ជម្រកជាន់ផ្ទាល់ដីបិទបាំងដោយជញ្ជាំងឈើ ប្រក់ពីស័ង្កសីគឺហាក់មានសភាពទ្រុឌទ្រោមដោយអន្លើទៅហើយ។រីឯនៅពីខាងមុខឯណេះវិញ នៅជាប់នឹងជញ្ជាំងមានព្យួរអំបោសមួយ និងថងពណ៌ស។នៅមិនឆ្ងាយប៉ុន្មានពីកន្ត្រក់ដាក់ត្រនាប់ជើងធ្វើពីផ្តៅ ដែលស្បែកជើងរបាត់រប៉ាយ និងមើលទៅហាក់មិនមានសណ្ឋាប់ធ្នាប់ គេនឹងឃើញគ្រែធ្វើពីឈើក្តាបន្ទះ ដែលមានទំហំតូចល្មម និងរាងទ្រេតបន្តិចកល់នឹងចង់ដួល កំពុងតែផ្ទុកចានឆ្នាំង និងសម្ភារៈផ្ទះបាយខ្លះៗ។តាមពិតទៅ ទីនេះគឺជាផ្ទះរបស់ស្រ្តីមេម៉ាយម្នាក់ ដែលកំពុងបម្រើការនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងក្បែរក្រុងភ្នំពេញ ដែលនាងប្រឹងចិញ្ចឹមកូន៣នាក់នៅក្នុងបន្ទុក ក្រោយពីស្វាមីចាកចេញទៅសាងទ្រនំថ្មី។
មានសម្បុរស្រអែម រង្វង់ភ្នែកចាប់ផ្ដើមស្រអាប់ ផ្ទៃមុខមានស្នាមជ្រួញ នាងប្រាប់គេហទំព័រ Press Start Cambodia កាលពីថ្ងៃទី១៥ ខែ តុលា ថា រូបនាងមានឈ្មោះ ឃុន ណារី។ហើយផ្ទះដែលអ្នកស្រីរស់នៅ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ស្ថិតក្នុងសម្លៀកបំពាក់ចម្រុះពណ៌ និងកំពុងអង្គុយលើកៅអីជ័រពណ៌ខៀវ ណារី រៀបរាបថា ចាប់តាំងពីស្វាមីចាកចេញទៅ បន្ទុកក្នុងគ្រួសារគឺរូបគេជាអ្នករែកពុនទាំងស្រុង។ណាមួយ ការសិក្សាមុជមិនជ្រៅទៅមិនឆ្ងាយផង ម៉្លោះហើយមិនអាចរកការងារណាដែលមានប្រាក់ឈ្នួលបានខ្ពស់នោះទេ។ប៉ុន្តែជាសំណាងល្អ បើទោះជារូបនាងបានបញ្ចប់ការសិក្សា នៅកម្រិតបឋមសិក្សាក្តី ក៏ ណារី អះអាងថារូបគេអាចរកចំណូលបានប្រមាណ ២៣៧ដុល្លារ អាមេរិក ក្នុងមួយខែ ពីវិស័យរោងចក្រកាត់ដេរ។តែសម្រាប់ ឃុន ណារី ប្រាក់ថាចំណូលនេះ មិនអាចជួយឱ្យគ្រួសាររបស់នាង ដែលមានកូន៣នាក់ នៅក្នុងបន្ទុកមានជីវភាពរស់នៅដោយសមរម្យនោះឡើយ ព្រោះការចំណាយប្រចាំថ្ងៃ ក៏មានទំហំធំជាងនេះដែរ។
អ្នកស្រីនិយាយថា៖ « ការចំណាយប្រចាំថ្ងៃ គឺជាផលលំបាកខ្ញុំក៏ខ្លាំងដែរ បើយើងអត់លុយ គឺយើងនឹងអត់អាហារហូបហើយ នឹងមានអាហារមកពីណាសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃរបស់យើងហេ ចឹងអឺគឺសំខាន់ជាងគេ ញុមចង់បានតែអឺប្រាក់ខែច្រើន ហើយអឺផលវិបាកខ្លាំងជាងគេគឺបំណុលនឹងម៉ង ដែលផលលំបាកធំរបស់ញុម បានចប់ថ្នាក់ទី១២ ជាប់ មិនជាប់អីចឹងហ្ហាស់! ឱ្យត្រឹមថ្នាក់ទី១២នឹងទៅ ព្រោះអត់លទ្ធភាពឱ្យរៀនតទៀតទេ » ។

