សហគមន៍ជនជាតិដើមភាគតិចពូនងជាង៤០គ្រួសារ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្នើអាជ្ញាធរខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីព្រៃតំណម ដែលត្រូវបានបុគ្គលឯកជន បានរំលោភយកទៅលក់ឱ្យក្រុមហ៊ុនឯកជន ប៉ះពាល់ដល់ការអាស្រ័យផល និងការប្រតិបត្តិជំនឿរបស់ពួកគាត់ ប៉ុន្តែបុគ្គលឯកជនរូបនេះ ច្រានចោលការចោទនេះ ដោយថាដីនោះគាត់បានទិញពីពលរដ្ឋក្នុងសហគមន៍ដោយស្របច្បាប់។
ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងនៅភូមិឡៅកា អ្នកស្រី ខ្លូល ចាក់ បានឱ្យដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះថា បញ្ហាដីព្រៃតំណម និងព្រៃជំនឿ ដែលមានទំហំប្រមាណ ៤ហិកតា ត្រូវបានបុគ្គលឯកជនម្នាក់ ឈ្មោះ ពោ ពូច បានលក់ទៅឱ្យក្រុមហ៊ុនកង្ហាខ្យល់ដើម្បីផលិតថាមពលអគ្គិសនី កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ និងបានរារាំងសហគមន៍មិនឱ្យប្រើប្រាស់ដីព្រៃតំណមនោះ។
អ្នកស្រីបន្តថា ការរំលោភយកដីព្រៃដំណមឬព្រៃអារក្សនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីតាំងជំនឿពីដូនតា ជាពិសេសប៉ះពាល់ដល់ការរស់នៅរបស់ប្រជាសហគមន៍ ដែលពឹងអាស្រ័យលើអនុផលព្រៃឈើ ទឹក និងធនធានធម្មជាតិនៅតំបន់នោះ។ ករណីនេះ អ្នកស្រីបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាល ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយ ប្រគល់ដីព្រៃអារក្សនេះឱ្យពលរដ្ឋគ្រប់គ្រងវិញ ដើម្បីធានាសុវត្ថិភាពដីធ្លី និងថែរក្សាដីព្រៃអារក្សនេះ។
អ្នកស្រី ខ្លូល ចាក់ និយាយថា៖ «បើតាមចិត្ដខ្ញុំ គាត់មិនគួរយកដីពួកខ្ញុំ ដីពួកខ្ញុំជាដីសហគមន៍ ដីជំនឿ អ្នកក្រៅមកយកសេរីអញ្ចឹង វាមិនសមម៉ង[…] សហគមន៍បានរកការអន្ដរគមន៍ពីអាជ្ញាធរជាច្រើនលើកច្រើនសារ ក៏នៅតែគ្មានដំណោះស្រាយ សូមស្នើសុំក្រសួងពាក់ព័ន្ធស្វែងរកដំណោះស្រាយ កុំឱ្យក្រុមហ៊ុនមកទន្រ្ទាន និងធ្វើបាបសហគមន៍ និងសូមបន្ដប្រគល់ដីដែលនៅសេសសល់ឱ្យសហគមន៍គ្រប់គ្រង ព្រមទាំងសហគមន៍ដែលបន្ដរស់នៅទីនោះ ឱ្យរស់នៅបន្ដទៀត»។
ជាមួយគ្នានេះដែរ អ្នកស្រី ផ្លឹក ភីរុំ ជាប្រជាសហគមន៍ជនជាតិដើមភាគតិចភូមិឡៅកាមួយរូបទៀត បានឱ្យដឹងថា ដីព្រៃតំណម និងព្រៃជំនឿនេះ ត្រូវបានប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ បានប្រើប្រាស់ និងអាស្រ័យផល តាំងពីដូនតាមក ប៉ុន្តែបែរជាបុគ្គលឈ្មោះ ពោ ពូច បានរំលោភយកនិងលក់ទៅឱ្យក្រុមហ៊ុនឯកជន ព្រមទាំងបានរារាំងប្រជាសហគមន៍មិនឱ្យចូលទៅប្រើប្រាស់ដីព្រៃតំណមនេះថែមទៀត។ អ្នកស្រីបន្តថា ក្រោយមានបញ្ហាដីធ្លីនេះ ប្រជាសហគមន៍ជាង ១០០គ្រួសារ លែងហ៊ានចូលទៅអាស្រ័យផល និងប្រើប្រាស់ដីព្រៃនេះ ដោយសារបារម្ភពីការគំរាមកំហែង និងការភ័យខ្លាច ដូច្នេះនៅសល់តែពលរដ្ឋ ៤៧គ្រួសារប៉ុណ្ណោះ ដែលនៅបន្តអភិរក្ស និងថែរក្សា។
