ស្ថានទូតបរទេស គណបក្សប្រឆាំងនិងសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្តភ្លាមៗ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ការផ្តន្ទាទោសអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ពីបទ “ក្បត់ជាតិ”។
នៅព្រឹកថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងដែលផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំនៅដដែល និងបានបន្ថែមការហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេសរយៈពេល៥ឆ្នាំ តាមការស្នើសុំរបស់អគ្គព្រះរាជអាជ្ញានិងមេធាវីរបស់រដ្ឋាភិបាល។
ភ្លាមៗក្រោយការប្រកាសសាលដីកា ស្ថានទូតប្រទេសលោកខាងលិចធំៗ រួមមានស្ថានទូតអូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស កាណាដា និងសហភាពអឺរ៉ុបបានសម្តែងការខកចិត្តរបស់ខ្លួនចំពោះសេចក្តីសម្រេចនេះ ដោយពួកគេបានរំលេចជាថ្មីអំពីសារៈសំខាន់នៃលំហសេរីភាពពលរដ្ឋនិងសេរីភាពនយោបាយនិងប្រព័ន្ធពហុបក្ស ដែលជាគោលការណ៍គ្រឹះនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។
សហភាពអឺរ៉ុបបានបញ្ជាក់ថា នយោបាយពហុបក្ស គឺជាកត្តាដ៏ចាំបាច់បំផុតក្នុងការបើកលំហនយោបាយ និងសេរីភាពស៊ីវិល ដោយសង្ឃឹមថា នឹងមានមធ្យោបាយបែបស្ថាបនានិងវិជ្ជមានចំពោះអ្នកដែលកំពុងជាប់ឃុំ។
ចំណែក ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ ក៏បានសម្តែងការខកចិត្តចំពោះសាលដីកានៅថ្ងៃនេះផងដែរ ដោយបានទាមទារត្រង់ៗថា៖ “យើងចង់ឃើញលោក កឹម សុខា ត្រូវបានដោះលែង និងសេរីភាពនយោបាយរបស់លោកត្រូវបានស្ដារឡើងវិញ ។ យើងជឿជាក់ថា រឿងនេះ នឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។
ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលី ក៏បានសម្តែងក្តីបារម្ភចំពោះការប្រើយន្តការច្បាប់ ដើម្បីកម្រិតគណបក្សប្រឆាំង និងបានជំរុញឱ្យកម្ពុជាពង្រីកលំហស៊ីវិលនិងសេរីភាពនយោបាយ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតពិតប្រាកដនិងមានការប្រកួតប្រជែង។ រីឯស្ថានទូតកាណាដា ក៏បានរំលឹកថា “ការគោរពតួនាទីរបស់គណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានសេរី គឺជាកត្តាមិនអាចខ្វះបានសម្រាប់អភិបាលកិច្ចល្អតាមលទ្ធិប្រជាធិបតេយ្យ”។
លោក កឹម សុខា អាយុ៧២ឆ្នាំ គឺជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនលោក កឹម សុខា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ចៅក្រមស៊ើបសួរបានចោទប្រកាន់លោកពី “សន្និដ្ឋិភាពជាមួយបរទេស” តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការ លោក ផែន ហេង ជាមេធាវីការពាររបស់លោក កឹម សុខា បានអះអាងថា សាលដីការបស់សាលាឧទ្ធរណ៍ គឺផ្ទុយពីក្តីរំពឹងទុកពីដំបូងរបស់ក្រុមមេធាវី ដែលថា គណបក្សកាន់អំណាចនឹងស្វែងរកការផ្សះផ្សាជាតិ។
