ការ​ប្រ​មូល​សំ​ណល់​ថ្ម​ពិល​កំ​ពុង​ពង្រីក​នៅ​កម្ពុជា ប៉ុន្តែ​ការ​យល់​ដឹង​ និង​សមត្ថភាព​កែច្នៃ​នៅ​តែ​ជា​បញ្ហា​ប្រ​ឈម​

ឈាន លីហ្សា ជា​និស្សិត​បរិញ្ញាបត្រឆ្នាំទី៤ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ រស់​នៅរាជធានីភ្នំពេញ ប្រើប្រាស់​ថ្ម​ពិល​ជាប្រចាំសម្រាប់​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​តេឡេម៉ាស៊ីនត្រជាក់ និង​​ទូរទស្សន៍​ជាដើម​​ ប៉ុន្តែមិនដឹង​ថា ត្រូវយកថ្មពិលដែលប្រើរួចទៅបោះចោលនៅទីណា​ ដែលមានសុវត្ថិភាពនោះទេ។ ដូច្នេះ លីហ្សា និង​សមា​ជិកគ្រួសារតែងតែយកសំ​ណល់​ថ្មពិល​ទៅ​បោះចោលលាយឡំជាមួយសំរាមទូទៅ។

និស្សិត​វ័យ​២១​ឆ្នាំ​រូបនេះ និយាយថា៖ “​ខ្ញុំក៏អត់សូវដឹងទាក់ទងជាមួយនឹងការទុក​ដាក់​ថ្មពិល ដែលប្រើហើយថា តើទុកឯណា។ ភាគច្រើននៅពេលដែលអ្នកផ្ទះខ្ញុំ ឬ​មួយក៏ខ្ញុំប្រើប្រាស់ហើយ តែងតែយក​ថ្ម​ពិល​​ហ្នឹងទៅបោះចោលនៅធុងសំរាម… ហើយពេលខ្លះក៏ទុកវានៅម្ដុំអ៊ីចឹង ទុកហើយក៏អត់ដឹងយកទៅទុក​ឯណា ក៏ពួកយើងតែងតែយកទៅបោះចោលនៅក្នុងធុងសំរាម ”​។

កង្វះនៃការ​យល់​ដឹង​អំពី​របៀប​ទុក​ដាក់​សំណល់ទាំង​នេះ​ មិនមែនជាបញ្ហា​ដែល​កើត​ឡើងចំពោះតែ​គ្រួសាររបស់កញ្ញា លីហ្សា​ នោះ​ទេ។ កម្ពុជាកំពុងប្រឈមនឹងបញ្ហាសំណល់ថ្មពិល និងសំណល់អេឡិចត្រូនិចផ្សេងទៀត​កាន់តែច្រើនឡើង ស្រប​ពេលការប្រើប្រាស់ទូរសព្ទ ឧបករណ៍អេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ថាមពលថ្មកើនឡើង។

ក្រសួងបរិស្ថានឱ្យដឹងថា កម្ពុជានាំចូលថ្មពិលប្រភេទដែលប្រើប្រាស់ទូទៅប្រមា​ណ ៤០០តោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ សំណល់ថ្មពិលមួយចំនួននៅតែត្រូវបានបោះចោលជា មួយសំរាមទូទៅ ដោយសារប្រជាពលរដ្ឋមួយចំនួនមិនដឹងពីវិធីចាត់ចែង ឬទីតាំងដែលអាចយកសំណល់ទាំងនេះទៅទុកបានត្រឹមត្រូវ។

តាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ Chemical Engineering Journal Advances ស្ដីពី ការគ្រប់គ្រងសំណល់ថ្មពិល៖ ការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន សុខភាព និងធនធាន ដែលបណ្តាលមកពីការកើនឡើងនៃសំណល់ ដែលចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការបោះចោល​ថ្មដែលអាចសាកភ្លើងបានមិនបានត្រឹមត្រូវ ជាពិសេសប្រភេទលីចូម-អ៊ីយ៉ុង (lithium-ion) អាស៊ីត-សំណ (lead-acid) និងនីកែល-កាដមីញ៉ូម (nickel-cadmium) បង្កហានិភ័យធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស ដោយសារតែការបញ្ចេញលោហៈពុល។

