ក្រសួង​ទេសចរណ៍​​រៀប​ចំ​ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវចម្ងាយ៧៨ គ.ម

ដោយៈ

Press Start Cambodia Avatar

ក្រសួង​ទេសចរណ៍​សហការជាមួយ​រដ្ឋបាល​ខេត្ត​តាកែវនឹង​រៀប​ចំ​ព្រឹត្តិការណ៍​ជិះកង់​​ភ្នំពេញ-តាកែវ ចម្ងាយ​៧៨​គីឡូម៉ែត្រ​នៅថ្ងៃអាទិត្យ​នេះ​ ដើម្បីអបអរទិវានារីអន្តរ​ជាតិ ៨មីនា​​ ក្រោមប្រធាន​បទ “ទេសចរណ៍រីកលូតលាស់​ក្នុង​សន្តិភាព”។​

យោងតាមសេចក្តីជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​ចុះថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ​២០​២៦ ​​បាន​ឱ្យ​ដឹងថា​ ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមចេញដំណើរពីទីស្តីការក្រ​សួង​ទេសចរណ៍វេលាម៉ោង ៥:០០ នាទីព្រឹក ឆ្ពោះទៅទីរួមខេត្តតាកែវក្នុងគោលបំ​ណង​អបអរទិវានារីអន្តរជាតិ ៨មីនា ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេស​ចរ​ណ៏ប្រាសាទភ្នំជីសូរ្យ និងបង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំង​ឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សខ្វះខាត។

តាម​សេចក្តីជូនដំណឹងដដែល ក្រសួង​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​សាធារណជន​មក​ចុះ​​ឈ្មោះឱ្យ​បាន​ទាន់​ពេលរហូត​ដល់​ថ្ងៃទី​៥ ខែមីនា ដោយ​បញ្ជាក់ថា ​អ្នកចុះឈ្មោះចំនួន ៧០០នាក់ដំបូងអាច​ទទួល​បាន​អាវយឺត ១ ដែល​នឹងត្រូវ​ប្រគល់​ជូននៅ​​ថ្ងៃទី៦ ខែមីនា ចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១៧:០០ នាទី នៅទីស្តីការក្រសួងទេសចរណ៍។

ក្រសួង​បន្ត​ថា អ្នកចូលរួមចាប់ពីលេខរៀង ៧០១ មិនទទួលបានអាវយឺតទេ​ ប៉ុន្តែអាចចូលរួមបាន ហើយ​ចំពោះអ្នកចូលរួមនឹង​ទទួលបានអាហារសម្រន់ពេលព្រឹក ភេសជ្ជៈ និងអាហារថ្ងៃត្រង់ផងដែរ។​

ព្រឹត្តិការណ៍ជិះកង់នេះ មិនជាលើកទីមួយសម្រាប់កម្ពុជាទេ​ កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ​២០​២៥  ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀប​ចំ​ព្រឹត្តិ​ការណ៍​ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជាក្នុងរដូវកាលសាមគ្គី”​៕

អត្ថបទដោយ៖ ហ៊ាង ឧត្តម​

អត្ថបទគួរឱ្យចាប់អារម្មណ៍