ប្រជាកសិករនៅខេត្តតាកែវ និងខេត្តចំនួន១៣ផ្សេងទៀត ក្នុងប្រទេសកម្ពុជា បាននិងកំពុងប្រើប្រាស់ឡជីវឧស្ម័ន ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ ស្របពេលតម្លៃប្រេងឥន្ធនៈ និងហ្គាសឡើងថ្លៃ ហើយវាបានក្លាយជាដំណោះស្រាយមួយជួយជីវភាពកសិករ និងចូលរួមការពារបរិស្ថាន។
ការប្រើប្រាស់អុសធ្យូង និងចំណាយលើប្រេងឥន្ធនៈ
ការប្រើប្រាស់អុស អាចបង្កជាផ្សែងប៉ះពាល់ដល់សុខភាព ហើយការចំណាយទៅលើថាមពលទីផ្សារ គឺជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់កសិករនៅតាមជនបទ។ ស្របពេលកសិករនៅតែប្រឈមបញ្ហាទាំងនេះ ដំណោះស្រាយមួយ ត្រូវបានគេកំពុងអនវុត្ត គឺបច្ចេកវិទ្យាបៃតង ដែលជួយគាំទ្រយ៉ាងច្រើនដល់កសិករ ទាំងផ្នែកសេដ្ឋកិច្ច សុខភាព និងការងារកសិកម្ម។
ការណ៍នេះ ក៏ស្របពេលដែលតម្លៃប្រេងឥន្ធនៈ និងហ្គាសនៅលើទីផ្សារពិភពលោកបន្តប្រែប្រួល និងជំរុញឱ្យពលរដ្ឋ ពិសេសកសិករ ងាករកវិធីសាស្ដ្រផ្សេង ដើម្បីជួយគាំទ្រការទទួលបានថាមពល ដែលមានសុវត្ថិភាព សន្សំសំចៃ និងនិរន្តរភាព។
អ្នកស្រី តុប អិត ជាប្រជាកសិករម្នាក់នៅខេត្តតាកែវ លែងដើររើសអុស និងអង្គុយផ្លុំភ្លើងនាំឱ្យហុយផ្សែងត្រឡោមដូចកាលមុនទៀតហើយ។ គាត់បានសម្រេចចិត្តសាងសង់ឡជីវឧស្ម័ន ដើម្បីទុកប្រើប្រាស់ក្នុងគ្រួសារ ដោយសារមើលឃើញអ្នកជិតខាងរបស់គាត់ប្រើប្រាស់ឡប្រភេទនេះ ដែលមានលក្ខណៈងាយស្រួល និងមិនប៉ះពាល់ដល់សុខភាព ពិសេសប៉ះពាល់ភ្នែក និងផ្លូវដង្ហើម។
បើប្រៀបធៀបនឹងមុនពេលមានឡជីវឧស្ម័ន ដើម្បីតែចម្អិនអាហារ គ្រួសារគាត់ត្រូវចំណាយពេលដើររកអុស ហើយកាន់តែពិបាកថែមទៀត បើចំពេលមានភ្លៀងធ្លាក់។
អ្នកស្រី តុប អិត និយាយថា៖ «កាលមុនដុតអុស ហុយផ្សែងឈ្លក់ភ្នែក ដើររើសអុសទាំងភ្លៀងទាំងរលឹម ផ្លុំទាំងទទឹកជោក ហើមភ្នែកអស់ហើយ។ ដល់ពេលផ្លាស់ប្តូរមកប្រើឡជីវឧស្ម័ននេះទៅ វាស្រួល មិនពិបាកផ្លុំ មិនហុយផ្សែង ហើយសុខភាពក៏ល្អ មិនសូវឈឺកាត់ដូចមុនឡើយ។»
ឡជីវឧស្ម័ន ក្លាយជាដំណោះស្រាយកាត់បន្ថយចំណាយលើប្រេងឥន្ធនៈនិងហ្គាស
នៅក្នុងសហគមន៍កសិកម្មឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចេកវិទ្យានេះទទួលបានការគាំទ្រ និងយកទៅអនុវត្តច្រើនពីសំណាក់ប្រជាកសិករ ដើម្បីរួមចំណែកកាត់បន្ថយការបំផ្លាញបរិស្ថាន និងការចំណាយប្រចាំថ្ងៃ។
ឡជីវឧស្ម័ន គឺជាបច្ចេកវិទ្យាមួយ ដែលគេប្រើប្រាស់លាមកគោ លាមកជ្រូក ឬកាកសំណល់សរីរាង្គ ដាក់ចូលក្នុងអាងបិទជិតដែលគ្មានអុកស៊ីសែន។ នៅក្នុងឡ បាក់តេរីធម្មជាតិធ្វើការរំលាយសំណល់ទាំងនេះ និងបង្កើតបានជាឧស្ម័នមេតាន ដែលអាចប្រែក្លាយថាមពលសម្រាប់ចម្អិនអាហារ ជាភ្លើងបំភ្លឺផ្ទះ ឬកម្តៅទឹកជាដើម។ ក្រោយការផលិតហ្គាស កាកសំណល់នៅសល់ មិនត្រូវបោះចោលឡើយ គឺគេយកទៅផលិតជាជីសរីរាង្គ ដែលជួយដល់ការធ្វើស្រែចម្ការ និងដាំដំណាំជាច្រើនប្រភេទ។ បច្ចេកវិទ្យានេះ ក៏អាចជួយដោះស្រាយបញ្ហាសំណល់សត្វ កាត់បន្ថយក្លិនស្អុយ និងធ្វើឱ្យបរិស្ថានជុំវិញផ្ទះល្អជាងមុន។