បន្ថែមពីនេះ បើតាមគេហទំព័រ Allied បានឱ្យដឹងថា ថ្មដែលត្រូវបានយកទៅចោល ក្នុងធុងសំរាមធម្មតា ហើយត្រូវបានយកទៅទីតាំងកែច្នៃ ឬកម្ទេចកាកសំណល់នោះ វាអាចបង្កហានិភ័យផ្ទុះឆេះ ពោលគឺនៅពេលដែលថ្មពិលរងកម្ដៅ និងសម្ពាធខ្លាំង វាអាចបែក ឬផ្ទុះ ដែលបង្កជាអគ្គិភ័យពិបាកនឹងពន្លត់។ លើសពីនេះ អគ្គិភ័យនេះអាចបញ្ចេញសារធាតុគីមីពុលទៅបរិយាកាស ដែលបង្កជាហានិភ័យសុខភាពធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអាចបណ្តាលឱ្យទីតាំងផ្ទុកសំណល់នោះត្រូវខូចខាតទាំងស្រុង។

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកបណ្ឌិត អោ ច័ន្ទម៉ូលី មានប្រសាសន៍ថា សំណល់អេឡិចត្រូនិច និងសំណល់ថ្មពិលអាចមានសារធាតុពុល និងលោហៈធ្ងន់ដូចជា សំណ បារ៉ត អាស៊ីត និងនីកែល ដែលត្រូវការការទុកដាក់​ដោយប្រុងប្រយ័ត្ន។

លោកថា ការរក្សាទុក ឬបោះចោលសំណល់ទាំងនេះមិនត្រឹមត្រូវ អាចបង្កហានិភ័យនៅពេលសំបកថ្មបែក ឬសារធាតុចេញ​ពី​ថ្មជ្រាបចូលទៅក្នុងដី និងទឹក។

លោកបណ្ឌិត អោ ច័ន្ទម៉ូលី ក៏សង្កេតឃើញថា ចំណេះដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងការចាត់ចែងសំណល់ថ្មពិល និងសំណល់អេឡិចត្រូនិចនៅមានកម្រិត​។

លោកថា៖ “ប្រជាជនយើង ទាំងចំណេះដឹង និងការយកចិត្តទុកដាក់ហ្នឹង គឺនៅមានកម្រិតទាប ដោយសារប្រហែលជាគាត់មិនទាន់យល់ច្បាស់ពីផលប៉ះពាល់ពីការសាយភាយសារធាតុថ្មពិលទៅក្នុងបរិស្ថាន[…] អ៊ីចឹងហើយដែលការទុកដាក់សំរាម ទាំងថ្មពិលហ្នឹង គឺធ្វើឱ្យមានភាពខ្វះខាត ខ្វះចន្លោះច្រើន”

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានបានចាប់ផ្តើមសហការជាមួយវិស័យឯកជនក្នុង​ការបង្កើតប្រព័ន្ធប្រមូលសំណល់ថ្មពិល អាគុយ និងសំណល់អេឡិចត្រូ​និចពីស្ថាប័នរដ្ឋ ឯកជន និងទីតាំងសាធារណៈមួយចំនួន។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្រសួងបានចាប់ផ្តើមដាក់ធុងប្រមូលសំណល់ថ្មពិលនៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ និង​តាមបណ្តាខេត្ត ចាប់ពីខែកក្កដា ឆ្នាំ២០២១។

គិតមកដល់ពេលបច្ចុប្បន្ន មានធុងប្រមូលសំណល់ថ្មពិលចំនួន ១៨៧ធុង នៅទីតាំង​ចំនួន ១៥០កន្លែង ក្នុងនោះ ១៤៧ធុងនៅរាជធានីភ្នំពេញ និង៤០ធុងនៅតាម​បណ្តាខេត្ត។

លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា៖ “បន្តកិច្ចសហការជាមួយដៃគូ និងមានគម្រោងពង្រីកដាក់បន្ថែមធុងប្រមូលទុក​ដាក់​សំណល់​​ថ្មពិលបន្ថែម។ ប៉ុន្តែអ្វីចាំបាច់ គឺសូមការចូលរួមសហការពីដៃគូសហការ ប្រជាពលរដ្ឋ និងអាជ្ញាធរ មានការយកចិត្តទុកដាក់ និងចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ថ្មពិល តាមទីតាំងសុវត្ថិភាព ចូលរួមសម្អា​ត​បរិស្ថាន និងដាំដើមឈើ ដើម្បីឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព “​​។

បើ​តាមក្រសួងបរិស្ថាន សំណល់ថ្មពិលប្រមាណ ៦០តោនត្រូវបានប្រមូល និងរក្សាទុកដោយសុវត្ថិភាព ចំណោមថ្មពិលជាង ៤០០ តោនដែលកម្ពុជានាំចូលពីបរទេសប្រចាំឆ្នាំ។

ក្រៅពីការដាក់ធុងប្រមូល ក្រសួងបរិស្ថានក៏កំពុងសហការជាមួយវិស័យឯកជនក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងសំណល់ថ្មពិល និងសំណល់អេឡិចត្រូនិចឱ្យមានលក្ខណៈជាប្រ​ព័ន្ធ​។ ក្នុងនោះ ក្រុមហ៊ុនអាល្លឺម៉ង់ ECOLOGICON GmbH ត្រូវបានក្រសួងចាត់ទុក​ថា ជាដៃគូក្នុងគម្រោង BATTPRO ដែលសិក្សាពីផលប៉ះពាល់ ការប្រមូល ទុកដាក់ និងកែច្នៃសំណល់ថ្មពិល និងអាគុយ។

គម្រោងនេះក៏ពាក់ព័ន្ធនឹងការរៀបចំយន្តការទទួលខុសត្រូវរបស់អ្នកផលិត ឬហៅថា​ EPR-Extended Producer Responsibility ដែល​តម្រូវ​ឱ្យក្រុមហ៊ុនផលិត អ្នកនាំចូល និងអ្នកចែកចាយមានការទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួននៅពេលអ្នកប្រើប្រាស់លែងប្រើប្រាស់។

តាមរយៈប្រកាសក្រសួងបរិស្ថានចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការទទួលខុសត្រូវរបស់អ្នកផលិត អ្នកនាំចូល ឬអ្នកផ្គត់ផ្គង់ផ្តាច់មុខលើ បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្រោយប្រើប្រាស់រួច ឬលែងប្រើប្រាស់បាន គឺ​តម្រូវឱ្យអ្នកផលិត អ្នកនាំចូល ឬអ្នកផ្គត់ផ្គង់ផ្តាច់​មុខលើបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក«ត្រូវរៀបចំ និងអនុវត្តប្រព័ន្ធប្រមូលដោយខ្លួនឯង ដោយមានការអនុញ្ញាតពីក្រសួងបរិស្ថាន ឬសហការជាមួយ ក្រុមហ៊ុនផ្តល់សេវាប្រ​មូល ដឹកជញ្ជូន និងទុកដាក់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលមានលិខិត អនុញ្ញាតពីក្រសួងបរិស្ថាន»។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សហការជាមួយក្រុមហ៊ុន EcoBatt Energy Cambodia ដែលប្រមូលសំណល់ថ្មពិល និងសំណល់អេឡិចត្រូនិច​នានា រួចត្រៀម​នាំ​ចេញ​ទៅ​កែច្នៃនៅ​បរទេស ឬរៀបចំបង្កើតរោងចក្រកែច្នៃតាមស្តង់ដារបច្ចេកទេសនៅកម្ពុជានាពេលខាងមុខ​។

