,

កសិករ​មួយ​ចំ​នួន​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​ងាក​​មក​ប្រើ​ថាម​ពល​សូ​ឡា ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ខ្វះ​​ទឹក​​នៅ​​រដូវ​​ប្រាំ​ង​​

អស់រយៈពេលជាច្រើនឆ្នាំមក​ហើយ​ កសិករដាំបន្លែនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពឹងផ្អែក​លើ​ទឹកភ្លៀង និងទឹកស្រះ ដើម្បីស្រោចស្រពដំណាំរបស់ពួកគាត់​។ ប៉ុន្តែនៅពេលរដូវប្រាំងកាន់តែអូសបន្លាយ និង​​ប្រភពទឹកធម្មជាតិចាប់ផ្តើមរីងស្ងួត កសិករជាច្រើនជួប​បញ្ហា​ប្រឈម​និង​មិនអាចបន្តដាំដុះបានដូច​ធម្មតា​ឡើយ។ អ្នកខ្លះត្រូវ​ទុកដីទំ​នេរ ខណៈអ្នកខ្លះទៀតនៅបន្តធ្វើ ដោយប្រើម៉ាស៊ីនបូម​ទឹក​ពីប្រភព​ផ្សេងៗ​​​ ប៉ុន្តែការ​ធ្វើ​បែបនេះ ធ្វើ​ឱ្យ​​ពួកគាត់​ត្រូវ​ចំណាយលើថ្លៃប្រេង​កាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅ​ពេលដែលកង្វះ​ខាត​ទឹកក្លាយជាបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ កសិករមួយចំនួនបានចាប់ផ្តើមសាកល្បងប្រើ​ប្រ​​​ព័ន្ធ​បូមទឹកដើរ​ដោយថាមពលសូឡា ដើម្បីទាញយក​ទឹកពីអណ្ដូង​ស្រោចស្រពដំណាំ។ ពួកគាត់​និយា​យថា ប្រ​ព័ន្ធបូម​ទឹក​នេះ មិនត្រឹមតែជួយឱ្យពួកគាត់​អាចបន្តដាំដុះបានពេញមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងកម្លាំងពលកម្មផងដែរ។

អ្នកស្រី អៀម សុខ ជា​អ្នក​ភូមិទឹកហូត​​នៅក្នុង​ឃុំ​ទឹកហូត​បាន​ប្រកប​របរ​ដាំដំណាំ​ម្រះព្រៅ ជី ផ្ទី និងស្លឹកខ្ទឹមអស់​រយៈ​ពេល ២ ឆ្នាំមក​ហើយ​។ កាលពីមុន អ្នកស្រីនិង​អ្នក​ភូមិ​ផ្សេងទៀត​អាចដាំដំណាំបានតែក្នុងរដូវវស្សាប៉ុណ្ណោះ​ ព្រោះ​នៅ​រដូវ​ប្រាំង​ ប្រ​ភព​​ទឹក​​ធម្មជាតិ ​​និង​ស្រះទឹករីងស្ងួត និងមិនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំ​ណាំ​​​ឡើយ​។

អ្នក​ស្រីនិយាយថា៖​ “ប្រើទឹកស្រះ ប្រើទឹកភ្លៀង ទឹកអូ​រ យើងហ្នឹង បានដាំតែខែវស្សាទេ […] ខែប្រាំងឱ្យតែចូលឆ្នាំរួចដឹងតែងាប់ហើយ។ អស់ទឹកស្រះលែងមានគេដាំហ្មង។ លែងដាំហើយ ចោលអស់ហើយ”​។

បន្ទាប់ពីមើល​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​ថាម​ពល​សូឡា​អាចផ្គត់ផ្គង់ទឹកបានជាប់លាប់ជាងមុន កសិករវ័យ ៦៨ ឆ្នាំ​​​រូបនេះ បានដំឡើងប្រព័ន្ធបូមទឹកដើរ​ដោយថាមពលសូឡា ហើយ​មក​ដល់​ពេលនេះ មាន​រយៈ​ពេល​ប្រ​មាណ​​​ពីរ​​ឆ្នាំ​​ហើយ ​​ដោយ​អ្នកស្រីអាចដាំដំណាំបានទាំងរដូវប្រាំង និងរដូវវស្សា នៅលើផ្ទៃដីទំហំ៧០អា។

