រដ្ឋាភិបាល​ដាក់ចេញកម្មវិធីជំរុញការ​វិនិយោគនៅខេត្ត​ភាគឦសាន

រដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីជំរុញការវិនិយោគនៅខេត្ត​​​ភាគឦសាន ដែល​​មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ពីឆ្នាំ២០២៥ ដល់​២០២៨ ដើម្បីបង្កើនការវិនិយោគឯកជន និងជំរុញសេដ្ឋកិច្ចជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅ​ភាគ​ឦសាន» នៅ​ព្រឹក​ថ្ងៃ​​ទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា ការ​ដាក់​ចេញ​​កម្មវិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគឦសានប្រទេស​​​នេះ ដើម្បី​​ជំរុញ​កំណើន​​​វិនិយោគ​ឯកជន បង្កើន​​ចរន្ត​​​សេដ្ឋកិច្ច​ ការ​ងារ និងភាពទាក់ទាញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅប្រកបអាជីវកម្ម​ និងរស់នៅ​កាន់តែ​ច្រើន​ឡើង​នៅតំបន់ទាំងនោះ។

លោកបន្ថែមថា៖ «លើសពីនេះទៀត សម្រាប់សកម្មភាពធុរៈកិច្ច ដែលកំពុងដំណើរការនៅក្នុងខេត្តទាំង៤ តែមិនទាន់បានចុះបញ្ជីពន្ធដា អាចចុះបញ្ជីពន្ធដាដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៥នេះ ហើយទទួលបាននូវការលើក​លែង​ពិន័យទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបំពេញអនុលោមភាព​​កន្លងមកផងដែរ។ ក្រោយពីបានចុះបញ្ជីពន្ធដាររួចរាល់ សកម្មភាពធុរៈកិច្ចទាំងនោះ ក៏អាចស្នើសុំការលើកទឹកចិត្តដោយត្រូវចុះបញ្ជី គ.ល.គ នៅក្នុងឆ្នាំ២០២៥នេះ»។

បន្ថែមពីនេះ លោក​ថា រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការ ជំរុញការវិនិយោគ​​​នៅខេត្ត​​​​ភាគឦសាន ដោយប្រើ​​យន្តការច្រកចេញចូលតែ​មួយ សម្រាប់រាល់ការស្នើសុំវិនិយោគ និងដោះស្រាយបញ្ហានានា ទាក់​ទង​នឹង​ការ​​វិនិយោគ​​ដែល​កើត​មាន​នៅ​ខេត្ត​ទាំង​៤។

ជាមួយគ្នានេះ លោ​កនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​​ថា ​រដ្ឋាភិបាល​ក៏បាន​ជំរុញ​វិនិយោគិន​​ក្នុ​ងស្រុ​ក និង​សហគ្រាស​ធន់តូច និង​មធ្យម​វិនិយោគ​ឱ្យ​បាន​ច្រើន​ ដោយ​បានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគ​​​អប្បរមា ចាប់ពី១០ម៉ឺនដុល្លារឡើង អាច​ស្នើសុំគោលការណ៍​វិនិយោគបាន ការផ្ដល់ហិរញ្ញប្បទានគាំទ្រ ក្រោមអត្រាការប្រាក់ទាប និងជំរុញ​ការបង្កើន​ធន​ធាន​មនុស្ស​សម្រាប់​វិស័យ​កសិកម្ម និងកសិឧស្សាកម្ម ដោយ​លើកលែងពន្ធលើប្រាក់បៀវត្តកម្មកររបស់កម្មករខ្មែរដែលមានតិច ឬស្មើជាង២លានរៀលក្នុងមួយខែផងដែរ។

លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលខេត្តទាំង៤​ ផ្ដោតលើការ​រក្សា​​សន្តិសុខ សណ្ដាប់​ធ្នាប់ ជាពិសេស​ទប់ស្កាត់​​បទល្មើស​​បច្ចេកវិទ្យា។