ប្រធានសហគមន៍កសិកម្មឧត្តមសុរិយា លោក គង់ មឿន លើកឡើងថា គម្រោងខ្សែចង្វាក់ផលិតកម្មដោយភាតរបរិស្ថាន របស់ក្រសួង និងមន្ទីរកសិកម្មខេត្ត បានចាប់ផ្តើមតាំងពីឆ្នាំ២០២១។
រហូតមកទល់ពេលនេះ ចំនួនអ្នកប្រើប្រាស់ឡជីវឧស្ម័ននៅក្នុងសហគមន៍បានកើនដល់ ១១៦ គ្រួសារហើយ ជាពិសេសនាពេលថ្មីៗនេះ ដោយសារតែតម្លៃហ្គាសនៅលើទីផ្សារមានការកើនឡើង។ លោកបញ្ជាក់ថា គម្រោងនេះក៏កំពុងអនុវត្តនៅខេត្ត តាកែវ កំពង់ចាម ត្បូងឃ្មុំ និងកំពត។
លោកបានបន្ថែមថា ពីដើមឡើយ ពលរដ្ឋតែងចូលកាប់ព្រៃឈើធ្វើជាអុស ដែលវាបំផ្លាញបរិស្ថាន និងចំណាយខ្ពស់លើបំពង់ហ្គាសខ្នាតតូចពីទីផ្សារ និងងាយប្រឈមនឹងគ្រោះថ្នាក់ផ្ទុះជាយថាហេតុ។
លោក គង់ មឿន និយាយថា៖ «ដើម្បីជាដំណោះស្រាយ ស្របនឹងគម្រោងខ្សែចង្វាក់ផលិតកម្មដោយភាតរបរិស្ថាន យើងបានផ្សព្វផ្សាយពីឡជីវឧស្ម័ន ហើយកសិករគាត់ក៏បានយល់ដឹងពីការប្រើប្រាស់។ នេះជាដំណោះស្រាយមួយដ៏ល្អ ដែលជួយកាត់បន្ថយការប្រើប្រាស់អុស កាត់បន្ថយការទិញធ្យូង និងកាត់បន្ថយការទិញហ្គាសពីទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ វាបានជួយកាត់បន្ថយការទិញជីគីមីយកមកប្រើប្រាស់ផងដែរ ព្រោះគាត់មានជីជីវសាស្ត្រផ្ទាល់ខ្លួន យកទៅដាក់លើដំណាំបន្លែ និងដាក់ក្នុងស្រែ ដែលជាជីមានគុណភាពល្អថែមទៀតផង។»
ក្រៅពីផ្តល់ថាមពលចម្អិនអាហារ និងពន្លឺបំភ្លឺផ្ទះសម្រាប់កូនៗរៀនសូត្រ អត្ថប្រយោជន៍ដ៏ធំមួយទៀតនៃឡជីវឧស្ម័ន គឺកាកសំណល់ដែលសល់ពីឡ អាចប្រែក្លាយជាជីកំប៉ុសធម្មជាតិដ៏មានគុណភាពខ្ពស់សម្រាប់ដាំដំណាំប្រចាំថ្ងៃ។ វាជួយឱ្យកសិករផលិតជីបានរាប់តោនក្នុងមួយឆ្នាំៗ សម្រាប់ប្រើប្រាស់លើគ្រប់មុខដំណាំ ដោយមិនបារម្ភពីផលប៉ះពាល់សារធាតុគីមី និងជួយឱ្យបរិស្ថានជុំវិញផ្ទះមានភាពស្អាតបាត គ្មានក្លិនស្អុយ។
អ្នកស្រី ថូវ ម៉ានី និយាយថា៖ «មុនប្រើឡជីវឧស្ម័នគឺពិបាកណាស់ មេឃភ្លៀងអីអត់មានអីចម្អិនទេ បើហ្គាសវិញត្រូវទៅបញ្ចូលនៅកន្លែងឆ្ងាយ ហើយបើប្រើហ្គាសកំប៉ុងតូច ក្នុងមួយថ្ងៃចំណាយអស់ប្រហែល ៥,០០០ រៀល…។ តែពេលប្រើឡនេះទៅ វាអត់មានក្លិនស្អុយ បរិស្ថានស្អាត ហើយយើងចំណេញជីទៀត។ ក្នុងមួយឆ្នាំយើងបានជីពីកាកសំណល់ឡហ្នឹងពី ៨ ទៅ ១០ តោន យកទៅដាក់ស្រែ និងដំណាំគ្រប់មុខ មិនបាច់ប្រើជីគីមីទាល់តែសោះ។»