ក្រោយស្វាមីចុះចោលផ្ទះរយៈពេល៣ឆ្នាំមកនេះ អម្រែកគ្រួសារទំាងអស់ត្រូវធ្លាក់ទៅលើអ្នកស្រីជាអ្នករាប់រង និងរែកពុនតែម្នាក់ឯង។នៅក្នុងផ្ទះ ដោយគ្មានស្វាមីជាខ្នងបង្អែក បានធ្វើឱ្យជម្រកមួយនេះ ហាក់មិនសូវរឹងម៉ាំដូចគេ ដូចឯងប៉ុន្មាននោះទេ។អ្នកស្រីបន្តតស៊ូរស់ក្រោមដំបូលផ្ទះធ្វើពីឈើមួយខ្នង ដែលមានសភាពទ្រុឌទ្រោមបន្តិចទៅហើយ។ហើយផ្ទះដែលបាំងដោយជញ្ជាំងធ្វើពីឈើមានកាន់ស្លែដោយអន្លើផងនោះ គេសង្កេតឃើញមានស្នាមប្រះ និងធ្លុះធ្លាយ ដែលសឹងអាចមើលឃើញពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀតបាន។
រីឯដំបូលដែលប្រកពីស័ង្កសីពណ៌ក្រហម អមដោយទទឹកនៅពីខាងមុខវិញ មើលទៅស្ទើរនឹងធ្លាក់ចុះក្រោមទៅហើយ។ក្រៅពីសោភណ្ឌភាពផ្ទះ ដែលមានរបស់របរនៅរាយប៉ាយ ផ្នែកខាងមុខហើយ យូរៗគេឮសំឡេងធុងប៉ាស់ បានបន្លឺសំឡេងដ៏កងរំពងចេញពីជ្រុងម្ខាទៀត ជះចូលក្នុងបរិវេណផ្ទះ ដែលនាំឱ្យទីនេះមានសភាពអ៊ូរអរ និងខុសសព្វមួយដង។នៅមិនឆ្ងាយពីទីតាំងនេះប៉ុន្មាន គេសង្កេតឃើញអគារជាច្រើនកំពុងតែរីកដុះដាលស្គឹមស្កៃ តូចធំ ខ្ពស់ទាបគួរជាទីគយគន់ ដែលខុសពីផ្ទះរបស់អ្នកស្រី ឃុន ណារី។
ជាកម្មការិនីរោងចក្រ ខ្វាន់ទុម ក្លូស៊ីង ជិត២០ឆ្នាំមកនេះ ណារី រៀបរាបថា រូបនាងបានប្រឡូកក្នុងវិស័យវាយនភណ្ឌនេះ តាំងពីឆ្នាំ២០០៨មកម៉្លេះ។តាំងពីចូលបម្រើការងារ នៅក្នុងរោងចក្រកាត់ដេរ និងសំលៀកបំពាក់នៅឆ្នាំ២០០៨ មកដល់ពេលនេះ ចំណូលដែលបានមកពីវិស័យមួយនេះ នៅតែមិនទាន់ឆ្លើយតបទៅនឹងទំនិញចេះតែបន្តឡើងថ្លៃនៅលើទីផ្សារបាននៅឡើយ។និយាយបណ្តើរ ទឹកភ្នែកហូរកាត់ផែនថ្ពាល់ទាំងគូររបស់នាងបណ្តើរ ណារី ឱ្យដឹងថា រាល់ថ្ងៃនេះ ក្រុមគ្រួសាររបស់នាងខំចាយវាយត្បិតត្បៀត និងបេះប៉ោចបំផុតហើយ ព្រោះតែចំណាយធំជាងចំណូល។ក្រៅពីនេះទៀត បន្ទុកកាន់តែធ្ងន់គឺនៅពេលកូនៗត្រូវប្រឈមមុខនឹងជំងឺឈើថ្កាត់ ឬដល់ពេលរដូវបុណ្យទៀនម្ដងៗ ចាំបាច់ត្រូវឆក់លិចឆក់កើត ដែលជាមូលហេតុត្រូវបង្ខំចិត្តឱ្យអ្នកស្រី ងាកទៅចងការឯកជនជារើយៗ។ហើយរូបភាពបែបនេះកើតឡើងស្ទើររាល់ខែ។ដោយសារតែអំរែកដ៏ធ្ងន់បែបនេះហើយ នាំឱ្យ ឃុន ណារី ចេះតែបារម្ភពីបញ្ហាបំណុល ដែលអាចប្រឈមនឹងការមិនមានអ្វីដើម្បីដោះស្រាយបន្ទុកនេះបាននៅថ្ងៃខាងមុខ។