លោកថា៖ «ហើយចំណុចមួយទៀត សុំខេត្តទាំង៤យកចិត្តទុកដាក់​ គឺសន្តិសុខ សណ្ដាប់​ធ្នាប់ ត្រូវធ្វើម៉េចទប់ស្កាត់នូវសកម្មភាពទាំងឡាយណា​ដែលបង្កនូវអសន្តិសុខ ជាពិសេសរឿងបទល្មើសបច្ចេកវិទ្យា កិច្ចការ​ងារ​នេះ​គឺត្រូវប្រយ័ត្ន។ ខេត្ត​​យើង​​ទាំង​៤ ទោះ​ជា​ត្រូវ​កវែក​កឆ្នាំង​តាំង​ពី​៩៩[ឆ្នាំ១៩៩៩]​មក​យើង​អភិវឌ្ឍន៍​​ប៉ុណ្ណេះ​អត់​មាន​ពឹង​ទៅ​លើ​បទ​ល្មើស​បច្ចេក​វិទ្យា​ទេ អ៊ីចឹង​យើង​រស់​តទៅ​ទៀត​ ដោយ​សារ​មិន​ចាំបាច់​ទៅ​លើ​អាហ្នឹង​ទេ​[បទល្មើស​បច្ចេកវិទ្យា]»។

លោក នុន សុគន្ធា វ័យ៤០ឆ្នាំ ជាជនជាតិដើមភាគតិចគ្រឹង នៅ​ខេត្តរតនគិរី និងទីប្រឹក្សាសមាគម​យុវជនជនជាតិដើមភាគតិចកម្ពុជាផងនោះ បានគាំទ្រ​ចំពោះ​​កម្មវិធីនេះ។ តែយ៉ាងណា លោកក៏​មានក្តី​បារម្ភផងដែរ ​ពីផល​​ប៉ះពាល់នានាលើប្រពៃណី និង​ទំនៀមទម្លាប់ជនជាតិដើម ដោយសារការអភិវឌ្ឍទាំងនោះ។

លោកថា៖ «រាល់ការអភិវឌ្ឍហ្នឹង គឺជាចំណុចល្អហើយ ប្រជាជនជនជាតិដើមភាគតិចហ្នឹង យើងចង់បានការអភិវឌ្ឍ ដូចប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងមូលដែរ ប៉ុន្ដែដោយសារតែអ្វីដែលសំខាន់នោះ គឺជនជាតិដើម​​ភាគតិចមានភាពខុសប្លែក ដូចជាស្នូលនៃជនជាតិដទៃផ្សេងទៀត ដូច្នេះហើយបានជាយើងត្រូវការឱ្យ​​មាន​​ការយកចិត្តទុកដាក់ និងគិតគូរស៊ីជម្រៅ​ទៅកាន់អ្វី​ដែលបានរៀបចំ ដាក់ឱ្យរាជរដ្ឋាភិបាលឱ្យដំណើរការ បានន័យថា ទទួលស្គាល់ជនជាតិដើមភាគតិច ជាពិសេសទៅលើប្រពៃណីវប្បធម៌ និងទំនៀមទម្លាប់នៃការរស់​នៅ មុខរបរចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចទាំងអស់នៅក្នុងប្រទេសកម្ពុជា»។

ជនជាតិ​ភាគតិច​រូបនេះ ក៏បារម្ភផងដែរពីផលប៉ះពាល់​ទៅលើរបៀបរបបនៃការ​​រស់នៅ​របស់ជនជាតិ​ដើមភាគតិច ដោយសារ​តែមានការ​ជំរុញការអភិវឌ្ឍលឿនពេក ដែលប្រជាពលរដ្ឋ​មិនបាន​ត្រៀម​ខ្លួន​ជា​មុន។

លោកថា៖ «ក្នុងចំណុចនេះ យើងបារម្ភទៅលើការប៉ះពាល់ទៅលើរបៀបរបបនៃការរស់នៅ ជាពិសេសហ្នឹងទៅ​​​លើជីវភាពរស់នៅរបស់សហគមន៍ដែលត្រូវមានការផ្លាស់ប្ដូរពីការធ្វើចំការ ធ្វើស្រែ ការទទួលផលព្រៃឈើហើយបែរមកធ្វើការងារក្នុងវិស័យឧស្សាហកម្ម ហើយនៅក្នុងវិស័យនៃកសិឧស្សាហកម្ម ដែលជនជាតិដើមភាគ​តិចរបស់យើងហ្នឹង មិនសូវមានជំនាញ ដោយសារយើងពឹងផ្អែកទៅលើធនធានធម្មជាតិ ព្រៃឈើ និងការធ្វើចំការ ការប្រើប្រាស់នូវប្រព័ន្ធប្រពៃណីនៅក្នុងការប្រកបរបរ ហើយនិងការរបស់រានមានជីវិត»។

