាទៅធ្វើការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។
បើតាមមន្ត្រីអាជ្ញាធររូបនេះ ក្នុងឃុំផ្គាំ មានប្រជាពលរដ្ឋរស់នៅជាង ៤ពាន់គ្រួសារ ក្នុងនោះមានពលរដ្ឋប្រមាណ ៩០ភាគរយ បាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មុនពេលកម្ពុជា-ថៃ មានជម្លោះព្រំដែនជាថ្មីទៀតនេះ។ លោកបន្តថា ចាប់តាំងពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរមក ពលរដ្ឋទាំងនោះក៏បានត្រឡប់មកស្រុកកំណើតវិញច្រើនដែរ ប៉ុន្តែលោកពុំបានដឹងចំនួនជាក់លាក់នោះទេ។
លោក លីន ប៊ុនឡាវ និយាយថា៖ «ចំពោះបញ្ហាអត់ការងារធ្វើ ខ្ញុំបានលើកទឹកចិត្តឱ្យពួកគាត់ទាក់ទងទៅក្រសួងការងារ ហើយករណីដែលពួកគាត់ពុំអាចរកការងារបានដដែល នេះខ្ញុំមិនដឹងថាត្រូវដោះស្រាយបែបណាទេ ព្រោះថា ពលរដ្ឋភាគច្រើន កំពុងតែជួបផលលំបាកដូចគ្នា ដូច្នេះជំរុញប្រឹងប្រែងឱ្យអស់លទ្ធភាព»។
លោក ឈឿន គឹម រស់នៅឃុំ-ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ដែលជាពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃដែរនោះ បានលើកឡើងថា លោកបានវិលត្រលប់មកកម្ពុជាវិញ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដែលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផ្តើមមានភាពតានតឹងមក ដោយសារតែលោកបារម្ភពីសុវត្ថិភាព។
នៅពេលមកដល់ស្រុកកំណើតវិញ លោក ឈឿន គឹម បានព្យាយាមស្វែងរកការងារខ្លួនឯងផង និងតាមរយៈក្រសួងការងារផង ប៉ុន្តែនៅតែរកពុំទាន់រកបាននៅឡើយ ដោយសារតែឱកាសការងារដែលក្រសួងបានរកឱ្យ ភាគច្រើនជាការងារនៅក្រុមហ៊ុន ឬរោងចក្រកាត់ដេរ ដែលពុំត្រូវនឹងជំនាញរបស់លោក ដែលជាអ្នកមានបទពិសោធន៍ការងារផ្នែកសំណង់។ ចំណែកឯរោងចក្រដំឡើងកំពូលភ្លើង និងវេចខ្ចប់អីវ៉ាន់ជាដើម ដែលប្រកាសជ្រើសរើសបុគ្គលិកដែរនោះ លោកថា ភាគច្រើនគេរើសបុគ្គលិកដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់៣០ឆ្នាំ ខណៈដែលរូបលោកមានវ័យ ៤៩ឆ្នាំទៅហើយនោះ។
លោក ឈឿន គឹម លើកឡើងយ៉ាងដូច្នេះ៖ «តាមពិតមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានឃើញគេបង្ហោះរឿងការងាររោងចក្រតាមហ្វេសប៊ុកច្រើនដែរ ហើយបានទាក់ទងទៅក្រុមហ៊ុនទាំងនោះ គឺគេរើសបុគ្គលិកដែរ តែគេយកតែអ្នកក្មេងៗ ចាប់ពីអាយុ១៨ឆ្នាំដល់៣០ចុះ។ ចំណែកខ្ញុំអាយុជិត៥០ឆ្នាំហើយហ្នឹង គេមិនយកទេ។ ខ្ញុំបានស្នើសុំគេដែរ តែគេថាមិនយក។ អ៊ីចឹង ខ្ញុំមិនដឹងត្រូវធ្វើម៉េចទេ មានតែរកការងារណាដែលគេមិនកំណត់អាយុ ដូចជា ការងារសំណង់ជាដើម»។
បើតាម លោក ឈឿន គឹម កាលពីដើមខែសីហានេះ រូបលោក និងអ្នកភូមិជិត១០នាក់ទៀត បាននាំគ្នាឡើងទៅរកការងារសំណង់នៅខេត្តកំពង់ស្ពឺដែរ ក្រោយលឺថាមានថៅកែជាជនជាតិចិន ត្រូវការជ្រើសរើសជាងសំណង់១៥នាក់ ប៉ុន្តែនៅពេលទៅដល់ខាងក្រុមហ៊ុននោះក៏ឈប់ជ្រើសរើសវិញ ដែលធ្វើឱ្យពួកគាត់ត្រូវខាតសោហ៊ុយធ្វើដំណើរ និងការស្នាក់នៅ។
