បទយកការណ៍៖ស្រ្តីវ័យចំណាស់ដែលលក់ដូរនៅមុខព្រះបរមរាជវាំងត្អូញត្អែរពីផលលំបាករកចំណូល

ម៉ោងប្រហែល១០ព្រឹកទៅហើយ ថ្ងៃចាំងបណ្តើរកូនក៏ចាប់ផ្តើមបញ្ចេញពណ៌សផ្លេកៗបន្តកន្ទុយគ្នាមិនដាច់។បន្តិចម្តងៗ ពន្លឺព្រះអាទិត្យដែលជះចេញពីផ្ទៃអាកាសមក ក៏ចេះតែឡើងកម្តៅមិនឈប់ នារដូវប្រាំងក្រោ​​យ​បុណ្យចូលឆ្នាំខ្មែរ​រួច​ ដែលខុសប្លែកពីឆ្នាំមុនៗ។មនុស្សម្នាដែលកំពុងធ្វើដំ​ណើ​រប្របនឹ​ង​មាត់ទន្លេ ពេ​លម៉ោ​ងក្បែរអា​ហា​រថ្ងៃត្រង់ក្នុងរដូវក្តៅនេះ ពួកគេសឹងទ្រាំមិ​ន​​បានដោយឥទ្ធិពលនៃអាកាសធាតុ។ប៉ុន្តែឧ​ប​​​ស​គ្គនេះ ហាក់មិនបានធ្វើឲ្យស្រ្តីវ័យចំណាស់មួយចំនួន ដែលមានរបរខ្នាតតូចនៅខាងមុខព្រះបរមរាជវាំង រុញរានឹងការប្រែ​ប្រួ​ល​អាកាសធា​តុដូច​នេះ​​ឡើយ។

សកប្រែពណ៌សលាយល្បាយពណ៌ត្នោតទៅហើយ និងកំពុងអង្គុយលើថ្មនៅប្របនឹងមាត់ទន្លេ អ្នកស្រី ប្រា​ក់ ស្រិន ត្អូញត្អែរថា ចំណូលដែលបានមកពីការលក់ចំណីសត្វព្រាបសព្វថ្ងៃនេះ ពិតជាជួបផលលំបាកហួ​ស​​ប្រមាណហើយ ដោយសារកា​រចំណាយវាខ្ពស់លើសពីចំណូល។ស្បែកជ្រីវជ្រួយដោយឥទ្ធិពល នៃអាកា​ស​ធាតុ និងកំពុងពានាកន្សែងបង់កដោយមានស្ពាយកាបូបខ្មៅក្នុងដៃផង ប្រាក់ ស្រិន ឲ្យដឹងទៀតថា ថវិកាដែលខ្លួនរកបាននេះ សឹងតែបង់ថ្លៃជួលផ្ទះគេមិនរួចផង។មានពេលខ្លះ បន្ទប់ជួលត្រូវបង់រំលោះជាដំណាក់កាលៗក៏មានដែរ ប្រសិនបើថ្ងៃណាលក់ចំណីសត្វ​ព្រាបមិនដាច់នោះទេ។

ប្រភពបន្តថា៖«អត់មានចិត្តថាចង់ អត់ចង់ឈប់ទេ អត់មានលុយថ្លៃផ្ទះ បើយើងមិនរកអាហ្នឹងបានអីឱ្យថ្លៃផ្ទះគេ ដេកចិញ្ចើមថ្នល់អត់កើតទេខ្លាចគេចាប់។ ពិបាក ពិបាកមិនមានពិបាកអីទេក្រៅពីរឿងគិតថ្លៃផ្ទះគេហ្នឹ​ងម៉ង នៅខ្វះគេ១០ម៉ឺនទៀត ឱ្យគេបាន៣០ហើយ »។

ដោយបញ្ហាសុខភាព ប្រាក់ ស្រិន ត្រូវសម្រេចចិត្តបោះបង់របររើសអេតចាយ ហើយក៏ចាប់ផ្តើមប្រកបរបរជាអ្ន​ក​លក់ចំណីសត្វព្រាបនៅខាងមុខព្រះបរមរាជវាំងវិញម្តង។រយៈពេល១០ឆ្នាំមកនេះ ក្នុងនាមជាអ្នកលក់ចំ​ណី​​​​សត្វ ក្រៅពីត្រូវរាប់រងមើលថែចៅៗដោយសារឱពុកម្តាយរបស់ពួកគេរវល់រៀងៗខ្លួនអស់ហើយ អ្នកស្រី​​ក៏ត្រូវបន្តជួ​យ​​ស្វែងរកចំណូលដើម្បីទ្រទ្រង់ជីវភាព ក្នុងគ្រួសារដូចអ្នកឯទៀតដែរ។