អភិបាលរងខេត្តរតនគិរី លោក ស៊ូ សិរី បានប្រាប់ថា កម្មវិធីពិសេសជំរុញការវិនិយោគនៅ​ខេត្ត​​ភូមិភាគឦសាន​​​នេះ ជារឿងមួយល្អ​សម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរី ដែល​​កំពុងរង់ចាំ​សហការអភិវឌ្ឍន៍​ជាមួយរាជរដ្ឋាភិបាល។ លោក​បន្តថា ខេត្តររតនគិរី អំណោយផលទាំងវិស័យកសិកម្ម និងទេសចរណ៍ ដោយមានដំណាំ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយលោករំពឹងថា ជីវភាពប្រជាពលរដ្ឋនឹងមានការប្រសើរឡើង។

លោកថា៖ «ផ្នែកកសិកម្មយើងមានកៅស៊ូ ចន្ទី ធុរ៉េន ដំឡូង ហើយបើផ្នែកទេសចរណ៍ គឺយើងមានតំបន់ទេសចរណ៍​បែបធម្មជាតិជាច្រើនកន្លែង ដែលសម្រាប់ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ជាពិសេសគឺនៅក្នុងទីរួមខេត្តហ្នឹង ក្រុងបានលុងយើង​មានតំបន់ទេសចរណ៍បែបធម្មជាតិ៣កន្លែងឯណោះ ១ទឹកជ្រោះ​​កាចាញ ទី២បឹង​​យក្សឡោម ទី៣​គឺបឹងកន្សែង។ ឥឡូវបឹងកន្សែង​​ រដ្ឋបាលខេត្ត​កំពុងធ្វើការអភិវឌ្ឍន៍​ឱ្យមានការទាក់ទាញខ្លាំងនូវតំបន់ទេសចរណ៍បែបធម្មជាតិរបស់យើង»។

ចំពោះការបារម្ភផលប៉ះពាល់នៃការអភិវឌ្ឍលើការរស់នៅរបស់ជនជាតិដើមភាគតិច លោក ស៊ូ សិរី បានគូសបញ្ជាក់​ថា រដ្ឋបាលខេត្ត មានក្រុមការងារដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើង និងមិនឱ្យការអភិវឌ្ឍប៉ះពាល់ដល់វប្បធម៌ និង​ប្រពៃណីរបស់ជនជាតិដើមភាគតិចឡើយ។​

លោកមានប្រសាសន៍ថា៖ «ធម្មតាទេ កាលណាមានការអភិវឌ្ឍ​ ត្រូវតែមានផលប៉ះពាល់ខ្លះ​ចៀសមិនខានទេ ប៉ុន្តែ​យើងមានក្រុមការងារដើម្បីដោះស្រាយបញ្ហាប្រឈមសម្រាប់គាត់[ជនជាតិដើមភាគតិត] ហើយឱ្យគាត់ចូលរួម មិនមែនគាត់​អភិរក្សហើយមិនមាន​ការបត់បែនទេ អ៊ីចឹងដូចតំបន់​សហគមន៍​របស់​គាត់ គាត់​ចង់​ឱ្យ​ក្រុម​​ហ៊ុន​ចូល​អភិវឌ្ឍន៍​អី យើង​និយាយ​គ្នា និយាយ​គ្នា​បាន យើង​មាន​ទីតាំង​ភូមិ​សាស្ត្រ​ធំទូលាយ​សម្រាប់​ធ្វើកសិ​កម្ម មិនអីទេពាក់ព័ន្ធរឿងជនជាតិដើមភាគតិច យើងមិនឱ្យមានផលប៉ះពាល់ដល់គាត់ទេ។ គាត់មិនមានការព្រួយបារម្ភទេ ដោយសារយើងបានផ្សព្វផ្សាយ​ ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍ គឺមិនឱ្យប៉ះពាល់​អ្វីដែលជាវប្បធម៌ ប្រពៃណីរបស់គាត់ទេ»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថា ការ​អភិវឌ្ឍ និង​​ការវិនិយោគនៅតំបន់ភូមិភាគឦសាន គឺជារឿងល្អ។ តែយ៉ាងណា លោក​ស្នើ​រដ្ឋាភិបាល​សិក្សា​ពី​ផល​ប៉ះពាល់​នានា​ឱ្យ​បាន​ច្បាស់​លាស់ ជៀសវាងប៉ះពាល់ដល់សិទ្ធិរបស់ជនជាតិដើមភាគតិច ដែលកំពុងរស់នៅខេត្តទាំងនោះ។

