សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បង្ហាញក្តីព្រួយបារម្ភជាខ្លាំងជុំវិញបញ្ហាអំពើហិង្សាក្នុងគ្រួសារ ដែលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ក្រោយមានករណីឃាតកម្មដុតសម្លាប់ និងអាករមនុស្ស ៩នាក់ ក្នុងនោះមានទាំងកុមារផងនោះ ដែលកើតចេញពីជម្លោះក្នុងគ្រួសារ។ ការណ៍នេះ សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានជំរុញដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការច្បាប់ចំពោះជនប្រព្រឹត្តិឱ្យបានម៉ឹងម៉ាត់ និងបង្កើនវិធានការទប់ស្កាត់បញ្ហាអំពើហិង្សាក្នុងគ្រួសារឱ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយបានកើតឡើង នៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយហេតុការណ៍នោះ បុរសជាប្តី បានសម្លាប់ប្រពន្ធ និងកូនក្នុងផ្ទៃ ព្រមទាំងម្តាយក្មេក បងប្អូនខាងប្រពន្ធ ក្នុងនោះមានទាំងកុមារផងនោះ សរុបចំនួន ៩នាក់ និងបានដុតផ្ទះកម្ទេចភស្តុតាងផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែវិច្ឆិកា បានឱ្យដឹងថា ឃាតកម្មដុតផ្ទះ និងអារកសម្លាប់នេះ បណ្តាលឱ្យមនុស្សក្មេងចាស់ចំនួន ៩នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះ ៨នាក់ស្លាប់ក្នុងភ្នក់ភ្លើងក្នុងផ្ទះដែលឆេះ និងម្នាក់ទៀតត្រូវបានអារកនៅចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីតាំងផ្ទះឆេះ។ ប្រភពដដែលបន្តថា ជនសង្ស័យជាឃាតករ ត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ សុបិន្ត មិនា អាយុ២១ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួនភ្លាមៗនោះថ្ងៃដដែលនោះ ហើយជនសង្ស័យជាឃាតករ បានសារភាពថា មូលហេតុដែលនាំឱ្យកើតមានឃាតកម្មនេះ ដោយសារ «ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបានសម្រេចចិត្តសម្លាប់ម្តាយក្មេង ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗសរុបទាំងអស់ ៩នាក់»។
លោក វេង វុទ្ធី ជាសាច់ញាតិរបស់ជនរងគ្រោះដែលស្លាប់ដោយអំពើឃាតកម្មនៅខេត្តកំពង់ចាម បាននិយាយថា លោកនិងគ្រួសារ ពុំអាចទទួលយកមិនបានទេ ចំពោះការបាត់បង់សមាជិកគ្រួសារសរុប ៩នាក់ រួមមាន ម្ដាយបង្កើត ក្មួយៗ និងចៅៗរបស់លោក ដោយសារអំពើឃាតកម្មដែលកើតចេញពីរឿងទំនាស់ក្នុងគ្រួសារនេះ។
លោកបន្តថា៖ «វាទំនាស់ជាមួយគ្រួសារប្តីប្រពន្ធវាទេ រាល់ដងតិចតួច វារកាំរកូសរាល់តែថ្ងៃ ឈ្លោះ១ម៉ោងអីត្រូវគ្នាវិញហើយ[…] តាមពិតទៅ មនុស្សវាឆេវឆាវ ហើយទប់អត់បាន វាខឹងគំរោល ម៉ាកំហឹងចូល វាអត់មានពិភាក្សាជាមួយពីណាគេទេ វាធ្វើអីធ្វើតែវាម៉ង អញ្ចឹងអាចបង្កឱ្យមានបញ្ហា បើតាមគ្រឿងញៀនអត់ទេ អត់មានសារធាតុញៀនទេ វានៅហ្នឺងពីរបីឆ្នាំដែរ ខ្ញុំនៅជាប់ជាមួយវា វាអត់មានគ្រឿងញៀនទេ»។