បុរសមានសម្បុរស្រអែមរូបនេះ និយាយថា ពេលនេះលោកកំពុងតែជួបបញ្ហាដាច់ស្បៀង គ្មានលុយទិញអង្ករ និងម្ហូបសម្រាប់បរិភោគ ដែលការណ៍នេះ លោកបានដើរខ្ចីអង្ករបងប្អូន និងអ្នកភូមិជិតខាងគ្រាន់ដោះស្រាយបានមួយគ្រាៗ។
លោក ឈឿន គឹម បានទទូចដល់រដ្ឋាភិបាល ជួយសម្របសម្រួលទៅខាងក្រុមហ៊ុនរោងចក្រសហគ្រាសទាំងអស់ មិនគួរកំណត់អាយុអ្នកធ្វើការតិចពេកនោះទេ ដោយគួរតែផ្ដល់ឱកាសត្រឹមអាយុ ៥០ឆ្នាំចុះ ដោយសារពលករដែលត្រលប់មកពីប្រទេសថៃវិញ មិនមែនមានតែយុវជនវ័យក្មេងនោះទេ គឺមានទាំងមនុស្សវ័យចំណាស់។ លោកថា នៅប្រទេសថៃ ការងារគេពុំសូវរឹតត្បិតផ្នែកអាយុនោះឡើយ គឺឱ្យតែមានកម្លាំងធ្វើការឱ្យគេ ពួកគាត់អាចចូលធ្វើបានទាំងអស់។
ចំណែក ពលរដ្ឋម្នាក់ទៀតរស់នៅភូមិផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អ្នកស្រី រឿង ផល្លា ដែលជាពលករខ្មែរត្រឡប់មកពីថៃដែរនោះ បាននិយាយថា គ្រួសារអ្នកស្រីកំពុងតែជួបការលំបាកក្នុងជីវភាព ដោយសារតែការរកចំណូល តិចជាងការចំណាយ ខណៈសមាជិកគ្រួសារដែលអ្នកស្រីត្រូវរាប់រ៉ង មានកូន២នាក់ និងឪពុកម្តាយដែលមានវ័យចាស់ជរា។
អ្នកស្រីថា បច្ចុប្បន្ន រូបគាត់បានដើរស៊ីឈ្នួលធ្វើជាកម្មករសំណង់នៅតាមភូមិបន្តិចបន្តួច គ្រាន់បានថវិកាខ្លះចំណាយលើការហូបចុកប្រចាំថ្ងៃ ប៉ុន្តែមិនអាចដោះស្រាយបញ្ហាបំណុលបាន។
អ្នកស្រីថា៖ «ខ្ញុំមិនរើសការងារទេ ឱ្យតែខ្ញុំអាចធ្វើបាន រកចំណូលបាន ដោះស្រាយជីវភាព គឺខ្ញុំធ្វើទាំងអស់។ រាល់ថ្ងៃគ្រួសារខ្ញុំលំបាកទាក់ទងរឿងការងារធ្វើ ព្រោះខ្ញុំ និងប្ដីអត់ចេះអក្សរ ហើយទូរសព្ទដែលមាន មិនអាចប្រើហ្វេសប៊ុកបាន មិនដឹងត្រូវទាក់ទងគេរបៀបម៉េច។ ខ្ញុំបានទៅសួរនាំអ្នកភូមិ ដែលគេចេះប្រើហ្វេសប៊ុកច្រើនដងដែរថា បើសិនជាពួកគេរកការងារបានអី ឱ្យហៅពួកខ្ញុំទៅផង ប៉ុន្តែពួកគេក៏នៅមិនទាន់មានការងារធ្វើដែរ»។
រីឯពលករខ្មែរមកពីប្រទេសថៃ ទើបតែបានមួយសប្ដាហ៍ ដោយបារម្ភពីការរើសអើងជាតិសាសន៍បើនៅបន្តធ្វើការនៅប្រទេសនោះទៀត លោក ឆាត់ ហុក បាននិយាយថា បច្ចុប្បន្ន រូបលោកនិងភរិយា នៅមិនទាន់រកការងារធ្វើបាននៅឡើយ។ លោក និងភរិយា បានព្យាយាមដាក់ពាក្យធ្វើការនៅរោងចក្រកាត់ដេរមួយ នៅខេត្តកណ្តាល ប៉ុន្តែដោយសារតែឯកសារសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ មានសភាពចាស់ និងរហែកផ្នែកខ្លះ ដូច្នេះខាងក្រុមហ៊ុនតម្រូវពួកគាត់ទៅបញ្ជាក់ឯកសារទាំងនៅជាមួយភូមិឃុំវិញ។
លោកបន្តថា បញ្ហានេះ បានក្លាយជាឧបសគ្គមួយសម្រាប់គ្រួសារ ដោយសារតែត្រូវការចំណាយសាហ៊ុយចុះឡើង ទើបលោកសម្រេចចិត្តមិនដាក់ពាក្យធ្វើការនៅរោងចក្រនោះវិញ។
បុរសដែលមានលំនៅឋាននៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យរូបនេះ និយាយថា៖ «ពេលខ្ញុំត្រលប់ពីខេត្តកណ្ដាលវិញ ខ្ញុំបានដើររកការងារសំណង់ធ្វើ ដើម្បីបានថវិកាខ្លះ ធ្វើដំណើរទៅដាក់ពាក្យធ្វើការនៅខេត្តកណ្ដាលម្ដងទៀត តែរកមិនទាន់បាន។ ចំណែករោងចក្រដែលនៅជិតៗនេះ ដូចជា នៅខេត្តបាត់ដំបង និងខេត្តសៀមរាប និងតាមប៉ោយប៉ែត ឃើញក្រសួងដាក់លេខឱ្យទាក់ទងទៅដែរ តែភាគច្រើនគេឈប់រើស ហើយរោងចក្រខ្លះ មិនទាន់បានបើកដំណើរការផង។ គិតទៅពិបាករកការងារណាស់ ស្រុកយើង»។
ទោះយ៉ាងណា លោក ឆាត់ ហុក បានស្នើឱ្យរដ្ឋាភិបាល និងក្រសួងការងារ ជួយសម្របសម្រួលរកទីផ្សារការងារឱ្យបានច្រើនបន្ថែមទៀត សម្រាប់បំពេញតម្រូវការងារដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ឱ្យឆាប់មានការងារធ្វើដើម្បីដោះស្រាយជីវភាព។
ជុំវិញបញ្ហាលំបាករកការងាររបស់ពលរដ្ឋខ្មែរដែលត្រឡប់មកពីថៃក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី សុំមិនអត្ថាធិប្បាយអ្វីច្រើនទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ «សូមឱ្យពលរដ្ឋដែលកំពុងតែអត់ការងារធ្វើ ទាក់ទងទៅលេខក្រសួងការងារ ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយបើទាក់ទងមិនបានឡើងមកមន្ទីរការងារខេត្ត គឺមានក្រុមការងារ ចាំទទួលពាក្យរកការងារធ្វើ ប្រចាំការរាល់ថ្ងៃ»។
ចំណែក អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា ខាងលោកពុំដឹងពីចំនួនជាក់លាក់នៃពលរដ្ឋនៅក្នុងខេត្តនេះដែលមិនទាន់មានការងារធ្វើ ក្រោយត្រលប់ពីប្រទេសថៃនោះដែរ។ តែយ៉ាងណា លោកថា ប្រសិនបើពលរដ្ឋពិតជាអត់ការងារធ្វើមែន សូមទាក់ទងទៅកាន់អាជ្ញាធរពាក់ព័ន្ធ ព្រោះរដ្ឋាភិបាល និងក្រសួងការងារ បាននិងកំពុងតែប្រឹងប្រែងដោះស្រាយបញ្ហានេះរាល់ថ្ងៃ។
លោកថា៖ «តាមពិតសព្វថ្ងៃ យើងពុំសូវខ្វះការងារធ្វើនោះទេ តែសំខាន់ពួកគាត់ពុំទាន់មានព័ត៌មានគ្រប់គ្រាន់ពីឱកាសការងារ ដូច្នេះសូមឱ្យបងប្អូនទាក់ទងទៅអាជ្ញាធរ ឬឡើងមកមន្ទីរការងារផ្ទាល់ ដើម្បីសួរនាំពីរបៀបដាក់ការងារ និងព័ត៌មានពីការងារទាំងនោះ»។
Press Start Cambodia ពុំអាចសុំការឆ្លើយតបពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ។
តែយ៉ាងណា ទំព័រហ្វេសប៊ុករបស់ក្រសួងការងារ បានស្រង់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បាន មកផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះថា ភូមិសាស្ត្រខេត្តមួយចំនួននៅជាប់ព្រំដែនថៃ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ សៀមរាប រួមទាំងមួយផ្នែកនៃខេត្តពោធិ៍សាត់ ពលរដ្ឋអាចមានភាពលំបាកជាងគេ ក្នុងការស្វែងរកការងារ ដោយសារនៅតាមបណ្តាខេត្តទាំងនេះគឺមានតែមុខរបរកសិកម្ម ហើយក៏មានពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅថៃច្រើនដែរ។ រីឯរាជធានី-ខេត្តដែលមានរោងចក្រច្រើន គឺនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង កណ្ដាល កំពង់ស្ពឺ កំពង់ចាម និងកំពង់ឆ្នាំង។