លោកថា៖ «ប៉ុន្តែក៏គួរសិក្សាឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយជាមុនសិន មុនចាប់ផ្តើមធ្វើការអភិវឌ្ឍ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ជនជាតិដើមភាគតិចដែលកំពុងរស់នៅតំបន់នោះ ដូចជារឿងដីធ្លី សហគមន៍ជនជាតិដើមភាគតិច ប្រពៃណី ទំនៀមទំលាប់ និងអត្ត​សញ្ញាណ នៃជនជាតិដើមភាគតិច។ ប្រសិនបើការអភិវឌ្ឍ និងការវិនិយោគ​ដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយជាមុនទេ អាចបណ្តាលឱ្យប៉ះពាល់ដល់ដីធ្លី ប្រពៃណី ទំនៀមទំលាប់ និងអត្តសញ្ញាណនៃជនជាតិដើមភាគតិច»។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឱ្យអនុវត្ត​កម្មវិធី​ពិសេស​​ជំរុញការវិនិយោគក្នុងខេត្តទាំង៤​នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលផ្ដោតលើវិស័យអាទិភាពចំនួន៣ គឺវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA បន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ CVL-DTA បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៩ ជាកិច្ច​សហប្រតិបត្តិការអភិវឌ្ឍ​រួមរវាងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម ក្នុងនោះមានការចូលរួមពី​ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និង​មណ្ឌលគិរី នៃ​ប្រទេស​កម្ពុជាផងដែរ៕

រដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីជំរុញការវិនិយោគនៅខេត្ត​​​ភាគឦសាន ដែល​​មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ពីឆ្នាំ២០២៥ ដល់​២០២៨ ដើម្បីបង្កើនការវិនិយោគឯកជន និងជំរុញសេដ្ឋកិច្ចជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅ​ភាគ​ឦសាន» នៅ​ព្រឹក​ថ្ងៃ​​ទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា ការ​ដាក់​ចេញ​​កម្មវិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគឦសានប្រទេស​​​នេះ ដើម្បី​​ជំរុញ​កំណើន​​​វិនិយោគ​ឯកជន បង្កើន​​ចរន្ត​​​សេដ្ឋកិច្ច​ ការ​ងារ និងភាពទាក់ទាញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅប្រកបអាជីវកម្ម​ និងរស់នៅ​កាន់តែ​ច្រើន​ឡើង​នៅតំបន់ទាំងនោះ។

លោកបន្ថែមថា៖ «លើសពីនេះទៀត សម្រាប់សកម្មភាពធុរៈកិច្ច ដែលកំពុងដំណើរការនៅក្នុងខេត្តទាំង៤ តែមិនទាន់បានចុះបញ្ជីពន្ធដា អាចចុះបញ្ជីពន្ធដាដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៥នេះ ហើយទទួលបាននូវការលើក​លែង​ពិន័យទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបំពេញអនុលោមភាព​​កន្លងមកផងដែរ។ ក្រោយពីបានចុះបញ្ជីពន្ធដាររួចរាល់ សកម្មភាពធុរៈកិច្ចទាំងនោះ ក៏អាចស្នើសុំការលើកទឹកចិត្តដោយត្រូវចុះបញ្ជី គ.ល.គ នៅក្នុងឆ្នាំ២០២៥នេះ»។

បន្ថែមពីនេះ លោក​ថា រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការ ជំរុញការវិនិយោគ​​​នៅខេត្ត​​​​ភាគឦសាន ដោយប្រើ​​យន្តការច្រកចេញចូលតែ​មួយ សម្រាប់រាល់ការស្នើសុំវិនិយោគ និងដោះស្រាយបញ្ហានានា ទាក់​ទង​នឹង​ការ​​វិនិយោគ​​ដែល​កើត​មាន​នៅ​ខេត្ត​ទាំង​៤។