តែយ៉ាងណា លោកបានអំពាវនាវដល់តុលាការ មានចំណាត់ការតឹងរឹងតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារ។ លោកក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងបង្កើនវិធានការនានា ក្នុងការទប់ស្កាត់ករណីអំពើហិង្សាក្នុងគ្រួសារ ដែលកើតមានក្នុងសង្គម ដើម្បីកុំឱ្យមានមនុស្សរងគ្រោះ និងស្លាប់ដូចករណីនេះទៀត។
លោកបន្ត៖ «សូមធ្វើខាងធ្វើច្បាប់ សូមជួយអប់រំកុំឱ្យមានករណីធ្វើអញ្ចឹង មានអំពើហឹង្សាមកលើគ្រុមគ្រួសារទៀត មិនអាយុក្មេង ឬចាស់ទេ សូមកុំឱ្យមានអញ្ចឹងទៀត»។
ជុំវិញរឿងនេះ លោក ជេមស៍ ម៉ាកខេប (James McCabe) នាយកអង្គភាពការពារកុមារ (Child Protection Unit-CPU) ដែលជាអង្គការមួយបានចុះស៊ើបអង្កេតស៊ីជម្រៅក្នុងហេតុការណ៍នេះជាមួយមន្ត្រីសមត្ថកិច្ចជំនាញ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ CPU នៅថ្ងៃទី២៤ ខែវិច្ឆិកាថា ករណីឃាតកម្មនៅខេត្តកំពង់ចាមនេះ ជាករណីមួយដែលមានលក្ខណៈសាហាវឃោរឃៅ ជាងករណីឯទៀតៗ ក្នុងបទពិសោធន៍ការងាររបស់លោក ដែលបានស៊ើបអង្កេតករណីឃាតកម្មជាង ៤០០ករណី ក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះ។
លោកថា៖ «នេះជាករណីដ៏រន្ធត់ និងសាហាវឃោរឃៅបំផុតមួយដែលខ្ញុំបានជួប នេះមិនមែនដោយសារតែជនរងគ្រោះច្រើននាក់ បាត់បង់ជីវិតតែប៉ុណ្ណោះទេ តែដោយសារតែចរិតលក្ខណៈដ៏ព្រៃផ្សៃ និងភាពសាហាវឃោរឃៅនៃបទល្មើសឃាតកម្ម ដែលត្រូវបានប្រព្រឹត្តឡើងដោយជនល្មើសនេះ។ ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះ ក្នុងករណីដ៏សែនរន្ធត់នេះផងដែរ»។

ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថាករណីអំពើហិង្សាក្នុងគ្រួសារ នៅខេត្តកំពង់ចាមនេះ ជាអំពើឃាតកម្មដ៏សាហាវឃោរឃៅព្រៃផ្សៃជាទីបំផុត ដែលជនល្មើសគួរទទួលទោសដ៏ធ្ងន់ធ្ងរ សមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ។
លោកបន្តថា ករណីហិង្សាកើតឡើងច្រើន មិនមែនតែប៉ះពាល់តែបុគ្គល គ្រួសារ និងសហគមន៍ទេ គឺវាបណ្តាលឱ្យប៉ះពាល់ដល់សង្គមជាតិ ដែលបង្កឱ្យកើតមាននូវភាពអសន្តិសុខ សុវត្ថិភាព និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដូច្នេះអំពើហិង្សាគ្រប់ទម្រង់ត្រូវចាត់ទុកជារឿងសង្គមជាតិ មិនមែនជារឿងរបស់បុគ្គល ឬរឿងគ្រួសារនោះទេ ។
លោកថា៖ «ករណីនេះប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិជាពិសេស គឺភាពភ័យខ្លាច និងប៉ះពាល់ផ្លូវចិត្ត និងសុវត្ថិភាពសន្តិសុខសង្គម»។
