ពលរដ្ឋដាក់ញត្តិទៅស្ថានទូតបារាំង ស្វែងរកកិច្ចអន្តរាគមន៍ជម្លោះព្រំដែនកម្ពុជា-ថៃ មុនកិច្ចប្រជុំហ្វ្រង់កូហ្វូនី

ប្រជាពលរដ្ឋ​រួម​មាន​យុវជន និង​ព្រះសង្ឃ​សរុប​ប្រមាណ ១០ អង្គ/នាក់ បាន​នាំ​គ្នា​ទៅ​ស្ថានទូត​បារាំង នៅ​ព្រឹក​ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បី​ដាក់​ញត្តិ​ស្នើសុំ​ប្រធានាធិបតី​បារាំង​ជួយ​អន្តរាគមន៍​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ខណៈ​ដែល​លោកនឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី (Francophonie) នៅ​រាជធានី​ភ្នំពេញ នាចុងសប្ដាហ៍នេះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ទៅ​ជួបជុំ​គ្នា​នៅ​បរិវេណ​ស្ថានទូត​បារាំង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស នៅ​វេលា​ម៉ោង ៩ ព្រឹក ដោយ​មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី​សមត្ថកិច្ច ព្រមទាំង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់។

ប្រជាពលរដ្ឋរួមមានយុវជន និងព្រះសង្ឃ សរុបប្រមាណ១០នាក់ កំពុងជុំគ្នានៅមុខស្ថានទូតបារាំង ដើម្បីដាក់ញត្តិស្នើសុំប្រធានាធិបតីបារាំងជួយអន្តរាគមន៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ (រូបភាព៖ ហុង សេរីហ្វុង)

ប្រជាពលរដ្ឋរួមមានយុវជន និងព្រះសង្ឃ សរុបប្រមាណ១០នាក់ កំពុងជុំគ្នានៅមុខស្ថានទូតបារាំង ដើម្បីដាក់ញត្តិស្នើសុំប្រធានាធិបតីបារាំងជួយអន្តរាគមន៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ (រូបភាព៖ ហុង សេរីហ្វុង)

ព្រះតេជព្រះគុណ អូន គង់ និមន្ត​មកពី​ខេត្ត​សៀមរាប មាន​សង្ឃដីកា​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា គោលបំណង​ដែល​ព្រះអង្គ​និមន្ត​មក​ស្ថានទូត​បារាំង​នៅ​ថ្ងៃនេះ គឺ​ដើម្បី​ដាក់​ញត្តិ​ទៅ​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី​បារាំង ឱ្យ​ជួយ​អន្តរាគមន៍​ចំពោះ​រឿង​ប្រទេស​ថៃ​ឈ្លានពាន​កម្ពុជា។

ព្រះតេជព្រះគុណ អូន គង់ មាន​សង្ឃដីកា​ថា៖ «អាត្មា​រំពឹង​ថា សារ​របស់​អាត្មា​នេះ តំណាង​ឱ្យ​ពលរដ្ឋ​ទាំងអស់​ដែល​បាន​ពាំនាំ​សារ​នេះ គឺ​សង្ឃឹម​ថា​ទទួល​បាន​ដឹងឮ​ទៅដល់​ប្រធានាធិបតី ម៉ាក្រុង ក៏ដូចជា​សារ​ដាស់តឿន​ដល់​បណ្ដា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ពេលនេះ​ជា​ពេល​គួរ​នៅក្នុង​ការ​ចូលរួម​ការពារ​ថែរក្សា​ទឹកដី​កម្ពុជា តាមរយៈ​ការ​បញ្ចេញ​សំឡេង​គាំទ្រ​ខ្លឹមសារ​នៃ​ច្បាប់​ដែល​បាន​ធានា និង​ការពារ»។