ជាមួយគ្នានេះ លោ​កនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​​ថា ​រដ្ឋាភិបាល​ក៏បាន​ជំរុញ​វិនិយោគិន​​ក្នុ​ងស្រុ​ក និង​សហគ្រាស​ធន់តូច និង​មធ្យម​វិនិយោគ​ឱ្យ​បាន​ច្រើន​ ដោយ​បានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគ​​​អប្បរមា ចាប់ពី១០ម៉ឺនដុល្លារឡើង អាច​ស្នើសុំគោលការណ៍​វិនិយោគបាន ការផ្ដល់ហិរញ្ញប្បទានគាំទ្រ ក្រោមអត្រាការប្រាក់ទាប និងជំរុញ​ការបង្កើន​ធន​ធាន​មនុស្ស​សម្រាប់​វិស័យ​កសិកម្ម និងកសិឧស្សាកម្ម ដោយ​លើកលែងពន្ធលើប្រាក់បៀវត្តកម្មកររបស់កម្មករខ្មែរដែលមានតិច ឬស្មើជាង២លានរៀលក្នុងមួយខែផងដែរ។

លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលខេត្តទាំង៤​ ផ្ដោតលើការ​រក្សា​​សន្តិសុខ សណ្ដាប់​ធ្នាប់ ជាពិសេស​ទប់ស្កាត់​​បទល្មើស​​បច្ចេកវិទ្យា។

លោកថា៖ «ហើយចំណុចមួយទៀត សុំខេត្តទាំង៤យកចិត្តទុកដាក់​ គឺសន្តិសុខ សណ្ដាប់​ធ្នាប់ ត្រូវធ្វើម៉េចទប់ស្កាត់នូវសកម្មភាពទាំងឡាយណា​ដែលបង្កនូវអសន្តិសុខ ជាពិសេសរឿងបទល្មើសបច្ចេកវិទ្យា កិច្ចការ​ងារ​នេះ​គឺត្រូវប្រយ័ត្ន។ ខេត្ត​​យើង​​ទាំង​៤ ទោះ​ជា​ត្រូវ​កវែក​កឆ្នាំង​តាំង​ពី​៩៩[ឆ្នាំ១៩៩៩]​មក​យើង​អភិវឌ្ឍន៍​​ប៉ុណ្ណេះ​អត់​មាន​ពឹង​ទៅ​លើ​បទ​ល្មើស​បច្ចេក​វិទ្យា​ទេ អ៊ីចឹង​យើង​រស់​តទៅ​ទៀត​ ដោយ​សារ​មិន​ចាំបាច់​ទៅ​លើ​អាហ្នឹង​ទេ​[បទល្មើស​បច្ចេកវិទ្យា]»។

លោក នុន សុគន្ធា វ័យ៤០ឆ្នាំ ជាជនជាតិដើមភាគតិចគ្រឹង នៅ​ខេត្តរតនគិរី និងទីប្រឹក្សាសមាគម​យុវជនជនជាតិដើមភាគតិចកម្ពុជាផងនោះ បានគាំទ្រ​ចំពោះ​​កម្មវិធីនេះ។ តែយ៉ាងណា លោកក៏​មានក្តី​បារម្ភផងដែរ ​ពីផល​​ប៉ះពាល់នានាលើប្រពៃណី និង​ទំនៀមទម្លាប់ជនជាតិដើម ដោយសារការអភិវឌ្ឍទាំងនោះ។