អ្នកធ្វើការលើផ្នែកសិទ្ធិមនុស្សរូបនេះ បានជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលប្រព្រឹត្តអំពើហិង្សា និងមិនត្រូវស្តីបន្ទោស ឬដាក់បន្ទុកលើជនរងគ្រោះបន្ថែមទេ ត្រូវរួមគ្នាជួយទប់ស្កាត់ បង្ការ និងចាត់វិធានការផ្លូវច្បាប់ដើម្បីការពារជនរងគ្រោះ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកបញ្ជាក់ថា៖ «ទាំងអស់គ្នាត្រូវចាត់ទុកអំពើហិង្សាគ្រប់ទម្រង់ ជារឿងសហគមន៍ និងសង្គមជាតិ និងត្រូវរួមគ្នាជួយទប់ស្កាត់ បង្ការ និងជួយជនរងគ្រោះតាមរយ:ការផ្តល់ដំណឹងអំពីអំហិង្សា ឬការរំលោភបំពានផ្លូវភេទដល់សមត្ថកិច្ច ឬអង្គការសង្គមស៊ីវិល ដែលនៅជិតឬដែលបានស្គាល់ ។ អាជ្ញាធរត្រូវតែចាត់វិធានការតាមច្បាប់លើជនដែលប្រព្រឹត្តអំពើហិង្សា ឬការរំលោភបំពានផ្លូវភេទ ដោយមិនបន្ទោសលើជនរងគ្រោះ និងការជួយសម្រួលភាពងាយស្រួលក្នុងការទទួលបានយុត្តធម៌។ ចាត់វិធានការបង្ការ ឬការពារជនរងគ្រោះមុនពេល ឬក្រោយអំពើហិង្សា។ ការអប់រំ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីអំពើហិង្សាគ្រប់ទម្រង់ និងការរំលោភបំពានផ្លូវភេទ និងផលវិបាកដែលអាចកើតចេញពីអំពើទាំងនេះ ក៏ជារឿងមួយដើម្បីរួមគ្នាទប់ស្កាត់ បង្ការ ការពារ និងជួយដល់ជនរងគ្រោះ»។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ(LICADHO) បានចេញផ្សាយអត្ថបទមួយដោយបង្ហាញថា ក្នុងរយៈពេលជាង៥ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ២០២០មក មានមនុស្សយ៉ាងហោចណាស់ចំនួន ១៤៦នាក់ ក្នុងនោះមានកុមារចំនួន ៤៦នាក់ផង បានស្លាប់បាត់បង់ជីវិតដោយសារអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទ ដែលបានកើតឡើងជាច្រើនករណី។
លីកាដូ បន្តថា ច្រើនជាងពាក់កណ្ដាលនៃករណីឃាតកម្មទាំងនេះ ត្រូវបានប្រព្រឹត្តដោយដៃគូ ឬអតីតដៃគូរបស់ជនរងគ្រោះ ដូចជា ប្ដី គូដណ្ដឹង មិត្តប្រុស ឬឪពុកជាដើម ក្នុងនោះមានស្រី្តចំនួន ៧៨នាក់ និងក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានសម្លាប់ដោយដៃគូរបស់ខ្លួន។
បើតាមលីកាដូ អំពើហិង្សាក្នុងគ្រួសារ ជាអំពើរំលោភសិទ្ធិមនុស្ស ដែលអាចមានច្រើនទម្រង់ ដូចជា ហិង្សាលើរាងកាយ ហិង្សាផ្លូវភេទ ហិង្សាផ្លូវអារម្មណ៍ឬផ្លូវចិត្ត និងហិង្សាសេដ្ឋកិច្ច។ អំពើហិង្សាក្នុងគ្រួសារ អាចប៉ះពាល់ដល់មនុស្សគ្រប់គ្នា ប៉ុន្តែអំពើនេះជារឿយៗត្រូវបានប្រព្រឹត្តទៅលើស្ត្រី កុមារ និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ប្រភពដដែលបន្តទៀតថា អំពើហិង្សាក្នុងគ្រួសារ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ និងផ្លូវចិត្តភ្លាមៗ និងយូរអង្វែង។ សម្រាប់កុមារ បើទោះបីមិនបានរងគ្រោះដោយផ្ទាល់ក៏ដោយ ប៉ុន្តែអំពើហិង្សានៅជុំវិញខ្លួនពួកគេអាចប៉ះពាល់ដល់ការលូតលាស់ សុខភាពផ្លូវចិត្ត និងការសិក្សារបស់ពួកគេ។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានលើកឡើងថា បញ្ហាហិង្សាក្នុងគ្រួសារ បានជះឥទ្ធិពលអាក្រក់ដល់សង្គម ក្រុមគ្រួសារ និងបុគ្គលខ្លួនឯង ហើយបញ្ហានេះភាគច្រើនកើតឡើងពីបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងបំណុល។ លោកបន្តថា បើចង់លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ត្រូវតែសិក្សាអំពីកត្តាសង្គម ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងពង្រឹងកាតព្វកិច្ចរបស់មន្ត្រីនៅថ្នាក់មូលដ្ឋានក្នុងការទប់ស្កាត់បញ្ហានេះ។
លោកថា៖ «កាតាព្វកិច្ចរបស់រដ្ឋាភិបាលបានជួយអ្វីខ្លះដល់ជនក្រីក្រ ជាពិសេសដល់កូនៗបានរៀនសូត្រទៅតាមសាលាឱ្យមានចំណេះដឹង ទៅមើលបំណុលដែលអាជ្ញាធរដែលចេះតែសញ្ញេឱ្យទាំងគាត់ ទាំងគាត់អត់មានមុខរបរ គាត់អត់មានស្អីផង ហើយចេះតែសញ្ញេឱ្យគាត់ខ្ចីលុយគេ អាហ្នឹងក៏ជាហេតុផលមួយដែរ។ ដើម្បីលុបបំបាតអំពើហិង្សាក្នុងគ្រួសារនេះ យើងស្នើសុំដោយទទូចសុំរដ្ឋអំណាចខ្លួន នៅក្នុងការគ្រប់គ្រងរបស់ខ្លួនធ្វើយ៉ាងណា មានស្តិតិគ្រប់គ្រងឱ្យបានល្អិតល្អន់ពាក់ព័ន្ធនឹងអ្នកក្រីក្រ ដែលក្របំផុតនោះ រស់មិនបាន គ្មានផ្ទះសំបែងគ្មានទីលំនៅ ដែលរដ្ឋាភិបាលលោកមានសម្បទានសង្គមកិច្ច ផ្តល់កន្លែងស្នាក់នៅ ក្មេងរៀនសូត្រ នេះ ក៏ជាហេតុផលជួយឱ្យលុបបំបាត់អំពើហិង្សាដែរ»។
ដោយឡែក កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏មានករណីជម្លោះក្នុងគ្រួសារមួយកើតឡើងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលឈានដល់ការដុតផ្ទះបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ហើយអគ្គិភ័យនោះ ក៏បានរាលដាលឆេះដល់ផ្ទះអ្នកជិតខាងសរុបជាង១០ខ្នងផងដែរ។ ជនសង្ស័យដែលបង្កអគ្គិភ័យដុតផ្ទះខ្លួនឯង ហើយរាលដាលឆេះដល់ផ្ទះអ្នកជិតខាងនោះ ឈ្មោះ សៅ ចិត អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនសំណុំរឿងទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២២ ខែវិច្ឆិកា។
មេភូមិរលួស លោក សុខ ចាន់រស្មី ឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័យនេះ បានបណ្តាលឱ្យអ៊ុំស្រីរបស់ជនដៃដល់បានស្លាប់ និងអ៊ុំប្រុសរបស់ជនដៃដល់រងរបួសធ្ងន់ ហើយអគ្គិភ័យបានឆេះរាល់ដល់ផ្ទះអ្នកជិតខាងអស់គ្មានសល់រហូតដល់ ១២ខ្នង ស្មើនឹង ១៩គ្រួសារ។
លោកបន្តថា កន្លងមក អាជ្ញាធរមូលដ្ឋានធ្លាប់បានចុះណែនាំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារទៅដល់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែបញ្ហានេះនៅតែកើតមានឡើង ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់។
