នៅលើដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញមានផ្ទះ អគារខ្ពស់ទាប ហាងលក់ដូរ និងយានយន្តគ្រប់ប្រភេទបើកបរទៅមកមិនដាច់ ដែលជួនពេលខ្លះក៏មានស៊ីក្លូមួយៗនៅលើដងផ្លូវផងដែរ។ ក្រៅពីនោះ គេក៏ឃើញពលរដ្ឋមួយចំនួន ក្នុងនោះក៏មានមនុស្សវ័យចំណាស់ផងដែរ ដោយមានអ្នកខ្លះរុញរទេះ និងខ្លះទៀតទូលកញ្ច្រែងល្អី ដើរលក់របស់របរប្រើប្រាស់ បន្លែបង្ការ និងនំចំណី ដូចជា នំខ្មែរ ការ៉េម សណ្តែកដីស្ងោរ និងពោតស្ងោរ ជាដើម។
សម្រាប់អ្នកលក់ដូរដែលជាមនុស្សវ័យចំណាស់ បានលើកឡើងពីផលលំបាកក្នុងការដើរលក់ដោយសារមិនសូវមានកម្លាំង ខណៈជីវភាពមានការខ្វះខាត ដែលតម្រូវឱ្យពួកគាត់ត្រូវដើររកប្រាក់ចំណូលចិញ្ចឹមជីវិត និងទុកទិញថ្នាំសង្កូវពេលឈឺម្តងៗ។
កំពុងដើររុញរទេះលក់ការ៉េម នៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសវ័យ ៧២ឆ្នាំ លោក តាំង សុជាតិ បានប្រកបរបរនេះ អស់រយៈពេល ៣៣ឆ្នាំមកហើយ។ លោកចាប់ផ្តើមចេញពីផ្ទះនៅម្តុំផ្សារសេរីភាព ខណ្ឌ៧មករា នៅម៉ោង៨ព្រឹក ហើយដើរលក់តាមដងផ្លូវនានា រហូតដល់ម៉ោង ៩យប់។
លោក សុជាតិ ឱ្យដឹងថា ពីមុន នៅពេលមានកម្លាំងកាយពេញ លោកអាចដើរលក់បានឆ្ងាយ ដែលអាចរកបានប្រាក់បានគ្រាន់បើក្នុងការចិញ្ចឹមជីវិត ប៉ុន្តែបច្ចុប្បន្ន មានវ័យកាន់តែចាស់ មិនអាចដើរលក់បានឆ្ងាយដូចមុន ហើយស្របពេលប្រទេសមានការអភិវឌ្ឍ ហាងលក់ចំណីអាហារព្រោងព្រាត និងស្ថិតក្នុងសម័យឌីជីថលផងនោះ បានធ្វើឱ្យរបរដូចជារូបលោក មិនអាចលក់ដាច់ដូចមុន។
លោកថា៖ «បើកាលមុនរកបានមួយថ្ងៃ ៥ទៅ៦ម៉ឺន[រៀល]ដែរ។ លក់មួយថ្ងៃបាន ២ទៅ៣ម៉ឺន[រៀល] កាលនៅមានកម្លាំងចេះតែដើរបានឆ្ងាយ កាលមុនរាងស្រួលលក់ ឥឡូវរាងពិបាក។ ណាមួយកម្លាំងយើងដល់ ដើរវាមិនបានឆ្ងាយណា ដើរបានតែក្បែរៗហ្នឹង ពីមុនទៅដល់ម្តុំទួលគោក កួចកាណុងឯណោះ។ បើភ្លៀងដឹងតែលក់មិនដាច់ហើយ ឥឡូវមេឃត្រជាក់ ក៏លក់មិនសូវដាច់ដែរ»។
បុរសដែលមានសក់ស្កូវដោយដុំ ស្បែកជ្រីវជ្រួញទៅហើយនោះ បាននិយាយថា បើទោះជាការលក់ដូរមិនសូវដាច់ដូចមុន ប៉ុន្តែលោកនៅតែបន្តមុខរបរនេះ ដោយសារមិនមានជំនាញអ្វីផ្សេង ខ្លួនក៏កាន់តែចាស់ ហើយជីវភាពខ្លួនឯងនិងកូនចៅក៏មិនធូរធា។