លោកថា៖ «ចឹងបើយើងមិនប្រញាប់ទៅពន្យល់បងប្អូនដែលនៅមួយប៉ែកដែលអត់សូវមានរោងចក្រហ្នឹងទេ គាត់អត់ចង់មកធ្វើការនៅរោងចក្រទេ ពេលដែលថៃបើក ឬបញ្ហាវិលទៅធម្មតាវិញ អ្នកទាំងអស់ហ្នឹងគឺប្រហែលជាគាត់វិលទៅថៃវិញ តែបើយើងបានចុះទៅទាញប្រជាពលរដ្ឋនៅប៉ែកខាងហ្នឹង ដែលគាត់មិនសូវបានឃើញរូបភាពរោងចក្រ មិនបានឃើញពីការរីកចម្រើននៃរោងចក្រហ្នឹង ហើយគាត់បានមកភ្ជាប់ខ្លួនជាមួយរោងចក្រនៅភ្នំពេញ ឬមួយនៅខេត្តណាដែលគាត់អាចនេះបាន ប្រហែលជាគាត់មិនត្រឡប់ទៅវិញទេ ចឹងហើយបានជាវេទិកាការងារដែលយើងខ្ញុំបានព្រាងនេះ ខ្ញុំបានដាក់ផែនការឱ្យមន្ត្រីក្រសួង គឺផ្តោតទៅលើខេត្តដែលមិនមានរោងចក្រនេះឱ្យបានច្រើន ហើយឱ្យបានញឹក ហើយអត់បានមុនគេ»។
រដ្ឋមន្ត្រីក្រសួងការងារ បន្តថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងតែប្រឹងប្រែងបន្តផ្សព្វផ្សាយព័ត៌មានការងារ និងអំពាវនាវដល់ក្រុមហ៊ុនរោងចក្រសហគ្រាសនានា ផ្ដល់ឱកាសការងារទៅឱ្យពលរដ្ឋដែលទើបត្រលប់ពីប្រទេសថៃវិញ ដើម្បីឱ្យពលរដ្ឋទាំងនោះទទួលបានការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបន្តថា ខាងក្រសួងក៏បានព្យាយាមទំនាក់ទំនងទៅរោងចក្រធំៗ ដែលមានប្រាក់ខែសមរម្យ និងមានស្តង់ដាប្រហាក់ប្រហែលនឹងការងារនៅថៃ សម្រាប់ផ្តល់ការងារដល់ពលរដ្ឋផងដែរ ដើម្បីឱ្យពួកគាត់អាចធ្វើការនៅក្នុងស្រុក មិនចាំបាច់ត្រឡប់ទៅថៃវិញ។
ក្រៅពីនោះ លោករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់ថា៖ «ចំពោះប្រជាពលរដ្ឋដែលត្រឡប់ពីថៃ ប្រសិនបើចង់មានជំនាញវិជ្ជាជីវៈដើម្បីប្រកបមុខរបរខ្លួនឯង ក្រសួងក៏មានវគ្គបណ្ដុះបណ្ដាលជូនពួកគាត់ដែរ ខណៈក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងរៀបចំកញ្ចប់អន្តរាគមន៍លើការងារនេះ»។
បើតាមរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ដែលបានថ្លែងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីមួយនៅក្រសួងមហាផ្ទៃ ចាប់តាំងពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ ចំនួនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានចាកចេញមកពីប្រទេសថៃ មានជាង ៩២ម៉ឺននាក់ ដែលចំនួននេះនៅមិនទាន់បានបញ្ចប់នោះទេ ពីព្រោះប្រជាពលរដ្ឋ និងពលករខ្មែរ នៅតែចាកចេញពីថៃមកកម្ពុជាវិញជាបន្តបន្ទាប់ទៀត។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា ទីផ្សារការងារនៅកម្ពុជា ហាក់នៅមានស្ថានភាពចង្អៀត ហើយថ្លៃឈ្នួលនៃកម្លាំងពលកម្ម ក៏នៅទាបនៅឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការស្វែងរកការងារដែលមានប្រាក់ឈ្នួលសមរម្យ ស្របពេលដែលចំនួនពលរដ្ឋដែលត្រឡប់មកពីថៃ ក៏មានចំនួនច្រើនសន្ធឹកសន្ធាប់ថែមទៀត ដែលធ្វើឱ្យការស្វែងរកការងារកាន់តែមានភាពលំបាកថែមទៀត ដោយសារទីផ្សារការងារ និងចំនួនការងារ មិនសមស្របនឹងចំនួនពលករដែលមកពីថៃ។
លោកថា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនេះ រដ្ឋាភិបាលគួរស្រង់ស្ថិតិចំនួនក្រុមហ៊ុន ទាំងអស់ដែលកំពុងជ្រើសរើសកម្មករ ហើយដើរប្រមូលពលរដ្ឋ ដែលកំពុងពេញកម្លាំង និងកំពុងរងចាំឱកាសការងារ ដើម្បីជួយសម្រួលដល់ពួកគាត់ដោយផ្ទាល់ ជាជាងគ្រាន់តែផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដោយសារពលរដ្ឋខ្លះ ពុំមានទូរសព្ទទំនើបដែលអាចប្រើប្រាស់អ៊ីនធឺណេតបាន ខណៈចំណេះដឹងរបស់គាត់នៅមានកម្រិត។
លោក យ៉ង់ គឹមអេង និយាយថា៖ «រដ្ឋាភិបាលគួរតែដើរស្រង់ស្ថិតិចំនួនពលរដ្ឋនៅតាមភូមិឃុំ ថាតើពលរដ្ឋ ប៉ុន្មាននាក់ដែលអត់ការងារធ្វើ ហើយហេតុអ្វីបានពួកគាត់ អត់មានការងារធ្វើ? ស្របពេលដែលរដ្ឋាភិបាលបានប្រកាសពីឱកាសការងារជាច្រើននៅក្នុងស្រុក។ នៅពេលដឹងពីហេតុផល និងបញ្ហាច្បាស់ហើយ រដ្ឋាភិបាលត្រូវដោះស្រាយតាមលំដាប់នៃបញ្ហា មិនមែនប្រកាសតែពីឱកាសការងារ ចំណែកពលរដ្ឋត្អូញត្អែរ អត់ការងារធ្វើ នៅតែដែលបែបនេះទេ»។
ត្រឡប់ទៅកាន់អ្នកស្រី ម៉ៅ ជីវា ដែលជាពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ គាត់ថា ដ្បិតសព្វថ្ងៃ ឃើញក្រសួងការងារប្រកាសព័ត៌មានពីឱកាសការងារនៅលើបណ្ដាញសង្គមហ្វេសប៊ុកច្រើនក្ដី ប៉ុន្តែអ្នកស្រីបានត្រឹមតែដឹងនិងឮប៉ុណ្ណោះ។ ចំណែកការដាក់ពាក្យស្នើការងារ និងទាក់ទងសួរនាំលម្អិតអំពីការងារ អ្នកស្រីថា ក្រសួងពុំបានជួយសម្របសម្រួលដោយផ្ទាល់នោះទេ គឺតម្រូវឱ្យសាមីខ្លួនម្នាក់ៗ ទាក់ទងសួរនាំទៅម្ចាស់ក្រុមហ៊ុនទាំងនោះ ដោយខ្លួនឯង ដែលការណ៍នេះ ធ្វើឱ្យអ្នកស្រីជួបផលលំបាក ដូចជា ភាសាខុសតំបន់គ្នា ស្ដាប់គ្នាពុំសូវយល់ និងបញ្ហាមិនសូវស្គាល់ពីបរិបទការងារ ដែលភាគច្រើនជាប្រភេទការងាររោងចក្រកាត់ដេរសម្លៀកបំពាក់។
អ្នកស្រី ម៉ៅ ជីវា ស្នើថា៖ «ខ្ញុំចង់ឱ្យក្រសួងគួរតែមានក្រុមការងារសម្របសម្រួល ដើរស្រង់ឈ្មោះនៅតាមភូមិឃុំ ចំពោះពលរដ្ឋ និងពលករ ដែលត្រលប់មកពីប្រទេសថៃវិញ ដែលពុំមានការងារធ្វើ ហើយកំពុងតែរកការងារធ្វើ ថាតើ មានប៉ុន្មាននាក់ ហើយពេលប្រមូលចំនួនបានហើយ សម្របសម្រួលនឹងឱ្យពួកគាត់ទៅឱ្យធ្វើការនៅខេត្តនេះ ខេត្តនោះ ឬ នៅតាមក្រុមហ៊ុននេះ ក្រុមហ៊ុននោះ តាមជំនាញរបស់ពួកគាត់ នោះទើបមានប្រសិទ្ធភាព»៕