សង្គមស៊ីវិលចំនួន ៦ស្ថាប័ន ដែលធ្វើការផ្នែកការពារបរិស្ថាន និងសហគមន៍ អំពាវនាវដល់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន បើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលឱ្យបានទូលាយ ដើម្បីចូលរួមចំណែកធ្វើសកម្មភាពការពារព្រៃឈើដោយគ្មានការគំរាមគំហែង ប៉ុន្តែក្រសួងថាមិនបានរឹតត្បិតដូចការលើកឡើងនេះទេ។
សង្គមស៊ីវិលទាំង៦ដែលចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានដូចជា អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ សមាគមបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ជាដើម។
បើតាមសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផលនៃការប្រារព្ធទិវាព្រៃឈើអន្តរជាតិ ឆ្នាំ២០២៦នោះ បានគូសបញ្ជាក់ថា តំណាងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន យុវជន និងអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន អំពាវនាវដល់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បើកលំហសេរីភាពដល់សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ចូលរួមការពារព្រៃឈើដោយសេរី ដោយគ្មានការគំរាមកំហែង ឬបំភិតបំភ័យគ្រប់ទម្រង់។
សេចក្តីថ្លែងការណ៍រួម សរសេរថា៖ «យើងខ្ញុំសូមបង្ហាញព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្តមិនទាន់បានពេញលេញនៃ “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ក៏ដូចជាកង្វះការទទួលខុសត្រូវលើសំណូមពរ និងការច្រានចោលរបាយការណ៍បទល្មើសព្រៃឈើពីសំណាក់សហគមន៍ និងអ្នកការពារព្រៃឈើ។ បញ្ហាទាំងនេះ បានរួមចំណែកធ្វើឱ្យវិនាសកម្មព្រៃឈើ នៅកម្ពុជាបន្តកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារ ដែលជាសញ្ញាណដ៏គ្រោះថ្នាក់សម្រាប់ធនធានធម្មជាតិ»។
បើតាមសេចក្តីថ្លែងការណ៍ដដែល ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ គម្របព្រៃឈើនៅកម្ពុជា បានបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ហើយការទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ នៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់ការពារធម្មជាតិ និងព្រៃសហគមន៍។
បន្ថែមលើនេះ លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ប្រាប់ Press Start Cambodia នៅថ្ងៃទី២៧ ខែមីនាថា ចាប់តាំងពីឆ្នាំ២០២០មក អង្គការសង្គមស៊ីវិល ជនជាតិដើមភាគតិច ក៏ដូចជា សកម្មជនបរិស្ថាន រងការរឹតត្បឹតសេរីភាព ក្នុងការចុះទៅស៊ើបអង្កេតបទល្មើព្រៃឈើនៅនៅតំបន់ព្រៃអភិរក្ស។
បើតាម លោក សាន់ ម៉ាឡា មានសកម្មជនព្រៃឈើជាច្រើនរូប ត្រូវអាជ្ញាធរបណ្តេញចេញក្នុងពេលពួកគេចុះល្បាតព្រៃ និងចាប់ខ្លួន ដូចជាករណី លោក គួច ឡេង និងសកម្មជនព្រៃឈើ លោក ហេង ស្រស់ ជាដើម។