លោកថា៖ «បើមិនដើរលក់ មានតែដាច់បាយ។ កូនមានជីវភាពយ៉ាប់ដែរ គ្រាន់តែទប់ទល់នឹងគ្រួសារគេរួច តែអត់សល់អី។ ចុះបើយើងមិនធ្វើ[ដើរលក់ការ៉េម] បានលុយកាក់អីយកទៅដោះស្រាយ[ជីវភាព]។ យើងអត់ចេះរបរអីផ្សេងផង អត់មានជំនាញអីផ្សេង ពេលបែកអាពត[ក្រោយសម័យប៉ុលពត]មក មានបានរៀនសូត្រហ្នឹងគេទេ បើបានរៀនសូត្រចេះដឹងទៅ ចេះតែមុជទៅជ្រៅទៅ។ ហើយកូនចៅគេធូរធា គេចេះតែឱ្យពុកម្តាយគេឈប់ទៅ ខ្ញុំកូនចៅវាអត់ធូរធា»។
ទោះមានអាយុជាង ៧០ហើយក៏ដោយ ប៉ុន្តែលោកពុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់ បើទោះជាលោកមានបណ្ណសមធម៌ក៏ដោយ ព្រោះលោកមិនដឹងបានពីនីតិវិធីស្នើសុំ ហើយអាជ្ញាធរមូលដ្ឋាន ក៏មិនបានលើកឡើងពីរឿងនេះប្រាប់ទៅគ្រួសារគាត់ដែរ។
លោកថា៖ «ខ្ញុំមិនដឹងស្នើសុំអីគេទេ។ គេជួយហ្នឹងមិនបានអីច្រើនទេ។ បានដែរ បានសំបុត្រទៅពេទ្យមិនបាច់អស់លុយប៉ុណ្ណឹង[មានបណ្ណសមធម៌] តែមិនដែលបានទៅពេទ្យផងហ្នឹង ភាគច្រើនឈឺតិចតួចទិញថ្នាំលេបខ្លួនឯង។ ចេះតែចង់បានហើយ[ប្រាក់ឧបត្ថម្ភ] តែគ្មានបានអីទេ មួយខែទល់មួយខែ។ ដល់ចឹងខ្ញុំមិនដឹងស្នើសុំអីទេ ឱ្យតែលក់ដាច់ហ្នឹង វាបានហើយ»។
កាលពីឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោយបាលជាតិ ស្ដីពី មនុស្សចាស់ ឆ្នាំ២០១៧-២០៣០ ដែលការគាំពារមនុស្សចាស់ និងចាស់ជរា គឺធ្វើឡើងតាមរយៈគ្រួសារដែលមានបណ្ណសមធម៌។ តាមរយៈកម្មវិធីជាតិជំនួយសង្គមសម្រាប់កញ្ចប់គ្រួសារ គឺគ្រួសារដែលមានបណ្ណសមធម៌ អាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ០០០ រៀលក្នុងមួយខែ សម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង នឹងទទួលបានការពិនិត្យព្យាបាលតាមមន្ទីរពេទ្យរដ្ឋឥតគិតថ្លៃជាដើម។
កំពុងអង្គុយលក់សណ្តែកដីស្ងោរក្នុងបរិវេណផ្សារដើមគ រាជធានីភ្នំពេញ អ្នកស្រី លាង អាន បានឱ្យដឹងថា រូបគាត់នៅមិនទាន់មានបណ្ណសមធម៌នៅឡើយ ដូច្នេះគាត់ក៏មិនទទួលបានប្រាក់ឧមត្ថម្ភសម្រាប់មនុស្សចាស់ដែរ។
អ្នកស្រីបន្តថា រូបគាត់ចង់បានបណ្ណសមធម៌(ឬបណ្ណក្រីក្រ) ទុកគ្រាន់ពេលឈឺបានទៅព្យាបាលជំងឺនៅពេទ្យរដ្ឋដោយមិនអស់លុយ ប៉ុន្តែនីតិវិធីនៃការធ្វើមានរយៈពេលយូរ ខណៈដែលគាត់ត្រូវដើរលក់សណ្តែកដីជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់មកដោះស្រាយជីវភាពដែលខ្វះខាត។