មិនមែនមានតែអ្នកស្រី ប្រាក់ ស្រិន ម្នាក់ទេ ដែលប្រឹងប្រែងរកចំណូលដើម្បីជួយដោះស្រាយបន្ទុកក្នុងគ្រួសារ។នៅក្បែរព្រះអង្គដងកើ និងមិនឆ្ងាយប៉ុន្មានពីអ្នកស្រី ប្រាក់ ស្រិន។អ្នកស្រី ប៉ូច ប៉ាង ដែលមានវ័យស្របាល់ៗគ្នា និងអ្នកស្រី ប្រាក់ ស្រិន ដែររៀបរាបថា ខ្លួនបានចាប់របរជាអ្នកលក់ផ្កា​ឈូកនេះ ជាយូរឆ្នាំមកហើយ។

មានដើ​ម​កំណើតជាអ្នកខេត្តកំពង់ចាម និងមករស់នៅក្នុងទីក្រុងភ្នំពេញក្រោយរបបខ្មែរក្រហមដួលរ​លំ​​ទៅ អ្នកស្រី ប៉ាង ឲ្យដឹងថា ថ្វីបើរូបគេមកនៅភ្នំពេញយូរឆ្នាំហើយក្តី សម្រាប់គ្រួសារអ្នកស្រីនៅបន្តរស់នៅផ្ទះជួលគេ នៅម្តុំវត្តមុនីវង្ស ជាមួយចៅពីរនាក់ មិនខុសពីពលរដ្ឋដទៃទៀតប៉ុន្មាននោះឡើយ។ក្រៅពីនេះ រ​ប​​រលក់ផ្កាឈូកនេះ អ្នកស្រីត្រូវចាយពេលចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១០យប់។

ប្រភពបន្ត៖«លក់យូរឆ្នាំហើយ មួយខែទៅមួយខែគ្មានបានឈប់ទេ។តាំងពីរោងនោះគេ​បង្កើតមក រោងក្រោ​​មដើមឈើហ្នឹង ត្រង់ដើមស្វាយ កន្លែងគេចិតដូងចំហៀងហ្នឹងមករហូត ដល់ឥឡូវហ្នឹងវាបែកខ្ញែក គេប​ង្រួមអាចុងខាងនោះ ដាក់ទ្រុងចាប ទ្រុងអីឡើងពេញទាំងអស់ទៅណា រួចឥឡូវហ្នឹងថយមកនៅនេះវិញ»។ 

នៅក្នុងទិវាមនុស្សចាស់ថ្នាក់ជាតិលើកទី៣ កាលពីថ្ងៃទី១៧ ខែតុលា បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ មនុស្សដែលមានវ័យចាប់ពីអាយុ៦០ឆ្នាំឡើងទៅ មានចំនួនជាង១លាននាក់។លើសពីនេះទៀត ចំនួនមនុ ស្សចាស់នឹងកើន១លាន ៥០ម៉ឺននាក់ នៅឆ្នាំ២០២៥។លើសពីនេះទៀត ចំនួនមនុស្សចាស់នឹងកើន១លាន ៥០ម៉ឺននាក់ នៅឆ្នាំ២០​២​៥​​។តួលេខនេះ អាចនឹងមានកំណើនទ្វេដងនៅឆ្នាំ២០៥០។តាមរយៈគោ លនយោបាយជាតិស្តីពីមនុស្សចា​ស់ របស់ក្រសួងសង្គមកិច្ច បានប៉ាន់ប្រមាណទុកថា ប្រជាជនវ័យចាស់ធៀបនឹងប្រជាជនសរុប នឹងបន្តកើនឡើងក្នុងល្បឿ​នមួយដ៏លឿន ក្នុងរយៈពេលពី១៥ ទៅ២០ឆ្នាំខាងមុខទៀតនេះ។