សម្រាប់កសិករនៅឃុំទឹកហូត ការងាកមកប្រើប្រព័ន្ធបូមទឹកដើរ​ដោយថាមពលសូឡា មិនមែនគ្រាន់តែជាការទទួល​យក​ដំណោះស្រាយ​តាម​​បច្ចេកវិទ្យាថ្មី​ប៉ុណ្ណោះទេ ប៉ុន្តែជាការសម្របខ្លួនទៅនឹងបញ្ហាកង្វះទឹកដែលកាន់​តែ​​​​ធ្ងន់​ធ្ងរទៅៗ​​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ​។ ពួកគេនិយាយថា ប្រព័ន្ធបូម​ទឹក​ដើរ​ដោយ​ថាម​ពល​សូឡា​​ជួយ​​ធានាប្រភពទឹកសម្រាប់​ការដាំដុះ កាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងកម្លាំងពលកម្ម។

តាម​ការ​សង្កេត​របស់​លោក អ៊ុក យឿន អនុប្រធាន​សហគមន៍​កសិកម្ម​ទឹក​ហូត​មានជ័យ​ក្តីសង្ឃឹម​ នៅឃុំទឹកហូត​​ ស្រុក​រលៀប្អៀរ​ ខេត្ត​កំពង់​ឆ្នាំ​ងថា​ កង្វះ​ទឹក​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ឡើងៗ​ ​សម្រាប់​កសិករ​ក្នុង​មូល​​ដ្ឋាន​របស់​លោកចាប់តាំងពី​ឆ្នាំ​២០២៥​មក​។​

លោកនិយាយថា៖​ “ក្នុងសហគមន៍ខ្ញុំនេះ ទឹកចេញ ប្រហែលជាយ៉ាងច្រើនស្រះទេ អ៊ីចឹងដល់រដូវប្រាំងគឺដាច់ហើយទឹកអ៊ីចឹងទៅជញ្ជូនពូជ​​ទៅរកប្រភពទឹកដើម្បីការពារពូជគាត់​​កុំឱ្យដាច់ [ពូជ] ”​។

បើ​តាម​លោក អ៊ុក​ យឿន សមាជិកភាគច្រើន​ក្នុង​សហគមន៍​របស់​លោក​ប្រកប​របរ​ដាំ​ស្លឹកខ្ទឹម ឬខ្ទឹមខ្យល់​ ម្រះព្រៅ​ ជី ស្ពៃ​តឿ​ និង​ដំណាំ​គួប​ផ្សំ​ផ្សេងទៀតដែល​ត្រូវ​ការ​ទឹក​ជា​ប្រចាំ ហើយ​កន្លងមក ពួកគាត់​ពឹង​ផ្អែក​លើ​ស្រះទឹក​តូចៗនៅក្បែរ​ដីចម្ការ​ ដើម្បី​ស្រោច​ស្រព​​ដំណាំ​ ប៉ុន្តែ​នៅពេល​ប្រភព​ទឹក​ទាំងនោះ​រីង​ស្ងួត​ ការ​ដាំដុះ​ក៏​ជួប​ការ​លំបាក​ទៅតាមនោះដែរ។​

​ក្រៅពីបញ្ហាកង្វះទឹក កសិករ​ក៏​​ត្រូវ​​ប្រឈមបញ្ហា​​មួយទៀត​នោះ គឺការ​​ចំ​ណាយលើ​ថ្លៃ​ប្រេងម៉ាស៊ូត​​ ដើម្បី​បូមទឹក​​ស្រោច​ស្រព​។​​ លោក​ អ៊ុក យឿន​ បញ្ជាក់​ថា គ្រួសារ​កសិករ​ត្រូវ​ចំណាយ​​​​​យ៉ាង​ហោចណាស់​ប្រមាណ​១៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​​លើ​ថ្លៃប្រេង​បូម​ទឹក​​​​។​

កសិករដាំបន្លែម្នាក់ទៀត លោក ផង់ ម៉ុច អាយុ ៥៦ឆ្នាំ បានឱ្យដឹងថា កាលពេលដែលមិន​ទាន់​ប្រើប្រព័ន្ធ​បូម​ទឹក​​ដើរ​ដោយ​សូឡា ដំណាំដែលរងផលប៉ះពាល់ខ្លាំងរួមមានស្ពៃ ខ្ទឹម និងត្រសក់ ដោយដំណាំទាំងនេះត្រូវការទឹក​​ជា​ប្រ​ចាំ ​ហើយបើខ្វះទឹកអាច​ខូច និងមិនអាចប្រមូលផលបាន។