ស្ត្រីវ័យ ៦៨ឆ្នាំរូបនេះ បន្តទៀតថា ភូមិ-ឃុំ ពុំដែលបានផ្សព្វផ្សាយ ហើយរូបអ្នកស្រីផ្ទាល់ក៏មានបទពិសោធន៍ធ្លាប់ទៅទទួលសេវាសាធារណៈមួយចំនួនផងដែរ តែហាក់បីដូចជាចំណាយពេលយូរ ដែលធ្វើឱ្យខ្លួនលែងហ៊ានទៅធ្វើបណ្ណក្រក្រី និងលែងចង់បាន បើទោះបីជាបណ្ណនោះមានអត្ថប្រយោជន៍សម្រាប់អ្នកស្រីក៏ដោយ។
អ្នកស្រី លាង អាន និយាយថា៖ «ចង់តើ ចង់(ស្នើបណ្ណក្រីក្រ) តែមិនបានទៅធ្វើទេ វាខាតពេលវេលារកស៊ី យើងដើរទៅ ដើរមក ធាក់កង់ទៅ ធាក់កង់មក ហើយសណ្តែកដីចេះតែលក់មិនបានលុយឱ្យគេ បើមិនខំលក់បានលុយដើមឯណាឱ្យគេ។ អត់ដែលបានទៅ(ធ្វើបណ្ណក្រីក្រ) ហើយក៏គ្មាននរណាគេមកហៅដែរ។ វាខាតពេលវេលារកស៊ី វាមិនមែនមិនចង់បានទេ តែពេលទៅធ្វើទៅ សណ្តែកដីនៅសល់មួយកំណាត់កញ្រ្ជែង ខាតលក់មួយកំណាត់ថ្ងៃ ខាតលុយ អ៊ីចឹងបានលុយឯណាសងគេ ថ្លៃផ្ទះ ថ្លៃហូបចុក […] វាខាតពេលវេលាហ្នឹង តិចៗគេហៅទៅ ដូចតុលាការណាត់ជួបអ៊ីចឹង អត់ចង់ទៅតែម្តងហ្នឹងណា។ បើគេហៅតែម្តងទៅមានអី ដូចធ្វើ[សៀវភៅ]គ្រួសារអ៊ីចឹង ទម្រាំបានរាប់ខែ ធុញតែម្តង»។
អ្នកស្រី លាង អាន បច្ចុប្បន្នមានទីលំនៅម្តុំផ្សារដើមគរ ខណ្ឌទួលគោក ជាស្ត្រីមេម៉ាយ ដោយមានកូនចំនួន៤នាក់ក្នុងបន្ទុក ខណៈស្វាមីរបស់គាត់បានស្លាប់នៅសម័យប៉ុលពត។
អ្នកស្រីបន្តថា៖ «បើធូរធាមិនដើរអូសកញ្ជ្រែងលក់បែបនេះទេ មានម៉ូតូជិះបាត់ទៅហើយ ក៏មិនជួលបន្ទប់គេនៅដែរ។ សព្វថ្ងៃបង់ផ្ទះមួយខែ២០ម៉ឺនរៀល លក់ពេលខ្លះ វាបង់ផ្ទះមិនគ្រប់ទេ ជួនក៏ខ្វះគេខ្លះ ជួនក៏អត់ ថ្ងៃណាបាន[លក់ដាច់] សងគេទៅ។ ពឹងកូនអី គេនៅស្រុកឯណោះ។ មិនចង់បានអីពីវាទេ ឱ្យតែវាចិញ្ចឹមតែខ្លួនឯងរស់ទៅ អ៊ំក៏អាចរកស៊ីបានដែរ។ កុំឱ្យតែមកពឹងយើងថែម។ ចេះតែធ្វើទៅ កម្លាំងអស់ពេលណា ឈប់ពេលហ្នឹងទៅ»។
ចំណែក ស្រ្តីវ័យចំណាស់ម្នាក់ទៀត អ្នកស្រី ម៉ន អ៊ីន អាយុ ៧០ឆ្នាំ មានកូន២នាក់ ក្នុងនោះមានម្នាក់រស់នៅជាមួយគាត់ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយប្រកបរបរលក់ដូរតាមចញ្ចើមផ្លូវ និងម្នាក់ទៀតរៀបការរស់នៅជាមួយគ្រួសារនៅខេត្ត។
ជារៀងរាល់ថ្ងៃ អ្នកស្រី ម៉ន អ៊ីន បានដើរលក់ពោតស្ងោរដាក់តាមកង់ នៅម្តុំមាត់ទន្លេ និងមុខព្រះបរមរាជវាំង ដោយរកចំណូលបានក្នុងមួយថ្ងៃពី ៣ម៉ឺន ទៅ៤ម៉ឺនរៀល។ អ្នកស្រីបានប្រកបរបរនេះជាង ៣០ឆ្នាំមកហើយ។ អ្នកស្រីនិយាយថា បើទោះជាគាត់មានកូននៅជាមួយក៏ដោយ ប៉ុន្តែដោយសារកត្តាជីវភាពគ្រួសារក្រីក្រ និងគ្មានផ្ទះសម្បែង ទើបធ្វើឱ្យអ្នកស្រីនៅតែបន្តប្រកបរបរលក់ពោតស្ងោរនេះមកដល់សព្វថ្ងៃ ទោះជាអ្នកស្រីមានវ័យចំណាស់ក៏ដោយ។
