ធនា​​​គារ​​ជាតិ​​អំ​ពាវ​នាវ​ឲ្យ​អតិ​ថិ​ជន​ Huione Pay ដោះ​ស្រា​យ​វិ​វាទ​​តាម​​សន្តិ​​វិ​​ធី​​និង​​ផ្លូវ​​​តុ​​លា​​កា​​​​​​រ​​

ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានអំពាវនាវឲ្យអតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ Huione Pay បន្តដោះស្រាយបញ្ហាវិវាទដោយសន្តិវិធី និងតាមប្រព័ន្ធតុលាការ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចអំឡុងការតវ៉ា នៅមុខធនាគារជាតិ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងវីដេអូផ្សាយនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកស្រី ជា សិរី បានពន្យល់អំពីករណីទាក់ទងនឹងការទូទាត់សងប្រាក់របស់ Huione Pay បន្ទាប់ពីមានការតវ៉ារបស់អតិថិជន ដែលបាននាំឲ្យមានភាពតានតឹង និងអំពើ​ហិង្សាលើ​អ្នក​តវ៉ា​។

លោកស្រីបានបញ្ជាក់ថា កន្លងមក ធនាគារជាតិកម្ពុជា បានចូលរួមជាមួយភាគី​ពាក់ព័ន្ធ ក្នុងការសម្របសម្រួលដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍សន្តិវិធី សុចរិតភាព និងការទទួលខុសត្រូវ

ទេសាភិបាលធនាគារជាតិ ក៏បានអំពាវនាវបន្ថែមឲ្យអតិថិជនបន្តរកដំណោះស្រាយតាមផ្លូវច្បាប់ ជាពិសេសតាមប្រព័ន្ធតុលាការ ដើម្បីធានាបាននូវយុត្តិ​ធម៌ និងការពារស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ។

ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីមានការតវ៉ារបស់អតិថិជន Huione Pay ប្រមាណជាង ១០០នាក់ នៅមុខធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ដែលក្នុងនោះមានទាំងជនជាតិខ្មែរ និងបរទេស។ ការតវ៉ានេះបានបង្កឲ្យមានអំពើហិង្សា បណ្តាលឲ្យជនជាតិចិន២នាក់រងរបួស។

តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា អាជ្ញាធរបាន​ឃាត់ខ្លួនបុរសជនជាតិខ្មែរ ២នាក់ ក្នុងនោះមានម្នាក់ត្រូវសង្ស័យថា ជាមេខ្លោងដឹកនាំបាតុកម្ម និងបិទផ្លូវខុសច្បាប់។

អតិថិជន Huione Pay កំពុងស្វែងរកអន្តរាគមន៍ពីធនាគារជាតិ ដើម្បីយកប្រាក់ដែលបានដាក់នៅក្នុងគណនីក្រុមហ៊ុន ដែលបានបិទដំណើរការមក​វិញ ខណៈអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនព្រមានថា បញ្ហានេះអាចប៉ះពាល់ដល់ទំ​នុកចិត្តលើវិស័យធនាគារ និងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ប្រសិនបើមិនដោះស្រាយ​ឲ្យបានច្បាស់លាស់។

គួររំលឹក​ថា នៅថ្ងៃទី២០ ខែមីនា ក្រុមហ៊ុន Huione ដែលប្តូរឈ្មោះមក H-Pay  ត្រូវបានធនាគារជាតិដកហូតអាជ្ញាបណ្ណ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ក្រុមហ៊ុននេះបានរំលោភលើតម្រូវការបទប្បញ្ញត្តិ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