អ្នកស្រីនិយាយថា៖ «បញ្ហាប្រឈមរាល់ថ្ងៃហ្នឹង គឺធ្វើឱ្យជនជាតិដើមភាគតិច គ្មានសេចក្ដីសុខ តវ៉ាអារឿងដី ការពារអារឿងដី ចុះឡើងៗ សូម្បីតែរកពេលធ្វើស្រែចម្ការក៏គ្មាន[…] កន្លែងជំនឿ កន្លែងអារក្ស ត្រូវបានគេឈូសឆាយ ឱ្យគ្នាបន្ដកាន់កាប់ទៅអាម៉េចកើត»។
ករណីនេះ អ្នកស្រី ផ្លឹក ភីរុំ បានស្នើយ៉ាងទទូចដល់អាជ្ញាធរខេត្ត ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីព្រៃតំណម និងចុះបញ្ជីដីព្រៃនេះជាដីសមូហភាពជនជាតិដើមភាគតិច ដើម្បីឱ្យប្រជាសហគមន៍បានប្រើប្រាស់ជាប្រយោជន៍ និងអភិរក្សដូចមុន ខណៈដីព្រៃតំណម ជាអត្តសញ្ញាណ និងមានសារសំខាន់ណាស់សម្រាប់ជនជាតិដើមភាគតិចដូចជាពួកគាត់។
ទោះជាយ៉ាងណា លោក ពោ ពូច ដែលត្រូវបានប្រជាសហគមន៍ជនជាតិដើមភាគតិចភូមិឡៅកា ចោទថាបានរំលោភយកដីព្រៃតំណមទៅលក់ឱ្យក្រុមហ៊ុនឯកជននោះ បានច្រានចោលការចោទប្រកាន់នេះ។
លោកបានអះអាងថា កាលពីអំឡុងឆ្នាំ២០០៨ លោកបានទិញដីនៅតំបន់នោះ ពីជនជាតិដើមភាគតិចចំនួន ២នាក់ ដែលមានទំហំក្បាលដី ២០០ម៉ែត្រ គុណនឹង ៥០០ម៉ែត្រ ក្នុងតម្លៃជាង ២ពាន់ដុល្លារ ដោយមានលិខិតទិញលក់ត្រឹមត្រូវ ខណៈដែលដីនោះក៏មិនមែនជាដីព្រៃតំណមនោះដែរ។ ក្រោយទិញដីនោះរួចមក លោកបានទុកដីនោះចោល ដោយមិនមានការដាំដំណាំ ឬធ្វើអ្វីមួយទេ ហើយក្រោយមកលោកក៏បានលក់ដីនោះទៅឱ្យក្រុមហ៊ុនឯកជនមួយដែលគេវិនិយោគផលិតអគ្គីសនី ក៏ស្រាប់តែមានពលរដ្ឋក្នុងសហគមន៍នោះ នាំគ្នាតវ៉ា និងចោទថា គាត់រំលោភយកដីព្រៃតំណមរបស់សហគមន៍ទៅវិញ។
លោកបន្ថែមទៀតថា «កាលពីមុនគេហៅថាតាមើកៗ ជាឪពុករបស់ ផ្លឹក ភីរុំ និង ផ្លឹក ណាវី ហ្នឹង ហើយឪពុករបស់គាត់តាំងពីឆ្នាំ២០០៨ហ្នឹង មានន័យថា ដីហ្នឹង ខ្ញុំបានទៅទិញចំណែករបស់គាត់។ និយាយរួមតំបន់ដីហ្នឹងជាតំបន់ដីកូនតាមើក រស់នៅ តែសម្រាប់ប្លង់រឹង យើងអត់ទាន់មានទេ និយាយរួមទៅអាស្រ័យលើរដ្ឋ ពីព្រោះអានេះយើងវាស់វែងដោយប្រព័ន្ធរដ្ឋ»។
យ៉ាងណា លោក ពោ ពូច បានអះអាងថា នឹងព្យាយាមរកដំណោះស្រាយដោយសន្តិវិធីជាមួយសហគមន៍ ហើយប្រសិនបើនៅតែមិនអាចដោះស្រាយបាន នោះមានតែការដោះស្រាយតាមផ្លូវតុលាការ។