ចំណែក​យុវជន​ម្នាក់​ទៀត​មកពី​ខេត្ត​កណ្ដាល កញ្ញា លី ស្រីលៀប បាន​ឱ្យ​ដឹង​ថា កញ្ញា​ចូលរួម​ដាក់​ញត្តិ​ដើម្បី​ឱ្យ​ប្រទេស​មហាអំណាច​ជួយ​រក​យុត្តិធម៌​ដល់​កម្ពុជា។ កញ្ញា​បន្ត​ថា ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ​កន្លងមក ធ្វើ​ឱ្យ​កញ្ញា​អាណិត​ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជិត​ព្រំដែន ដែល​ត្រូវ​បាន​យោធា​ថៃ​បាញ់ប្រហារ និង​កម្ទេច​ផ្ទះសម្បែង។

កញ្ញា លី ស្រីលៀប និយាយ​ថា៖ «ខ្ញុំ​រំពឹង​ថា​ប្រទេស​មហាអំណាច​អាច​ជួយ​រក​យុត្តិធម៌​សម្រាប់​ប្រទេស​របស់​យើង ដែល​ពួក​ប្រទេស​សៀម​បាន​យក​ទឹកដី​ខ្មែរ និង​បាញ់ប្រហារ​ប្រជាពលរដ្ឋ​ខ្មែរ […]។ ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​ប្រជាជន​កម្ពុជា​នៅ​ជាប់​ព្រំដែន​ថៃ ដោយសារតែ​ពួកវា​បាន​ធ្វើបាប​នូវ​ប្រជាពលរដ្ឋ​របស់​យើង»។

នៅក្នុង​ខ្លឹមសារ​ញត្តិ​ដែល​ចុះហត្ថលេខា​ដោយ​ពលរដ្ឋ​ចំនួន ១០ នាក់ លើកឡើង​ថា បច្ចុប្បន្ន​យោធា​ថៃ​បាន​រំលោភបំពាន និង​រុលចូល​កាន់កាប់​ទីតាំង​មួយចំនួន​របស់​កម្ពុជា​នៅតាម​បណ្ដោយ​ព្រំដែន ដែល​ទង្វើ​នេះ​ត្រូវ​បាន​ពលរដ្ឋ​ចាត់ទុក​ជា​ការ​បង្ក​ការ​ព្រួយបារម្ភ​ចំពោះ​សន្តិសុខ​ក្នុង​តំបន់ សន្តិភាព និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន។

ខ្លឹមសារ​ញត្តិ​បន្ត​ថា៖ «យើងខ្ញុំ​យល់​ថា បញ្ហា​នេះ​មិន​គួរ​ត្រូវ​បាន​ដោះស្រាយ​ត្រឹមតែ​តាមរយៈ​ការ​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​អត់ធ្មត់ ឬ​បន្ត​ចរចា​ដោយ​គ្មាន​លទ្ធផល​ជាក់ស្ដែង​នោះ​ទេ។ អ្វី​ដែល​ចាំបាច់ គឺ​ត្រូវ​មាន​ការ​គោរព​ច្បាប់​អន្តរជាតិ ការ​គោរព​ព្រំដែន​ដែល​មាន​មូលដ្ឋាន​លើ​សន្ធិសញ្ញា និង​ឯកសារ​ផ្លូវច្បាប់ ព្រមទាំង​ការ​ដោះស្រាយ​ឱ្យ​មាន​ភាព​យុត្តិធម៌»។

ញត្តិ​ដដែល​បន្ថែម​ថា៖ «យើងខ្ញុំ​ជឿជាក់​ថា ឯកឧត្តម​ប្រធានាធិបតី​នឹង​យក​ឱកាស​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើកទី២០ បង្ហាញ​សារ​ច្បាស់ៗ​ថា នឹង​គាំទ្រ​យន្តការ​អន្តរជាតិ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ជំរុញ​កំណែទម្រង់​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដើម្បី​លើកស្ទួយ​កម្ពុជា​ឱ្យ​មាន​សន្តិភាព យុត្តិធម៌ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ធានា​អធិបតេយ្យភាព ឯករាជ្យភាព ឯកភាពជាតិ បូរណភាព​ទឹកដី និង​អព្យាក្រឹតភាព​របស់​កម្ពុជា ព្រមទាំង​ការពារ​កម្ពុជា​ពី​ការ​គំរាមកំហែង និង​ការ​រំលោភបំពាន​ពី​ប្រទេស​ជិតខាង»។