លោកថា៖ «នៅពេលដែរប្រជុំម្តងៗ គឺយើងផ្សព្វផ្សាយដែរ ពាក់ពន្ធ័ទៅនឹងបញ្ហាគ្រឿនញ្ងៀន អំពើហិង្សានៅគ្រួសារសុំកុំឲ្យគាត់ប្រព្រឹត្ត ជៀសវាងឲ្យឆ្ងាយព្រោះវាជាប់ក្តី អន្តារាយនៅក្នុងគ្រួសារចឹងហារ ប៉ុន្តែការផ្សព្វផ្សាយរបស់ខ្ញុំហ្នឹង អ្នកខ្លះក៏គាត់ស្តាប់ទៅ អ្នកខ្លះក៏អត់ស្តាប់យើងទេ។ គាត់ទៅប្រព្រឹត្តអីផ្តេសផ្តាសអីចឹងទៅណា ដែលយើងដឹងថាកូននឹងវាជក់ថ្នាំ ប៉ុន្តែយើងរកប្រភពចាប់វាក៏អត់បាន វាថាទៅជក់នៅនេះ នៅនោះ»។
ជនរងគ្រោះមួយរូបក្នុងចំណោម១២ខ្នងផ្ទះដែលភ្លើងឆេះនៅភូមិរលួស អ្នកស្រី នួន វឿន អាយុ៤៦ឆ្នាំ លើកឡើងថា ករណីឆេះផ្ទះនេះ គឺដោយសារករណីទំនាស់ក្នុងគ្រួសារ និងការប្រើប្រាស់នូវគ្រឿងញៀន រហូតឈានដល់ផ្ទុះហិង្សាដុតបំផ្លាញផ្ទះសម្បែង ប៉ះពាល់ដល់ផ្ទះរបស់អ្នកជិតខាង រួមទាំងផ្ទះរបស់អ្នកស្រីផងដែរ។
អ្នកស្រីបន្តថា បើទោះជារឿងនេះជាទំនាស់ក្នុងគ្រួសារ ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរខាង ត្រូវមករងគ្រោះជាមួយពួកគេដែរ។
អ្នកស្រី នួន វឿន និយាយថា៖ «បារម្ភ ទៅមុខទៀត មិនដឹងជាមានមនុស្សអញ្ចឹងទៀតអត់ ខ្លាចមិនមែនមានតែម្នាក់ហ្នឹង ខ្លាចតែមានទៀត អញ្ចឹងពួកខ្ញុំរាល់គ្នាអត់ទុកចិត្តអីតិច នៅតែភ័យ គ្រាន់គេស្រែក ឬមាត់លឺតិចខ្លាចតែមានភ្លើង អគ្គីភ័យមកទៀត កូនអត់បានរៀន បាយក៏អត់ហូប ឈឺអស់ហើយ[…] មិនដឹងថាចិត្តគាត់សាងពីអីមានឈានដល់ថ្នាក់សម្លាប់មនុស្ស។ អត់ចាប់អារម្មណ៍អត់ថាគាត់ញៀនថ្នាំអីយើងអត់ដឹង តែដល់ពេលគេចាប់គាត់បាន បូសីលធ្វើតេស្តទៅបានដឹងថាមានសារធាតុញៀន»។
ពលរដ្ឋរូបនេះ បន្ថែមថា៖ «សូមអំពាវនាវដល់ប្អូនដែលចូលចិត្តប្រើអំពើហិង្សា សូមឱ្យឈប់ទៅ! ពេលមានបញ្ហាក្នុងគ្រួសារយើង ធ្វើឱ្យប៉ះពាល់ដល់ជីវិតគេអ្នកជិតខាងច្រើន សូមកាត់បន្ថយទាំងអស់ គិតជីវិតគេ[…] សូមរាជរដ្ឋាភិបាលជួយទប់ស្កាត់អ្នកបែកថ្នាំ អ្នកញៀនថ្នាំអីហ្នឹង សូមឱ្យគាត់ជួយកុំឱ្យមានអំពើហិង្សាកើតឡើងទៀត»។
យោងតាមច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពាជនរងគ្រោះ មាត្រា១៣ ចែងថាដើម្បីទប់ស្កាត់អំពើហិង្សាដែលកំពុងតែកើត ឬជឿជាក់ថានឹងកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់ដោយឃាត់ទុកអាវុធ ឬវត្ថុជាក់ស្តែងដែលជនមុខសញ្ញាបាន ឬអាចប្រើប្រាស់។ បង្វែរយកចេញជនមុខសញ្ញាពីកន្លែងកើតហេតុ ឬបង្វែរជនរងគ្រោះ បើមានការស្នើសុំពីជនរងគ្រោះ។ ក្នុងករណីពិសេស ជនរងគ្រោះអាចបង្វែរចេញ បានដោយគ្មានការស្នើសុំ ប្រសិនបើមានហេតុផលចាំបាច់ត្រូវធ្វើ ។ ផ្តល់ឱ្យជនរងគ្រោះនូវជំនួយសមស្របតាមកាលៈទេសៈ ជាពិសេសផ្តល់បើមានការស្នើសុំពីជនរងគ្រោះ។ ក្នុងករណីពិសេស ជនរងគ្រោះអាចបង្វែរចេញ បានដោយគ្មានការស្នើសុំ ប្រសិនបើមានហេតុផលចាំបាច់ត្រូវធ្វើ ។
របាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ (CDHS) របស់រាជរដ្ឋាភិបាល បង្ហាញថា ស្ត្រីម្នាក់ ក្នុងចំណោមស្ត្រី៥នាក់ គឺមានចំនួន២១% ធ្លាប់មានដៃគូ ហើយរងអំពើហិង្សាផ្លូវកាយ អារម្មណ៍ និងផ្លូវភេទ ដែលប្រព្រឹត្តដោយដៃគូបច្ចុប្បន្ន ឬដៃគូចុងក្រោយបំផុត និងបីភាគបួននៃអ្នកដែលបានទទួលរងអំពើហិង្សាទាំងនោះ ៧៥,៨ភាគរយ បានរាយការណ៍ថា ពួកគេភ័យខ្លាចស្ទើរគ្រប់ពេលវេលា។
លោកស្រី ញាន សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី បង្ហាញការសោកស្តាយ និងចូលរួមមរណៈទុក្ខចំពោះក្រុមគ្រួសារសពជនរងគ្រោះ។ លោកស្រី បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលសហការជាមួយអាជ្ញាធរមានសម្ថកិច្ច ក្នុងការផ្តល់កិច្ចអន្តរាគមន៍ ខណៈសមត្ថកិច្ចកំពុងចាត់វិធានការលើការងារនេះ។
ជាមួយគ្នានេះ លោកស្រីថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់បញ្ហាអំពើហិង្សាក្នុងគ្រួសារនេះ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងអាជ្ញាធរពាក់ព័ន្ធ និងសង្គមស៊ីវិលជាដើម។
លោកស្រីបន្ថែមថា៖ «យើងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងដៃគូសង្គមស៊ីវិល អាជ្ញាធរពាក់ព័ន្ធ ឱ្យចូលរួមធ្វើការទប់ស្កាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ ជាពិសេស អំពើហិង្សាលើស្រ្តី និងកុមារ។ ការចូលរួមទប់ស្កាត់អំពើហិង្សាហ្នឹង គឺផ្តើមចេញពីយើងទាំងអស់គ្នា អញ្ចឹងបើបងប្អូនឃើញករណីអំពើហិង្សាបំរុងកើតឡើង បងប្អូនអាចទាក់ទងទៅលេខមន្ទីរកិច្ចការនារី តាមខេត្ត បើរកលេខអត់បានទេ ទំនាក់ទំនងទៅអ្នកជិតខាង ជាពិសេសភូមិ ឃុំដែលនៅជិតបំផុត»។
យ៉ាងណា បើតាមអង្គការផ្នែកសិទ្ធិមនុស្ស លីកាដូ បានផ្តល់អនុសាសន៍ថា រាជរដ្ឋាភិបាល គួរតែបញ្ឈប់វិបត្តិនេះ ដោយពង្រឹងនូវកម្មវិធីទប់ស្កាត់ និងសេវាគាំទ្រ រួមមាន ចំណាត់ការតាមផ្លូវតុលាការដែលមានប្រសិទ្ធភាព ដីការក្សាការពារ និងសេចក្ដីសម្រេចរដ្ឋបាល ការការពារផ្នែកច្បាប់ ទីជម្រកសុវត្ថិភាព ជំនួយហិរញ្ញវត្ថុ សេវាសុខភាព សេវាប្រឹក្សាផ្លូវចិត្ត និងសេវាកម្មផ្សេងៗទៀត។ ធ្វើការបែងចែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ច្បាស់លាស់ និងក្នុងរយៈពេលវែងក្នុងថវិកាជាតិ សម្រាប់ការអនុវត្តផែនការសកម្មភាពសមធម៌យេនឌ័រ គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
ក្រៅពីនេះ លីកាដូ ក៏បានជំរុញឱ្យធ្វើការកែសម្រួលបទដ្ឋានគតិយុត្តមួយចំនួនឱ្យបានឆាប់ និងទូលំទូលាយ ជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដើម្បីកំណត់និយមន័យ និងដាក់ទោសទណ្ឌនូវរាល់ទង្វើនៃអំពើហិង្សាក្នុងគ្រួសារ និងហាមឃាត់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះករណីអំពើហិង្សាក្នុងគ្រួសារ៕