រីឯនៅជ្រុងម្ខាងទៀតក្បែរព្រះបរមរាជវាំងដែរ អ្នកស្រី សយ ចិន្ថា ដែលមានវ័យជរាបន្តិចទៅហើយ ឲ្យដឹងថា ការលក់ដូររាល់ថ្ងៃនេះ មួយថ្ងៃកាត់មួយថ្ងៃកោរទេ ជាពិសេសរកចំណូលមិនសូវបានតែម្តង។នៅជុំវិញខ្លួនអមដោយសម្ភារៈក្មេងលេងខ្លះៗ ដែលអ្នកស្រី សយ ចន្ថា ដាក់តាំងលក់ និងកំពុងបក់រវិចៗទៅតាមក​ម្លាំ​ង​ខ្យល់ រៀបរាបថា មានអ្នកដំណើរខ្លះគេបានដឹងពីប្រវត្តិរបស់អ្នកស្រីថា មានជីវភាពខ្វះមុខខ្វះក្រោយ ក៏បានផ្តល់ថវិកាខ្លះៗ ទៅតាមលទ្ធភាពដែលគេមាន។ 

ប្រភពបន្តថា៖«ខ្ញុំនិយាយមុខព្រះធម៌ ព្រះសង្ឃ រាល់ថ្ងៃហ្នឹង  ថ្ងៃណាលក់បានឱ្យគេទៅ១ថ្ងៃ១ម៉ឺន ថ្ងៃណាមិនបានទេសុំគេម្ចាស់លុយក៏មិនហ៊ានយកដែរ ។ មិនមែនថាខ្ញុំចេះតែនិយាយទេ ពិតប្រាកដអ៊ីចឹងហ្មង។ ហើ​យលក់ ខ្លះគេឃើញ គេមកឃើញអាណិតថាជួយទិញគាត់ទៅ ចុះបើខ្ញុំកំពុងលក់ម្ចាស់លុយគេមកទារ គេឃើញគេដឹង »

បន្ថែមពីលើនេះទៀត បើតាមអ្នកស្រី សយ ចិន្ថា ខ្លួនពិតជាចង់មានពេលសម្រាកដូចគេដូចឯងដែរ ប៉ុន្តែនៅតែមិនអា​ច​សម្រាកបាន​ ព្រោះអ្នកស្រីត្រូវការប្រាក់ដើម្បីបង់ថ្លៃផ្ទះ មើលថែចៅៗ និងដោះស្រាយជី​វភា​ព​ប្រចាំថ្ងៃទៀត​។ស្រ្តីរូបនេះមានក្តីប្រាថ្នាថានឹង​ចង់ត្រឡប់ទៅស្រុកកំណើតវិញដែរតែវាពិបាកណាស់ស​ម្រា​​ប់គាត់។

ប្រភពបន្តថា៖«ដល់ពេលហើយទៅខ្ញុំទៅម្ដង ទៅៗមិនដឹងធ្វើអី រកអីវាមិនបាន មកភ្នំពេញហ្នឹងទៅ គេនៅហ្នឹងគេជូនលុយកាក់តិចតួចមកបានជួលនៅអាផ្ទះ៤០  ផ្ទះ៤០លិចទឹក រកកន្លែងដេកមិនបាន ហើយគេអា​ណិតទៅក៏គេឱ្យមកនៅហ្នឹងទៅ ក៏គេជិតខាងគេថា គាត់មានប៉ុន្មាន ២​​ ៣ ម៉ឺន គាត់ឱ្យផ្តោះៗយកទៅអា​ណិ​តគាត់ ព្រោះគាត់ចិញ្ចឹមចៅពីរនាក់គេស្គាល់រាប់ឆ្នាំហើយ »។​