ចៅសង្កាត់សុខដុម អ្នកស្រី នេត ឆាយា មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីរវាងប្រជាសហគមន៍ភូមិឡៅកា និងលោក ពោ ពូច មានលក្ខណៈស្មុគស្មាញ ដែលត្រូវការពេលវេលាចុះទៅសិក្សាស្រាវជ្រាវ និងវាស់វែង។
អ្នកស្រីបន្តថា ឈ្មោះ ពោ ពូច មានលិខិតបញ្ជាក់ទិញលក់ដីនោះត្រឹមត្រូវ ប៉ុន្តែនៅមិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយ ខណៈខាងសហគមន៍ដែលតវ៉ាទាមទារដីនោះ គ្រាន់តែជាសហគមន៍ការពារធនធានធម្មជាតិ មិនមែនជាសហគមន៍នីតិបុគ្គលដែលមានសិទ្ធិស្នើសុំចុះបញ្ជីដីសមូលហភាពនោះទេ។ យ៉ាងណា អ្នកស្រីថា អាជ្ញាធរនឹងធ្វើការសម្របសម្រួលរវាងភាគីជម្លោះទាំងសងខាង ដើម្បីស្វែងរកដំណោះស្រាយ។
អ្នកស្រីថា៖ «ខ្ញុំចង់ជម្រាបថា ខ្ញុំមិនមែនគិតថាគាត់ខុស ឬគាត់ត្រូវ ខាងណាៗ ខាងណាខុសខាងណាត្រូវទេ យើងនឹងពិភាក្សាជជែកគ្នា[រកដំណោះស្រាយ]ទៀតឥលូវ»។
អ្នកសម្របសម្រួលលេខាធិកាដ្ឋាននៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក ហ៊ាន ប៊ុនហៀង យល់ថា អាជ្ញាធរគួរសម្របសម្រួលរកដំណោះស្រាយលើបញ្ហាដីធ្លីនេះ ឱ្យមានតម្លាភាព និងសមស្រប ជាពិសេសស្របទៅតាមច្បាប់ភូមិបាលឆ្នាំ២០០១ ខណៈលោកថា ដីព្រៃតំណម ឬព្រៃអារក្ស ដែលប្រើប្រាស់សម្រាប់ប្រយោជន៍សហគមន៍ បើទោះជាបានចុះបញ្ជី ឬមិនទាន់ចុះបញ្ជីដីសមូហភាពក៏ដោយ ក៏មិនអាចមានបុគ្គលណាមួយអាចលក់ដូរបានឡើយ។
លោកបន្ដថា៖ «ដំណោះស្រាយមាន តែសំខាន់យោងតាមការដោះស្រាយតាមបែបប្រពៃណីហ្នឹងទៅ ជាគំនិតខ្ញុំទេ ធម្មតាតំបន់ហ្នឹង គេមានក្បួនទម្លាប់របស់គេហើយ អញ្ចឹងការដោះស្រាយតាមបែបពៃណី…ក៏ដូចជាច្បាប់អញ្ចឹងដែរ របៀបគេគ្រប់គ្រងដីតាំងពីជីដូនជីតា យើងមានបញ្ហាអី យើងត្រូវដោះស្រាយរួមទៅ»។
កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ធ្លាប់បានចេញសារលិខិតថា កម្ពុជាមានជនជាតិដើមភាគតិចជាង ១ (១,៤)ភាគរយនៃចំនួនប្រជាជនសរុប រួមមានជនជាតិដើមភាគតិច កួយ ទំពួន គ្រឹង ចារាយ ពូនង ក្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ ក្នុងលិខិតដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលគោរព និងការពារសិទ្ធិជនជាតិដើមភាគតិច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពី ការអភិវឌ្ឍជនជាតិដើមភាគតិច ក្នុងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីការពារ និងអភិរក្ស វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសា ក៏ដូចជាការលើកស្ទួយដល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចជាដើម៕

