ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាង១០ស្ថាប័ន បានអំពាវនាវឱ្យមានការពង្រឹងវិធានការការពារសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា ខណៈពួកគេបន្តបង្ហាញការព្រួយបារម្ភអំពីបរិយាកាសការងារនៅក្នុងវិស័យនេះ។
ការអំពាវនាវនេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ចេញថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសរំលឹកទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភាខាងមុខនេះ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះសេរីភាពនៃការបញ្ចេញមតិ និងតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌ គឺសំខាន់សម្រាប់អភិបាលកិច្ចល្អ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទោះយ៉ាងណា ពួកគេលើកឡើងថា៖ «កង្វះការការពារសុវត្ថិភាពអ្នកសារព័ត៌មាន និងការរាយការណ៍ដោយឯករាជ្យ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ បានរារាំងសាធារណជនមិនឱ្យទទួលបានព័ត៌មានពិត ផ្ទុយទៅវិញ បែរជាត្រូវបានគ្របដណ្តប់ដោយព័ត៌មានមិនពិត និងព័ត៌មានបន្លំ»។
យោងតាមទិន្នន័យរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ មានករណីរំលោភបំពានលើសិទ្ធិអ្នកសារព័ត៌មានចំនួន ១៤ ករណី ក្នុងនោះមានអ្នកសារព័ត៌មាន ២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន, ៦នាក់ត្រូវបានឃាត់ខ្លួន និង ៥នាក់ត្រូវបានកោះហៅ។
ប្រភពដដែលបន្តថា ក្នុងឆ្នាំ២០២៥ ករណីទាំងនេះបានកើនដល់ ៦១ ករណី ប៉ះពាល់ដល់អ្នកសារព័ត៌មាន ៥៧ នាក់ ដែលភាគច្រើនជាការគំរាមកំហែងតាមផ្លូវច្បាប់ ហើយមានអ្នកសារព័ត៌មាន ២នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រកាន់សន្តិសុខជាតិ។
សេចក្តីថ្លែងការណ៍ដដែល ក៏បានបង្ហាញការព្រួយបារម្ភចំពោះបទប្បញ្ញត្តិ និងលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើតជារបាំងសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ក្នុងនោះ ពួកគេបានអំពាវនាវឱ្យលុបចោលលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងលក្ខខណ្ឌក្នុងការផ្ដល់បណ្ណសារព័ត៌មាន ដែលត្រូវបានមើលឃើញថា អាចបង្កើតជារបាំងសម្រាប់ការអនុវត្តវិជ្ជាជីវៈ។
ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់បទចោទប្រកាន់ព្រហ្មទណ្ឌលើអ្នកសារព័ត៌មាន និងទម្លាក់បទចោទប្រកាន់ដែលមានស្រាប់ ព្រមទាំងស៊ើបអង្កេតអំពើហិង្សាលើអ្នកសារព័ត៌មាន។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បានស្នើឱ្យធានាសុវត្ថិភាពទាំងផ្នែករាងកាយ និងឌីជីថល តាមរយៈយន្តការការពារជាក់ស្ដែង និងបទប្បញ្ញត្តិដែលមានភាពតម្លាភាព។