អ្នកស្រីបន្តថា៖ « [..] ពេលដែលកូនឈើ ពេលដែលកូនអីក៏ពិបាកខ្លាំងដែរ ខ្ញុំផលលំបាកធំខ្លាំង និយាយទៅ គឺផលលំបាកដែលខ្វះខាតប្រចាំថ្ងៃហ្នឹងតែម្តង។ជួនកាលខ្លះក៏មានពេលដាច់បាយដាច់ម្ហូប ហូបតែបាយអត់ម្ហូបអញ្ចឹងក៏មានដែរ។យើងខ្វះពេក យើងខ្វះលុយទិញ។ បើយើងខ្វះលុយទិញហើយ យើងក៏អត់ហ៊ានទៅរកគេទៀត អញ្ចឹងយើងសុខចិត្តហូបតែបាយក៏បានដែរ ឱ្យតែមានទឹកត្រីញិចម្ទេស ហើយនឹងបុកអំពិល… ខ្ញុំធ្លាប់ពេលដែលខ្ញុំដាច់លុយខ្លាំងគឺខ្ញុំបុកអំពិលម្ទេសខ្ទឹម ហើយអឺមានពងទាមួយគ្រាប់អីហ្នឹង ហើយខ្ញុំដាក់ទឹកត្រីទៅ ហើយខ្ញុំហូបបាយមួយកូនទៅចាស ផលលំបាកខ្លាំងរបស់ខ្ញុំ » ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦។តាមរយៈសេចក្តីប្រកាសនេះ រដ្ឋាភិបាលសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារអាមេរិក លើប្រាក់ខែគោលចំនួន ២០៨ ដុល្លារអាមេរិក ដែលបានកំណត់ដោយក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ប្រាប់ឈ្នួលកម្មករនិយោជិតនៅឆ្នាំ២០២៦។ហើយការកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ នឹងត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ តទៅ។
មិនមែនមានតែអ្នកស្រី ឃុន ណារី ទេដែលត្អូញត្អែរពីផលលំបាក ព្រោះតែចាយមិនគ្រប់ ដោយសារតែចំណូលទាបជាងចំណាយ។កំពុងអង្គុយនៅបង់មុខផ្ទះ នាថ្ងៃសម្រាកពីការងារ ស្របពេលមេឃស្រអាប់ ពន្លឺព្រះអាទិត្យរៀបនឹងលិចផងនោះ ឃុត សុខា ឱ្យដឹងថា ក្រោយស្វាមីចុះចោលផ្ទះមក បានបន្សល់កូន៣នាក់ ដូច ឃុន ណារី ដែរនៅក្នុងបន្ទុករបស់អ្នកស្រីជាអ្នករាប់រងទាំងស្រុង។

ហាក់មិនខុសគ្នាពី ឃុន ណារី ប៉ុន្មានដែរទេ ជាអ្នកភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មេម៉ាយកូនបីរូបនេះ រៀបរាប់ទៀតថាសព្វថ្ងៃនេះ រូបគេកំពុងបម្រើការឱ្យចក្រកាត់ដេរសម្លៀកបំពាកមួយកន្លែងឈ្មោះ ជា ស៊ីណាត់ ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះឡើយ។និយាយដោយសម្ដីម៉ាត់ៗ ហើយយូរៗគេឃើញស្នាមជ្រួញនៅត្រង់កន្ទុយភ្នែកទាំងគូរ នៅពេលនាងញញឹមម្តងៗ ដោយស្រដីថារូបគេពិតជាមានភាពកក់ក្ដៅនឹងការងារនេះព្រោះវានៅកៀកនឹងផ្ទះស្រាប់។ប៉ុន្តែបើពឹងផ្អែកលើប្រាក់ខែគោល២១០ដុល្លារអាមេរិកមិនអាចដោះស្រាយជីវភាប្រចាំថ្ងៃបានឡើយ ប្រសិនបើ សុខា មិនប្រឹងថែមម៉ោង និងពុះពាររកអត្ថប្រយោជន៍ផ្សេងទៀតមកជួយទប់នោះទេ។សំខាន់ទាំងថ្លៃសិក្សារបស់កូនៗ និងការចាយវាយប្រចាំថ្ងៃ នៅលើរូបគេទាំងស្រុង។ហេតុនេះ បើរដ្ឋាភិបាល តម្លើងប្រាក់ខែគោលឱ្យបានខ្ពស់ជាងនេះបន្តិចទៀត វាកាន់តែប្រសើរសម្រាប់ជីវិតអ្នកបម្រើការនៅក្នុងរោងចក្រ សហគ្រាស។
