ក្រសួង​វប្បធម៌​ណែនាំ​​អ្នក​ប្រើប្រាស់​និង​អ្នក​ច្នៃម៉ូត​ឈ្វេងយល់​អំ​​ពី​លក្ខណៈដើម​នៃសម្លៀកបំពាក់​ប្រពៃណី​

ដោយៈ

Press Start Cambodia Avatar

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវដល់សាធារណជន​និង​​អ្នក​ច្នៃម៉ូត​សម្លៀក​​​​បំពាក់ឱ្យ​​សិក្សាឈ្វេង​យល់​​ឱ្យ​បាន​ច្បាស់​អំពីប្រវត្តិ ទម្រង់ និង​ចរិត​លក្ខណៈ​ដើម ​នៃ​សម្លៀក​បំពាក់​ប្រពៃណីឱ្យ​បាន​ច្បាស់​ មុន​នឹង​យក​​មក​ប្រើប្រាស់​ជា​សាធារណៈ​ ​ដែល​​​នាំឱ្យ​​ប៉ះពាល់​ដល់​អត្តសញ្ញាណសម្លៀក​បំពាក់​ប្រពៃណីខ្មែរ។​

ក្នុង​សេចក្តី​ណែនាំ​​ចុះ​ទី២៦ ខែកុម្ភៈ ក្រសួងវប្បធម៌និង​វិចិត្រ​សិល្បៈ​បាន​អំ​ពាវ​នាវ​ដល់​​សាធារណជន​ ជាពិសេសអ្នកច្នៃម៉ូដសម្លៀកបំពាក់​ឱ្យ​សិក្សា​ឈ្វេ​ងយល់​ឱ្យ​បាន​ច្បាស់​អំពី​ប្រវត្តិ​សម្លៀក​បំពាក់​ប្រពៃណី​ ទម្រង់​និង​បរិបទដើម​នៃការ​ប្រើ​ប្រា​ស់​ មុន​នឹងយក​មក​​ប្រើ​ប្រាស់​ជា​សាធារណៈ​។

ក្រសួង​វប្បធម៌​លើក​ឡើង​​ថា “ការ​ស្រឡាញ់​ពេញចិត្ត​ណាមួយ​ឬការ​ប្រើ​ប្រាស់​អ្វីមួយ​ដោយ​ពុំមាន​កា​រឈ្វេងយល់ពីតម្លៃ និង​ឫសគល់​ដើម​ឱ្យ​ច្បាស់​លាស់​នោះ អាច​នាំ​មកនូវ​លទ្ធផល​អវិ​ជ្ជមាន​ ធ្វើ​ឱ្យ​ខូច​ខាត​ឬបាត់បង់តម្លៃ​បេតិកភណ្ឌ​ជាតិ​ខ្លួន​​ទៅវិញ​”។​

លោកស្រី ជ័យ​​ ច័ន្ទកិត្យា អគ្គនាយករង នៃអគ្គនាយក​ដ្ឋាន​បច្ចេកទេស​វប្បធម៌​ នៃ​ក្រ​សួង​វប្បធម៌និង​វិចិត្រសិល្បៈ​ មាន​ប្រសាសន៍ថា ​ក្រសួង​ចេញ​សេចក្តីណែនាំ​នេះ ដើម្បី​ជូន​​ដំណឹង​និង​ផ្តល់​នូវ​ព័ត៌មាន​ពាក់​ព័ន្ធមួយចំនួន ​អំពី​ការ​ប្រើប្រាស់​សម្លៀក​បំពាក់​​ប្រពៃណី​ខ្មែរ​ឱ្យ​​បាន​ត្រឹម​ត្រូវ ដោយសារ​ កន្លងមកសង្កេតឃើញ​មាន​ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​​ប្រពៃណីជាតិ​​មិន​ស្របតាម​ប្រពៃណី​និង​វប្បធម៌ជាតិ​​​។​

លោក​ស្រីបន្តថា ក្រសួង​នឹង​បន្ត​សិក្សា​ស្រាវជ្រាវ​និង​ចងក្រងអំពីប្រពៃណី ទំនៀម​ទម្លាប់​​និង​វប្ប​​ធម៌​របស់ខ្មែរ ដើម្បី​​ផ្សព្វផ្សាយ​ ជាចំណេះដឹង​ជូនសាធារណជន​ទូទៅ​ ជា​ពិសេស​ប្រជា​ជន​កម្ពុជានិង​យុវជន​ តាមរយៈការបោះពុម្ពសៀវភៅ ធ្វើសិក្ខាសាលា រៀបចំជំនួប រៀបចំកម្មវិធីមហោស្រព ធ្វើបទសម្ភាសន៍ និងបទបង្ហាញផ្សេងៗ។