លោកបន្តថា ការខ្វះទឹកបានធ្វើឱ្យគ្រួសាររបស់លោកបាត់បង់ចំណូលយ៉ាងច្រើន ដោយក្នុងអំឡុងពេលខ្វះទឹក លោកត្រូវខាត​បង់​ប្រហែល ​​៥០ ទៅ ៦០ ម៉ឺនរៀល។​ ដោយសារបញ្ហានេះ លោកបានសម្រេចកាត់បន្ថយការដាំដុះក្នុងរដូវខ្វះទឹក ដោយងាកទៅដាំដំណាំដែលប្រើទឹកតិចជាង ដូចជាស្លឹកខ្ទឹម ដែលអាចស្រោចទឹកត្រឹមមួយថ្ងៃម្តង ឬពីរថ្ងៃម្តងបាន។

លោកក៏បានបញ្ជាក់ថា កាលពីមុន លោកធ្លាប់ខ្ចីប្រាក់ដើម្បីទិញប្រេងសម្រាប់បូមទឹកស្រោចដំណាំ ។

លោក​ថា បញ្ហាខ្វះទឹកបានធ្វើឱ្យលោកមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ហើយធ្លាប់គិតថា ប្រសិនបើនៅតែគ្មានទឹកសម្រាប់ដាំដុះទៀត លោកនឹងឈប់ដាំដុះ។

លោកនិយាយថា ៖’ វាជារឿងធំរបស់ខ្ញុំហើយ បើថា អត់ទឹកខ្ញុំអត់ធ្វើនឹងហើយ​ ត្រូវតែដោះដូរ​រត់ចោលកន្លែងអត់ប្រើប្រាស់ចោល យើងអស់សង្ឃឹមនឹងហើយ”។

របាយការណ៍របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២១ ស្ដីពីហានិភ័យអាកាសធាតុរបស់ប្រទេសកម្ពុជា(Climate Risk Country Profile: Cambodia) ក៏បានបង្ហាញថា ការប្រែប្រួលរបបភ្លៀង គ្រោះរាំងស្ងួត ទឹកជំនន់ និងសីតុណ្ហភាពកើនឡើង អាចប៉ះពាល់ដល់កសិកម្ម ធនធានទឹក និងជីវភាពប្រជាជននៅតំបន់ជនបទ។ លើសពីនេះ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Cambodia Country Climate and Development Report) របស់ធនាគារពិភពលោក ឆ្នាំ២០២៣ បានព្យាករណ៍ថា ប្រសិនបើគ្មានវិធានការបន្សាំសមស្រប ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប ឬ GDP របស់កម្ពុជាថយចុះរហូតដល់ប្រមាណជិត ១០ភាគរយនៅឆ្នាំ២០៥០។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានស្តី​ពី​លទ្ធផល​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៦​ ក៏បាន​ឱ្យដឹង​ថា ក្រ​សួង​ធនធានទឹក​បាន​ដាក់​ចេញនូវ​វិធាន​ការ​និង​ការ​ត្រៀម​លក្ខណៈមួយចំនូន​​ ដើម្បីឆ្លើយ​តប​ទៅនឹង​បាតុភូត​អែលនីញ៉ូនេះ​ ដូចជាធ្វើ​​ការ​ជួសជុល ស្តារ​និង​ថែទាំប្រព័ន្ធ​ធារាសាស្ត្រ និង​ស្ថានីយជលសាស្ត្រ​និងឧតុនិយម​​ ការ​គ្រប់គ្រង​និង​អភិរក្សប្រ​ភពទឹក​ ត្រៀម​លក្ខណៈអន្ត​រា​គមន៍បន្ទាន់។

