សហគមន៍ជនជាតិដើមភាគតិចមួយចំនួន បានស្នើឲ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីធ្លីជាសមូហភាព ផ្តល់ការគាំទ្រចំពោះចម្ការវិលជុំ និងបញ្ឈប់ការគំរាមកំហែងគ្រប់ទម្រង់ ដែលប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ។
ការស្នើនេះ បានធ្វើឡើងស្របពេលទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។ ទិវាអន្តរជាតិជនជាតិដើមភាគតិច ត្រូវបានអង្គការសហប្រជាជាតិបង្កើតឡើងនៅឆ្នាំ១៩៩៤ និងប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែសីហា ដើម្បីលើកស្ទួយសិទ្ធិស្មើភាពសម្រាប់ប្រជាជនជនជាតិដើមភាគតិចទូទាំងពិភពលោក។
លោក តាគុំ ណៃ ប្រធានសហគមន៍តំបន់ការពារធម្មជាតិ អូរតាបូក និងជាជនជាតិដើមភាគតិចព្រៅ នៅស្រុកតាវែង ខេត្តរតនគិរី មានប្រសាសន៍ថា ជនជាតិដើមភាគតិចនៅតំបន់នោះ ទាំងស្រុងពឹងផ្អែកជីវភាពលើចម្ការវិលជុំ ដូចជា ការដំឡូង ជាដើម។ ប៉ុន្តែ លោកថា ក្រោយការពង្រីកឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៣ ដោយកែប្រែពីទំហំ ៣៣២ ៥០០ ហិកតា មកផ្ទៃដីទំហំ ៤០៥ ៧៦៦ ហិកតានោះ បានធ្វើឲ្យសហគមន៍មិនអាចប្រើប្រាស់ចម្ការវិលជុំដូចពីមុនទៀតនោះទេ។
លោកថ្លែងថា៖ «ពួកយើងនៅហ្នឹង ប៉ុន្តែគេលែងឱ្យកាប់ចម្ការវិលជុំទៀត ហើយយើងចង់បានដីដែលពួកគាត់អាស្រ័យផល ចម្ការវិលជុំជូនឱ្យពួកគាត់វិញឱ្យបានដូចពីមុន ហើយបច្ចុប្បន្ននេះយើងនៅតែការពារព្រៃឈើ ការពារផង និងប្រើប្រាស់បែបលក្ខណៈជនជាតិដើមភាគតិច គឺយើងចង់បានបែបនេះ»។
ជាមួយគ្នានេះដែរ ប្រធានសហគមន៍ជនជាតិដើមភាគតិចម្ហូន ស្រុកកោះញែក ខេត្តមណ្ឌលគិរី លោក ប្រង់ ណុប ក៏បានសង្កត់ធ្ងន់ពីបញ្ហាដីដែលមិនទាន់ចុះបញ្ជីសមូហភាព និងការគម្រាមកំហែងគាបសង្កត់ពីមន្ត្រីបរិស្ថាន ដោយមិនឱ្យពួកគាត់កាប់ឆ្ការដីចម្ការវិលជុំ ដែលពួកគាត់ធ្លាប់ធ្វើពីមុនបានឡើយ។
លោកមានប្រសាសន៍ថា៖ «ប្រជាសហគមន៍ឧស្សាហ៍មកសួរខ្ញុំ កាលណាយើងបានចុះបញ្ជីដូចគេ ឱ្យកាប់ស្ការធ្វើចំការបាន ព្រោះយើងវាប្រឈមបញ្ហាច្រើន ជំពាក់ធនាគារក៏ច្រើន កម្ចីក៏ច្រើន មន្ត្រីបរិស្ថានបានរឹតត្បិតមិនឱ្យយើងកាប់ឆ្ការ រុករានដីដែលយើងធ្លាប់អាស្រ័យផលពីមុន ដីណាក៏ជាការងាររបស់គាត់ ការពារធនធានធម្មជាតិ គាត់ក្តាប់យកទាំងអស់ហ្នឹង ហើយយើងចង់ឱ្យមានការចុះបញ្ជីសមូហភាព ដូចកាលរស់នៅពីដើមកន្លងមក» ។
លោកបានស្នើឲ្យរដ្ឋាភិបាលជួយជំរុញថ្នាក់ក្រោម ឱ្យចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីអនុញ្ញាតឱ្យសហគមន៍អាចប្រើប្រាស់ធនធានធម្មជាតិដោយសេរី និងរក្សាអត្តសញ្ញាណរបស់ពួកគេ។
មិនខុសពីសហគមន៍ផ្សេងទៀតនោះទេ លោក ជុំ សុភឿត ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ ស្រុកឆែប ខេត្តព្រះវិហារ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ចំពោះបញ្ហាដីធ្លី និងចុះបញ្ជីដីសមូហភាពជូនសហគមន៍។