លោកស្រីមាន​ប្រសាសន៍ថា ៖ “កន្លងមកក្រសួងបានជួយផ្តល់យោបល់ ការគាំទ្រផ្នែកស្មារតី​និង​​បច្ចេកទេស ក៏ដូចជាសហការរៀបចំកម្មវិធីផ្សេងៗពាក់ព័ន្ធនឹងការច្នៃម៉ូត និងបង្ហាញអំពីសម្លៀកបំពាក់ប្រពៃណីជាតិ តាមការស្នើសុំ ក៏ដូចធ្វើជាអ្នកផ្តួចផ្តើមគំនិតផង។ យ៉ាងណាមិញកិច្ចការនេះ នៅតែបន្ត និងសង្ឃឹមថា យើងនឹងមានសកម្មភាពកាន់តែច្រើន ដើម្បីលើកកម្ពស់ផ្នែកនេះអោយបានប្រសើរ” ។​

អ្នកស្រី​ ភ្លុក​ រស្មី​ អ្នកគ្រប់គ្រងនិងរៀបចំសម្លៀកបំពាក់នៅ​ហាងបុស្បាជួលឈុតបុរាណ ស្ថិតនៅចម្ងាយ​ប្រហែល ១០០ម៉ែត្រ ខាងកើត​សារមន្ទីរជាតិ បាន​ប្រាប់ Press Start Cambodia ថា បច្ចុប្បន្ននេះ មាន​ការ​និយមច្នៃម៉ូត​បែបសហសម័យ ប៉ុន្តែចំ​ពោះសម្លៀកបំពាក់មួយចំនួនដូចជាអាវផាយនិងស្បៃវិញ ត្រូវពាក់តាមទំ​នៀម​ទម្លាប់​ខ្មែរ និងមិនអាចយកមកច្នៃបំបែកក្បាច់បានឡើយ​។

អ្នកស្រី ភ្លុក​ រស្មី និយាយ​ថា៖ “នៅពេលដែលយកឈុតច្នៃទៅស្លៀកហើយបង្ហោះ​នៅតាមបណ្តាញសង្គម យើងគួរប្រាប់គេថា ឈុតនេះ គឺជាឈុតច្នៃប្រឌិតសហសម័យចឹងទៅ”។  

បើតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថា “អាវផាយ” ឬរាជសព្ទ​ហៅថា “ព្រះភូសាផាយ” គឺប្រើសម្រាប់ពាក់គ្របពីលើអាវកត្រង់របស់មនុស្ស​​ប្រុសនៅក្នុងពិធីប្រពៃណី ឬក្នុងពិធីផ្លូវការនានាតាមកម្រិតបុណ្យស័ក្តិ ឋានៈ និង​កិ​ត្តិយស។  រីឯ “ស្បៃ” ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនិងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” ក៏ដូចជាពិធីសំ​ខាន់ផ្សេងៗ​ក្នុងជីវិត ដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្រ្ត។​

លោក ស៊ុ សោហាន់ អាយុ ៨២ឆ្នាំ ជាចាស់ព្រឹទ្ឋចារ្យនិង​ជា​អតីត​គ្រូបង្រៀនបានសម្តែង​ការ​ព្រួយ​បារម្ភអំពីភាពប្រែប្រួល​ នៃការ​ប្រើ​ប្រាស់​សម្លៀកបំពាក់ប្រពៃណីនៅ​ជំ​នាន់របស់លោក​ និងក្មេង​ៗ​ជំនាន់សព្វថ្ងៃ​។

លោក ស៊ុ សោហាន់ ​បាននិយាយ​ថា៖ “ឥឡូវ វប្បធម៌បរទេសបានចូលមកច្រើន ។​  ខ្មែរ​យើងមួយចំនួន គឺផ្តេកផ្តួលទៅលើអរិយធម៌គេ”។ លោកបន្ថែមថា៖ “តាមិនចង់ឃើញអរិយធម៌យើងធ្លាក់របូតចេញពីវប្បធម៌ជាតិយើងទេ”​។

តាម​រយៈសេចក្តី​ណែនាំ​នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន​អំពាវនាវឲ្យសា​ធារណជនព្យាយាមសិ​ក្សា និងស្រាវជ្រាវឲ្យបានច្បាស់អំពីទម្រង់ និងបរិបទដើមនៃ​សម្លៀកបំពាក់ប្រពៃណី មុននឹងយកទៅប្រើប្រាស់ជាសាធារណៈ ព្រោះការប្រើ​ប្រាស់ដោយគ្មានការយល់ដឹងអំពីតម្លៃ និងឫសគល់​ដើមអាចនាំមក​នូវ​លទ្ធ​ផល​​អវិជ្ជ​មាន ដែលប៉ះពាល់ដល់តម្លៃបេតិកភណ្ឌជាតិ៕

អត្ថបទដោយ៖ ម៉ក់ ម៉ូលីសុភ័គនាថ និង គីម ផាគ្រី

អត្ថបទគួរឱ្យចាប់អារម្មណ៍