លោក អ៊ុង សេរីវុទ្ធ ជា​ពលរដ្ឋ​មួយ​រូប​ទៀត​ដែល​បាន​ដាក់​ញត្តិ បាន​បង្ហាញ​ក្ដី​រំពឹង​ថា ប្រធានាធិបតី​នៃ​ប្រទេស​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះនឹង​ជួយ​អន្តរាគមន៍ តាមរយៈ​ការ​លើកឡើង​ពី​ករណី​នេះ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី។

លោក​លើកឡើង​ថា៖ «យើង​ពិតជា​ឈឺចាប់​ណាស់ ហើយ​យើង​ចង់ឱ្យ​សំឡេង​របស់​ពួកយើង​ទៅដល់ ម៉ាក្រុង ធ្វើយ៉ាងណា​លើកយក​នូវ​របៀបវារៈ​នៃ​បញ្ហា​ព្រំដែន​នេះ រវាង​កម្ពុជា និង​ថៃ ទៅ​ដាក់បញ្ចូល​នៅក្នុង​កិច្ចប្រជុំ​ហ្វ្រង់កូហ្វូនី ហើយ​យើង​សង្ឃឹម​ថា​លោក​នឹង​ជួយ​អន្តរាគមន៍ និង​ដាក់​សម្ពាធ​ឱ្យ​ថៃ​គោរព​បទឈប់បាញ់ មក​ចរចា​ពី​បញ្ហា​ព្រំដែន ហើយ​អនុវត្ត​ឱ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព ក្នុងនាម​ថៃ​ខ្លួនឯង​ក៏​ជា​ម្ចាស់​ហត្ថលេខី​ដែរ ដែល​ត្រូវ​គោរព​បូរណភាព​ទឹកដី​របស់​កម្ពុជា»។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​សិទ្ធិ​ឈឺឆ្អាល​ចំពោះ​ការ​ឈ្លានពាន​ទឹកដី និង​អាច​ចូលរួម​ចំណែក​តាម​លទ្ធភាព ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​សកម្មភាព​នោះ​ត្រូវ​ធ្វើឡើង​ស្របតាម​ផ្លូវច្បាប់ និង​សន្តិវិធី។ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ ពុំ​បាន​បញ្ជាក់​បន្ថែម​ឡើយ​ថា កម្ពុជា​នឹង​លើកយក​នូវ​បញ្ហា​ព្រំដែន​ទៅក្នុង​កិច្ចប្រជុំ​ហ្វ្រង់កូហ្វូនី​ឬ​យ៉ាងណា ក៏ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ពលរដ្ឋ​បន្ត​ជឿជាក់​លើ​រដ្ឋាភិបាល។

លោក​ថា៖ «សូម​ឱ្យ​បងប្អូន​យើង​ជឿជាក់​លើ​រដ្ឋាភិបាល រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​បន្ត​កិច្ចការងារ​ការទូត​យ៉ាង​សកម្ម​ដើម្បី​ការពារ​បូរណភាព​ទឹកដី សម្តេច​ធិបតី​បាន​ដាក់ចេញ​ហើយ​នូវ​អភិក្រម កិច្ចការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ទឹកដី និង​ប្រជាជន​គឺជា​អាទិភាព អ៊ីចឹង​សូម​បងប្អូន​យើង​ទាំងអស់គ្នា​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹកដី​ហ្នឹង»។

