សាលាឧទ្ធរណ៍​​តម្កល់ការ​ផ្តន្ទាទោស​​​​លោក កឹម សុខា និង​ហាម​ការចេញទៅក្រៅប្រទេស​៥ឆ្នាំ

សាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ ដែល​ផ្តន្ទា​ទោស​​​ លោក កឹម សុខា ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​​ ២៧ឆ្នាំ ពីបទ «សន្ទិដ្ឋិ​ភាព​ជាមួយបរទេស» និង​​បន្ថែមការ​​​ហាម​​ឃាត់​ការ​ចេញទៅក្រៅប្រទស​រយៈពេល​៥ឆ្នាំ​។

សហមេធាវីការពារក្តីឱ្យ ​​លោក កឹម សុខា គឺលោក ផែង ហេង បានឱ្យ​ដឹង​ថា​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​នៃ​សាលា​​​​ឧទ្ធរណ៍​​ភ្នំពេញ បាន​​សម្រេច​​​តម្កល់​សាលក្រម​សាលាដំបូង​រាជធានីភ្នំពេញ ទុក​ជាបានការ​ដដែល និងបាន​បន្ថែម​ទោស​ថ្មី​ដោយ​ហាម​ឃាត់ការ​ចេញ​ទៅក្រៅប្រទេស​រយៈ​ពេល​ ៥ឆ្នាំ។

ករណីនេះ លោក​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​កា​រសម្រេច​នេះ ហើយ​លោក​នឹង​ជជែកពិភាក្សា​​ជាមួយ​កូនក្តីថាតើ​នឹង​បន្ត​ប្តឹង​សារទុក្ខ ឬក៏បញ្ចប់ត្រឹមនេះ។​

លោកមេធាវី​ថ្លែងថា៖ «​យើង​សម្តែងនូវ​ការ​សោកស្តាយ ហើយ​យើង​មិន​ដឹង​ថា ឯកឧត្តម​ កឹម សុខា នឹង​​សម្រេច​ប្តឹង​សារទុក្ខ​ ឬក៏​បញ្ចប់ត្រឹម​នេះ ព្រោះ​យើង​មើលទៅស្ថានភាពពេលនេះ គួរ​តែ​​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​ ស្វែង​រក​ការ​ផ្សះ​ផ្សា​ជាតិ ប៉ុន្តែ​សាលដី​កា​របស់​​សាលា​ឧទ្ធរណ៍នៅ​ថ្ងៃនេះ វា​​មិនដូចការ​រំពឹង​ទុក។ យើងគិត​ថា រាជ​រដ្ឋាភិបាល​នឹង​ស្វែង​រក​ការ​ផ្សះផ្សា​ជាតិ បង្រួប​បង្រួម​ជាតិ តាម​រយៈ​ការ​​ដោះ​ស្រាយ​​រឿង​​ទាំង​ឡាយ​ណា​​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ ពាក់ព័ន្ធ​នឹង​​សកម្មជន​សិទ្ធិ​មនុស្ស ក៏ដូចជា​អ្នកដែល​​ធ្វើ​កិច្ច​ការ​ដើម្បី​សង្គម ប៉ុន្តែ​​យើង​ឃើញ​​សាលដី​កា​នៅ​ថ្ងៃនេះ ហាក់ដូចជា​​​ផ្ទុយ​ពីអ្វី​ដែលយើង​គិត​ថា​ រាជរដ្ឋាភិបាល​​នឹង​គិត​គូរ​ដល់ការ​ផ្សះផ្សា និងពង្រឹង​ការ​ផ្សះ​ផ្សា​ជាតិ ក្នុង​ខណៈ​ដែល​​ប្រទេស​​ថៃ កំពុង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​មក​លើ​យើង​នៅតាមព្រំដែន»។

លោក កឹម សុខា អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​បានរំលាយ ​ត្រូវ​បាន​សាលា​ដំបូ​ងរាជធានីភ្នំពេញ ​ផ្តន្ទា​ទោស​ឲ្យជា​ប់​ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២៣ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដោយត្រូវឃុំ​​ខ្លួន​នៅ​ក្នុងផ្ទះ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។ បណ្តឹង​ប្រឆាំង​សាលក្រមរបស់សាលា​ដំបូង​ របស់​លោក កឹម សុខា បាន​ឡើង​ដល់សាលាឧទ្ធរណ៍ ហើយ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ បាន​បើក​សវនាការ​លើសំណុំរឿង​នេះ ចាប់តាំងពីឆ្នាំ​២០២៤មក ក្នុងនោះមានការ​ពន្យា​ពេល​រហូត​ដល់​មានការ​បើក​សវនាការ​​សួរដេញដោល និងធ្វើសេចក្តីសន្និដ្ឋាន កាល​ពី​ថ្ងៃ​ទី​៨ និង​ទី​៩ ខែ​មេសា ឆ្នាំ​២០២៦ និង​ត្រូវ​ប្រកាស​សាលដីកា​នៅថ្ងៃទី​៣០ខែមេសានេះ។

ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ ដែលបានចូលរួម​ស្តាប់ការ​ប្រកាស​សាលដីកា​នៅសាលាឧទ្ធរណ៍​ភ្នំពេញ​ដែរនោះ ក៏​បា​នប​ង្ហាញ​ការ​ខក​ចិត្ត​ផងដែរ​ ដោយ​ថា ការ​សម្រេច​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើ​ប្រព័ន្ធយុត្តិធម៌ ខណៈលោក​មើល​ឃើញ​ថា សកម្មភាពធ្វើនយោបាយ​របស់​លោក កឹម សុខា នាពេលកន្លងមក មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ ហើយ​តែងតែ​ការ​ពារ​​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ និង​​គោរព​​​សិទ្ធិមនុស្ស​។

លោកបានថ្លែងថា«យើងឃើញថា វាពាក់ព័ន្ធពីព្រោះថាមិន​ថា​តែជា​​អង្គទូត ឬមតិ​យោបល់​អ្នក​វិភាគនយោបាយ អ្នក​នយោ​បាយ​ ឬ​ក៏​ប្រជាពលរដ្ឋ​ទេ លោក​តែងតែ​លើកឡើង គឺ​ចង់ឱ្យ​មាន​តម្លា​ភាព ចង់​ឱ្យ​មានសិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ សិទ្ធិ​សេរីភាពនៃ​ការ​ជួប​ជុំ​​ ហើយ​និង​សិ​ទ្ធិ​សេរីភាពនៃការ​​​ចូលរួមនយោបាយដោយ​​​​ពេញ​​លេញ​ ហើយ​​និង​គ្មានការ​រើស​​អើង​​​ ហើយ​​នៅពេល​ដែលមាន​ការ​កាត់ក្តីបែបនេះ ទៅ​​លើ​​ប្រធាន​គណបក្ស​មួយឱ្យ​ជាប់​ទោស​​​​យ៉ាងធ្ងន់​ធ្ង​រ​ជា​ទីបំផុត​​ ដែល​ពួក​យើ​ងយល់​ឃើញ​ថា​គាត់​​មិន​បាន​ប្រព្រឹត្ត​ខុស​ផង​នោះ វា​ធ្វើ​ឱ្យមានសម្ពាធ​ផ្លូវ​ចិត្តទៅលើ​​ប្រជាពលរដ្ឋយ៉ាងខ្លាំង»។

ចំណែក ​លោក យិន ឈូករ័ត្ន ជាប្រជាពលរដ្ឋ​មកពីខេត្ត​កំពត ​ដែល​ជាអ្នកគាំទ្រលោក កឹម  សុខា យល់​ថា ការ​សម្រេច​​របស់​សាលា​ឧទ្ធរណ៍​​ភ្នំពេញ ​មាន​ភាព​​អយុត្តិធម៌ ដោយលោក​​សម្អាង​ថា ​លោក កឹម សុខា មិនបានគប់គិត​​ជាមួយជនបរទេស ឬ​ក្បត់ជាតិដូច​ការ​ចោទ​ប្រកាន់​នោះទេ។​​​ ជាមួយគ្នានេះ លោកបានអំពាវ​នាវ​ឱ្យស្ថាប័ន​តុលាការ ពិនិត្យលើសំណុំរឿងនេះឡើងវិញ ដើម្បី​ផ្ដល់សេរីភាព​ជូន លោក កឹម សុខា​​ ឱ្យគាត់​មានឱកាសវិលត្រឡប់មកចូលរួមក្នុងសកម្ម​​ភាព​​​បម្រើ​​​ជាតិ និង​ប្រជាពលរដ្ឋដូចដើមវិញ។

លោកថា៖ «ខ្ញុំមកចង់ស្តាប់ការ​ប្រកាសនូវ​សាលក្រមរបស់តុលាការ ប៉ុន្តែមើលឃើញថាវាមានភាព​អយុត្តិធម៌ណាស់សម្រាប់លោក កឹម សុខា។ ខ្ញុំសុំឱ្យតុលាការមេត្តាសើរើ​សំណុំរឿងឡើងវិញ ហើយផ្ដល់យុត្តិធម៌ជូនគាត់ ដើម្បីដោះលែងឱ្យគាត់មានសិទ្ធិសេរីភាពពេញលេញក្នុងកិច្ចការ​បម្រើ​ជាតិ និងបម្រើប្រជាពលរដ្ឋឡើងវិញ»។