លោកថា៖ «ការរារាំង និងការរឹតត្បិតនេះ យើងមើលឃើញថា ដោយសារតែក្រសួងបរិស្ថាន មិនចង់ឱ្យសាធារណជន បានដឹងការពិតអំពីសកម្មភាពដែលបានកើតឡើងក្នុងតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជារបស់យើង ទោះបីបទល្មើសមានការកើនឡើង ទោះបីគម្របព្រៃឈើបន្តធ្លាក់ចុះ ប៉ុន្តែសិទ្ធិនិងសេរីភាពក្នុងការចូលរួមការពារ បែរជាបន្តរងការរឹតត្បិតទៅវិញ»។
ជាមួយគ្នា សកម្មជនការពារព្រៃឡង់នៅខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់ Press Start Cambodia នៅថ្ងៃទី២៧ ខែមិនាថា លោកមិនបានចុះល្បាតព្រៃទៀតទេ ដោយសារតែក្រសួងតម្រូវឱ្យជូនដំណឹងទៅកាន់មន្រ្តីបរិស្ថានជាមុនសិន បើចង់ចុះឃ្លាំមើលព្រៃឈើក្នុងតំបន់ព្រៃឡង់។
បើតាមសកម្មជនព្រៃឈើរូបនេះ វិធានការរបស់ក្រសួងនេះ បានចាប់ឱ្យអនុវត្តន៍នៅខែមីនានេះ ដែលលោកចាត់ទុកថា ជារូបភាពការរឹតត្បិតសេរីភាពរបស់លោក និងសហគមន៍នៅមូលដ្ឋាន ក្នុងការរួមចំណែកការពារធនធានធម្មជាតិ។
លោកថា៖ «គេឱ្យយើងចុះ! ប៉ុន្តែមុននឹងចុះត្រូវធ្វើលិខិតស្នើសុំជាមុន! ១អាទិត្យមុន! បានចុះបាន! មិនមែនដូចមុនទេតែក្រុមពួកយើងទេ ទាល់តែមានមន្រ្តីបរិស្ថានចូលរួមបានដើរបាន អាជ្ញាធរចូលរួមបានដើរបាន! គេឱ្យយើងស្នើសុំទៅប្រធានមន្ទីរ អាជ្ញាធរជាមុនសិន! យើងសងេ្កតមើលទៅ គេរឹតត្បិត បានគេតម្រូវធ្វើច្បាប់អញ្ចេះ ស្នើច្បាប់អញ្ចោះ បានគេឱ្យចូល(ព្រៃឡង់)បាន បើយើងមិនបានធ្វើលិខិតទេ ស្នើនឹងយើងល្មើសច្បាប់»។
យ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ឆ្លើយតបយ៉ាងខ្លីថា ក្រសួងតែងតែលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមការពារព្រៃឈើ ដោយមិនបានគំរាមគំហែង ឬរឹតត្បិតនោះទេ។
លោកថា៖ «យើងសង្កេតឃើញថាមានចូលរួមច្រើនពីគ្រប់ភាគី ក្នុងការរាយការណ៍ទាក់ទងនឹងការប៉ះពាល់ទៅដល់ធនធានធម្មជាតិព្រៃឈើ។ យើងលើកទឹកចិត្តឱ្យមានការចូលបន្ថែមទៀត សម្រាប់អន្តរាគមន៍ដើម្បីចីរភាពបរិស្ថានរបស់យើង។ យើងមិនបានរឹតត្បិតទេ»។
របាយការណ៍មួយចេញផ្សាយដោយគម្រោងការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA) ក្នុងឆ្នាំ២០២៤ ស្តីពី ការឃ្លាំមើលព្រៃឈើបានបង្ហាញថា កម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួនជាង ១២ម៉ឺនហិកតា (១២០ ៨២៩ហិកតា) នៅក្នុងឆ្នាំ២០២៣ ដែលជិតពាក់កណ្តាលនៃការបាត់បង់នេះកើតឡើងនៅក្នុងតំបន់ព្រៃការពារ។
បើតាមរបាយការណ៍ដដែល រកឃើញថា ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៣ កម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន ២,៨៣ លានហិកតា ដែលការបាត់បង់នេះស្មើនឹង ១,៤ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
របាយការណ៍បានបង្ហាញថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ តែមួយបានបាត់បង់គម្របព្រៃឈើជាង ៩ពាន់ហិកតា (៩៥៣២) ហិកតានៅក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យការបាត់បង់សរុបនៅក្នុងដែនជម្រកនេះឡើងដល់ជាង៨ម៉ឺនហិកតា(៨៥,៨៦៤) ហិកតាចាប់តាំងពីឆ្នាំ២០១១៕