លោកថា៖ «រាល់ការអភិវឌ្ឍហ្នឹង គឺជាចំណុចល្អហើយ ប្រជាជនជនជាតិដើមភាគតិចហ្នឹង យើងចង់បានការអភិវឌ្ឍ ដូចប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងមូលដែរ ប៉ុន្ដែដោយសារតែអ្វីដែលសំខាន់នោះ គឺជនជាតិដើម​​ភាគតិចមានភាពខុសប្លែក ដូចជាស្នូលនៃជនជាតិដទៃផ្សេងទៀត ដូច្នេះហើយបានជាយើងត្រូវការឱ្យ​​មាន​​ការយកចិត្តទុកដាក់ និងគិតគូរស៊ីជម្រៅ​ទៅកាន់អ្វី​ដែលបានរៀបចំ ដាក់ឱ្យរាជរដ្ឋាភិបាលឱ្យដំណើរការ បានន័យថា ទទួលស្គាល់ជនជាតិដើមភាគតិច ជាពិសេសទៅលើប្រពៃណីវប្បធម៌ និងទំនៀមទម្លាប់នៃការរស់​នៅ មុខរបរចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចទាំងអស់នៅក្នុងប្រទេសកម្ពុជា»។

ជនជាតិ​ភាគតិច​រូបនេះ ក៏បារម្ភផងដែរពីផលប៉ះពាល់​ទៅលើរបៀបរបបនៃការ​​រស់នៅ​របស់ជនជាតិ​ដើមភាគតិច ដោយសារ​តែមានការ​ជំរុញការអភិវឌ្ឍលឿនពេក ដែលប្រជាពលរដ្ឋ​មិនបាន​ត្រៀម​ខ្លួន​ជា​មុន។

លោកថា៖ «ក្នុងចំណុចនេះ យើងបារម្ភទៅលើការប៉ះពាល់ទៅលើរបៀបរបបនៃការរស់នៅ ជាពិសេសហ្នឹងទៅ​​​លើជីវភាពរស់នៅរបស់សហគមន៍ដែលត្រូវមានការផ្លាស់ប្ដូរពីការធ្វើចំការ ធ្វើស្រែ ការទទួលផលព្រៃឈើហើយបែរមកធ្វើការងារក្នុងវិស័យឧស្សាហកម្ម ហើយនៅក្នុងវិស័យនៃកសិឧស្សាហកម្ម ដែលជនជាតិដើមភាគ​តិចរបស់យើងហ្នឹង មិនសូវមានជំនាញ ដោយសារយើងពឹងផ្អែកទៅលើធនធានធម្មជាតិ ព្រៃឈើ និងការធ្វើចំការ ការប្រើប្រាស់នូវប្រព័ន្ធប្រពៃណីនៅក្នុងការប្រកបរបរ ហើយនិងការរបស់រានមានជីវិត»។

អភិបាលរងខេត្តរតនគិរី លោក ស៊ូ សិរី បានប្រាប់ថា កម្មវិធីពិសេសជំរុញការវិនិយោគនៅ​ខេត្ត​​ភូមិភាគឦសាន​​​នេះ ជារឿងមួយល្អ​សម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរី ដែល​​កំពុងរង់ចាំ​សហការអភិវឌ្ឍន៍​ជាមួយរាជរដ្ឋាភិបាល។ លោក​បន្តថា ខេត្តររតនគិរី អំណោយផលទាំងវិស័យកសិកម្ម និងទេសចរណ៍ ដោយមានដំណាំ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយលោករំពឹងថា ជីវភាពប្រជាពលរដ្ឋនឹងមានការប្រសើរឡើង។

លោកថា៖ «ផ្នែកកសិកម្មយើងមានកៅស៊ូ ចន្ទី ធុរ៉េន ដំឡូង ហើយបើផ្នែកទេសចរណ៍ គឺយើងមានតំបន់ទេសចរណ៍​បែបធម្មជាតិជាច្រើនកន្លែង ដែលសម្រាប់ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ជាពិសេសគឺនៅក្នុងទីរួមខេត្តហ្នឹង ក្រុងបានលុងយើង​មានតំបន់ទេសចរណ៍បែបធម្មជាតិ៣កន្លែងឯណោះ ១ទឹកជ្រោះ​​កាចាញ ទី២បឹង​​យក្សឡោម ទី៣​គឺបឹងកន្សែង។ ឥឡូវបឹងកន្សែង​​ រដ្ឋបាលខេត្ត​កំពុងធ្វើការអភិវឌ្ឍន៍​ឱ្យមានការទាក់ទាញខ្លាំងនូវតំបន់ទេសចរណ៍បែបធម្មជាតិរបស់យើង»។