បើតាម អ្នកស្រី ម៉ន អ៊ីន រូបគាត់ និងស្វាមី មានបណ្ណសមធម៌ និងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់ ពីរាជរដ្ឋាភិបាល ប៉ុន្តែថវិកានោះ អ្នកស្រីថា ហាក់តិចតួចដែលមិនអាចផ្គត់ផ្គង់ការរស់នៅបាន ដោយសារអ្នកស្រីត្រូវចំណាយច្រើន ដូចជា ផ្ទះជួល បង់ទឹកភ្លើង ម្ហូបអាហារ និងការចំណាយផ្សេង។
អ្នកស្រីនិយាយថា៖ «ឥឡូវបានតែម្នាក់ ៣ម៉ឺន[រៀល] កូនខ្ញុំទៅបើក គេឱ្យតែ ៣ម៉ឺន បើកតាមវីង ពីមុនបាន ១៤ ២០០០ពាន់ ពីរនាក់តា[ម្នាក់បាន ៧ ១០០០រៀល]។ មិនដឹងម៉េច គេផ្តាច់ […] ចាយមិនគ្រាន់ទេប៉ុណ្ណឹងនោះ [៣ម៉ឺនរៀល] បើថ្នាំមួយកំប៉ុង ៤០ដុល្លារ លេបបានតែកន្លះខែទេ មិនគ្រាន់ទេ អ៊ីចឹងបានខ្ញុំចេះតែមកលក់ហ្នឹងណា បើបានដូចមុន វាបានទប់ទល់ជាមួយជំងឺយើង ដល់មកបានតែ ៣ម៉ឺន ខ្ញុំមិនដឹងថាម៉េច ទុកឱ្យតា[ប្តីរបស់អ្នកស្រី]ទាំងអស់ទៅ បើតាឈឺដែរហ្នឹង»។
អត្ថបទមួយរបស់អង្គការអុកស្វាមកម្ពុជា បានលើកឡើងថា ចំនួនប្រជាជនវ័យចំណាស់ នឹងមានការកើនឡើង ខណៈអត្រាកំណើតមានការធ្លាក់ចុះ។ យោងតាមតួលេខបច្ចុប្បន្ន ប្រជាជនវ័យចំណាស់នៅកម្ពុជាមានចំនួនប្រមាណ ១.៣លាននាក់ (ប្រហែល៨% នៃប្រជាជនសរុប)។ ចំនួននេះ ត្រូវបានគេព្យាករថានឹងកើនឡើងដល់១១% នៅឆ្នាំ២០៣០ និងប្រមាណ២១% ដែលមានចំនួន៥លាននាក់ នៅឆ្នាំ២០៥០។
យោងតាមការសិក្សាមួយរបស់អង្គការអុកហ្វាមកម្ពុជា ដែលផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ឱ្យដឹងដែរថា មនុស្សវ័យចំណាស់ ជួបប្រទះបញ្ហាជាច្រើន ដូចជា ការប្រឈមខ្ពស់នឹងជំងឺបាក់ទឹកចិត្ត និងជំងឺមិនឆ្លងជាដើម។
ការសិក្សាដដែលបន្តថា ភាពក្រីក្រក៏ជាបញ្ហាចម្បង ដែលរារាំងមនុស្សចាស់ក្នុងការទទួលបានសេវាថែទាំសុខភាព ដោយជាទូទៅ ឱកាសការងារនៅមានកម្រិត និងមិនមានការផ្ដល់ប្រាក់សោធននិវត្តន៍ពីរដ្ឋាភិបាលដល់មនុស្សវ័យចំណាស់ឡើយ ដែលមិនធ្លាប់ធ្វើជាមន្ត្រីរាជការនោះឡើយ។