ស្ថាប័នទាំងនេះ ក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនាប្រកបដោយស្ថាបនា រវាងរដ្ឋាភិបាល អង្គភាពសារព័ត៌មាន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម។ ពួកគេបន្តថា៖ «តាមរយៈការពង្រឹងសំឡេងរួមគ្នា និងការប្រកាន់ខ្ជាប់នូវក្របខណ្ឌសិទ្ធិមនុស្សអន្តរជាតិ យើងអាចធានាបានថាអ្នកសារព័ត៌មានអាចបំពេញការងារបានដោយសេរី សុវត្ថិភាព និងឯករាជ្យ»។
គួរឲ្យដឹងផងដែរថា នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខ ១៥១ ក្នុងចំណោម ១៨០ ប្រទេស ខណៈរបាយការណ៍ក៏បញ្ជាក់ថា មិនមានករណីអ្នកសារព័ត៌មានបាត់បង់ជីវិតទេ ប៉ុន្តែមានអ្នកសារព័ត៌មាន ៤នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួន។
តែទោះជាយ៉ាងនេះក្តី លោក ទេព អស្នារិទ្ធិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៍មាន បានបញ្ជាក់ថា របាយការណ៍ថ្មីរបស់ក្រសួងចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញពីភាពប្រសើរឡើងនៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយផ្អែកលើទិន្នន័យស្ទង់មតិនៅក្នុងវិស័យព័ត៌មាន។
របាយការណ៍ក្រសួង បង្ហាញថា ក្នុងចំណោមអ្នកធ្វើការនៅវិស័យព័ត៌មាន និងសោតទស្សន៍ប្រមាណ ៥៧០ នាក់ ដែលបានចូលរួមស្ទង់មតិ ប្រមាណ ៨០.៨៨% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មានមានភាពល្អប្រសើរ។
របាយការណ៍ដដែល បញ្ជាក់ថា អ្នកចូលរួមប្រមាណ ៨៥.៨% អះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន ខណៈ ១៤.២% មានទស្សនៈផ្ទុយ។ ជាងនេះទៅទៀត អ្នកចូលរួម ៧៥.២៦% បានវាយតម្លៃថា សណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ ក្រសួងព័ត៌មាន បានវាយតម្លៃថាវាបានបង្ហាញពីការវិវត្តជាវិជ្ជមានគួរឲ្យកត់សម្គាល់នៃវិស័យសារព័ត៌មានកម្ពុជា។
លោក ទេព អស្នារិទ្ធិ បានគូសបញ្ជាក់ថា៖ «ទិន្នន័យទាំងនេះជាភស្តុតាងដ៏រឹងមាំ និងជាទិន្នន័យគោលសំខាន់សម្រាប់តាមដានការវិវត្តនៃវិស័យសារព័ត៌មាន និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា»។
លោក អស្នារិទិ្ធ បានជំរុញឲ្យមានការចូលរួម និងលើកឡើងពីសារៈសំខាន់នៃការចូលរួមពីសំណាក់អង្គការង្គមស៊ីវិលនានា នូវក្នុងការប្រមូលទិន្នន័យ ដែលជាធាតុផ្សំបន្ថែមសម្រាប់ក្រសួងនៅក្នុងការបំពេញកិច្ចការ និងធានាយ៉ាងណានៅបរិយាកាសធ្វើការប្រកបដោយសេរីភាពសម្រាប់អ្នកសារព័ត៌មាន។
បើតាមការឲ្យដឹងពីលោក អស្នារិទ្ធិ ចាប់តាំងពីឆ្នាំ២០២៥ ដល់ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានជួយសម្របសម្រួល និងការពារអ្នកសារព័ត៌មាន ដោយបានជួយអន្តរាគមន៍ឱ្យមានការដោះលែង និងនៅក្រៅឃុំដល់អ្នកសារព័ត៌មានសរុប ១៤ នាក់, ផ្សះផ្សាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៣៧ ករណី/បណ្តឹង ពាក់ព័ន្ធអ្នកសារព័ត៌មាន ៦៩ នាក់ និងបានផ្តល់ការការពារផ្នែកច្បាប់ក្នុងនីតិវិធីតុលាការចំនួន ៧ ករណី ពាក់ព័ន្ធអ្នកសារព័ត៌មាន ១៥ នាក់។
