ព្រះសង្ឃនិងយុវជនស្នើឱ្យសមត្ថកិច្ចខេត្តបាត់ដំបងដោះលែងព្រះសង្ឃ ជា វុទ្ធី

ដោយៈ

សុត បាន Avatar

ព្រះសង្ឃ និងយុវជនសង្គម ដែលធ្វើកិច្ចការលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន ស្នើឱ្យអាជ្ញាធរខេត្តបាត់ដំបង ជាពិសេសរដ្ឋាភិបាលដោះលែងព្រះតេជព្រះគុណ ជា វុទ្ធី ឱ្យមានសេរីភាពឡើងវិញ ដោ​យ​ចាត់ទុកសកម្មភាពរបស់ព្រះអង្គ ជា វុទ្ធី ថាភាគច្រើន ជាការងារជួយសង្គម និងបូរណភាពទឹកដី។

ការទាមទារនេះ ក្រោយពីសមត្ថកិច្ចនគរបាល និងមន្រ្តីសង្ឃខេត្តបាត់ដំបង បានចាប់ផ្សឹក និងវាយខ្នោះ ព្រះតេជព្រះគុណ ជា វុទ្ធី ដោយបង្ខំ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវត្តពោធិ៍វាល ក្រុងបាត់ដំបង។

ជុំវិញរឿងនេះ ព្រះតេជព្រះគុណ ឡុង សុគា គង់នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង មានថេរដីកាថា ព្រះអង្គផ្ទាល់ពិតជាសង្វេគ និងឈឺចាប់នៅពេលដែលឃើញសមត្ថកិច្ចចាប់ផ្សឹកព្រះអង្គ ជា វុទ្ធី ដោយគ្មានមូលហេតុបែបនេះ។

ព្រះអង្គអះអាងថា​ ព្រះតេជព្រះគុណ ជា វុទ្ធី ជាសកម្មជនសង្ឃដ៏ល្អ តែងតែជួយដល់សហគមន៍ ជនក្រីក្រ ជនភៀសសឹក និងសកម្មរឿងជួយសង្គម ជាពិសេសព្រះអង្គតែងឈឺឆ្អាលរឿងបូរណភាពទឹកដីតែម្តង។

បញ្ហានេះ ព្រះតេជព្រះគុណ ឡុង សុគា ស្នើឱ្យអាជ្ញាធរខេត្តបាត់ដំបង ជាពិសេស លោកនាយករដ្ឋមន្រ្តី ហ៊ុ​ន ម៉ាណែត ដោះលែងព្រះតេជព្រះគុណ ជា វុទ្ធី ឱ្យមានសេរីភាពឡើងវិញ។

ព្រះអង្គបន្តថា«អាត្មា អារម្មណ៍សង្វេគ ឈឺចិត្ត នៅពេលឃើញសមត្ថកិច្ចចាប់ខ្លួន ព្រះអង្គ​ ជា វុទ្ធី កាលពីព្រឹកថ្ងៃទី១ ខែមេសា នេះ នៅវត្តអាត្មានេះឯង វត្តពោធិ៍វាល អាត្មាសួរសមត្ថកិច្ចគេទៅ គេថាមិនទាន់ដឹងមូលហេតុទេ គេសួរនាំសិន។ តែមិនទាន់សួរនាំអ្វីផង ចាប់ដាក់ឡាន រួចឮថាផ្សឹកបាត់។ សូមឱ្យអាជ្ញាធរដោះលែងលោកវិញមក»

អ្នកសារព័ត៌មានពលរដ្ឋ(CJ)គឺ លោក សួន វុត្ថា និយាយថា លោកធ្លាប់ធ្វើការងារសង្គមជាមួយព្រះអង្គ ជា វុទ្ធី ព្រះអង្គជាព្រះសង្ឃមានព្រះទ័យទូលាយ ចេះជួយសង្គមជាតិ ស្រលាញ់ជាតិ និងជួយពលរដ្ឋភៀសសឹក ជាដើម។