អ្នកស្រីបន្តថា៖« ប្រាក់ខែបើសិនបើបានច្រើនជាងនឹងតិចក៏វាល្អដែរ ព្រោះអីខ្ញុំ កូនខ្ញុំបីនាក់ ហើយខ្ញុំរកម្នាក់ឯង កូនរៀនទំាងអស់ អញ្ចឹងហើយចំណាយលុយរៀន ចំណាយអីសព្វបែបយ៉ាង អឺការហូបចុកអីអញ្ចឹងហ្ហា យើងត្បិតត្បៀយបំផុត ហើយអត់ចង់គ្រប់ទៀតក្នុងមួយខែៗ »។
សព្វថ្ងៃនេះ មិនមែនមានតែកម្មកររោងចក្រ ដែលបានផ្តល់បទសម្ភាសន៍នេះទេ ដែលកំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារ។ក្នុងន័យនេះ មានកម្មករជាច្រើននាក់ទៀត ដែលឆ្លងកាត់ការសម្ភាសន៍ឱ្យគេហទំព័រ Press Start Cambodia ឱ្យដឹងក៏សុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នាថាចំនួនដែលរដ្ឋាភិបាលកំណត់ប្រាក់ខែគោលក្នុងបរិមាណ២ដុល្លារអាមេរិក ដូចឆ្នាំ២០២៦នេះ គឺមិនអាចឆ្លើយតបចំពោះអតិផរណា នៃទំនិញនៅលើទីផ្សារដែលចេះតែបន្តឡើងថ្លៃឥតឈប់នេះបានឡើយ។
ងាកមកលំនៅឋានរបស់អ្នកស្រី ឃុត សុខា ឯណេះវិញ។ផ្ទះដែលសង់នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចេញពីម្តុំច្បារអំពៅទៅ នៅពេលនេះជញ្ជាំងក្តារដែលធ្លាប់តែរឹងម៉ាំ បានប្រែពណ៌ទៅជាស្លកដោយឥទ្ធិពលអាកាសធាតុ។ណាមួយ ខ្លួនជាស្រ្តីមេម៉ាយផង ម៉្លោះហើយពិតជាមិនមានកម្លាំងម៉ាំទំាដូចជាបុរស ក្នុងការថែទាំផ្ទះសម្បែងប៉ុន្មាននោះឡើយ។រីឯនៅជ្រុងម្ខាងនៃផ្ទះដែលហ៊ុំព័ទ្ធទៅដោយដើមចេកស្អេកស្កះ បង្កើតបានជាពណ៌បៃតងខៀវខ្ចី ដ៏សែនមនោរម្យ នាសិសិររដូវនេះ។
ជុំវិញការត្អូញត្អែររបស់កម្មករ នៅក្នុងវិស័យវាយនភណ្ឌរោងចក្រកាត់ដេរនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ ដោយលោកអះអាងដោយខ្លីថា ទាកទិនស្ថានភាពការកំណត់ប្រាក់ឈ្នួលនេះ ខ្លួនធ្លាប់បានលើកឡើងច្រើនដងមកហើយ។បន្ថែមពីលើនេះ អ្នកនាំពាក្យរូបនេះ ស្នើឱ្យទៅពិនិត្យមើល អ្វីដែលលោកបាននិយាយ នៅលើបណ្តាញសង្គមវិញចុះ វាមានភាពពិស្តារជាង ហើយអាចយកជាការបានផង។
លោកបន្តថា៖ « ចង់សួរពីប្រាក់ឈ្នួលកម្មករចាយគ្រប់គ្រាន់ឬអត់? អាចទៅដកស្រង់ខ្លឹមសារពីហ្វេកប៊ុកខ្ញុំបាន »។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) លោកស្រី យ៉ាង សោភ័ណ្ឌ អះអាងថា ប្រាក់ឈ្នួលបច្ចុប្បន្នរបស់កម្មករនេះ នៅពុំទាន់ឆ្លើយតបទៅនឹងការរស់នៅរបស់ពួកគេនៅឡើយទេ ព្រោះកម្មករត្រូវទទួលខុសត្រូវចំពោះគ្រួសារលើការចំណាយ មិនមែនត្រឹមតែដើម្បីជីវភាពរបស់ពួកគេនោះទេ។លើសពីនេះទៅទៀតកម្មករកាន់តែកើនបំណុល ស្របពេលដែលប្រាក់ខែកម្មករមិនទាន់បានតម្លើងឱ្យសមរម្យ។