Press Start Cambodia មិនអាចសុំ​ការឆ្លើយតប​ពី លោក ឃុន លាង​ម៉េង អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​​បាននៅឡើយទេ នៅថ្ងៃទី​៣០ខែមេសា​នេះ។

ចំណែក​ លោក ជា ធិរិទ្ធ ដែលជា​​អ្នកនាំពាក្យប្រធានព្រឹទ្ធ​សភា និងប្រធាន​គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ​បាន​បញ្ជាក់​ថា ការ​​សម្រេច​យ៉ាងណា​​នោះជា​ឆន្ទានុ​សិទ្ធិ​របស់​តុលាការ ដោយ​សារ​​តែ​តុលាការ​​មាន​​ឯករាជ្យភាព​របស់ខ្លួនក្នុងការ​កាត់សេចក្តី​ ដូច្នេះ​​គណបក្ស​​នឹង​មិន​មានការ​​ជំទាស់អ្វី​​ទៅនឹងលទ្ធផលណាមួយ​ដែលចេ​ញ​ពី​សាល​ដីកា​របស់​​តុ​លាការ​​ឡើយ។

លោកថា៖ «ខ្មែរមានទៅបែក​បាក់សាមគ្គីជាតិ​ណា។ ប៉ុន្តែ​ចែកឱ្យដាច់! មួយអ្នកនយោបាយដែល​មាន​ទស្សនៈ​ផ្សេង បើទស្សនៈផ្សេងវាជារឿងធម្មតា ក្នុងលទ្ធិ​ប្រជាធិបតេយ្យ បើអ្នកនយោ​បាយ​​មាន​​បញ្ហា​ក្តីក្តាំង​រឿង​ផ្សេង ប្រទេស​ណាក៏ដូចប្រទេសណាដែរ»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការ​ពារ​សិទ្ធិ​មនុស្ស​​លីកាដូ យល់ឃើញ​ថា ការ​សម្រេច​​របស់​តុលាកា​រជា​រឿងមួយ​​ ប៉ុន្តែ​ក្នុង​នាម​អង្គការ​សង្គមស៊ីវិល លោក​​​ចង់​ឃើញ​អ្នក​នយោ​បាយ​ខ្មែរ​ដោះ​ស្រាយ​បញ្ហា​ តាមរយៈវប្បធម៌​ចរចា​ ដើម្បីការ​​ផ្សះ​​​ផ្សា​​ជាតិ ឯកភាពជាតិ សាមគ្គី​ជាតិ​ឡើង​វិញ ជា​ជាង​ដំណើរការ​តាម​តុលាការ​។

លោកថា៖ «យើងឃើញថា ការសម្រេចរបស់តុលាកាជារឿង​មួយ តែគ្រាន់ថាយើងជា​សង្គម​ស៊ីវិល ចង់​ឃើញ​ថា​ អ្នក​នយោ​​បាយ​ខ្មែរ​ គាត់​មាន​បន្ត​នូវ​វប្ប​ធម៌​សន្ទនា​នៃការ​ចរចារដើម្បីរកដំណោះ​ស្រាយ​មួយចេញ ដូចពីមុនៗមក»។

ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការ​សម្រេច​​តម្កល់​សាល​ក្រម​លើ​សំណុំ​រឿងរបស់​លោក កឹម សុខា។

ស្ថានទូតអូស្ត្រាលី បានលើកឡើងថា កម្ពុជា​គួរតែចាត់វិធានការ​ជាក់​ស្តែង ដើម្បីពង្រីកលំហសង្គម​​ស៊ីវិល និង​ធានាសេរីភាពនយោបាយឲ្យកាន់តែទូលំទូលាយ។

ស្រដៀងគ្នានេះដែរ ស្ថានប្រតិភូសហភាពអឺរ៉ុប (EU) និងបណ្តារដ្ឋសមាជិកប្រចាំនៅកម្ពុជា ក៏បានបង្ហាញ​នូវ​កង្វល់​ចំពោះលទ្ធផលនៃសវនាការ​លើបណ្តឹងសារទុក្ខ​របស់ លោក កឹម សុខា។

ស្ថានប្រតិភូសហភាពអឺរ៉ុប បានលើកឡើង​ថា ​​នយោបាយ​ពហុបក្ស គឺ​ជា​កត្តា​ដ៏ចាំ​បាច់​សម្រួល​​​ដល់​​ការ​បើក​​លំហ​​​នយោ​​បាយ និង​លំហ​សេរី​ភាព​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​​តាម​ការ​ប្តេជ្ញា​ចិត្ត​លើ​ប្រជា​ធិប​តេយ្យ​របស់​ខ្លួន៕

អត្ថបទគួរឱ្យចាប់អារម្មណ៍