នៅក្នុងគោលនយោបាយជាតិស្តីពីមនុស្សវ័យចំណាស់ ថ្វីបើមិនបានបង្ហាញពីទំហំសាច់ប្រាក់ដែលរដ្ឋាភិបាល ត្រូវបញ្ចេញ ដើម្បីគាំទ្រទៅដល់មនុស្សវ័យចំណាស់ ក្នុងកម្រិតប៉ុន្មានក៏ដោយក្នុងមួយខែ ក៏គេសង្កេតឃើ​ញ អាជ្ញាធររដ្ឋបានដាក់ចេញនូវគោលការណ៍ស្តីពី​«សន្តិហិរញ្ញវត្ថុដែរ»។ក្នុងន័យនេះ រដ្ឋាភិបាល បានកំ​ណ​ត់គោលដៅចម្បងមួយចំនួន ជំនួសឲ្យការឧបត្ថម្ភក៏ជាសាច់ប្រាក់ គឺដើម្បីរក្សាបាននូវគុណភាពជីវិត​របស់​មនុស្សចាស់ ការធានាបាននូវស្ថិរភាពប្រាក់ចំណូលរបស់មនុស្សពេញវ័យ គឺជាប្រការចាំបាច់។ដើម្បីសម្រេចគោលការណ៍នេះ រដ្ឋាភិបាលបានកំណត់ ការងារមានប្រាក់ចំណូលខ្ពស់ របបសន្តិសុខសង្គម និងអត្ថប្រយោជន៍សម្រាប់សុខុមាលភាព។

បើទោះជាបែបនេះក៏ដោយចុះ សម្រាប់ស្រ្តីវ័យចំណាស់មួយចំនួន ពួកគេនៅតែត្អូញត្អែរដូចៗគ្នាថា ការធា​នា​បា​ន​នូវសុវត្ថិភាពហិរញ្ញវត្ថុ ដូចមានកំណត់នៅក្នុងកម្មវិធីគោលនយោបាយជាតិស្តីពីមនុស្សវ័យចំណាស់ គឺមិនទាន់បានឆ្លើយតបពីតម្រូវការជាក់ស្តែង ដូចដែលពួកគេកំពុងតែប្រឈមមុខរាល់ថ្ងៃនេះនៅឡើ​យ​​ទេ​​។ណាមួយ មុខរបរដែលពួកគេលក់ដូរនេះ មិនសូវរកចំណូលបានថែមទៀត ស្ថិតក្រោមហេតុផលនេះវាគឺជាបញ្ហាដែលស្មុគស្មាញស​ម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ 

ប្រភពបន្តថា៖«រាល់ថ្ងៃបើមានគេដើរលក់ដាច់ហូរហែរដែរអូន បានតិចតួច បាន១ម៉ឺន​ ២ ៣ ម៉ឺនដែរអូន។ ពេលអត់មានមនុស្សចឹងលក់អត់ដាច់ម៉ង​ ពិបាករកដែរឥឡូវ  អូយកូនបើឱ្យនៅសល់ វាមិនសល់ទេកូន ព្រោះថ្លៃផ្ទះ ថ្លៃទឹកភ្លើង ម្ហូបស៊ី វាសប់គ្រប់ចឹងហ្អាស។ ហើយវា (ចៅ) ធ្វើការយាមយប់ មួយខែទើបគេបើកឱ្យ ២០០ (ដុល្លារ) អីចឹងទៅ យកមកថ្លៃផ្ទះខ្លះ ស៊ីខ្លះ កូនបៅដោះគោខ្លះ ចេះតែលក់ដាច់រេះៗដែរ បើអត់ដាច់រត់ទៅមុខព្រះអង្គទៅ​ សល់ ៤ ​ ១០ គូ អ៊ីចឹងទៅ​ ទៅអង្គុយក៏អស់ ចាស់ៗគេចូលទិញមក ។ថ្ងៃណាបានទៅ ៤ ៥ ម៉ឺនទៅ សន្សំតែទិញរបស់វិញ ថ្ងៃមុនមួយថ្ងៃដល់ល្ងាចបានតែ១២០០០ រៀល» 

ជុំវិញរឿងនេះ យុវជន ស៊ូរ ហៃមី ដែលធ្វើដំណើរកំសាន្តប្របនឹងមាត់ទន្លេ នៅខាងមុខព្រះបរមរាជវាំង យ​ល់​ឃើញថារូបគេពិតមានអារម្មណ៍អាណិត ព្រោះឃើញអ្នកលក់វ័យចាស់ជរាទៅហើយ ហើយត្រូវមក​អង្គុ​យ​​ក្រោមកម្ដៅថ្ងៃបែបនេះ ដើ​ម្បី​​រកចំណូលថែមទៀត។