សេចក្តីប្រកាសព័ត៌មាន​ដដែលបន្ថែម​ទៀត​ថា គិត​ត្រឹម​២០២៥ កម្ពុជាមាន​ប្រ​ព័ន្ធ​​ធារាសាស្ត្រ​​សរុប​ចំនួន​ ២៣៥៤ ប្រព័ន្ធ​ ដែល​មាន​លទ្ធភាព​ស្រោច​ស្រព​បាន​ប្រមាណ​ចំនួន ​២ ០០៦ ៧២២​ហិកតា ក្នុងនោះ​ស្រូវ​វស្សា​ ១ ៤០៤ ៧៩១ហិកតា និង​ស្រូវ​ប្រាំង ៦០១ ៩៣១​ហិកតា និង​ដំណាំ​រួម​ផ្សំចំនួន​ ១២ ២៤២ ​ហិកតា​។​ ដោយ​ឡែក​ គិត​ត្រឹម​ឆមា​ស​ទី​១ ឆ្នាំ​​២០​២៦​ កម្ពុជា​មាន​អាងស្តុក​ទឹក​ចំនួន ១ ៦៥៩អាង ដែល​មាន​សមត្ថ​ភាព​​ស្តុក​ទឹក​​អតិបរមា​ប្រ​មាណ​ ៤០០០​លាន​ម៉ែត្រ​គូប។​

ជាមួយនឹង​កត្តា​អាកាសធាតុ​ប្រែប្រួល​និង​មិនអាចពឹងផ្អែកប្រភពទឹកធម្មជាតិបាន​ទាំង​ស្រុង​ និងថ្លៃចំណាយ​សម្រាប់ការ​បូមទឹកស្រោច​ស្រព​ដំ​ណាំ​កាន់​តែកើនឡើង កសិករនៅសហគមន៍ទឹកហូតចាប់ផ្តើមស្វែងរកវិធីថ្មីមួយ ដើម្បីធានាថា ពួកគេនៅតែអាចដាំដុះបានក្នុងរដូវប្រាំង។

កសិករ​ចាប់ផ្តើម​ជីក​អណ្តូង ​និង​បំពាក់​ប្រព័ន្ធបូម​ទឹក​ដើរ​ដោយ​ថាម​ពលសូឡា​ទាញ​យក​ទឹក​ពីក្នុង​ដី​មក​ប្រើ​ប្រាស់​។ គិតត្រឹមឆ្នាំ២០២៦នេះ មានកសិករចំនួន៧៥គ្រួសារ ក្នុងចំណោមគ្រួសារចំនួន ២២៨៧គ្រួសារ ដែលកំពុងប្រើប្រាស់សូឡាបូមទឹកដាក់ចម្ការ​ នៅឃុំ​ទឹក​ហូត​ ស្រុក​រលៀ​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក អ៊ុក យឿន អនុប្រធាន​សហគមន៍​កសិកម្ម​ទឹក​ហូត​មានជ័យ​ក្តីសង្ឃឹម។​

លោក យ៉ែម ពៅ អាយុ៤២ ឆ្នាំ  ជាកសិករមួយរូបទៀតនៅភូមិទឹកហូតបានប្រើម៉ាស៊ីនបូមទឹកដាក់ចម្ការ​ជាង២០ឆ្នាំហើយពីប្រភព​ទឹក​ដែល​មាន​ស្រាប់ដូចជា​ស្រះ និង​អូរជាដើមនៅ​ពេល​រដូវ​ខ្សត់ទឹក​។ ប៉ុន្តែ​ដោយ​មើល​ឃើញ​អ្នក​ភូមិ​ដទៃទៀត​ប្រើ​ប្រាស់សូឡា ​ដើម្បី​បូម​ទឹក​ស្រោច​ស្រព​​ហាក់​មាន​និរន្តរភាព​ជាង ក៏​ដូចជា ​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាតទឹក​សម្រាប់​ដំណាំ​ផ្ទាល់ខ្លួន​ ​​ លោកបាន​សម្រេចចិត្តចំណាយថវិកាជាង៩០០ដុល្លារ ដើម្បីដំឡើងសូឡាចំនួនពីរបន្ទះ​ ដែលមានកម្លាំង ៩០០W ​​​កាល​ពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ​។

លោកនិយាយថា៖ “យើងដាំបន្លែ ដាំអីវាខ្វះទឹកប្រើ អត់ដឹងយកទឹកពីណា។ ដល់ពេលនេះ […] ឃើញគេប្រើសូឡាគ្រប់គ្នាប្រើបាន យើងក៏រៀបចំបុកអណ្ដូងដាក់សូឡាប្រើតាមគេដែរទៅ។ តែប្រើទៅឃើញវាស្រួល វាបូមទឹកមកវាសំបូរ មានតែអត់ដឹងយកទឹកដាក់ខាងណាទៀត”​។