លោកមានប្រសាសន៍ថា៖ “យើងឃើញថា សាលដីកាថ្ងៃនេះ ហាក់ដូចផ្ទុយពីអ្វីដែលយើងគិតថា រាជរដ្ឋាភិបាលនឹងគិតគូរដល់ការផ្សះផ្សានិងពង្រឹងឯកភាពជាតិ”។
ទោះបីជាយ៉ាងណា លោក ផែង ហេង នៅមិនទាន់ដឹងថា លោក កឹម សុខា នឹងសម្រេចបន្តប្តឹងសារទុកទៅតុលាការកំពូលឬយ៉ាងណានោះទេ។
ជុំវិញសេចក្តីសម្រេចនេះ គណបក្សនយោបាយនិងមន្ត្រីសង្គមស៊ីវិលក៏បានរិះគន់និងសម្តែងការខកចិត្តរបស់ខ្លួន ហើយថា ការសម្រេចនេះអាចជាឧបសគ្គក្នុងការផ្សះផ្សាជាតិនិងដំណើរការលទ្ធិប្រជាធិបតេយ្យផងដែរ។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាសម្ព័ន្ធបក្សប្រឆាំងនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសម្តែងការសោកស្តាយនិងការខកចិត្តចំពោះសេចក្តីសម្រេចនេះ ហើយថា ការបន្តរក្សាទោសដ៏ធ្ងន់ធ្ងរនេះ គឺជាការបោះបង់ចោលឱកាសក្នុងការស្តារឡើងវិញនូវឯកភាព និងការបង្រួបបង្រួមជាតិ។
សេចក្តីថ្លែងការណ៍នេះ សរសេរថា៖ «ការបន្តរឹតត្បិតលំហសេរីភាពនយោបាយ គឺជាឧបសគ្គដ៏ធំរាំងស្ទះដល់ដំណើរការប្រជាធិបតេយ្យ ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងយុត្តិធម៌សង្គមនៅកម្ពុជា» ដោយបានអំពាវនាវឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក កឹម សុខា។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ក៏បានសម្តែងការខកចិត្តផងដែរហើយថា ការចោទប្រកាន់លើលោក កឹម សុខា គ្មានមូលហេតុជាក់លាក់។ លោកបន្តថា ការសម្រេចនេះ ក៏ផ្ទុយនឹងការចង់បានរបស់ប្រជាពលរដ្ឋដែលចង់ឃើញតម្លាភាព សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពចូលរួមនយោបាយពេញលេញដោយគ្មានការរើសអើង។
លោកមានប្រសាសន៍ថា៖ “នៅពេលមានការកាត់ក្តីបែបនេះទៅលើប្រធានគណបក្សមួយឱ្យជាប់ទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដែលពួកយើងយល់ឃើញថា គាត់មិនបានប្រព្រឹត្តខុសផងនោះ វាធ្វើឱ្យមានសម្ពាធផ្លូវចិត្តទៅលើប្រជាពលរដ្ឋយ៉ាងខ្លាំង”។
លោកបន្ថែមថា ចាំបាច់ត្រូវមានកំណែទម្រង់ប្រព័ន្ធតុលាការឱ្យឯករាជ្យពិតប្រាកដនិងផ្តល់ភាពយុត្តិធម៌ស្មើមុខគ្នាចំពោះមុខច្បាប់។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានបញ្ជាក់ថា បទចោទប្រកាន់ពីបទ «គប់គិតជាមួយបរទេស» បានជះឥទ្ធិពលផ្ទាល់ដល់ប្រទេសលោកខាងលិច និងជំរុញឱ្យអន្តរជាតិតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។ លោកបានអំពាវនាវឱ្យអ្នកនយោបាយខ្មែរងាកមកស្តារ «វប្បធម៌នៃការសន្ទនា» ឡើងវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ។
លោក អំ សំអាត បានអះអាងថា៖ “អង្គការសង្គមស៊ីវិល យើងចង់ឃើញអ្នកនយោបាយខ្មែរគាត់មានបន្តនូវវប្បធម៌សន្ទនា នៃការចរចា ដើម្បីរកដំណោះស្រាយមួយចេញដូចពីមុនៗមក”