លោកមានប្រសាសន៍ថា៖ « យើងចង់បានជាដីសមូហភាព ដីកប់សព ដីជំនឿ ព្រោះចង់បានសិទ្ធនៅក្នុងការរស់រានមានជីវិត រស់រានដោយបែបជនជាតិដើមភាគតិច ដោយសារកន្លងមកជនជាតិដើមភាគតិចយើងបានបាត់បង់កន្លែងរស់នៅជាច្រើនកន្លែង ដីធ្លីក៏ត្រូវបានគេយក ផ្ទះសម្បែងក៏ត្រូវបាត់បង់ កន្លែងឃ្វាលគោក្របី កន្លែងបូជា បាត់បង់ជាច្រើនកន្លែង ដែលធ្វើឱ្យគ្រួសារមួយចំនួនត្រូវបានចំណាកស្រុកជាច្រើន […] យើងទាមទារសិទ្ធិសេរីភាពពេញលេញនៅក្នុងការបង្កើតមុខប្រកបរបរចិញ្ចឹមជីវិត លក្ខណៈប្រពៃណីពីដើមមក» ។
តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជា មានចំនួន ២៤ក្រុម រួមមាន ជនជាតិដើមភាគតិចព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ទំពួន ស្ទៀង ថ្មូន រអង និងស្អូច ដែលមានចំនួនប្រមាណជា ១,៣៤ភាគរយ នៃប្រជាជនកម្ពុជាសរុប។
ពួកគេកំពុងរស់នៅតាមខេត្តចំនួន១៥ ដូចជាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងសៀមរាប ហើយពួកគាត់ភាគច្រើនប្រកបការងារធ្វើស្រែចម្ការវិលជុំប្រមូលផលអនុផលព្រៃឈើ ការប្រមាញ់សត្វ ការនេសាទ និងចិញ្ចឹមសត្វជាលក្ខណៈប្រពៃណីគ្រួសារ។
យោងតាមប័ណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្តីពីបច្ចុប្បន្នភាពនៃការទទួលបានប័ណ្ណកម្មសិទ្ធិដមូហភាពជនជាតិដើមភាគតិចនៅកម្ពុជា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចចំនួន ៤៨៨សហគមន៍ គឺមានសហគមន៍ចំនួន ៤៣បានចុះបញ្ជី លើផ្ទៃដី ៤១ ៥៣៨.៣២ហិកតា។
ប្រភពដដែលបន្តថា ជាមធ្យមមានតែប័ណ្ណកម្មសិទ្ធដីសមូហភាពចំនួន ៣,៣០ភាគរយប៉ុណ្ណោះដែលត្រូវបានចេញក្នុងមួយឆ្នាំ ដែលទាបជាងគោលដៅផ្លូវការចំនួន ១០ក្នុងមួយឆ្នាំ ដែលករណីនេះ បានធ្វើឱ្យជនជាតិភាគតិចមានក្តីកង្វល់ និងបង្ហាញពីភាពយឺតយ៉ាវក្នុងការផ្តល់កម្មសិទ្ធិដីសមូហភាពដល់ជនជាតិដើមភាគតិច ដែលមានសិទ្ធិទទួលបានលំនៅឋាន សមរម្យ និងដីធ្លី តាមប្រពៃណីរបស់ពួកគេដែលធានានៅក្នុងច្បាប់អន្តរជាតិ និងច្បាប់ជាតិ។
CCHR ក៏បានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល ធ្វើយុទ្ធនាការពន្លឿនការចុះបញ្ជីដី ឱ្យបានយ៉ាងហោចណាស់ ១០ប័ណ្ណក្នុងមួយឆ្នាំ ពង្រឹងការទទួលស្គាល់ផ្លូវច្បាប់តាមរយៈការធ្វើវិសោធនកម្មលើក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ឈប់ការរិតត្បិតកំណត់ទំហំដី និងប្រភេទដីដែលជាកម្មវត្ថុនៃការចុះបញ្ជី បែងចែកកញ្ចប់ថវិការដ្ឋមួយចំនួនដើម្បីគាំទ្រដំណើរការផ្តល់កម្មសិទ្ធិដីសមូហភាពជូនជនជាតិដើមភាគតិច និងបញ្ឈ់ការផ្តល់ដីព្រៃរបស់រដ្ឋដល់ក្រុមហ៊ុនឯកជននៅតំបន់ដែលជនជាតិដើមភាគតិចរស់នៅ។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ពិត ករុណា មានប្រសាសន៍ថា ដំណើរការនៃការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិច គឺមានបីដំណាក់កាល និងមានក្រសួងបីពាក់ព័ន្ធ គឺក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃ។