ចំណែកឯការសិក្សាមួយដែលធ្វើឡើងដោយអង្គការ UNDP ក្នុងឆ្នាំ២០២២ ស្តីពី លទ្ធភាពនៃការកសាងប្រព័ន្ធប្រាក់សោធននិវត្តន៍មនុស្សចាស់ចម្រុះក្នុងប្រទេសកម្ពុជា បានរកឃើញថា ៥០% នៃមនុស្សវ័យចំណាស់នៅកម្ពុជា មិនមានការងាររកប្រាក់បៀវត្សរ៍ មានន័យថា ពួកគេងាយរងគ្រោះក្នុងការពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដទៃ។
ប្រភពដដែលបន្តថា សម្រាប់មនុស្សចាស់ដែលត្រូវបានគេយល់ឃើញថា ជាបន្ទុកផ្នែកសេដ្ឋកិច្ច ពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការមិនរាប់បញ្ចូល ការរើសអើង និងការបំពាន ខណៈស្ត្រីវ័យចំណាស់មានហានិភ័យខ្ពស់ ជាពិសេសអ្នកដែលរស់នៅជាមួយពិការភាព។
នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ទុំ វីរ៉ា ធ្លាប់បានលើកឡើងថា មនុស្សមានវ័យចំណាស់ បាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ទាក់ទងនឹងកត្តាការថែទាំសុខភាព និងកត្តាជីវភាព ដោយសារតែពួកគាត់មិនអាចរកចំណូលបានដូចមនុស្សវ័យក្មេង។ លោកបន្តថា ទន្ទឹមនឹងការមិនមានឱកាសក្នុងការរកប្រាក់ចំណូលរបស់មនុស្សវ័យចំណាស់នេះ ការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ ក៏កាន់តែមានការកើនឡើងផងដែរ ហើយគោលនយោបាយរបស់រដ្ឋ ក្នុងការគាំពារពួកគាត់ ក៏នៅមិនទាន់ត្រូវបានអនុវត្តដោយមានប្រសិទ្ធិភាពពេញលេញនៅឡើយដែរ។
លោក ទុំ វីរ៉ា បានថ្លែងថា៖ «ខ្ញុំចង់លើកអំពីប្រព័ន្ធគាំពាររបស់មនុស្សចាស់ទូទៅ ដែលយើងមើលឃើញថានៅកម្ពុជាយើងអត់ទាន់មានទេ យើងមានសម្រាប់គ្រួសារក្រីក្រ ដែលគេទទួលបានតាមរយៈកញ្ចប់គាំពារសង្គម ប៉ុន្តែទាំងអស់នេះមិនទាន់បានគ្រប់គ្រាន់ទេ។ […] ដល់ចឹងពេលគាត់ឈឺពេលអី គាត់អត់ហ៊ានទៅពេទ្យទេ ដោយសារអត់មានលុយ បើសិនជាគាត់មានប័ណ្ណអនុគ្រោះអីចឹង គឺមិនអីទេ»។
ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថង សង្កេតឃើញថា មនុស្សវ័យមួយចំនួននៅកម្ពុជា មិនមានសល់លុយ ឬទ្រព្យសម្បត្តិច្រើន ហើយអ្នកខ្លះក៏មិនមានកូនចៅមើលថែរក្សាថែមទៀត ខណៈអ្នកខ្លះទៀតត្រូវដើរលក់ដូរបន្តិចបន្តួច និងដើរសុំទានតាមដងផ្លូវ និងផ្សារនានាជាដើម។
ការណ៍នេះ លោកមើលឃើញថា កិច្ចគាំពារសង្គម និងសន្តិសុខសម្រាប់មនុស្សចាស់នៅកម្ពុជា នៅមានកម្រិតនៅឡើយ។