លោកនិយាយថា៖« ព្រោះអីឃើញពួកគាត់រាងពិបាកដែរ  លក់កណ្ដាលថ្ងៃ រដូវហ្នឹងក៏រាងក្ដៅ» ។ 

យ៉ាងនេះក្តីលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ យល់ឃើញថា មនុស្សចាស់ដែលលក់ដូរតាមដងផ្លូវ ភាគច្រើនមានជីវភាពក្រខ្សត់ និងមិនសូវទទួលបានការយកចិត្តទុក​ដាក់​ពីកូនៗឡើយ ដែលកូនៗរបស់ពួកគាត់ភាគច្រើនជាអ្នកចំណាកស្រុក ឬក៏មិនមានលទ្ធភាពចិញ្ចឹមកូនរបស់ខ្លួន ឬបែកបាក់គ្រួសារទើបផ្ញើកូនៗជាមួយពួកគាត់់ ដែលជាហេតុធ្វើឱ្យពួកគាត់បង្ខំចិត្តចេញទៅលក់ដូរដើម្បីដោះស្រាយជីវភាពខ្លួនឯង និងចិញ្ចឹមចៅៗ។

បន្ថែមពីនេះ លោកអះអាងថារដ្ឋាភិបាលក៏គួរគិតគូរលើបញ្ហានេះ និងចូលរួមផ្ដល់ជាជំនួយគាំទ្រផ្សេងៗដ​ល់មនុស្សវ័យចាស់ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគេ។

លោកបន្តថា៖«ខ្ញុំគិតថារដ្ឋាភិបាលគួរតែមានរបបសមធម៌សម្រាប់មនុស្សចាស់ទាំងអស់ ដើម្បីឱ្យគាត់មានប្រាក់ចំណូលមានប្រាក់សមធម៌សម្រាប់ចិញ្ចឹមជីវិតនៅចុងក្រោយនៃជីវិតរបស់គាត់ទី២ គួរតែរៀបចំកន្លែ​​ងមជ្ឈមណ្ឌលសម្រាប់មនុស្សចាស់ដើម្បីថែទាំសុខភាព ថែទាំរាងកាយ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តសម្រាប់ពួកគាត់ ហើយសម្រាប់ឱ្យពួកគាត់ធ្វើបញ្ចេញកម្លាំងពលកម្ម ដើម្បីកុំឱ្យពួកគាត់មានជំងឺ។ ទីបី រដ្ឋាភិបាលគួរតែមានមជ្ឈមណ្ឌលថែទាំសុខភាពរបស់ពួកគាត់ដើម្បីឱ្យពួកគាត់មានឱកាសពិនិត្យសុខភាពឱ្យបានទៀងពេលរៀងរាល់ខែ ឬរៀងរាល់៣ខែ ឬរៀងរាល់ ៦ ខែ ឬ ១ឆ្នាំម្ដងចឹងទៅ ដើម្បីឱ្យពួកគាត់មានសុខភាពល្អ និងអាយុវែង»។

សម្រាប់ស្រ្តីដែលមានរបរលក់ដូរ នៅប្របនឹងមាត់ទន្លេទាំងនេះ ការលក់ដូរមិនមែនជាជម្រើសទេ ប៉ុន្តែជាការចាំបាច់ ដើម្បីបន្តជីវិតប្រចាំថ្ងៃ។ ពួកគាត់នៅតែបន្តការខិតខំ ដោយសង្ឃឹមថា នឹងអាចរកចំណូលគ្រប់គ្រាន់សម្រាប់រស់នៅក្នុងថ្ងៃស្អែក។ ទោះមិនសូវមានការជួយពីមនុស្សជុំវិញខ្លួន ពួកគេប្តេជ្ញាថានឹងមិនផ្ដេកផ្ដួលតាមព្រេងវាសនា ហើយក៏មិនដែលមានចិត្តចង់ឈប់ដែរ។ 

លោកយាយ ប៉ាង និយាយ «  មិនទាន់ចង់ទេ មិនទាន់ចង់ឈប់ទេ នៅតែលក់ដដែលសិនទៅ ទាល់ថាយើងទៅលែងរួច ចាំយើងគិតទៀត ប៉ុន្ដែឥឡូវវាចេះតែទៅល្ហែៗចឹងទៅ។ទេ បើគេជួយក៏ជួយទៅ បើគេអត់ក៏ខ្ញុំមិនថាអីដែរ »៕