ចំពោះការបារម្ភផលប៉ះពាល់នៃការអភិវឌ្ឍលើការរស់នៅរបស់ជនជាតិដើមភាគតិច លោក ស៊ូ សិរី បានគូសបញ្ជាក់​ថា រដ្ឋបាលខេត្ត មានក្រុមការងារដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើង និងមិនឱ្យការអភិវឌ្ឍប៉ះពាល់ដល់វប្បធម៌ និង​ប្រពៃណីរបស់ជនជាតិដើមភាគតិចឡើយ។​

លោកមានប្រសាសន៍ថា៖ «ធម្មតាទេ កាលណាមានការអភិវឌ្ឍ​ ត្រូវតែមានផលប៉ះពាល់ខ្លះ​ចៀសមិនខានទេ ប៉ុន្តែ​យើងមានក្រុមការងារដើម្បីដោះស្រាយបញ្ហាប្រឈមសម្រាប់គាត់​[ជនជាតិដើមភាគតិត] ហើយឱ្យគាត់ចូលរួម មិនមែនគាត់​អភិរក្សហើយមិនមាន​ការបត់បែនទេ អ៊ីចឹងដូចតំបន់​សហគមន៍​របស់​គាត់ គាត់​ចង់​ឱ្យ​ក្រុម​​ហ៊ុន​ចូល​អភិវឌ្ឍន៍​អី យើង​និយាយ​គ្នា និយាយ​គ្នា​បាន យើង​មាន​ទីតាំង​ភូមិ​សាស្ត្រ​ធំទូលាយ​សម្រាប់​ធ្វើកសិ​កម្ម មិនអីទេពាក់ព័ន្ធរឿងជនជាតិដើមភាគតិច យើងមិនឱ្យមានផលប៉ះពាល់ដល់គាត់ទេ។ គាត់មិនមានការព្រួយបារម្ភទេ ដោយសារយើងបានផ្សព្វផ្សាយ​ ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍ គឺមិនឱ្យប៉ះពាល់​អ្វីដែលជាវប្បធម៌ ប្រពៃណីរបស់គាត់ទេ»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថា ការ​អភិវឌ្ឍ និង​​ការវិនិយោគនៅតំបន់ភូមិភាគឦសាន គឺជារឿងល្អ។ តែយ៉ាងណា លោក​ស្នើ​រដ្ឋាភិបាល​សិក្សា​ពី​ផល​ប៉ះពាល់​នានា​ឱ្យ​បាន​ច្បាស់​លាស់ ជៀសវាងប៉ះពាល់ដល់សិទ្ធិរបស់ជនជាតិដើមភាគតិច ដែលកំពុងរស់នៅខេត្តទាំងនោះ។

លោកថា៖ «ប៉ុន្តែក៏គួរសិក្សាឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយជាមុនសិន មុនចាប់ផ្តើមធ្វើការអភិវឌ្ឍ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ជនជាតិដើមភាគតិចដែលកំពុងរស់នៅតំបន់នោះ ដូចជារឿងដីធ្លី សហគមន៍ជនជាតិដើមភាគតិច ប្រពៃណី ទំនៀមទំលាប់ និងអត្ត​សញ្ញាណ នៃជនជាតិដើមភាគតិច។ ប្រសិនបើការអភិវឌ្ឍ និងការវិនិយោគ​ដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយជាមុនទេ អាចបណ្តាលឱ្យប៉ះពាល់ដល់ដីធ្លី ប្រពៃណី ទំនៀមទំលាប់ និងអត្តសញ្ញាណនៃជនជាតិដើមភាគតិច»។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឱ្យអនុវត្ត​កម្មវិធី​ពិសេស​​ជំរុញការវិនិយោគក្នុងខេត្តទាំង៤​នៅភូមិភាគឦសាន នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលផ្ដោតលើវិស័យអាទិភាពចំនួន៣ គឺវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA បន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ CVL-DTA បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៩ ជាកិច្ច​សហប្រតិបត្តិការអភិវឌ្ឍ​រួមរវាងប្រទេសកម្ពុជា ឡាវ និង​​វៀតណាម ក្នុងនោះ​មានការចូលរួមពី​ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និង​មណ្ឌលគិរី នៃ​ប្រទេស​កម្ពុជាផងដែរ៕

អត្ថបទដោយ៖ ហុង សេរីហ្វុង

អត្ថបទគួរឱ្យចាប់អារម្មណ៍