លោកអះអាងថា ព្រះតេជព្រះគុណមិនដែលធ្វើអ្វីប៉ះពាល់ដល់សង្គមជាតិ និងបញ្ហាបូរណភាពទឹកដីនោះឡើយ គឺព្រះអង្គគ្មានអ្វីក្រៅពីបញ្ចេញមតិ កែលម្អធ្វើយ៉ាងណាឱ្យសង្គមជាតិរីកចម្រើន និងស្នើឲ្យរដ្ឋាភិបាលបន្តការពារទឹកដីឲ្យបានគង់វង្ស។បន្ថែមពីលើនេះ ក្នុងនាមជាអ្នកសារព័ត៌មានពលរដ្ឋ លោកទទូចឱ្យ​អា​ជ្ញា​​​ធរមានសមត្ថកិច្ច ជាពិសេសរដ្ឋាភិបាលដោះលែងព្រះតេជព្រះគុណ ជា វុទ្ធី ឱ្យមានសេរីភាពឡើងវិញ ដើ​ម្បីព្រះអង្គអាចចូលរួមកិច្ចការសង្គមបន្តទៀត។

លោកបន្តថា៖«តាមខ្ញុំស្គាល់ព្រះអង្គ ព្រះអង្គជាព្រះសង្ឃល្អ ស្រលាញ់ជាតិ ទឹកដី ចេះជួយសហគមន៍ ពេលខ្លះរៃអង្គាសលុយខ្លះៗជួយជនភៀសសឹក ព្រោះអង្គមានព្រះទ័យទូលាយណាស់ មិនដែលទៅបំផ្លាញសង្គមជាតិទេ មានតែជួយសង្គមជាតិ គិតរឿងជាតិ មាតុភូមិណាស់។ សូមអំពាវនាវរាជរដ្ឋាភិបាលដោះលែងព្រះអង្គ ជា វុទ្ធី វិញមក»

ជុំវិញបញ្ហានេះ គេហទំព័រ Press Start Cambodia បានព្យាយាមសុំការឆ្លើយតបពី អភិបាលខេត្តបាត់ដំបង លោក សុខ លូ ដែរ ប៉ុន្តែលោកមិនឆ្លើយតប មុននឹងផ្តាច់ទូរស័ព្ទចុះ។

ដោយឡែក នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ  សំ​អាត យល់ឃើញថា ការបញ្ចេញមតិរបស់ពលរដ្ឋ រួមទាំងព្រះសង្ឃ គឺមានការធានា ការពារដោ​យ​រដ្ឋធម្មនុញ្ញ។លោកបញ្ជាក់ថា ករណីចាប់ផ្សឹកព្រះតេជព្រះគុណ ជា​ វុទ្ធី អង្គការ លីកាដូ កំពុងតាមដាន និងសិក្សាអំពីអង្គហេតុ ដើម្បីជួយជំរុញឱ្យតុលាការ ឬរដ្ឋាភិបាល ពិចារណាអង្គហេតុដោះលែងព្រះអង្គឡើ​ង​វិញ។

លោកបន្តថា៖«ករណីហ្នឹងមកដល់ពេលនេះ គឺយើងជាអង្គការសង្គមស៊ីវិលកំពុងតាមដានយ៉ាងយកចិត្តទុ​ក​ដាក់ ហើយនឹងប្រមូលព័ត៌មានទៅលើករណីនេះឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបើរកឃើញថាព្រះអង្គគ្រា​ន់តែបញ្ចេញមតិមិនប៉ះពាល់អ្វីទេ យើងក៏ស្នើឱ្យតុលាការ ឬរដ្ឋាភិបាលកម្ពុជាដោះលែងព្រះអង្គឱ្យមាន​សេរិភាពឡើងវិញទៅ»

យ៉ាងណា ចំពោះករណីនេះ លោក អំ សំអាត ក៏ចូលរួមអំពាវនាវ ស្នើឱ្យអាជ្ញាធរខេត្តបាត់ដំបង និងរដ្ឋាភិបាល ផ្តល់ការយោគយល់ដោយដោះលែងព្រះអង្គ​ ជា វុទ្ធី ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យព្រះអង្គបន្តកា​រ​ងា​​រ​សង្គមជាតិ។

រដ្ឋធម្មនុញ្ញបញ្ញត្តិមាត្រា៤១​ ចែងថាប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ ដល់​សន្តិសុខ​ជាតិ​​បាន​ឡើយ។

លើសពីនេះ រដ្ឋធម្មនុញ្ញ មាត្រា៣៥​ ក៏បានកំណត់ដែរថាប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ា​ង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំ​ង​ឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