ដូចគ្នានេះដែរ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថា ករណីរបស់លោក កឹម សុខា ត្រូវបានមតិជាតិនិងអន្តរជាតិមើលឃើញថា ជារឿងនយោបាយច្រើនជាងផ្លូវច្បាប់ ដូច្នេះគួរត្រូវបានដោះស្រាយតាមផ្លូវនយោបាយ ជាជាងតាមផ្លូវច្បាប់។
លោកបន្តថា ការសម្រេចនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនិតិរដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្សក៏ដូចជាទំនាក់ទំនងជាមួយបណ្តាប្រទេសសេរី ក្នុងការសម្រេចិត្តជួយជ្រោមជ្រែងកម្ពុជានាពេលអនាគត។
លោកមានប្រសាសន៍ថា៖ “គួរណាស់អ្នកនយោបាយធ្វើការដោះស្រាយឈានទៅរកការផ្សះផ្សាបង្រួបបង្រួមជាតិ ការសាមគ្គី ឯកភាពជាតិឱ្យបានរឹងមាំ”។
លោកបន្តថា កាលះទេសះនេះ អ្នកនយោបាយខ្មែរ ចាំបាច់ត្រូវពង្រឹងសាមគ្គីនិងឯកភាពជាតិ ព្រោះថា លោក កឹម សុខា ជាមេដឹកនាំនយោបាយម្នាក់ដែលមានអ្នកគាំទ្រច្រើនប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរ។
លោកថា៖ “វាអាចធ្វើឱ្យមានបញ្ហានៃការប្រេះស្រាំ។ បញ្ហាបង្រួបបង្រួមជាតិយើងមិនអាចទៅមុខរួច។ វាជារឿងមួយដែលយើងមានការបារម្ភចំពោះបញ្ហាទាំងអស់នេះ”។
ទោះបីជាយ៉ាងណា លោក ជា ធីរិទ្ធ ជាអ្នកនាំពាក្យព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការសម្រេចនេះ គឺជាឆន្ទានុសិទ្ធរបស់តុលាការដែលមានអំណាចឯករាជ្យ ហើយក៏ជាអ្វីដែលគ្រប់គ្នាចង់ឃើញ។
លោកថា៖ “បើសិនតុលាការសម្រេចណាមួយនោះ គឺជាសន្ទានុសិទ្ធិរបស់តុលាការ។ ជាភាពឯករាជ្យរបស់តុលាការ ចឹងសម្រាប់គណបក្សប្រជាជនកម្ពុជា យើងគ្មានអ្វីត្រូវទៅបកស្រាយចំពោះការសម្រេចរបស់តុលាការទេ”។
ជុំវិញការលើកឡើងពីការព្រួយបារម្ភអំពីការបែកបាក់សាមគ្គីជាតិ លោកអះអាងថា ត្រូវបែងចែកឱ្យដាច់រវាងអ្នកនយោបាយដែលមានទស្សនៈផ្សេងក្នុងលទ្ធិប្រជាធិបតេយ្យនិងអ្នកនយោបាយមានរឿងក្តីក្តាំនៅតុលាការ។ លោកថា៖ “ប្រទេសអភិវឌ្ឍន៍ ប្រទេសបិតាប្រជាធិបតេយ្យណាក៏មានរូបភាពបែបនេះដែរ ចឹងយើងញែកឱ្យដាច់ត្រង់ចំណុចនេះ”។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះ ដោយសារយុទ្ធនាការបង្ក្រាបជាប់ជាប្រចាំពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើទុក្ខបុកម្នេញរាល់ទម្រង់ទាំងអស់លើអ្នកប្រឆាំងរួមមានមន្ត្រីបក្សប្រឆាំង ការរិតត្បិតលើសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយនិងការបង្ក្រាបលើក្រុមសកម្មជនការពារបរិស្ថាន។ របាយការណ៍នេះ បន្តថា គណបក្សកាន់អំណាចបានគ្រប់គ្រងលើគ្រប់ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលក្នុងនោះរួមទាំងស្ថាប័នតុលាការផងដែរ៕
អត្ថបទដោយ៖ លាង សុវណ្ណា និង រ៉ា ជឺយ៉ាង

