ពលរដ្ឋម្នាក់ទៀតនៅខេត្តត្បូងឃ្មុំត្រូវជាប់ចោទពីបទ«ញុះញង់»ជុំវិញការរិះគន់រឿងព្រំដែន

ពលរដ្ឋដែលបានភ្ជាប់ករណីព្រំដែនកម្ពុជាថៃទៅនិងមន្រ្តីជាន់ខ្ពស់របស់ព្រឹទ្ធសភា ត្រូវតុលាការខេត្តត្បូងឃ្មុំចេញដីកាឲ្យឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ បន្ទាប់ពីចាប់ខ្លួនដែលរងការរិះគន់ថាធ្វើឡើងមានភា​ព​ចម្រុងចម្រាស់ក្នុងការអនុវត្តនីតិវិធី។

សមាគមការពារសិទ្ធិមនុស្សអាដហុក អះអាងថា ពលរដ្ឋម្នាក់ទៀតនៅខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចចាប់ខ្លួនដល់លំនៅដ្ឋានរួចបញ្ជូនទៅឃុំឃាងក្នុងពន្ធនាគារខេត្តដោយចោទប្រកាន់ពីបទ«ញុះញង់»ជុំវិញការបញ្ចេ​​ញ​មតិលើបណ្តាញសង្គមរិះគន់រឿងជម្លោះព្រំដែនកម្ពុជា-ថៃ។

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ចាប់​ខ្លួន ​លោក សំ សុភាង ជាពលរដ្ឋ រស់នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយសរសេរសារ​លើបណ្តាញសង្គមហ្វេសប៊ុក​ ​រិះគន់ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថា ​បានប្រគល់​ដី​ទៅ​ប្រទេស​ថៃ។

របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា បញ្ជាក់ថា លោក សំ សុភាង ជាកសិករ រស់នៅភូមិចក ឃុំចក ស្រុកអូរាំងឱ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំមានគ្នាប្រមាណ៦នាក់ ជិះរថយន្ត ២គ្រឿង ចាប់ខ្លួនដល់លំនៅដ្ឋាន តាមបញ្ជារបស់លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង រួចបញ្ជូនខ្លួនទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខេត្ត។

ប្រភពបន្ត លុះដល់រសៀលថ្ងៃទី៦ ខែមេសា លោកត្រូវគេបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី។ បន្ទាប់ពីសាកសួររហូតដល់រសៀលថ្ងៃទី៧ ខែមេសា លោក សំ សុភាង ត្រូវសាលាដំបូងខេត្តត្បូ​ង​ឃ្មុំ​សម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខស​ង្គ​ម​ “

បើតាម អាដហុក បច្ចុប្បន្ន លោក សំ សុភាង ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ដែលអាចប្រឈមជាប់ពន្ធនាគារដល់២ឆ្នាំ បើតុលាការរកឃើញថាបានប្រព្រឹត្តបទល្មើស។

ជុំវិញរឿងនេះ លោក សំ សុផា ប្អូនប្រុសរបស់ លោក សំ សុភាង ប្រាប់គេហទំព័រ Press Start Cambodia ថា លោកមិនបានដឹងព័ត៌មានលម្អិតទេ ដោយលោកគ្រាន់តែស្នើសុំឱ្យដោះលែងបងប្រុសរបស់ខ្លួន​ឱ្យមានសេរីភាពឡើងវិញប៉ុណ្ណោះ។

លោកបន្តថា៖«ស្នើរសុំ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​គាត់​ព្រោះ​គាត់​គ្មាន​កំហុសទេ។គាត់គឺ​ជា​កសិករ ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​​សកម្ម​ភាពញុះញង់អី​ទេ»

ដោយឡែក មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក វ៉ា សារិទ្ធ ឆ្លើយតបដោយខ្លីដោយអះអាងថាខ្លួនមិនបានដឹងរឿងអ្វីនោះឡើយ មុននឹងផ្តាច់ទូរស័ព្ទ។

លោកបន្តថា៖«ខ្ញុំមិនដឹងទេ»។

របាយការណ៍របស់នាយករដ្ឋបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា នៅវេលាម៉ោង ៣ និង៣៧នាទីរសៀល ថ្ងៃទី៥ ខែមេសា កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានស្រាវជ្រាវបន្ទាន់ និងបានឃាត់ខ្លួនឈ្មោះ សំ សុភាង រស់នៅឃុំចក ស្រុកអូររាំងឱ ហើយរងការចោទប្រកាន់ថាបានជេរប្រមាថប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។