ទាក់ទិងនឹងរឿងនេះ លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៍មានកម្ពុជា ហៅកាត់ថា ខេមបូចា បានប្រាប់ឲ្យដឹងថា របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន គឺផ្អែកទៅលើសូចនាករច្បាស់លាស់។
តែទន្ទឹមនឹងគ្នានេះ លោកបានកត់សម្គាល់ថាមន្ត្រីក្រសួងបានបង្ហាញនូវឥរិយាបថដែលទទួលស្គាល់អំពីសារសំខាន់នៃការចូលរួមពីសំណាក់ទាំងភាគីជាតិ និងអន្តរជាតិ និងមិនមានការច្រានចោល ដោយមិនមានហេតុផលសមរម្យនោះទេ។
លោកមានប្រសាសន៍ថា៖ «កន្លងមក យើងមានរបាយការណ៍អុីចឹង ភាគច្រើនតែងតែមានការបដិសេធ ឬក៏ពេលខ្លះក៏មានការទទួលរងនូវពា្យពេជន៍មួយចំនួន ដែលមិនស្វាគមន៍ចំពោះអ្វីដែលជាការចូលរួមចំណែក»។
លោក ណុប វី បានបន្តថា ករណីប្ដឹងផ្ដល់ចំពោះអ្នកសារព័ត៌មាន គឺនៅតែមានច្រើន បើទោះបីជាមិនមានករណីដែលប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេក៏ដោយ។ ប៉ុន្តែលោកកត់សម្គាល់ឃើញថា ការសហការជាមួយនឹងក្រសួងព័ត៌មាន គឺទទួលបានការឆ្លើយតបរហ័សជាងមុន។
លោកលើកឡើងថា៖ «ខ្ញុំសង្ឃឹងថា ស្ថានភាពនឹងបន្តកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ […]បើនិយាយពីក្របខ័ណ្ឌអង្គការសមាគមសារព័ត៌មាន យើងត្រូវការអ្នកសារព័ត៌មានដែលមានសមត្ថភាពពេញលេញ គាត់មានគុណសម្បត្តិគ្រប់គ្រាន់ ហើយដើម្បីឲ្យពួកគាត់មានទាំងអស់នោះ មិនមែនអាស្រ័យលើការរៀបចំច្បាប់របស់ស្ថាប័នរដ្ឋាភិបាលនោះទេ»។
លោកបន្ថែមថា៖ «ទោះបីជាក្រសួងព័ត៌មានលោកមានរបាយការណ៍ ចេញផ្សាយថាស្ថានភាពល្អប្រសើរ ជាង ៨១% ក៏ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថាជិត២០%ដែលនៅសល់ហ្នឹង ក៏ជាផ្នែកមួយដែលគួរតែមានការយកចិត្តទុកដាក់ ថាតើពួកគាត់ជួបបញ្ហាអ្វីខ្លះ»។
រីឯអ្នកសារព័ត៌មានឯករាជ្យ កញ្ញា ហ៊ន ថូវ៉ាន បានថ្លែងឲ្យដឹងថា បើទោះបីជាស្ថានភាពសិទ្ធិសេរីភាពសារព័ត៍មានហាក់បីដូចជាមានការប្រសើរឡើងក្តី ការរាយការណ៍អំពីបញ្ហារសើបនានានៅតែជាក្តីកង្វល់របស់កញ្ញា។
កញ្ញាថា៖ «បើយើងមើលទៅលើលទ្ធផលនេះ អាចថាវាជាសញ្ញាល្អមួយដែរ ដោយសារតែចំណាត់ថ្នាក់កាន់តែល្អជាងមុនបន្តិចម្តងៗ បើធៀបទៅឆ្នាំមុនដែលអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដាក់ចំណាត់ថ្នាក់លេខ១៦១ ហើយយើងសង្ឃឹមថានឹឹងបានកាន់តែល្អជាងនេះ»។
ជាមួយគ្នានេះដែរ កញ្ញា ថូវ៉ាន បានធ្វើការកត់សម្គាល់ថា ការគំរាមកំហែងចំពោះអ្នកសារព័ត៌មាន គឺនៅតែបន្តកើតមាន គ្រាន់តែនៅក្នុងកម្រិតមួយដែលទាប។
កញ្ញាបន្តថា៖ «ខ្ញុំមិនហ៊ានអះអាងថា ចំណាត់ថ្នាក់នេះ បានឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងនៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឬយ៉ាងណានោះទេ ក៏ប៉ុន្តែបើសិនជាយើងក្រឡេកមើលភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ បើសិនជាយើងរាយការណ៍រឿងក្តៅណាមួយ ក៏យើងនៅតែមានការព្រួយបារម្ភដែរ ហើយយើងនៅតែទទួលបានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅពេលដែលឈ្មោះយើងត្រូវបានដាក់នៅក្នុងអត្ថបទទាំងអស់នោះ»៕