ក្រៅពី​ក្រុម​ពលរដ្ឋ​ដែល​ដាក់​ញត្តិ​សុំ​កិច្ចអន្តរាគមន៍​រឿង​ព្រំដែន​កម្ពុជា-ថៃ ក៏​មាន​ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដាក់​ញត្តិ​តាម​ស្ថានទូត រួមមាន​ស្ថានទូត​បារាំង និង​ស្ថានទូត​កាណាដា ក្នុង​គោលបំណង​ស្នើ​ឱ្យ​មាន​ការ​បើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​កិច្ចសន្ទនា​សង្គម។ ក្នុង​នោះ គេ​ក៏​សង្កេត​ឃើញ​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ។

ទាក់ទិន​រឿង​នេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ យល់ឃើញ​ថា ការ​ដែល​ពលរដ្ឋ​ទៅ​ដាក់​ញត្តិ​សុំ​កិច្ចអន្តរាគមន៍​រឿង​ជម្លោះ​កម្ពុជា-ថៃ​នៅ​ឯ​ស្ថានទូត គឺជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ។

លោក​លើកឡើង​ថា៖ «យើង​ដឹង​ហើយ​ថា ការ​ជួបជុំ ការ​ប្រមូលផ្ដុំ និង​ការ​ដាក់​ញត្តិ​ដោយ​សន្តិវិធី កាលណា​មាន​ការ​រារាំង ការ​បំបែក ឬ​ការ​ប្រើប្រាស់​ហិង្សា​ពី​សំណាក់​ភាគី​ណាមួយ ឬ​ពី​សំណាក់​សន្តិសុខ​អី​ជាដើម​ហ្នឹង អាហ្នឹង​វា​ប៉ះពាល់​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។

លោក​បន្ថែម​ថា៖ «ការ​ដែល​ជួបជុំ​ដោយ​សន្តិវិធី​ក្នុង​ការ​ដាក់​ញត្តិ អាជ្ញាធរ​គួរតែ​រក្សា និង​ការពារ​សុវត្ថិភាព​សម្រាប់​ពួកគាត់»។

គួរ​បញ្ជាក់​ថា ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​ខាងលើ ធ្វើឡើង​ក្រោយ​កម្ពុជា​ជាប់គាំង​ក្នុង​ជម្លោះ​ព្រំដែន​ដែល​បង្កឡើង​ដោយ​យោធា​ថៃ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។ ជម្លោះ​ប្រដាប់​អាវុធ​រវាង​ប្រទេស​ទាំងពីរ បាន​ចាប់ផ្ដើម​លើកទី១ នា​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និង​លើកទី២ ដែល​មាន​រយៈពេល​ជាង ២១ ថ្ងៃ ត្រូវ​បាន​បញ្ចប់​ដោយ​បទឈប់បាញ់​នៅ​ត្រឹម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាម​ការ​ផ្សាយ​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ខែមករា ឆ្នាំ២០២៦ ឱ្យ​ដឹង​ថា ភាគី​ថៃ​បាន​កាន់កាប់​ទឹកដី​ខ្មែរ​នៅ​ទីតាំង​មួយចំនួន ក្នុង​ខេត្ត​ចំនួន ៤ រួមមាន ខេត្ត​បន្ទាយមានជ័យ នៅ​ភូមិ​ព្រៃចាន់ ភូមិ​ជោគជ័យ ភូមិ​បឹងត្រកួន ខេត្ត​ពោធិ៍សាត់ នៅ​តំបន់​ភ្លុកដំរី ច្រក​អន្តរជាតិ​ថ្មដា ខេត្ត​ព្រះវិហារ នៅ​តំបន់​អានសេះ តំបន់​តាថាវ តំបន់​ភ្នំទ្រព្យ និង​ខេត្ត​ឧត្តរមានជ័យ នៅ​តំបន់​អូរស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់​ជប់អង្គុញ និង​តំបន់​ចូកគ្រួស៕

(អត្ថបទដោយ៖​ អ៊ួក ​ចាន់ធីដា)

អត្ថបទគួរឱ្យចាប់អារម្មណ៍