លោកមានប្រសាសន៍ថា៖ « ក្រសួងអភិវឌ្ឍន៍ជនបទ មានតួនាទីនៅក្នុងការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ហើយតម្រូវឱ្យជនជាតិដើមភាគតិច ទទួលស្គាល់ហើយប្រកាសស្វ័យអត្តសញ្ញាណថាគាត់ជាជនជាតិដើមភាគតិច បន្ទាប់មកទើបគាត់យកអត្តសញ្ញាណនោះ រៀបចំចុះទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចទៅក្រសួងមហាផ្ទៃ ទើបពួកគាត់អាចលើកករណីនេះទៅក្រសួងដែនដី ដើម្បីស្នើសុំចុះបញ្ជីដីធ្លីបាន»។
Press Start Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះពី លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញសង្គមតេឡេក្រាមដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ គិតត្រឹមថ្ងៃ០៨ ខែសីហា ឆ្នាំ២០២៥ នេះ។
លោក ហ៊ាន ប៊ុនហៀង អ្នកសម្របសម្រួលលេខាធិការដ្ឋាន នៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា កត់សម្គាល់ថា នីតិវិធីនៃការចុះបញ្ជីដីសមូហភាពសម្រាប់ជនជាតិដើមភាគតិច នាពេលបច្ចុប្បន្ន ហាក់នៅមានដំណើរការយឺតយ៉ាវដដែល គឺដោយសារមានភាពស្មុគស្មាញ បញ្ហាតម្លៃខ្ពស់ និងមានរយៈពេលយូរ។
លោកថា៖ « ជនជាតិដើមភាគតិចភាគច្រើន គឺពឹងផ្អែកទៅលើដីធ្លី និងធនធានធម្មជាតិ ហើយការគ្រប់គ្រងដីធ្លីរបស់ពួកគាត់ គឺគ្រប់គ្រងបែបប្រពៃណីបុរាណរបស់ពួកគេ ហើយយើងត្រូវទទួលស្គាល់ថា ជនជាតិដើមពិតជាមករស់នៅមុនតំបន់ការពារធនធានធម្មជាតិ ដូច្នេះត្រូវទទួលស្គាល់សិទ្ធប្រើប្រាស់ចាត់ចែងរបស់គាត់ ហើយរកដំណោះស្រាយរួមគ្នា ហើយ មានសហគមន៍ជាច្រើនដែលកំពុងតែស្នើសុំការចុះបញ្ជីដីសមូហភាពនេះ »។
លោកបន្ថែមថា៖ «នៅក្នុងក្រមបរិស្ថានបានចែងថាជនជាតិដើមភាគតិច អាចអនុវត្តចំការវិលជុំបានលុះត្រាតែចុះបញ្ជីដីធ្លី ចុះបើសហគមន៍រាល់ថ្ងៃ មិនទាន់ចុះទេ ចឹងធ្វើដោយខុសច្បាប់ហើយបើពួកគាត់មិនទាន់ចុះ ហើយរដ្ឋទើបតែចុះបាន ៤០សហគមន៍ជាងហ្នឹង ចុះសហគមន៍ផ្សេងទៀត មិនបាច់ធ្វើស្រែចំការទេ ចាំតែគេចុះបានធ្វើ? ចឹងយើងត្រូវតែយល់ហើយរកដំណោះស្រាយរួមគ្នា»។
ជាមួយគ្នានេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿននៅក្នុងការចុះបញ្ជីដីសមូហភាព ជូនជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់អាចអាស្រ័យផលស្របច្បាប់ លើដីប្រពៃណីពីបុរាណរបស់ពួកគាត់។
យោងតាមប័ណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សិទ្ធិទទួលបានដីធ្លីរបស់ជនជាតិដើមភាគតិច ត្រូវបានការពារយ៉ាងមុតមាំដោយច្បាប់អន្តរជាតិ ដែលត្រូវបានបញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១។
ប្រភពដដែល បន្តថា ជនជាតិដើមភាគតិចសរុបប្រមាណ ១៧២ ៩៨០នាក់ ស្មើ ១,១១% នៃប្រជាជនកម្ពុជាសរុប ហើយបើតាមការប៉ានប្រមាណ គឺមានជនជាតិដើមភាគតិចចំនួន ៤៨៨ សហគមន៍ ដែលកំពុងប្រកបមុខរបរចិញ្ចឹមជីវិតតាមបែបកសិកម្មប្រពៃណីរបស់ពួកគេ រួមទាំងការធ្វើ «កសិកម្មវិលជុំ» ឬ «ចំការវិលជុំ»។ ជំនឿ ប្រពៃណី និងអត្តសញ្ញាណរបស់សហគមន៍ជនជាតិដើមភាគតិចកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដីធ្លី និងធនធានធម្មជាតិ៕