«ខ្ញុំចង់ឱ្យបងប្អូនពលរដ្ឋយើងនៅទូទាំងខេត្តប្រើប្រាស់ឡជីវឧស្ម័ននេះ ព្រោះវាចំណេញទាំងពេលវេលា និងថវិកា។ យើងមិនបាច់ហត់ដើររើសអុស មិនបាច់នឿយហត់ទៅដូរហ្គាស គឺធ្វើការតែនៅក្នុងផ្ទះ ហើយវាមានសុវត្ថិភាពមិនចេះផ្ទុះឡើយ។ វាគ្មានធុំក្លិនស្អុយអ្វីទាំងអស់ គឺងាយស្រួលដូចយើងប្រើហ្គាសទីផ្សារអញ្ចឹង។»

មេភូមិរង ភូមិត្រពាំងថ្លាន់ ឃុំឧត្តមសូរិយ៉ា ស្រុកត្រាំកកខេត្តតាកែវ លោក សឹប សៅ ក៏ប្រើប្រាស់ឡជីវឧស្ម័ននេះដូចកសិករផ្សេងទៀតដែរ តាំងពីឆ្នាំ២០២២មក។ បើតាមលោក សឹប សៅ នៅក្នុងសហគមន៍គាត់ មានពលរដ្ឋចំនួន ២៩គ្រួសារ ក្នុងចំណោម១០៥គ្រួសារ បាន និងកំពុងប្រើប្រាស់ឡជីវឧស្ម័ននេះ។
លោកនិយាយថា៖«ជាចុងក្រោយ ខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិយើង ឱ្យងាកមកចាប់អារម្មណ៍លើការប្រើប្រាស់ឡូជីវឧស្ម័នទាំងអស់គ្នា។ កាលណា យើងប្រើឡូជីវឧស្ម័ននេះ គឺវាមានអត្ថប្រយោជន៍ច្រើនណាស់ ទីមួយ គឺចំពោះសុខភាពផ្ទាល់ខ្លួនតែម្តង។ យើងដាំបាយស្លក្ដៅ លែងត្រូវប្រើអុសទៅដុតឱ្យហុយផ្សែងទ្រលោមពេញមុខពេញមាត់ ប៉ះពាល់ដល់ផ្លូវដង្ហើមទៀតហើយ គឺយើងគ្រាន់តែបើកហ្គាសប្រើប្រាស់ភ្លាម បានទាំងកាត់បន្ថយគ្រោះថ្នាក់សុខភាព បានទាំងភ្លើងបំភ្លឺ និងទឹកក្តៅបាយស្លភ្លាមៗ»។
ម្យ៉ាងវិញ លោកថា វាក៏ជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងផ្ទះ និងសន្សំសំចៃសម្រាប់ជួយគាំទ្រដល់ជីវភាពគ្រួសារវិញ។ ជាងនេះទៀត គ្រួសារនីមួយៗ អាចទទួលបានជីធម្មជាតិ ដែលកើតចេញឡជីវឧស្ម័ន ក្នុងមួយឆ្នាំៗ បានចាប់ពី ៨ ដល់ទៅ ២០ តោន អាស្រ័យលើចំនួនគោដែលពួកគេចិញ្ចឹម ដើម្បីយកទៅដាក់ស្រែចម្ការ ឬលក់ឱ្យសហគមន៍វិញ ក៏អាចរកចំណូលបានដែរ។
ការប្រែក្លាយកាកសំណល់សត្វពាហនៈ ទៅជាថាមពលស្អាត មិនត្រឹមតែដោះស្រាយបញ្ហាសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគំរូនៃដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការរួមចំណែកកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការពារបរិស្ថាន។ នេះហើយជាថាមពលនៃដំណោះស្រាយបែបស្ថាបនា ដើម្បីនិរន្តរភាព និងភាពបៃតងពិតប្រាកដនៅក្នុងសហគមន៍កសិកម្មកម្ពុជា។
កសិករត្រូវចំណាយលើថ្លៃសាងសង់ឡជីវឧស្ម័ន
អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ស៊ាង សុខលីម មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងកសិកម្មកំពុងជំរុញការប្រើប្រាស់ឡជីវឧស្ម័ន តាមរយៈកម្មវិធី និងគម្រោងធំៗចំនួន៣ រួមមាន កម្មវិធីឡជីវឧស្ម័នជាតិ ដែលអនុវត្តនៅ១៤ខេត្ត គឺនៅបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្ដាល កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងសៀមរាបជាដើម។
បើតាមលោក ស៊ាង សុខលីម គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ កម្ពុជាបានសាងសង់ឡជីវឧស្ម័នសរុបជាង៣ម៉ឺនឡ (៣២,៤០១ឡ) និងរោងជីកំប៉ុសចំនួន១២០៩ រោង នៅទូទាំងប្រទេស។ ឡជីវឧស្ម័នមិនត្រឹមតែផ្តល់ហ្គាសសម្រាប់ចម្អិនអាហារ និងជីសរីរាង្គសម្រាប់ដំណាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយដល់សេដ្ឋកិច្ច បរិស្ថាន សុខភាព និងសង្គម។
លោកនិយាយថា៖« «អត្ថប្រយោជន៍ដែលប្រជាកសិករមើលឃើញភ្លាម គឺគាត់មានហ្គាសសម្រាប់ចម្អិនអាហារ និងមានជីកំប៉ុសសម្រាប់ប្រើលើដំណាំ។ ប៉ុន្តែអត្ថប្រយោជន៍មួយទៀតដែលគាត់មិនសូវមើលឃើញ គឺការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រោះឡជីវឧស្ម័នអាចគ្រប់គ្រងឧស្ម័នមេតានពីលាមកសត្វ មិនឱ្យបញ្ចេញទៅក្នុងបរិយាកាសដោយផ្ទាល់»។
លោក ស៊ាង សុខលីម ពន្យល់ថា ឧស្ម័នមេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ ដែលមានឥទ្ធិពលខ្លាំងជាងកាបូនឌីអុកស៊ីត ក្នុងការបង្កឱ្យផែនដីឡើងកម្ដៅ។ ការយកលាមកសត្វមកផលិតជាហ្គាស ជួយទប់ស្កាត់ការបំភាយឧស្ម័ននេះ និងបម្លែងទៅជាថាមពលសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។
លោកបន្ដថា ជាមធ្យម ឡជីវឧស្ម័នមួយអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៤ ទៅ ៥ តោនក្នុងមួយឆ្នាំ តាមរយៈការគ្រប់គ្រងឧស្ម័នមេតានដែលកើតចេញពីលាមកសត្វ ដែលលោកថា នេះជាការរួមចំណែករបស់វិស័យកសិកម្ម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍកសិកម្មបៃតង។
មិនមែនកសិករទាំងអស់សុទ្ធតែមានលទ្ធភាពចំណាយលុយសាងស់ឡជីវឧស្ម័ននោះទេ។ លោកមានប្រសាសន៍ថា សម្រាប់គម្រោង ADB បានគាំទ្រការសាងសង់ឡជីវឧស្ម័ននៅខេត្តគោលដៅចំនួន៤ ដោយកសិករត្រូវចូលរួមបដិភាគចំនួន៦០ម៉ឺនរៀល ឬ ១៥០ ដុល្លារ ក្នុងឡមួយ ព្រោះការសាងសង់ឡមួយ អាចចំណាយយ៉ាងតិច ១ ពាន់ដុល្លារ ។ ឡមួយអាចប្រើប្រាស់បានពី ២០ ទៅ២៥ ឆ្នាំ ហើយកសិករត្រូវមានគោយ៉ាងតិច ២ ក្បាល ឬជ្រូក ៨ ក្បាល ទើបអាចតម្លើងឡប្រភេទនេះបាន។
ឡជីវឧស្ម័នអាចពង្រីកតាមរយៈការផ្សព្វផ្សាយ
ទោះបីឡជីវឧស្ម័នផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាកសិករក៏ដោយ ក៏ពួកគេចង់ឃើញគម្រោងនេះត្រូវបានពង្រីក និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ អ្នកស្រី ថូវ ម៉ានី បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ឡជីវឧស្ម័ន ដើម្បីទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ។
អ្នកស្រី ថូវ ម៉ានី និយាយថា៖«ខ្ញុំចង់ឲ្យខាងក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ អាជ្ញាធរភូមិឃុំនឹង ជួយផ្សព្វផ្សាយបន្តទៅមុខទៀត ដើម្បីឲ្យប្រជាពលរដ្ឋ ងាកមកប្រើជីឡឧស្ម័ន ព្រោះវាចំណេញច្រើន ប្រាក់ តាំងពេលវេលា ជីធម្មជាតិនឹង ផ្តល់ទៅលើដំណាំកសិកម្ម»៕