ទោះបីជា​យ៉ាងណា ​លោកមិនទាន់់បោះ​បង់​ចោល​ការ​ប្រើប្រាស់ម៉ាស៊ីន​បូមទឹក​ទាំង​ស្រុង​នោះទេ​ គឺលោកប្រើ ​ប្រើសូឡាបូមទឹកពីអណ្ដូងទៅស្រះទឹក ហើយ​បូមពីស្រះទៅស្រោចដំណាំបន្ត​។ លោកមានបំណងចង់​ប្រើសូឡាបូមទឹកទាំងស្រុងដែរនាពេល​ខាងមុខ​។​

ការ​ប្រើប្រព័ន្ធបូមទឹកដើរ​​ដោយថាម​ពល​សូឡាជួយ​សន្សំសំចៃ​ និង​​កាត់​បន្ថយ​ការ​ចំណាយរបស់​ពួកគាត់​​មក​ត្រឹម​​ពាក់​កណ្តាល ដោយ​គ្រួសារ​កសិករ​នីមួយៗ​ ចំណាយ​តែ​ត្រឹម​ប្រមាណ ៧​ម៉ឺន​រៀល​ប៉ុណ្ណោះក្នុងមួយខែ​ ហើយ​វា​ផ្តល់​លទ្ធភាព​ដល់​​ពួកគាត់​ក្នុង​ការ​​ពង្រីក​ផ្ទៃដីដាំដុះ​ពី​៨០​ហិកតា​ ទៅ​ដល់​១២០​ហិកតា​ ​ក្នុង​ចំណោម​នោះ​មាន​តែ​៤០​ហិកតា​ប៉ុណ្ណោះ​ដែលនៅទំនេរ​ ព្រោះកសិករ​គ្មាន​លទ្ធភាព​ដាំដុះ។​ ធៀប​នឹង​ពេល​កន្លងមក ផ្ទៃដី​ជាង​៦០​ហិកតា​ត្រូវ​បាន​ទុក​ទំនេរ​ចោល​នារដូវ​ប្រាំង​ គឺមាន​តែផ្ទៃដី​៣០​ហិកតា​ ចំណោម​ផ្ទៃដីសរុប​៨០​ហិកតា​ អាចដាំដុះ​បាន។​​

ជុំវិញរឿងនេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងមានគោលការណ៍គាំទ្រ និងលើកទឹកចិត្តឱ្យកសិករងាកមកប្រើប្រាស់ប្រ​ព័ន្ធសូឡាបូមទឹក ព្រោះវាជាថាមពលកកើតឡើងវិញដែលជួយកាត់បន្ថយចំណាយបានច្រើន ខណៈដែលតម្លៃឧបករណ៍សូឡានាពេលបច្ចុប្បន្នកាន់តែធូរថ្លៃ មានប្រសិទ្ធភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។

លោកបន្ថែមថា៖ការងារនេះ គឺតម្រូវឱ្យមានការដាក់បោះទុនវិនិយោគទៅមុន។ ដូច្នេះសម្រាប់កសិករតូចៗរៀង​ៗ​​ខ្លួន ដែលមានលទ្ធភាព ក្រសួងតែងតែជំរុញលើកទឹកចិត្ត។ ដោយឡែក សម្រាប់បងប្អូនកសិករមួយចំនួន​ទៀត ដែលចង់ទទួលបានអត្ថប្រយោជន៍ទាំងអស់នេះដែរ តែមិនអាចធ្វើដោយខ្លួនឯងបាន យើងមានដំ​ណោះស្រាយមួយចំនួន ដូចជាការគាំទ្រពីគម្រោងដៃគូ ដែលយើងមានស្រាប់អនុវត្តដោយក្រសួងកសិកម្ម ក៏ដូច​ជា​ការ​ចូល​រួម​ចង​ក្រង​គ្នាទៅជា​សហគមន៍ ”។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ក៏បានផ្តល់បទសម្ភាសន៍ជាមួយ Channel News Asia កាល​ខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជាកំពុងពង្រីកការវិនិយោគលើថាមពលសូឡា និងថាមពលកកើតឡើងវិញ ដើម្បីរក្សាស្ថិរភាពថ្លៃអគ្គិសនី និងបង្កើនសន្តិសុខថាមពល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់គោល​ដៅបង្កើនចំណែកថាមពលស្អាតឱ្យឈានដល់ប្រមាណ ៧០ភាគរយ​នៅឆ្នាំ២០៣០ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធថាមពលប្រកបដោយចីរភាព៕

អត្ថបទគួរឱ្យចាប់អារម្មណ៍