កញ្ញា សារ៉ន ស្រីតូច ទីប្រឹក្សាផ្នែកលក់ នៃក្រុមហ៊ុន EcoBatt Energy Cambodia កត់សម្គាល់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងការទុកដាក់សំណល់ថ្មពិលមានភាពប្រសើរឡើង បើប្រៀបធៀបនឹងមុនពេលមានប្រព័ន្ធប្រមូល។

កញ្ញា សារ៉ន ស្រីតូច និយាយ​ថា៖ “ប្រជាជនមានការយល់​ដឹងបានច្រើនជាងមុន គាត់ចេះរក្សាទុក និងយកទៅទម្លាក់ក្នុងធុងថ្មពិលតាមផ្សារទំនើបនានា ”​។

កញ្ញា ស្រីតូច​ បន្ត​ថា បច្ចុប្បន្ន​ ក្រុមហ៊ុន​របស់​កញ្ញា​បាន​ដាក់​ពង្រាយ​ធុង​សំខាម​ថ្ម​ពិល​ជាង​១០០​ទីតាំង​នៅ​តាម​ក្រុមហ៊ុន ធនាគា ស្ថានទូត​ ផ្សារទំនើ​ប​ សាលារៀន​និង​ព្រលាន​យន្ត​ហោះ​​។​

លោក ឡាយ ឧសភា ដែលរស់នៅភូមិដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ក៏បង្ហាញការផ្លាស់ប្តូរឥរិយាបថរបស់​លោក​ក្នុង​នាម​ជា​អ្នកប្រើប្រាស់ម្នាក់ផងដែរ។

លោក ឧសភា ប្រើប្រាស់ថ្មពិលអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ សម្រាប់តេឡេបញ្ជា ពិល និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត​។ លោកនិយាយថា កាលពីមុនលោកមិនបានដឹងពីវិធីចាត់ចែងសំណល់ថ្មពិលឱ្យបានត្រឹមត្រូវទេ ប៉ុន្តែ​លោកចាប់ផ្តើមយល់ដឹងពីហានិភ័យ និងវិធីទុកដាក់តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម។

លោកថា៖ “សម្រាប់ការទុកដាក់ គឺមើលឃើញគេផុស ឃើញគេផ្សាយថាវាប៉ះពាល់ច្រើន… ហើយកាលពីយើងនៅអត់ទាន់ដឹង ក៏យើងបោះចោលដូចតែគ្នាហ្នឹង។ ប្រើហើយអស់អ៊ីចឹងយើងបោះវាចោលតាមធុងសំរាមធម្មតា តែដល់ពេលមើល​តាមព័ត៌មានគេផ្សព្វផ្សាយថា ថ្មពិលអាចមានគ្រោះថ្នាក់ដល់ការពុលដី ការពុល​ទឹកអីហ្នឹងក៏ឈប់បោះចោលទៅ ក៏ទុកដាក់កន្លែងណាដែលត្រឹមត្រូវវិញ”

ទោះជាយ៉ាងណា លោក ឧសភា និយាយថា លោកស្គាល់ទីតាំងធុងប្រមូលសំណល់ថ្មពិលតែមួយកន្លែងប៉ុណ្ណោះនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ លោកចង់ឱ្យមានធុងប្រមូលបន្ថែម និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយជាងមុន។

លោកថា៖ “​រឿងឱ្យមានធុងដាក់ហ្នឹង បើអាចដាក់កាន់តែច្រើន កាន់តែល្អ ហើយព្យាយាមផ្សព្វផ្សាយ[…] គួរតែមានការផ្សព្វផ្សាយឱ្យបានច្រើន ហើយញឹកញាប់ “​​។

តាម​រយៈ​បទពិសោធន៍របស់លោក ឧសភា បង្ហាញថា ការផ្សព្វផ្សាយអាចជួយឱ្យអ្នកប្រើប្រាស់យល់​ដឹង​ពី​របៀបចាត់ចែងសំណល់ ប៉ុន្តែការដឹងពីហានិភ័យតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើប្រជាពលរដ្ឋមិនដឹងថា តើត្រូវយកសំ​ណល់​ទៅទីណា និងមានទីតាំងប្រមូលនៅជិតខ្លួនឬអត់។