លោកថ្លែងថា៖ «ជារួមមកដល់ពេលនេះ រដ្ឋហាក់បីដូចជាមិនមានការទទួលខុសត្រូវអីធំដុំទេ។ ការទទួលខុសត្រូវរបស់មនុស្សចាស់ហ្នឹង មួយផ្នែកធំ គឺទៅលើកូនចៅហ្នឹងហើយ ហើយបើសិនជាកូនចៅហ្នឹងធូរធាទៅ ក៏ជួយបាន តែបើកូនចៅហ្នឹងមិនធូរធាទៅ គាត់ក៏នៅតាមយថាកម្មគាត់ហ្នឹងទៅ។ ទាក់ទងនឹងការជួយពីរដ្ឋ យើងហាក់បីដូចជាឃើញនៅមានកម្រិតនៅឡើយ យើងបានឃើញដែរ ថាឥឡូវនេះ មានបណ្ណសមធម៌ មានអីចឹងដែរ។ បន្ទុកធ្ងន់គឺលើមនុស្សចាស់ហ្នឹងខ្លួនឯង និងទៅលើកូនចៅហ្នឹងហើយ យើងអត់ទាន់មានមណ្ឌលចាស់ជរា មិនទាន់មានការរ៉ាប់រងថា អ្នកអត់មានកូនចៅហ្នឹងគិតយ៉ាងម៉េច ហើយរដ្ឋរ៉ាប់រងទទួលបន្ទុក ចិញ្ចឹមអី យើងដូចជាមិនទាន់មាននៅឡើយ»។
តែយ៉ាងណា សម្រាប់មនុស្សចាស់ដែលធ្លាប់ជាអតីតមន្ត្រីរាជការ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ គឺពួកគាត់មានប្រាក់សោធនិវត្តន៍ដែលផ្តល់ដោយរដ្ឋ ខណៈវិស័យឯកជន រដ្ឋាភិបាលទើបនឹងមានការចាប់ផ្តើមគិតគូរផ្តល់ឱ្យពួកគាត់។
លោកថា៖ «យើងចាំមើលថាតើអ្នកធ្វើការនៅវិស័យឯកជនទាំងអស់ហ្នឹង ពេលគាត់ចូលនិវត្តន៍ទៅ ពួកគាត់ទទួលបានយ៉ាងម៉េច? ព្រោះឥឡូវ ដូចទើបតែចាប់ផ្តើមប៉ុន្មានឆ្នាំចុងក្រោយនេះ វាអត់ទាន់បានទទួលផងទេ តែយ៉ាងណាយើងឃើញការចាប់ផ្តើមហើយ»។
ទោះយ៉ាងណា លោក ឈត ប៊ុនថង រំពឹងថា រដ្ឋាភិបាល នឹងបន្តគិតគូរ និងបង្កើនការយកចិត្តទុកដាក់បន្ថែមលើមនុស្សចាស់ ដោយសារតែពេលពួកគាត់នៅមានកម្លាំងបំពេញមុខរបរ និងការងារផ្សេងៗ ក៏ពួកគាត់បានបង់ពន្ធជូនរដ្ឋ ដូច្នេះរដ្ឋគួរមានការតបស្នងទៅពួកគាត់វិញ នៅពេលវ័យចាស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ និងជឿនលឿនផ្សេងទៀត។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា មនុស្សចាស់អាយុ ចាប់ពី ៦០ឆ្នាំឡើងទៅ អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គម លុះត្រាតែពួកគាត់មានបណ្ណក្រីក្រ ហើយសម្រាប់មនុស្សចាស់ដែលមិនទាន់ទទួលបាន ពួកគាត់ត្រូវស្នើសុំទៅអាជ្ញាធរមូលដ្ឋាន(ភូមិ-ឃុំ)។
លោកថា៖ «ជាក់ស្តែង ឥឡូវហ្នឹងយើងមានសហគមន៍ មូលនិធិជំនួយសង្គម សម្រាប់ជួយពួកគាត់។ បើសិនជាគាត់មានគ្រួសារ មានបណ្ណក្រក្រី អាហ្នឹងគាត់ទទួលបានអត្ថប្រយោជន៍ពីមូលនិធិជាតិជំនួយសង្គមហើយ។ តែបើសួរថាមនុស្សចាស់ ធ្វើម៉េចទើបគាត់ទទួលបានប្រាក់ឧបត្ថម្ភ លុះត្រាណាតែគាត់មានទីលំនៅពិតប្រាកដច្បាស់លាស់ បានយើងធ្វើបណ្ណជូនគាត់បាន