បើតាមលោកស្រី យ៉ាង សោភ័ណ្ឌ ក្នុងនាមសហជីពដែលការពារផលប្រយោជន៍សម្រាប់កម្មករនិយោជិត ស្នើឱ្យមានយន្តការជាក់លាក់មួយ ទៅលើបញ្ហាប្រឈម និងតម្រូវការរបស់កម្មករនិយោជិតជាក់ស្ដែង ក្នុងការធានាតម្លាភាពដល់ពួកគេ និងបង្ហាញសុក្រឹតភាពនៃភាគីពាក់ព័ន្ធ។
ប្រភពបន្តថា៖« [..] កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលហ្នឹងគាត់អឺ ផ្គត់ផ្គង់ជីវភាពអ្នកនៅក្នុងបន្ទុកគ្រួសាររបស់គាត់ ត្រូវមើលថែទាំពេលគាត់ឈឺថ្កាត់ ត្រូវចំណាយការសិក្សា ការស់នៅរបស់គាត់ អាហារហូបចុកផ្សេងៗ គួរតែមានការសិក្សាស្រាវជ្រាវត្រីភាគីឱ្យបានច្បាស់លាស់ ដើម្បីធ្វើការតម្លើងប្រាក់ឈ្នួលរបស់កម្មករនិយោជិតវាស្របទៅនឹងច្បាប់ ស្របទៅនឹងបរិបទ បច្ចុប្បន្នភាព អឺនៃស្ថានភាពបច្ចុប្បន្ន អីចឹងទៀត ដែលធ្វើឱ្យយើងអាចនិយាយបានថា នៅពេលយើងសិក្សាច្បាស់លាស់ចឹងទៅ កម្មករនិយោជិតរបស់យើងទទួលយក » ។
ទាក់ទិនគោលនយោបាយ នៃការកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត នៅក្នុងវិស័យវាយនភ័ណ្ឌរោងចក្រកាត់ដេរនេះ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិល និងសហជីពចំនួន ២៧ស្ថាប័ន បានស្នើឱ្យរដ្ឋាភិបាលពិចារណាដំឡើងប្រាក់ឈ្នួលអប្បរមាកក្នុងកម្រិតដែលទាប ២៣២ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់ឆ្នាំ២០២៦។ការទាមទារនេះ ដោយពួកគេលើកហេតុផលថា ប្រាក់ឈ្នួលបច្ចុប្បន្ន មិនទាន់អាចបង្គ្រប់តម្រូវការប្រចាំថ្ងៃរបស់កម្មករនិយោជិតបាននៅឡើយទេ។
ត្រឡប់ទៅរក អ្នកស្រី ឃុត សុខា ឯណេះវិញ នៅពីក្រោយអម្រែកនៃការរាប់រងការចំណាយជាច្រើនរបស់កម្មករ អ្នកស្រីចង់ឃើញ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធពិនិត្យមើល និងជួយអន្តរាគមពីទុក្ខលំបាករបស់កម្មករដែលកំពុងតែជួបបញ្ហាប្រឈមឱ្យទទួលបានការរស់នៅសមរម្យផង។បើមិនដូចនោះទេ កម្មករនឹងកាន់តែលំបាក ហើយអ្វីដែលសំខាន់នឹងត្រូវប្រឈមការជាប់បំណុលថែមទៀត។
នាងនិយាយថា៖ « មានតែសំណូមពរដល់រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធហ្នឹង ឱ្យឡើងប្រាក់ខែសមរម្យឱ្យពួកខ្ញុំជាកម្មករឱ្យរស់បានស្រួលដូចគេហង! ហត់ណាស់ធ្វើការ៨ម៉ោង ដល់ពេលប្រាក់ខែប៉ុណ្ណឹង ធើការមិនទាន់ឱ្យគេជេរ គេស្ដីឱ្យយើងទៀត។ មិនមានអីទេ មានតែសំណូមពរដល់ពួកគាត់ ឱ្យជួយមើលដល់ពួកខ្ញុំផងជាកម្មករ» ៕
អត្ថបទដោយ៖ យ៉ឹង នីម, ឈឺន ឈន់ និងឃុត ពិសី