ចំណុចនេះក៏ជាបញ្ហាប្រឈមមួយដែលបន្តកើត​មាន​។ បើ​តាមក្រសួងបរិស្ថាន ​ប្រ​ជា​ពលរដ្ឋ ប្រមាណ៥៨ភាគរយនៅតែបោះចោលសំណល់ថ្មពិលដែលប្រើរួចទៅក្នុងធុងសំរាមធម្មតា។

បញ្ហាមួយទៀត គឺអ្វីដែលកើតឡើងបន្ទាប់ពីសំណល់ត្រូវបានប្រមូល។ តាមព័ត៌​មាន​ដែលបានផ្តល់ សំណល់មួយចំនួនត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ខណៈសមត្ថភាពកែច្នៃនៅក្នុងប្រទេសនៅមិនទាន់គ្រប់គ្រាន់។

លោកបណ្ឌិត អោ ច័ន្ទម៉ូលី មានប្រសាសន៍ថា ការបង្កើតប្រព័ន្ធប្រមូលជាជំហានសំខាន់ ប៉ុន្តែត្រូវការយន្តការគ្រប់គ្រងច្បាស់លាស់ និងការអនុវត្តជាក់ស្តែង​បន្ថែម​​ទៀត។

លោកនិយាយ​ថា៖ “​ទាំងក្រសួងបរិស្ថាន ទាំងប្រជាពលរដ្ឋ ខ្ញុំគិតថា អាចចាប់ផ្តើម​ពីក្រ​សួង​ត្រូវមានគោលការណ៍ មានគោលនយោបាយក្នុងការគ្រប់គ្រងសំរាម […] ត្រូវមានយន្តការក្នុងការអនុវត្តន៍ ហើយបើសិនយើងអត់មានយន្តការក្នុងការអនុវត្តន៍ទេ គឺគោលនយោបាយហ្នឹងដូចជាក្រដាសមួយសន្លឹក ដែលយើងធ្វើឱ្យ​តែ​ល្អមើល”។

សម្រាប់ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បញ្ជាក់ថា ក្រសួងនឹងបន្តសហការជាមួយដៃគូ និងមានគម្រោងពង្រីកចំនួនធុងប្រមូលសំណល់ថ្មពិលបន្ថែម។ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរចូលរួមក្នុងការទុកដាក់សំណល់ឱ្យ​បាន​ត្រឹមត្រូវ។

ការពង្រីកប្រព័ន្ធប្រមូលអាចផ្តល់ជាជម្រើសមួយដល់អ្នកប្រើប្រាស់ដែលមិនដឹងថា ត្រូវយកសំណល់ថ្មពិលទៅណា។ ប៉ុន្តែ ដើម្បីឱ្យការឆ្លើយតបនេះអាចដោះស្រាយបញ្ហាបានកាន់តែទូលំទូលាយ វានៅត្រូវការការផ្សព្វផ្សាយឱ្យប្រជាពល​រដ្ឋស្គាល់ទីតាំងប្រមូល ការបង្កើនចំ​នួន​ទីតាំង និងប្រព័ន្ធច្បាស់លាស់សម្រាប់ការ​កែច្នៃ ឬចាត់ចែងសំណល់បន្ទាប់ពីប្រមូលបាន​។

សម្រាប់ លីហ្សា ដែលពីមុនមិនដឹងថា ត្រូវយកថ្មពិលប្រើរួចទៅណានោះអះអាងថា ​ការមាន​ទីតាំងប្រមូល និងព័ត៌មានច្បាស់លាស់អាចជួយឱ្យទម្លាប់​ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ដូចជាកញ្ញា ផ្លាស់ប្តូរពីការបោះចោលសំណល់​ជាមួយសំរាមទូទៅ ទៅជា​ការរៀប​ចំ​សំ​ណល់​ដោយសុវត្ថិភាពជាងមុន៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