បើគាត់ចល័តរហូតអ៊ីចឹង យើងជួយគាត់អត់បានទេ អាជ្ញាធរក៏ជួយមិនបានដែរ។ គាត់ទទួលបានបណ្ណក្រីក្រ លុះត្រាណាគាត់មានអាស័យដ្ឋានពិតប្រាកដ ហើយគាត់ស្នើសុំទៅអាជ្ញាធរ គេនឹងចុះទៅវាយតម្លៃហើយ ថាយើងនឹងទទួលបានឬអត់។ ចំណែកក្នុងគោលនយោបាយសម្រាប់មនុស្សចាស់ និងអត្ថប្រយោជន៍ផ្សេងទៀត យើងបានសរសេរសព្វគ្រប់អស់ហើយ»។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ក្នុងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា មនុស្សវ័យចាស់នៅកម្ពុជា បានទទួលអត្ថប្រយោជន៍ជាច្រើន ពីការអនុវត្តកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា តាមរយៈការអនុវត្ត និងការធ្វើបរិយាបន្នកម្មវិធីជាមួយនឹងមនុស្សវ័យចាស់។
លោកបន្តថា មនុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់ តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ ដោយមានកម្មវិធីថែទាំសុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។
ចំណែក មនុស្សវ័យចាស់ដែលក្រីក្រគ្មានទីពឹង និងគ្មានទីជម្រកជាច្រើន លោកថា ក៏ត្រូវបានផ្តល់ទីជម្រកយ៉ាងសមរម្យ តាមរយៈការអនុវត្តគម្រោងនានារបស់រាជរដ្ឋាភិបាល សមាគមអតីយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន អង្គការដៃគូរ និងសម្បុរសជននានា។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមទៅលើមនុស្សចាស់ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយបន្តពង្រឹងនិងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ សង្កាត់ និងលើកទឹកចិត្តឱ្យមានការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹងអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការបណ្តុះបណ្តាល ផ្សព្វផ្សាយអំពីការត្រៀមខ្លួនឈានចូលវ័យចាស់ ជូនដល់សហគមន៍នៅមូលដ្ឋាន និងអត្ថប្រយោជន៍ផ្សេងទៀត។
ត្រឡប់មកកាន់មនុស្សវ័យចំណាស់ ដែល Press Start Cambodia បានជួបសម្ភាសន៍ ពួកគាត់ស្នើដល់រាជរដ្ឋាភិបាល បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសផ្តល់ភាពងាយស្រួលក្នុងស្នើសុំបណ្ណសមធម៌ បង្កើនការផ្តល់កិច្ចគាំពារសង្គម និងបង្កើនប្រាក់សោធននិវត្តន៍ដែលអាចទ្រង់ទ្រង់ការរស់នៅបានប្រសើរជាងនេះ៕