​​នេះជាជនសង្ស័យទី២ហើយដែល​សមត្ថ​កិច្ច​​ចាប់ខ្លួនក្នុង​ខែ​មេសា​ ឆ្នាំ២០២៦ ​នេះ ​បន្ទាប់ពីអតីតព្រះសង្ឃ ជា វុទ្ធី ដែលត្រូវសមត្ថកិច្ចចាប់ផ្សឹកដោយបង្ខំកាលពីថ្ងៃទី១ ខែមេសា ជុំវិញការការរិះ​គន់​​បញ្ហា​​ព្រំដែននៅ​លើបណ្តាញ​សង្គមដូចគ្នា។

ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ ការពារសិទ្ធិមនុស្សលីការដូ(Licadho) លោក អំ សំអាត មានប្រសាសន៍ថា ក្នុងនាមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សមានការព្រួយបាមរម្ភចំ​ពោះ​ការចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ដែលភាគច្រើនគឺពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន ក្នុងអំឡុងពេ​ល​​ថៃឈ្លានពានទឹកដីកម្ពុជា។

លោកសង្គត់ធ្ងន់ថា សេរីភាពក្នុងការបញ្ចេញមតិ ជាមូលដ្ឋានគ្រឹះមួយក្នុងសង្គមប្រជាធិបតេយយ្យ ជំរុញឱ្យពលរដ្ឋហ៊ានរិះគន់ បង្ហាញក្តីកង្វល់ ដើម្បីកែលម្អសង្គមជាតិ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែលោកថា បើមានការរឹតត្បឹតបែបនេះវានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបេត្យ និងការអភិវឌ្ឍន៍ប្រទេ​ស​ជាតិដែលគួរឲ្យព្រួយបារម្ភ។

លោកបន្តថា៖«សេរីភាពក្នុងការបញ្ចេញមតិ វាជាកញ្ចក់ឆ្លុះបញ្ចាំងនូវភាពអសកម្មឬក៏ភាពខ្វះចន្លោះរបស់មន្រ្តីសាធារណៈក៏ដូចជាការផ្តល់អនុសាសន៍ឬក៏សំណូមពរផ្សេងៗទៀតដើម្បីកែលម្អក្នុងសង្គមជាតិយើង។ដូចច្នេះបើអាជ្ញាធរ ក៏ដូចជាតុលាការមិនពិចារណាឱ្យបានដិតដល់ថា អ្វីជាសេរីភាពនៃការបញ្ចេញមតិ អ្វីជាបទល្មើសនោះវានាំឱ្យប៉ះពាល់សម្រាប់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារពត៌មាន»

គិតត្រឹមដើមខែមេសា ក្នុងឆ្នាំ២០២៦ នេះ តាមការកត់ត្រារបស់សមាគមអាដហុក មានសកម្មជននយោ​បា​យ អ្នកសារព៌ត័មាន និងពលរដ្ឋសកម្មក្នុងការបញ្ចេញមតិ សរុបចំនួន ៨នាក់ ហើយ ដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចុះផ្សាយ និងការបញ្ចេញមតិជុំវិញជម្លោះព្រំដែនរវាងកម្ពុជា-ថៃ  ហើយដែលពួកគេភាគច្រើនត្រូវ​រងការចោទប្រកាន់ពីបទញុះញង់ ដែលគេតែងហៅថាជាបទលើ្មសកំពុងពេញនិយម។

បើទោះជាបែបណា ការចោទប្រកាន់ដែលចេញដោយស្ថាប័នរដ្ឋនេះ ត្រូវរងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិមនុស្សថាកម្ពុជាហាក់អនុវត្តមិនស្របនឹងស្មារតី នៃច្បាប់។នៅក្នុងខ្លឹមសារ នៃច្បាប់បានចែងដោយជាក់លា​ក់​ស្តីពីការគាំពារ និងផ្តល់សិទ្ធិអំណាចទៅលើសិទ្ធិសេរីភាព នៃការបញ្ចេញមតិដ៏ទូលំទូលាយ។

ជាក់ស្តែងរដ្ឋធម្មនុញ្ញត្រង់បញ្ញត្តិមាត្រា៤១​ កំណត់ថា ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេ​ញ​​មតិ​​​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ​ សេរីភា​ព​​ខាង​ការ​ប្រជុំ។

លើសពីនេះ រដ្ឋធម្មនុញ្ញ មាត្រា៣៥​ ក៏បានកំណត់ដែរថាប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​​យ៉ា​ង​​​​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំ​ង​ឡាយ​​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